សហព័ន្ធខ្មែរកម្ពុជាក្រោមចូលរួមខួប ៧០ ឆ្នាំ ថ្ងៃបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ
San Francisco, CA: ព្រឹកថ្ងៃទី ២៦ ខែមិថុនា នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមនៅក្នុង កិច្ចប្រជុំ ខួប ៧០ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃបង្កើតធម្មនុញ្ញនៃអង្គការសហប្រជាជាតិដែលរៀបចំដោយ អង្គការសហប្រជាជាតិ និងកិច្ចប្រជុំអន្តរជាតិមួយទៀតដើម្បីរំឭកដល់ខួប ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនបានបើកកិច្ចប្រជុំស្ដីពី “ធម្មនុញ្ញនៃអង្គការសហប្រជាជាតិក្រោមប្រធាន បទយើងជាមនុស្ស” ។ កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅ នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដោយមានការចូលរួមជាអធិបតីពីមន្ត្រី ជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយចំនួន ដូចជា លោក បាន គី មូន (Ban Ki-moon ) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ, លោកស្រី Nancy Pelosi សមាជិកសភា និងជាមេដឹកនាំលទ្ធិប្រជាធិបតេយ្យ នៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក, លោក Jerry Brown អភិបាលរដ្ឋ California, លោក Edwin Lee ចៅហ្វាយក្រុង San Francisco និង នាង Malala Yousafzai កុមារីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព មកពីប្រទេស ប៉ាគិស្ថាន ដែលប្រធាន អង្គ ការសហ ប្រជាជាតិហៅនាងថា “ជាអ្នកកាន់ចន្លុះ” ក្នុងជំនាន់របស់នាង ។

ប្រតិភូជាន់ខ្ពស់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមក្នុងកម្មកិច្ចប្រជុំនេះរួមមាន បណ្ឌិត Joshua Cooper នាយកវិជ្ជាស្ថានសិទ្ធិមនុស្សរដ្ឋហាវ៉ៃ និងជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម, លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិមកពីប្រទេសកាណាដា, លោក ចៅ សេរី អនុប្រធានទី ២, ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា នាយកដ្ឋានព័ត៌មាន, ព្រះតេជព្រះគុណ យឿង តារា ប្រធាន សម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម មកពីប្រទេសកម្ពុជា, ព្រះតេជព្រះគុណ ចន្ទ សុផាត អតីតប្រធានសម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម មកពីវត្តរតនគិរីវង្ស ទីក្រុង San Bernardino រដ្ឋ California និងព្រះសង្ឃខ្មែរក្រោមមួយចំនួនទៀត ។
ថ្លែងទៅកាន់មនុស្សចូលរួមរាប់រយនាក់នៅសាលាក្រុង San Francisco លោក បាន គីមូន បាន បញ្ជាក់អំពីការបង្កើតធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កាលពី ៧០ ឆ្នាំ មុនថា “ជាសន្និបាត ដែល ត្រូវអូសបន្លាយពេលវេលាដល់ទៅ ២ ខែដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចខិតខំមួយ ដ៏ក្លាហាន ដើម្បីធ្វើឲ្យពិភពលោកមួយល្អប្រសើរជាងមុនដែលកើតចេញពីសេចក្ដីរន្ធត់នៃសង្គ្រាម លោក ដែលកំពុងតែឆាបឆេះ ។
លោកថ្លែងថា៖
” លោក លោកស្រី ជាទីមេត្រី, ពង្រាងរដ្ឋធម្មនុញ្ញនេះគឺជាល្បែងដ៏រុងរឿងមួយ ។ ប្រតិភូមកពីប្រទេសជាច្រើន បានភ្នាល់នៅលើជីវិតមនុស្សជាតិ ។ សម្រាប់រយៈពេល ២ ខែ ពួកគេ បានធ្វើឲ្យទីក្រុង San Francisco ទីដែលគេរំឭកដល់សង្គ្រាម ប្រែក្លាយទៅជាក្នុងវិមានសន្តិភាព វិញ” ។
អង្គការសហប្រជាជាតិបានកើតឡើង នៅទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ ក្រោយពីរដ្ឋាភិបាលជាច្រើន នៃប្រទេសនានាបានអនុម័តលើធម្មនុញ្ញអង្គការសហប្រជាជាតិ ។
អង្គការសហប្រជាជាតិ បច្ចុប្បន្ននេះ មានប្រទេសជិត ២០០ ជាសមាជិក ដែលមានគោលដៅ ដ៏សំខាន់ដើម្បីការការពារសន្តិភាព, ការលើកកម្ពស់សិទ្ធិមនុស្ស និងការផ្តល់ជំនួយមនុស្សធម៌ ។ បេសកកម្មក្នុងសម័យទំនើបនេះ បានគ្របដណ្ដបលើការផ្លាស់ប្តូរអាកាសធាតុ, សិទ្ធិអ្នកស្រឡាញ់ ភេទ ដូចគ្នានិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព បើទោះបីជាអង្គការពិភពលោកមួយនេះ កំពុង តែប្រ ឈមមុខជាមួយនឹងជម្លោះដ៏រឹងរូសនៅក្នុងទីកន្លែងមួយចំនួន ដូចជាប្រទេស យេមែន, ស៊ូដង់ ខាងត្បូង និ ងប្រទេសស៊ីរី ។
បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំជាមួយអង្គការសហប្រជាជាតិស្ដីពីខួប ៧០ ឆ្នាំ នៃការបង្កើតធម្មនុញ្ញនៃអង្គការសហប្រជាជាតិ នៅសាលាក្រុង San Francisco ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានមកចូលរួមកិច្ចប្រជុំមួយទៀត ស្ដីអំពី ខួប ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រារព្ធខួបនៃបង្កើតធម្មនុញ្ញនៃអង្គការសហប្រជាជាតិ “យើងជាមនុស្ស” នៅរសៀលថ្ងៃទី ២៦ ខែមិថុនា ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅការិយាល័យអង្គការ Global Bill of Rights នៅទីក្រុង San Francisco ។ កិច្ចពិភាក្សាផ្ដោតលើសិទ្ធិមនុស្សសកល ក្រោយពីធម្មនុញ្ញនៃអង្គការសហប្រជាជាតិបានបង្កើតឡើងនៅឆ្នាំ ១៩៤៥ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើយកបញ្ហាសិទ្ធិមនុស្សរបស់ខ្មែរក្រោម នៅកម្ពុជាក្រោមដែលកំពុងតែរងការរំលោភបំពានពីរដ្ឋាភិបាលវៀតណាមជម្រាបដល់អង្គប្រជុំដើម្បីស្វែងរកដំណោះស្រាយ ៕
Comments are closed.