សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការទទួលអនិច្ចធម្ម ព្រះតេជព្រះគុណ សឺន ចាន់
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៧ ខែមករា បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះព្រះសង្ឃ និង ពុទ្ធបរិស័ទនៃវត្តខ្មែរកម្ពុជាក្រោមហាមិលតោន និងគ្រួសារសព នៅក្នុងពិធីបុណ្យឈាបនកិច្ច ព្រះសព ព្រះតេជព្រះគុណ សឺន ច័ន្ទ ដែលព្រះអង្គបានទទួលអនិច្ចធម្ម នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី ៧ ខែមករា ឆ្នាំ ២០២១ នៅក្រុង Tillsonburg ជិតទីក្រុងឡុនដុន នៃប្រទេសកាណាដា ក្នុងព្រះជន្មាយុ ៨៥ វស្សា ។
ពីសហរដ្ឋអាមេរិក លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសារចូលរួមរំលែក ទុក្ខ និងសម្ដែងការសោកស្ដាយអាឡោះអាល័យចំពោះការបាត់បង់នូវ ព្រះតេជព្រះគុណ សឺន ច័ន្ទ ជាព្រះសង្ឃចាស់ទុំមួយអង្គ នៅក្នុងវត្តខ្មែរកម្ពុជាក្រោមហាមិលតោន នៅក្នុងសង្គមខ្មែរក្រោមនៅក្រៅប្រទេស និងជាពិសេស នៅក្នុងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលព្រះតេជព្រះគុណ សឺន ចន្ទ កាលនៅមានព្រះជន្ម តែងតែគាំទ្រជានិច្ច ចំពោះការតស៊ូ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការទាមទារនូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោម ។
យោងតាមសេចក្ដីជូនដំណឹង ដោយព្រះតេជព្រះគុណ ធីធី ធម្មោ ជាព្រះចៅអធិការវត្តខ្មែរកម្ពុជាក្រោមហាមិលតោន និងជាប្រធាន គណៈកម្មការសាសនាអន្តរជាតិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា កម្មវិធីបុណ្យឈាបនកិច្ចព្រះសព ព្រះតេជព្រះគុណ សឺន ចាន់ ប្រារព្ធចំនួន ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃសុក្រ ទី ៨ ដល់ ថ្ងៃអាទិត្យ ១០ ខែមករា ។ លុះដល់ថ្ងៃចន្ទ ១៣ រោច ខែបុស្ស ឆ្នាំ ជូតទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ កម្មវិធីបូជាព្រះសពជាកិច្ចឆ្លងបុណ្យ ។