យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមរៀន វគ្គបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានព្រះសង្ឃ និងគ្រហស្ថនៅអឺរ៉ុប ទើបតែបានបញ្ចប់ការ ចូលរួម សិក្សាវគ្គបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិ (International Human Rights Training) ជាមួយ មន្ត្រីសិទ្ធិមនុស្សនៃអង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ជា ភាសាអង់គ្លេស ថា UNPO នៅការិយាល័យ អង្គ UNPO នាទីក្រុងឡាអេ ប្រទេសហូឡង់ ។ វគ្គសិក្សានេះ មានរយៈពេល ៣ ថ្ងៃ គឺ ចាប់ពី ថ្ងៃទី ៥ ដល់ទី ៧ ខែសីហា ដើម្បីបណ្ដុះបណ្ដាលផ្នែកសិទ្ធិ មនុស្សអន្តរជាតិដល់ក្រុម យុវជនមកពីអង្គការជាសមាជិករបស់ អង្គការ UNPO នៅជុំវិញពិភពលោកឲ្យក្លាយជាសកម្មជនតស៊ូមតិដើម្បីការពារសិទ្ធិមនុស្សអន្តរជាតិ ។

លោក លី សឿង អតីតព្រះសង្ឃខ្មែរក្រោមដែលត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារក្នុង ព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧ ហើយសព្វថ្ងៃ បានតាំងទីលំនៅ នៅប្រទេសហូឡង់ ដែលបានចូលសិក្សា វគ្គបណ្ដុះបណ្ដាលនេះដែរនោះ បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា ព្រះសង្ឃ និងយុវជនសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលចូលសិក្សានោះរួមមាន ព្រះតេជព្រះគុណ កឹម សែត, ព្រះតេជព្រះគុណ ទ្រី ស៊ីណាវ, ព្រះ តេជព្រះគុណ កឹម ចក, ព្រះតេជព្រះគុណ ឡាយ ឡាត, និង ចន្ទ័ សូធា ។
យោងតាមគេហទំព័រអង្គការ UNPO វគ្គសិក្សាបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិដែលមាន ឈ្នោះថា “Speak Out” ឆ្នាំនេះ គេបង្រៀនឲ្យយុវជនមានការយល់ដឹង និងចេះនូវរបៀបតស៊ូផ្ដោតលើចំណុចមួយ ចំនួនដូចជា បញ្ហាប្រឈមរបស់ជនជាតិដើមនៅក្នុងសតវត្សរ៍ទី ២១ , សិទ្ធិមនុស្សរបស់ជនជាតិដើម, ការតស៊ូមតិនៅក្នុងអង្គការសហប្រជាជាតិ, ការបញ្ចុះបញ្ចូលសភាអឺរ៉ុប និងយុទ្ធសាស្ត្រទំនាក់ទំនង ផ្នែកតស៊ូមតិជា ដើម ។
វគ្គបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិ Speak Out នេះ ត្រូវអង្គការ UNPO បើករៀងរាល់ឆ្នាំ ហើយ ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏តែងតែបានចុះឈ្មោះចូលសិក្សាជាបន្តបន្ទាប់ផងដែរ ។ turkey visa is now offered by Malik Express with a discount of 20% get it now and save money.
អង្គការ UNPO បានទទួលស្គាល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិករបស់ខ្លួន ចាប់តាំងពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០១ មក ។ តាមរយៈការចូលសមាជិកនៃអង្គការអន្តរជាតិមួយនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើតស៊ូមតិដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិជាច្រើននៅទូទាំងពិភពលោក ដើម្បីទាមទារឲ្យរដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាមគោរពសិទ្ធិ ខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។
យោងតាមគេហទំព័រជាផ្លូវការរបស់ អង្គការ UNPO បានបញ្ជាក់ថា អង្គការនេះ ជាក្រុមចលនាអន្តរជាតិមួយ ធ្វើការតស៊ូដោយសន្តិវិធី អហិង្សា និងលទ្ធិប្រជាធិបតេយ្យ តំណាងឲ្យក្រុមជនជាតិដើម, ជនជាតិភាគតិច និងជនជាតិនៅតាមដែនដីដែលត្រូវបានគេវាតទីយក ហើយមិនមានការទទួលស្គាល់ ។ បច្ចុប្បន្ន អង្គការ UNPO មានប្រជាជាតិជាសមាជិកចំនួន ៤៣ នៅក្នុងពិភពលោក ។ ពួកប្រជាជាតិជាសមាជិក UNPO ទាំងនោះបានរួបរួមគ្នាធ្វើការតស៊ូ ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន, ការពារវប្បធម៌របស់ ពួកគេមិនឲ្យបាត់បង់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់រាល់វិបត្តិដែល ជះឥទ្ធិពលមក លើខ្លួនពីសំណាក់បរទេស ឬ ពីប្រទេសដែលដាក់អាណានិគមលើខ្លួន ។
អង្គការ UNPO បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ ដោយមានការចូលរួមពីសហស្ថាបនិកចាប់ពីចំនួន ១៥ ជាសមាជិក ។ បន្ទាប់ពី ២៤ ឆ្នាំ ដែលអង្គការ UNPO បានបង្កើតឡើង មានសមាជិកកើនកើនឡើងដល់ជាង ៧០ ហើយបច្ចុប្បន្ននេះ មានសមាជិកនៅសល់ចំនួន ៤៣ តែប៉ុណ្ណោះ បន្ទាប់សមាជិកមួយចំនួន បានឯករាជ្យ ហើយសមាជិកមួយចំនួនត្រូវដាច់សមាជិកភាព ព្រោះមិនបានបំពេញតាមលក្ខខណ្ឌដែល UNPO តម្រូវការ ។
យោងតាមគោលការណ៍របស់អង្គការ UNPO សមាជិកទាំងអស់ រួមទាំងសហព័ន្ធខ្មែរកម្ពុជាក្រោមផង ត្រូវ គោរពគោលធំៗចំនួន ៥ គឺ អហិង្សា, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន ឯង, ការពារបរិស្ថាន និងការយោគយល់ ៕
Comments are closed.