សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ គ្រោង​ទៅ​ជួប​តំណាង​ប្រទេស​ អ.ស.ប ​ដើម្បី​សុំ​កុំ​ឲ្យ​បោះឆ្នោត​គាំទ្រ​វៀតណាម ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​របស់ អ.ស.ប

0 124

ដោយ យន់ សាមៀន | RFA Khmer

ប្រតិភូសហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ​នឹង​ធ្វើដំណើរ​ទៅ​អង្គការ​សហប្រជាជាតិ​ នៅពេលឆាប់ៗ​ ខាង​មុខ​នេះ ដើម្បី​ធ្វើយុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើជា​សមាជិក ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​ សម្រាប់​អាណតិ្ត​បី​ឆ្នាំ ​ចាប់​ពី​ឆ្នាំ ២០២៣ ​ដល់​ឆ្នាំ ២០២៥ ។ សហព័ន្ធខ្មែរកម្ពុជា​ក្រោម​ លើក​ឡើង​ថា វៀតណាម​គ្មាន​សមត្ថភាព​ធ្វើ​ជា សមាជិក ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​នេះ​ទេ​ ដោយសារតែ​វៀតណាម កំពុង​រំលោភសិទ្ធិមនុស្ស​ពលរដ្ឋ​ខ្លួន​ឯង ជាពិសេស​ខ្មែរ​កម្ពុជា​ក្រោម ។

កញ្ញា គឹម ពុទ្ធានី Kum Putheany តំណាងសហព័ន្ធខ្មែរ​កម្ពុជាក្រោម KKF ពេលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកក្កដា ឆ្នាំ ២០២២ ។ រូប៖ Facebook កញ្ញា គឹម ពុទ្ធានី

សហព័ន្ធខ្មែរ​កម្ពុជាក្រោម ទទួល​បានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ ជុំវិញ​យុទ្ធនាការ ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ​កុំ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​វៀតណាម ​ធ្វើ​ជា សមាជិក ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ។ តំណាង​សហព័ន្ធខ្មែរកម្ពុជាក្រោម ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​បុរីញ៉ូយ៉ក ដើម្បី​ជួបនឹង​តំណាង​អង្គទូត ​និង​តំណាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ ដើម្បី​សុំការ​គាំទ្រ​ពី​ប្រទេស​ទាំង​នោះ ​ប្រឆាំង​នឹង​បេក្ខភាព​របស់​វៀតណាម ។

អនុប្រធាន​សហព័ន្ធខ្មែរ​កម្ពុជាក្រោម​ លោក ចៅ មុន្នី ប្រាប់វិទ្យុ​អាស៊ីសេរី ថា សហព័ន្ធ​ធ្វើយុទ្ធនាការ​ប្រឆាំង​បេក្ខភាព​របស់​វៀតណាម ដោយសារ​តែ​វៀតណាម ​បន្តបំពាន​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​សន្ធិសញ្ញាសិទ្ធិមនុស្ស​ និង​សិទ្ធិជនជាតិ​ដើម៖ «ធ្វើម្ត៉េច​ ដើម្បី​រដ្ឋាភិបាល​យួន​ហ្នឹង​គោរព​សិទ្ធិ​មនុស្ស ​ដើម្បី​ឲ្យរដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស​មាន​តែ​យើង​ត្រូវ​យក​រឿង​ទាំងអស់​ហ្នឹង​ទៅ​ ដើម្បី​ទៅ​ប្រាប់​ប្រទេស​មួយ​ចំនួន​ ពី​ព្រោះ​វា​ជា​ឱកាស​របស់​សហព័ន្ធ ។ ក្រៅពីសំបុត្រ​យើង​ផ្ញើ​ទៅ​ប្រទេស​មួយ​ចំនួន​ហ្នឹង ​យើង​ក៏​ដាក់​សំណួរ​ឲ្យ​រដ្ឋាភិបាល​យួន​ហ្នឹង​ ខំប្រឹង​ធ្វើ​រឿង ២២ គឺត្រូវ​គោរព​សិទ្ធិ​មនុស្ស​សាសនា ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ ជា​ជនជាតិ​ដើម​ការងារ​ទាំងអស់​ហ្នឹង ធ្វើម្ត៉េច​បើរដ្ឋាភិបាល​វៀតណាម​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ជា​មុន​សិន» ។

ញ្ញត្តិរបស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ដែល​ដាក់ទៅ​តំណាង​អង្គទូត ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ​បាន​សំដែង​ក្តីបារម្ភ​ជុំវិញ​បេក្ខភាព​របស់​វៀតណាម ដែលមាន​ប្រវត្តិ​រំលោភ​សិទ្ធិមនុស្ស ។ សហព័ន្ធ​លើកឡើង​ថា ប្រសិនបើ វៀតណាម ​ជាប់ឆ្នោត​មែននោះ ​វានឹង​អាច​ប៉ះពាល់​ដល់​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ។

កាលពី​ពេលថ្មីៗ នេះ​អ្នករាយការណ៍​ពិសេស​ផ្នែកសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​វៀតណាម​ សំដែង​ក្តី​បារម្ភ​ជុំវិញ​ការ​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម លោក ដួងខាយ ដោយចោទ​ប្រកាន់​លោក​រឿង​ចែក​ចាយ ឯកសារ​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជន​ជាតិ​ដើម ។ វៀតណាម​ ក៏ចាប់​ផ្តើម​កាត់​ទោស​មាន​លក្ខណៈធ្ងន់ធ្ងរ​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស ​និង​ដីធ្លី ពី​បទប្រឆាំង​នឹង​រដ្ឋវៀតណាម ​ដែល​អង្គការ​សហប្រជាជាតិ​ចាត់ទុកថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ។

យុទ្ធនាការ​របស់​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​នេះ ​កើត​ឡើង​ក្រោយ​ពេល ក្រសួង​ការបរទេស​វៀតណាម​ ប្រកាស​ថា វៀតណាម​ចង់ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​សម្រាប់​អាណតិ្ត​បីឆ្នាំ ​ពី​ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។ វៀតណាម អះអាងថា រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ នឹង​ប្តេជ្ញា​ការពារ​ជន​ងាយ​រង​គ្រោះ បំបាត់​អំពើ​ហិង្សា លើក​តម្កើង​សមភាព​យេនឌ័រ​និង ដោះស្រាយបញ្ហាប្រឈម​របស់​ពិភពលោក ។ វៀតណាម ​ធ្លាប់ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នេះ ​ម្តង​រួច​ហើយ កាល​ពី​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៦ ។

ពាក់ព័ន្ធនឹង​រឿង​នេះ ​អនុប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ​លោក ម៉ៅ មុន្នី អះអាងថា វៀតណាម​នឹង​ពិបាក​ទទួល​បាន​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ សម្រាប់​អាណតិ្ត​នេះ​ ដោយ​សារ​តែវៀតណាម​បានបោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី (Russia) ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់ អង្គការ​សហប្រជាជាតិ ​ដោយ​សារ​តែ​ប្រទេស​នេះ ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយគ្រែន (Ukraine) ។

លោក ម៉ៅ មុន្នី ចោទ​សួរថា តើ​គេ​គួរ​ឲ្យ​វៀតណាម ​ធ្វើ​ជា​សមាជិក​ស្ថាប័ន​សិទ្ធិកំពូល​ដែរ​ទេ​ នៅ​ពេល​ដែល​វៀតណាម​ ការពារ​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ដូច្នោះ៖ «ឥឡូវ អ្វី​ដែល​ធ្ងន់​ជាង​គេ​រដ្ឋាភិបាល​យួន​ បាក់​មុខ​ហ្នឹង​ពេល​អង្គការ​សហប្រជាជាតិ​ បោះឆ្នោត​ទម្លាក់​ប្រទេស​រុស្ស៊ី​ ចេញពី​ (Human Rights Council) ​ហ្នឹងរដ្ឋាភិបាល​បោះឆ្នោត​គាំទ្រ (រុស្ស៊ី) រឿងហ្នឹង​ធ្វើឲ្យ​ប្រទេស​មួយ​ចំនួន​មើល​រដ្ឋាភិបាល​យួន​ឡើង​វិញ​ តើ​រដ្ឋាភិបាល​យួន​ធ្វើត្រឹមត្រូវ​ដែរ​ទេ ។ បើ​រដ្ឋាភិបាល​យួន​គាំទ្រ​ប្រទេស​ ដែល​ឈ្លាន​ពាន​ប្រទេស​គេ​ហ្នឹង​រដ្ឋាភិបាល​យួន​នឹង​ពិបាក​ឆ្លើយ​នឹង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែរ»

បច្ចុប្បន្ន ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​មាន​សមាជិក​ ១៥ ​ប្រទេស ដែល​បាន​ចាប់​ផ្តើម​អាណត្តិ​ តាំង​ពី​ដើម​ឆ្នាំ ២០២១ ។ អង្គការ​សហប្រជាជាតិ​នឹង​បោះឆ្នោត​ជ្រើសរើស ​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ចុង​ខែតុលា ឬ​ដើម​ខែវិច្ឆិកា​ខាងមុខ​នេះ ។សម្រាប់​អាណត្តិ​នេះ ​មាន​ប្រទេស​ចំនួន ៧ បាន​ដាក់​បេក្ខភាព​ប្រកួត​ប្រជែង​គ្នា​ ដើម្បី​យក​កៅអី​ជា​សមាជិក ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ចំនួន ​៤ ​សម្រាប់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ (Asia Pacific) ៕

Leave A Reply

Your email address will not be published.