សហព័ន្ធខ្មែរកម្ពុជាក្រោម បញ្ចប់បេសកកម្មនៅ អ.ស.ប ដោយដាក់ជូនរបាយការណ៍ចំនួន ៦ ទៅ UNPFII
ដោយ ស៊ឺន ចែងចើន| VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រជុំនៅក្នុងមហាសន្និបាត លើកទី ១៧ នៃ វេទិកាអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅក្នុងការិយាល័យកណ្ដាល របស់អង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា នេះ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាត់ក្រុមយុវជនរបស់ខ្លួន មកពីបណ្ដារដ្ឋនានា នៃទឹកដីសហរដ្ឋអាមេរិក, ប្រទេសកាណាដា និងកម្ពុជា ចំនួន ១០ នាក់ ឲ្យចូលសង្កេតការណ៍ និងថ្លែងការណ៍ នៅក្នុងវេទិកានេះ ដូចរៀងរាល់ឆ្នាំដែរ ។
វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម ឆ្នាំនេះផ្ដោតលើប្រធានបទ “សិទ្ធិសមូហភាពរបស់ជនជាតិដើម ចំពោះដីធ្លី, ដែនដី និងធនធាន” របស់ជនជាតិដើម ។ តំណាងជនជាតិដើម , រដ្ឋនានា ដែលជាសមាជិក នៃអង្គការអង្គសហប្រជាជាតិ នៅជុំវិញពិពភលោក និងទីភ្នាក់ងារអង្គអន្តរជាតិនានា ត្រូវបានអង្គការសហប្រជាជាតិអញ្ជើញមកប្រជុំ នៅក្នុងវេទិកានេះ ។
គោលបំណងរបស់មហាសន្និបាត ដើម្បីប្រមូលរាល់ព័ត៌មានជាបញ្ហារបស់ជនជាតិដើម ដែលតំណាងជនជាតិដើមបានធ្វើសេចក្ដីរាយការណ៍ នៅក្នុងសប្ដាហ៍ទីមួយ ហើយដាក់បញ្ចូលទៅក្នុង អនុសាសន៍ នៃគោលនយោបាយយុទ្ធសាស្ត្រចម្បង ដែលអាចអនុវត្តបាន ។ រាល់អនុសាសន៍របស់ ជនជាតិដើម និងទីភ្នាក់ងាររបស់អង្គការស្នើរដ្ឋសមាជិក នឹងត្រូវបានមហាសន្និបាតលើកឡើងសន្ទនា នៅក្នុងសប្ដាហ៍ទីពីរ ។
នៅក្នុងវេទិកានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់របាយការណ៍ ស្ដីអំពីបញ្ហារបស់ ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម គោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង ពីបញ្ហាជាច្រើន ដែលកើតមានឡើង នៅដែនដីកម្ពុជាក្រោម ។ របាយការណ៍ ដែលបានដាក់បញ្ចូលទៅតាម របៀបវារៈនៃវេទិកានេះ រួមមាន៖
- របៀបវារៈទី ៤៖ ការអនុវត្តតំបន់ ដែលបានកំណត់ជាផ្លូវការទាំងប្រាំមួយ នៃវេទិកាអចិន្រៃ្តយ៍ ដោយយោងទៅលើសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីរបៀបដែលស្ត្រី និងយុវជនខ្មែរក្រោមជាអ្នកការពារសិទិ្ធមនុស្សដំបូង ចំពោះដីធ្លីជាទីសក្ការៈរបស់ពួកគេ ។ ភាសាជាឧបករណ៍ដ៏សំខាន់មួយនៃវប្បធម៌ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានគូសបញ្ជាក់នូវរូបភាពបដា ដែលរដ្ឋាភិបាលយួនបានសរសេរអក្សរខ្មែរខុស និងថាជនជាតិដើមខ្មែរក្រោម ជាជនជាតិភាគតិច) ។
- របៀបវារៈទី ៨៖ ការពិភាក្សាលើប្រធានបទ “សិទ្ធិរួមរបស់ជនជាតិដើម ចំពោះដីធ្លីដែនដី និងធនធាន ធម្មជាតិ” (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីសិទ្ធិរំលោភ សិទ្ធិដីធ្លីរបស់ ប្រជាជនខ្មែរក្រោម ដោយរដ្ឋាភិបាលវៀតណាម ។ របៀបដែលរដ្ឋាភិបាលវៀតណាម បានអនុញ្ញាតឱ្យអ្នកជំនួញខាងកសិកម្មបំផ្លាញដីស្រែរបស់កសិករខ្មែរក្រោម) ។
- របៀបវារៈទី ៩៖ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព [កិច្ចសន្ទនាដេញដោល] (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីរបៀបដែលវៀតណាមមិនអាចសម្រេចបាន នៅក្នុងឆ្នាំ ២០៣០ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការជាមួយខ្មែរក្រោម ដោយគោរពតាមសេចក្ដីប្រកាសជា សកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។
- របៀបវារៈទី ១០៖ ការពិភាក្សាជាមួយ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិរបស់ជនជាតិដើម និងប្រធានយន្តការជំនាញ ស្តីពីសិទ្ធិរបស់ជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង ពីការគាំទ្រទាំងស្រុង នៅសេចក្តីថ្លែងរបស់អ្នករាយការណ៍ពិសេស និងអ្នកជំនាញការស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍) ។
- របៀបវារៈទី ១១៖ ការតាមដានលើឯកសារលទ្ធផលនៃសន្និសីទពិភពលោក ស្តីពីជនជាតិដើម រួមមាន៖ (ក). ការអនុវត្តផែនការសកម្មភាពជាតិយុទ្ធសាស្រ្ត ឬវិធានការផ្សេងទៀត (ខ). វិធីដើម្បីបង្កើនការចូលរួមរបស់ជនជាតិដើម នៅអង្គការសហប្រជាជាតិ (គ). ការអនុវត្តលើផែនការ សកម្មភាពជាប្រព័ន្ធរួមសម្រាប់ជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់ អនុសាសន៍ ដោយលើកឡើងថា រាល់ឯកសារដែលបានបោះពុម្ព ផ្សាយជាភាសារបស់ជនជាតិដើម ពលរដ្ឋខ្មែរក្រោមអាចប្រើវាបាន) ។
- របៀបវារៈទី ១២៖ ការងារនាពេលអនាគតនៃវេទិកាអចិន្ត្រៃយ៍ រួមមានបញ្ហាដែលត្រូវបានពិចារណា ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងបញ្ហាលេចធ្លោ (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់អនុសាសន៍ទៅលើការងារអនាគតរបស់វេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ដោយលើកឡើងថា អាជ្ញាធរ សមុទ្រអន្តរជាតិ (ISA) ត្រូវចូលរួមក្នុងការងារនាពេលអនាគតនៃវេទិកាអចិន្រ្តៃយ៍ទាក់ទង នឹងបញ្ហា នៃការជីកយករ៉ែកម្រ ជាពិសេសនៅក្នុងតំបន់អាស៊ី) ។
ក្រៅពីចំណុចបញ្ហា ដែលបានលើកឡើងខាងលើ បញ្ហាមួយចំនួន ដែលបានកើតឡើងនាពេលថ្មីៗ នេះ ដូចជា ករណីយួនរឹបយកដីជាកម្មសិទ្ធិរបស់វត្ត និងដីរបស់ប្រជាពលរដ្ឋខ្មែរក្រោម និងបញ្ហាសំណើរឲ្យរដ្ឋាភិបាលយួនត្រូវអនុញ្ញាត ឲ្យប្រជាពលរដ្ឋខ្មែរក្រោម មានសិទ្ធិឈប់សម្រាកទូទាំងដែនដីកម្ពុជាក្រោម ដើម្បីចូលរួមអបអរពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ រួមទាំងបញ្ហាផ្សេងៗ ជាច្រើនទៀត ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងសម័យប្រជុំលើកទី ១៧ នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការ សហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ។
សូមជម្រាបជូនថា នៅថ្ងៃទី ១៩ មេសា ម្សិលមិញនេះ ដែលជាថ្ងៃទី ៤ នៃកិច្ចប្រជុំលើកទី ១៧ របស់វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) មន្ត្រីតំណាងប្រទេសវៀតណាម ប្រចាំអង្គការសហប្រជាជាតិ បានធ្វើរបាយការណ៍របស់ខ្លួន ជម្រាបទៅអង្គវេទិកា ដោយលើកឡើងថា បណ្តាក្រុមជនជាតិ ដែលនៅក្នុងប្រទេសវៀតណាមទាំង ៥៤ ក្នុងនោះមានជនជាតិខ្មែរផង ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងរស់នៅក្នុងភាពសុខដុម និងសាមគ្គីភាពជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ នៅលើទឹកដីនៃប្រទេសវៀតណាម ។ មន្រ្តីរូបនេះដដែល បានគូសបញ្ជាក់ថា គ្មានឡើយជនជាតិដើម នៅលើដែនដីរបស់វៀតណាម ដោយអះអាងថា ពួកគេជាជនជាតិភាគតិច រស់នៅលើដែនដីរបស់ខ្លួនទៅវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល វៀតណាមបានលើកឡើងទៀតថា រដ្ឋាភិបាលរបស់ខ្លួន បានផ្តល់សិទ្ធិសេរីភាពពេញលេញ ទៅដល់បណ្តាក្រុមជនជាតិទាំង ៥៤ រួមទាំងខ្មែរក្រោមផង ដោយ មន្រ្តីតំណាងរដ្ឋាភិបាលរូបនេះ បានលើកបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដោយផ្តល់ការ អប់រំដល់ពួកគេ និងថាបណ្តាក្រុមជនជាតិទាំងនោះ មានប្រពន្ធផ្សព្វផ្សាយជាភាសាកំណើតរបស់ខ្លួន មានវិទ្យុ និងទូរទស្សន៍ជាដើម ។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់មន្រ្តីវៀតណាមរួចមក ក្រុមយុវជនខ្មែរក្រោម បានបញ្ចេញមតិដោយបង្ហាញជំហរថា ពួកគេមិនអាចទទួលយកបានឡើយ ចំពោះការលើកឡើងរបស់តំណាងប្រទេសវៀតណាម ដែលចាត់ទុកខ្មែរក្រោមជាជនជាតិភាគតិច ។ ពួកគេបានទាមទារឲ្យប្រទេសវៀតណាម គោរពសិទ្ធិរបស់ខ្មែរក្រោម ដូចដែលមានចែងក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ។
សូមបញ្ជាក់ថា នេះជាលើកទី ១៤ ហើយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលប្រជុំ និង ថ្លែងការណ៍នៅក្នុងវេទិកាមួយនេះ ចាប់តាំងពីឆ្នាំ ២០០៤ មក ។ ការចូលប្រជុំនេះ បានធ្វើឲ្យសំឡេងរបស់ខ្មែរក្រោមនៅក្នុងស្រុក ដែលត្រូវរដ្ឋាភិបាលយួនបិទនោះ បានឮដល់សហគមន៍ អន្តរជាតិកាន់តែច្បាស់ជាងមុន ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាពនៅក្នុងអង្គការសហប្រជាជាតិ នាបូរីញ៉ូវយក់ សហរដ្ឋអាមេរិក ។ រូបថតដោយៈ ស៊ឺន ចែងចើន
