សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ស្នើ​អាមេរិក​ជួយ​អន្តរាគមន៍​ទៅ​វៀតណាម ឲ្យគោរព​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម

0 385

ដោយ ស៊ឺន ចែងចើន

សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ជួប​ប្រជុំ​ជាមួយនឹង​មន្ត្រី​ជាន់ខ្ពស់​របស់​​​ក្រសួងការបរទេស​អាមេរិក​ ​ដើម្បី​ដាក់​របាយការណ៍​ ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ខ្មែរក្រោម​ ​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​ ​។​ ​ការ​ស្នើ​នេះ​ ​ធ្វើឡើង​នៅមុន​កិច្ច​សន្ទនា​ប្រចាំ​ឆ្នាំ​លើក​ទី​ ​២​៥​ ​ស្តីពី​ ​«​សិទ្ធិមនុស្ស​រវាង​សហរដ្ឋអាមេរិក​ ​និង​វៀតណាម​»​ ​។​ ​ឆ្លើយតបនឹង​សំណើ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នេះ​ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​ ​អះអាង​ថា​ ​នឹង​ដាក់​ប​ញ្ជូ​ល​ក្នុង​របៀបវារៈ​ជជែក​គ្នា​ ​នៅ​ក្នុង​កិច្ច​សន្ទនា​ ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ ​នៅ​វៀតណាម​ ​។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ នាពេលកន្លងមក
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ នាពេលកន្លងមក

កាលពី​ថ្ងៃ​ទី​ ​៦​ ​ខែវិច្ឆិកា​ ​កន្លងទៅ​ ​នៅ​ឯ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ក្រុម​អង្គការ​ ​សង្គម​ស៊ីវិល​ ​សិទ្ធិមនុស្ស​អន្តរជាតិ​ ​បាន​ជួប​ប្រជុំ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ដើម្បី​ពិភាក្សា​ ​អំពី​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​ ​នៅ​ប្រទេស​វៀតណាម​ ​ក្នុងពេលដែល​ប្រទេស​ទាំងពីរ​ ​បើក​វេទិកា​សន្ទនា​ ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ​។​

លោក​ ​ម៉ៅ​ ​មុនី​ ​ជា​អនុ​ប្រធានប្រតិបត្តិ​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​បា​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប​មន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​មានប្រសាសន៍ថា​ ​លោក​បាន​ផ្តល់​របាយការណ៍​ជូន​មន្ត្រី​អាមេរិក​ ​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​។​ ​លោក​ថា​ ​នៅ​ក្នុង​របាយការណ៍​នោះ​ ​លោក​បាន​លើកឡើង​ពី​ ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា​ ​​ការគាបសង្កត់​លើសិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ទទួល​ព័ត៌មាន​ ​ការ​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ ​ករណី​ហាមឃាត់​ចែកចាយ​សៀវភៅ​របស់​អង្គការសហប្រជាជាតិ​ ​និងការធានា ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ ជូន​កម្មករខ្មែរក្រោម ដោយគ្មាន​ការរើសអើង​ ឬ​ប្រកាន់​ពូជសាសន៍​ឡើយ ។

បើ​តាម​របាយការណ៍​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​លើក​បង្ហាញ​ករណី​ធ្វើទុក្ខបុកម្នេញ​ ​ដែល​កើតឡើង​ថ្មីៗ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ហើយ​ទទូច​ដល់​ប្រតិភូ​អាមេរិក​ជំរុញ​រដ្ឋាភិបាល​វៀតណាម​ ​នូវ​ចំណុច​សំខាន់​ៗ​ ​មាន​ដូចជា​ ​៖​

  • ដោះលែង​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដោយ​គ្មាន​លក្ខខណ្ឌ​ ​។​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ដាក់​ពន្ធ​នាគា​រ​នៅ​ថ្ងៃ​ទី​ ​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​។​
  • ដោះលែង​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​ដោយ​គ្មាន​លក្ខខណ្ឌ​ ​។​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​កំពុង​ប្រឈម​នឹង​ការសងសឹក​ ​ដោយ​អាជ្ញាធរ​វៀតណាម​ ​ព្រោះតែ​បាន​ពាក់អាវ​យឺត​មាន​និមិត្តសញ្ញា​ ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ​ក្នុង​គោលបំណង​ ​តស៊ូ​មតិ​ទាមទារ​ឱ្យ​មានការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ ​ប្រកបដោយ​ចីរភាព​ ​ដោយ​ធានា​ថា​ ​គ្មាន​ខ្មែរក្រោម​ណា​ម្នាក់​ត្រូវ​បាន​គេ​បោះបង់​ចោល​ឡើយ​ ​។​
  • អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចែកចាយ​ឯកសារ​អង្គការសហប្រជាជាតិ​ ​ដោយសេរី​ ​។​ ​រដ្ឋាភិបាល​វៀតណាម​ ​មិន​ត្រូវ​រឹបអូស​ ​ហើយ​ចាត់​ទុក​ឯកសារ​របស់​អង្គការសហប្រជាជាតិ​ ​ជា​ឯកសារ​ឃោសនា​នោះ​ទេ​ ​។​
  • អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ភូមិ​ក​ន្រែ​ង​ ​ឃុំ​កំពង់​ប៉េង​ ​ស្រុក​ប្រាសាទ​ថ្មី​ ​ខេត្ត​លង់​ហោរ​ ​បន្ត​សាងសង់​សាលាឆទាន​ពុទ្ធសាសនា​របស់​ពួកគេ​ ​។​
  • ធានា​ថា​ ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលករ​ខ្មែរក្រោម​ ​និង​ធានា​ថា​ ​ពួកគេ​អាច​វិលត្រឡប់​ទៅ​ធ្វើការ​តាម​រោងចក្រ​វិញ​ ​ដោយ​សុវត្ថិភាព​ ​។​ ​មាន​ពលករ​ខ្មែរក្រោម​ ​ជាច្រើន​ ​បាន​ស្លាប់​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​រដ្ឋាភិបាល​វៀតណាម​ ​គួរ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ពលករ​ខ្មែរក្រោម​ ​ដែល​បាន​បាត់បង់ជីវិត​បន្សល់ទុក​នូវ​កូន​ៗ​ ​ដែល​កំពុង​រស់នៅ​ជួប​ការលំបាក​ក្នុង​ជីវភាព​ ​។​

​ការិយាល័យ​អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​នៅ​ល្ងាច​ថ្ងៃ​ទី​ ​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​​មួយ​ ​បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​បិទ​បញ្ចប់​កិច្ច​សន្ទនា​សិទ្ធិមនុស្ស​អាមេរិក​-​វៀតណាម​ ​លើក​ទី​ ​២​៥​ ​ដែល​ប្រព្រឹត្តទៅ​ ​កាលពី​ថ្ងៃ​ទី​ ​៩​ ​ខែវិច្ឆិកា​ ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​នៃ​ ​សហរដ្ឋអាមេរិក​ ​។ ​

​គណៈប្រតិភូ​អាមេរិក ​ដឹកនាំ​ដោយ​ឧបការី​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​ ​និង​ការងារ​ ​លោកស្រី​ ​L​i​s​a​ ​P​e​t​e​r​son​ ​ហើយ​ភាគី​វៀតណាម ​ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​អង្គការ​អន្តរជាតិ​ ​និងជា​ឧបការី​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​លោក​ ​Do​ ​H​un​g​ ​Vie​t​ ​។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ ឱ្យ​ដឹង​ថា​ «​កិច្ច​សន្ទនា​ ​បាន​ផ្តោត​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​ ​រួម​មាន​សេរីភាព​សំដែង​មតិ​ ​សេរីភាព​ជំនឿ​សាសនា​ ​សិទ្ធិ​ការងារ​ ​នីតិ​រដ្ឋ​ ​កំណែ​ទម្រង់​ច្បាប់​ ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ ​ស្តីពី​សិទ្ធិមនុស្ស​ ​និង​ករណី​មួយ​ចំនួន​ ​ពាក់ព័ន្ធ​នឹង​បុគ្គល​ ​ដែល​ជា​ការ​បារម្ភ​ ​។​ ​កិច្ច​សន្ទនា​នោះ​ ​ក៏បាន​ផ្តោត​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​របស់​បុគ្គល​ ​ក្នុង​ស្ថានភាព​កំពុង​ងាយ​រងគ្រោះ​ ​ដូចជា​សមាជិក​ ​នៃ​ក្រុម​ជនជាតិ​ភាគតិច​ ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​និង​ជន​ពិការ»​ ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ ​បាន​បន្ថែមទៀត​ថា​ ​«ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ ​ក្នុង​ការ​លើកកំពស់​ការគោរព​សិទ្ធិមនុស្ស​ ​គឺជា​មូលដ្ឋាន​របស់​អាមេរិក​ ​និង​ជា​ធាតុ​ដ៏​សំខាន់​មួយ​ ​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​អាមេរិក​ ​។​ ​ការ​ជំរុញ​ ​លើកកំពស់​ ​និង​ការពារ​ការគោរព​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​នៅតែ​ជា​ ​«​អាទិភាព​ចម្បង​»​ ​សម្រាប់​រដ្ឋបាល​ ​បៃ​ឌិន​-​ហារី​ស​ (​Bide​n-​H​arris​) ​និង​សម្រាប់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​វៀតណាម»​ ​។

អនុ​ប្រធានប្រតិបត្តិ​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ម៉ៅ​ ​មុនី​ ​ឲ្យដឹង​ថា​ ​មូលហេតុ​ដែល​ប្រទេស​វៀតណាម​ ​តែងតែ​ចូលរួម​នៅ​ក្នុង​វេទិកា​សន្ទនា​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ ​ជាមួយ​ក្រុម​ប្រទេស​លោកសេរី​ ​ដូចជា​ ​សហរដ្ឋអាមេរិក​ ​កាណាដា​ ​អូស្ត្រាលី​ ​និង​សហគមន៍​អឺរ៉ុប​ ​ដោយសារតែ​រដ្ឋាភិបាល​វៀតណាម​ ​កំពុងតែ​ព្យាយាម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ​នៅ​លើ​ពិភពលោក​ទាំងនោះ​ ​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នាំចូល​ ​។​ ​លោក​ ​ម៉ៅ​ ​មុនី​ ​អះអាង​ថា​ ​ការដែល​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ចូលរួម​តាម​ការ​អញ្ជើញ​របស់​​​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​គឺដោយ​​ពួកគេ​មានបំណង​ប្រមូល​ព័ត៌មាន​បន្ថែម​ ​ដើម្បី​វាយ​តម្លៃ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​ ​ដើម្បី​អាច​ធានាបានថា​ រាល់​ការចរចា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ ​ត្រូវ​មាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង​ ​ដែល​តម្រូវ​ឲ្យ​ប្រទេស​វៀតណាម​ ​ត្រូវតែ​គោរព​ស្តង់​ដារ​សិទ្ធិមនុស្ស​ ​។

 

គួរ​ជម្រាប​ជូន​ថា​ ​មុន​ពេល​ចាប់ផ្តើម​នៃ​កិច្ច​សន្ទនា​សិទ្ធិមនុស្ស​នេះ​ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ (​Human Right​s ​Watch​) ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក​ជាមួយ​ភាគី​វៀតណាម​ ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋ​កុម្មុ​យ​នី​ស្ត​មួយ​នេះ​ ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ ​ដែល​មាន​ទ​ស្សនៈ​ផ្ទុយពី​រដ្ឋាភិបាល និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេងទៀត​ ​។​

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ ​លើកឡើង​ថា​ ​មាន​សកម្មជន​សិទ្ធិមនុស្ស​យ៉ាងតិច​ ​១​៤​៥​ ​នាក់​ ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ ​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​។​ ​ដោយឡែក​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​ទីក្រុង​ហាណូយ​ ​បាន​កាត់ទោស​ ​និង​ដាក់​គុកយ៉ាងហោចណាស់​មនុស្ស​ ​៣​១​ ​នាក់​ ​ដែល​ភាគច្រើន​នៃ​ពួកគេ​ ​គ្រាន់តែ​បញ្ចេញមតិ​ ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​ ​និង​ដែល​មាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល​ ​។

​កាលពីឆ្នាំមុន​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ចាប់ខ្លួន​អ្នកកាសែត​ឯករាជ្យ​ម្នាក់​ ​ឈ្មោះ​ ​ផា​ម​ ដ្វ​ង​ត្រាង​ (​P​ham​ ​Do​an​ ​T​rang​) ​ពី​បទ​ធ្វើសកម្មភាព​ប្រឆាំង​រដ្ឋ​វៀតណាម​ ​។​ ស្រ្តី​រូប​នេះ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​គឺជា​អ្នកនិពន្ធ​ ​និង​អ្នកកាសែត​ ​ដែល​តែងតែ​បាន​សរសេរ​សៀវភៅ​ ​និង​អត្ថបទ​នានា​ ​បរិហារ​អំពី​ ​អំពើ​ហិង្សា​ ​ការប្រើអំណាច​ផ្តាច់ការ​របស់​អាជ្ញាធរ​វៀតណាម​ ​និង​ការ​ធ្វើ​ទារុណកម្ម​ទៅលើ​អ្នកកាសែត​ ​នៅ​វៀតណាម​ ​។​ ​ការ​ចាប់ខ្លួន​នេះ​ ​គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​ ​២​៤​ ​រវាង​វៀតណាម​ ​និង​សហរដ្ឋអាមេរិក​ ​ស្តី​អំពី​ការគោរព​សិទ្ធិមនុស្ស​ ​។

​ករណី​ស្រដៀងគ្នា​នេះ​ ​ក៏​កើតមានឡើង​ ​ចំពោះ​កសិករ​ខ្មែរក្រោម​ផង​ដែរ​ ​។​ ​កាលពី​ថ្ងៃ​ទី​ ​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​ក្នុង​ខេត្ត​ក្រមួនស​ ​ចាប់​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​ ​ឆ្នាំ​ ​។​ ​កសិករ​ខ្មែរក្រោម​ ​រូប​នេះ​ ​ត្រូវ​បាន​តុលាការ​វៀតណាម​ ​ចាប់ខ្លួន​ ​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​ក្នុង​ពេល​ប៉ះទង្គិច​នឹង​សមត្ថកិច្ច​វៀតណាម​ ​ដែល​ចុះទៅ​រឹបអូស​ដីស្រែ​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

បួន​ខែក្រោយ​មក​ ​នៅ​ថ្ងៃ​ទី​ ​១​៤​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត​ ​គឺ​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ចូល​ទៅ​ចាប់ខ្លួន​ដល់​ក្នុង​ផ្ទះ​ ​រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ ​និង​សួរ​ចម្លើយ​ ​ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន​ ​មាន​ដូចជា​ ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ ​ដើម្បី​ប្រឆាំង​នឹង​ផលប្រយោជន៍​រដ្ឋ​ ​ស្ថាប័ន​ ​និង​បុគ្គល​ ​ការ​មួលបង្កាច់​ខុស​ពី​ការពិត​ ​អំពី​ប្រវត្តិ​សា​ស្រ្ត​នៃ​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​វៀតណាម​ហៅថា​ ​ដែនដី​ភូមិភាគ​និរតី​ ​ឬ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ​និង​កាត់ត​ច្នៃប្រឌិត​រូបភាព​ ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ ​និង​សេចក្ដីថ្លៃថ្នូរ​របស់​អតីត​មេដឹកនាំ​កុម្មុ​យ​នី​ស្ដ​វៀតណាម​ ​លោក​ ហូ ​ជី​មិញ​ ​។​ ​បច្ចុប្បន្ន​លោក​ ​ថា​ច់ ​រ៉ី​ន​ ​កំពុង​ត្រូវ​បាន​ជាប់ឃុំឃាំង​បណ្តោះអាសន្ន​ ​ហើយ​អាជ្ញាធរ​វៀតណាម នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ ​បញ្ជូន​គាត់​ទៅ​តុលាការ​ ​​ដើម្បីជំនុំ​ជម្រះ​លើ​សំណុំរឿង​ចោទប្រកាន់​មកលើរូបគាត់​ ​នៅឡើយ​ទេ​ ​។​

​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​តុលា​ ឆ្នាំ ២០២១ ​ក្រសួងការបរទេស​វៀតណាម​ ​សហការ​ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UN​D​P​) ​ប្រចាំ​វៀតណាម​ ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​អន្តរជាតិ​ ​លើ​សេចក្តីព្រាង​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​ ​ស្តីពី​ការ​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត​នូវ​អនុសាសន៍​នានា ​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​ក្រោម​យន្ត​ការ​ត្រួតពិនិត្យ​ ​តាមកាល​កំណត់​ជាស​កល​ (​UP​R) ​ដំណាក់កាល​ទី​ ​៣​ ​របស់​ប្រទេស​វៀតណាម​ ​។​

​សូម​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ​កាលពី​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទទួលយក​អនុសាសន៍​ ​២​៤​១​ ​ចំណុច​នៃ​អនុសាសន៍​សរុប​ ​២​៩​១​ ​ផ្តល់​ដោយក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​ដើម្បី​ធានា​ពី​ភាព​ល្អ​ប្រសើរ​នៃ​សិទ្ធិមនុស្ស​របស់​ប្រទេស​ ​ខណៈ​បដិសេធ​អនុសាសន៍​មួយ​ចំនួន​ ​ដែល​ជា​បញ្ហា​រ​ស៊ើប​ ​ដោយ​អះអាង​ថា​ ​បញ្ហា​ទាំងនោះ​ ​ជាប់​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​គ្រឹះ​ ​ដើម្បី​ធានា​ពី​សុវត្ថិភាព​ប្រទេស​ ​។​

​អនុសាសន៍​ដែល​វៀតណាម​ ​ព្រម​ទទួល​នោះ​ ​គ្របដណ្តប់​លើ​បញ្ហា​ពាក់ព័ន្ធ​ការ​ការពារ​សិទ្ធិមនុស្ស​ ​ដូចជា​ ​តាម​ប្រព័ន្ធ​ច្បាប់​ ​ការ​ការពារ​សិទ្ធិ​ស៊ីវិល​ ​សិទ្ធិ​នយោបាយ​ ​សិទ្ធិ​សង្គម​-​សេដ្ឋកិច្ច​ ​និង​សិទ្ធិ​វប្បធម៌​ ​សិទ្ធិ​អន្តោប្រវេសន៍​ ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាពជា​ដើម​ ​។​ ​ចំណែក​ ​អនុសាសន៍​ដែល​វៀតណាម​ ​មិនព្រម​ទទួល​នោះ​ ​រាប់បញ្ចូល​ទាំង​ការធានា​ឲ្យបាន​សិទ្ធិ​បញ្ចេញមតិ​ ​សិទ្ធិ​ជំនឿ​ ​និង​សាសនា​ ​និង​ជាពិសេស​នោះ​ ​លុបចោល​ការ​កាត់ទោស​ប្រហារ​ជាតិ​ ​និង​ការ​បង្ខាំង​ ​និង​ការ​ធ្វើ​ទារុណកម្ម​ជាដើម​ ​។

​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ដែល​ដឹកនាំ​ប្រទេស​ ​តាំងតែពី​ឆ្នាំ​ ​១​៩​៧​៥​ ​និង​ជា​ប្រទេស​មួយ​ ​ក្នុងចំណោម​ប្រទេស​ ​នៅ​តំបន់អាស៊ី​អាគ្នេយ៍​ ​ដែល​បំបិទ​ ​និង​បង្ក្រាប​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​សេរីភាព​សារ​ព័ត៌មាន​ ​បាន​ប្រកាស​បេក្ខភាព​របស់​ខ្លួន​ ​សម្រាប់​មុខតំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​សម្រាប់​អាណត្តិ​ ​២​០​២​៣​-​២​០​២​៥​ ​។​ ​នេះ​ជា​លើក​ទី​ ​២​ ​ហើយ​ ​ដែលប្រទេស​​វៀតណាម​ ​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​ដែល​មាន​ទីតាំង នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វ៊ី​ស​ ​៕

Leave A Reply

Your email address will not be published.