សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងចួលរួម កិច្ចប្រជុំធម្មនុញ្ញ អ.ស.ប. យើងជាមនុស្ស
សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិមួយនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋ អាមេរិក ដើម្បីអបអរសាទរដល់ខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ និងខួប ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរ កម្ពុជាក្រោម បានចូលរួមប្រជុំស្ដីពី “ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ក្រោមប្រធានបទ យើងជាមនុស្ស ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈ ពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២៦ និង ២៧ ខែមិថុនា ឆ្នាំ ២០១៥ ដោយមានការចូលរួមពីអង្គការសិទ្ធិមនស្សអន្តរជាតិ មួយចំនួនដូចជា រួបរួមដើម្បីសិទ្ធិ, វិជ្ជាស្ថានសិទ្ធិមនុស្សរដ្ឋហាវ៉ៃ, អង្គការសេរីភាពទាំង ៤, អង្គការលើកលែង ទោសអន្តរជាតិសហរដ្ឋអាមេរិក និងសហព័ន្ធខ្មែរកម្ពុជាក្រោម ។

យោងតាម លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូល រួមពី បណ្ឌិត Cooper នាយកវិជ្ជាស្ថានសិទ្ធិមនុស្ស ហាវ៉ៃ និងជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក បានគីមូន អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ក៏នឹងចូលរួមជា អធិបតី ផងដែរ ។
លោក ចៅ សេរី បានបញ្ជាក់ថា នៅរសៀលថ្ងៃទី ២៦ ខែមិថុនា ថ្ងៃទីមួយនៃកិច្ចប្រជុំ ដែលមានមន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិនឹងអញ្ជើញមកចូលរួមនោះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងចាត់តាំងកម្ម វិធីអុជទៀនបួងសួងនៅមុខសាលាក្រុង San Francisco ដើម្បីសម្ដែងមតិឲ្យអន្តរជាតិបានជ្រាបអំពីទុក្ខកង្វល់ របស់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។
ថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅក្នុងពិធីខួប ៦៦ ឆ្នាំ នៃទិវា ៤ មិថុនា ដែលប្រារព្ធដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Stockton កាលពីថ្ងៃទី ១៤ ខែមិថុនា លោក ចៅ សេរី បានបញ្ជាក់អំពីការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ មួយនេះថា គឺដើម្បីអបអរសាទរដល់ខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ និងខួប ១០ ឆ្នាំ ដែលសហព័ន្ធ ខ្មែរកម្ពុជាក្រោមបានចូលរួមសន្និបាត “ធម្មនុញ្ញនៃអង្គការសហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisco ។
អង្គការសហប្រជាជាតិ ដែលសរសេរកាត់ជាភាសាអង់គ្លេសថា UN បានបង្កើតឡើងនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ ជាអង្គការអន្តរជាតិមួយបង្កើតឡើងក្នុងទិសដៅ រក្សាសន្តិភាព និងសន្តិសុខសម្រាប់សកលលោក និងអភិវឌ្ឍទំនាក់ ទំនងរវាង ជនជាតិនិងជនជាតិ ហើយអនុវត្តនូវកិច្ច សហប្រតិបត្តិការអន្តរជាតិរវាងប្រទេស និងប្រទេសដោយឈរលើមូលដ្ឋានគោរពគោលការស្មើភាពគ្នា និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ជាតិសាសន៍នីមួយៗក្នុងពិភព លោក ។
សព្វថ្ងៃ អង្គការសហប្រជាជាតិ មានសមាជិកទាំងអស់ចំនួន ១៩៣ ដែលជាប្រទេសមានអធិបតេយ្យនៅក្នុងពិភព លោក ។ អង្គការសហប្រជាជាតិ ប្រើភាសាជាផ្លូវការចំនួន ៦ ក្នុងនោះ មានភាសា អារ៉ាប់, អង់គ្លេស, រុស្ស៊ី, បារាំង, អេស្បាញ និងចិន និងមានទីស្នាក់ការនៅទីក្រុង New York សហរដ្ឋអាមេរិក ។ អង្គការសហប្រជាជាតិមានស្ថាប័ន ជំនាញរបស់ខ្លួនដើម្បីសម្រេចលើបញ្ហាផ្សេងៗស្ដីពីការអនុវត្តតាមមាត្រាច្បាប់របស់ខ្លួន ។ តាមធម្មនុញ្ញនៃអង្គការសហ ប្រប្រជាតិ អង្គការនេះ មានស្ថាប័នធំៗចំនួន ៦ គឺ ក្រុមប្រឹក្សា, ក្រុមប្រឹក្សាសន្តិសន្តិសុខ, ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម, គណៈកម្មការលេខាធិការ, តុលាការអន្តរជាតិដើម្បីយុត្តិធម៌ និងក្រុមប្រឹក្សាហេរញ្ញវត្ថុនៃអង្គការសហប្រជាជាតិ ។ ក្រៅពី នេះ អង្គការមួយចំនួនក៏បានបង្កើតឡើងគ្រប់គ្រងតាមប្រព័ន្ធអង្គការសហប្រជាជាតិ ដែរ ដូចជា អង្គការសុខភាពពិភព លោក (WHO) និងមូលនិធីកុមារអន្តរជាតិ នៃអង្គការសហប្រជាជាតិ (UNICEF) ជាដើម ។
ប្រវត្តិនៃការបង្កើតអង្គការសហប្រជាជាតិ គឺ ក្រោយពីសង្គ្រាមលោកលើកទី ២ ប្រទេសជាសម្ព័ន្ធមិត្ត និងពលរដ្ឋនៅក្នុង ពិភពលោក មានបំណងចង់រក្សាសន្តិភាព និងទប់ស្កាត់សង្គ្រាមដែលនឹងកើតឡើងសាជាថ្មី ។ នៅក្នុងសន្និបាត Yalta ប្រទេសមហាអំណាចចំនួន មានរុស្ស៊ី, អាមេរិក និង អង់គ្លេស បានឯកភាពគ្នាអង្គការអន្តរជាតិមួយដើម្បីរក្សាសន្តិភាព និងសន្តិសុខពិភពលោក ។ ឈរនៅលើមូលដ្ឋាននៃសន្និបាត Durbarton Oaks នា រដ្ឋធានី Washington ចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ ទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ តំណាងប្រទេសចំនួន ៥០ បានបើកកិច្ចប្រជុំមួយនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីអនុម័តនូវសេចក្ដីសម្រេចរបស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ អង្គការសហប្រជាជាតិបានបង្កើតឡើងជាផ្លូវការ ។ ទោះជាយ៉ាងនេះ ក្ដីមហាសន្និបាត នៃអង្គការសហប្រជាជាតិ (General Assembly) លើកដំបូង ដែលមានប្រទេសចំនួន ៥១ មិនបាន ចាត់តាំងរហូតដល់ថ្ងៃ ទី ១០ ខែមករា ឆ្នាំ ១៩៤៦ ។
៧០ ឆ្នាំ បន្ទាប់ពីអង្គការសហប្រជាជាតិបានបង្កើតឡើងមកដល់ពេលនេះ គេសង្កេតឃើញប្រទេសមានប្រទេសកើន ឡើងពី ៥០ ដល់ ១៩៣ នៅក្នុងពិភពលោក ។ ទោះបីយ៉ាងនេះក្ដី សព្វថ្ងៃ មានដែនដីនិងជនជាតិដើម ជាច្រើន កំពុងតែឋិតនៅក្រោមអាណានិគម ឬ ឋិតនៅក្រោមការគ្រប់គ្រងពីប្រទេសនានា ក្នុងពិភពលោក ក្នុងនោះ មានខ្មែរក្រោម ដែលជាជនជាតិដើមមួយកំពុងតែឋិតនៅក្រោមនឹមអាណានិគមរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ផងដែរ ៕
Comments are closed.