KKF ជំរុញ​ឲ្យ EU លើកយក​បញ្ហា​សិទ្ធិមនុស្ស​ពិភាក្សា​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង អឺរ៉ុប​

0 22,037

ដោយ ថាច់ ប្រីជា គឿន​

​នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរី​វុ​ឌ្ឍ បានចេញ​ដំណើរ​ពី​សហរដ្ឋអាមេរិក ទៅ​ទ្វីបអឺរ៉ុប ដើម្បី​ជួប​មន្ត្រី​ម​សមាជិក នៃ សភា​អឺរ៉ុប ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​ត្រូវ​រដ្ឋាភិបាល​វៀតណាម​រំ​លោភ​បំពាន​ជា​បន្តបន្ទាប់ ។ បេសកកម្ម​នេះ ធ្វើឡើង ខណៈដែល​សហភាព​អឺរ៉ុប​កំពុងតែ​ពិភាក្សា​ជាមួយនឹង​ប្រទេស​វៀតណាម អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង អឺរ៉ុប (EV FTA) ។ ក្រៅពី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មន្ត្រី​សមាជិក នៃ សភា​អឺរ៉ុប ចំនួន ៣២ រូប ក៏បាន​ផ្ញើ​ញត្តិ​រួមគ្នា​មួយ ជូន​ចំពោះ​មន្ត្រីជាន់ខ្ពស់ នៃ ស្នងការ​ពាណិជ្ជកម្មរ​បស់​សហភាព​អ៊ឺរ៉ុប ដើម្បី​អំពាវនាវ​ឲ្យ សហភាព​អឺរ៉ុប កំណត់​នូវ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​សម្រាប់​ប្រទេស​វៀតណាម​អនុវត្ត មុនពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវបាន​ដាក់ជូនទៅ​សភា​អនុម័ត ។​

​យោងតាម លោក ម៉ៅ មុនី ជា​អនុប្រធាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា លោក ប្រាក់ សេរី​វុ​ឌ្ឍ នឹង​លើកយក​បញ្ហា​របស់​ខ្មែរក្រោម​ដែល​ត្រូវ​រដ្ឋាភិបាល​វៀតណាម រំលោភបំពាន​ទៅ​ជម្រាប​សមាជិក នៃ សភា​អឺរ៉ុប នោះ មានដូចជា អត្តសញ្ញាណ​, ភាសា និង វប្បធម៌​ខ្មែរ នៅ​កម្ពុជា​ក្រោម ដែល​ត្រូវ​រដ្ឋាភិបាល​យួន​កាឡៃ​, គ្មាន​សេរីភាព នៃ​ការបញ្ចេញមតិ​, សេរីភាព​ក្នុងការ​ប្រតិបត្តិ​សាសនា ត្រូវ​យួន​រំលោភបំពាន ដូចជា ករណី ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន នៃ វត្ត​សេរី​តាសេក ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង ត្រូវ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក និង ដាក់ពន្ធនាគារ និង បញ្ហា​ដែល​គ្មាន​សមភាព​ក្នុង​វិស័យ​អប់រំ ដូចជា កូនចៅ​ខ្មែរក្រោម ទៅ​រៀន​នៅ​សាលា​រដ្ឋ​របស់​យួន ចេះតែ​អក្សរ និង ភាសា​យួន តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម នាពេល​បច្ចុប្បន្ន លែង​ចេះ​អាន​នូវ​អក្សរ​ខ្មែរ ជា​អក្សរ​ជាតិ​របស់ខ្លួន ។​

​បើតាម លោក ម៉ៅ មុនី ដដែល ក្រៅពី​ជំរាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ផ្ដល់​អនុសាសន៍​ដល់​សមា​ជិ​ក នៃ សភា​អឺរ៉ុប ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម អនុវត្តតាម​សេចក្ដីស្នើ​មួយចំនួន ដូចជា រដ្ឋាភិបាល​វៀតណាម ត្រូវតែទទួលស្គាល់​ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម និង​ត្រូវតែ​អនុវត្តតាម​សេចក្ដីប្រកាស​ជាស​កល នៃ​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​បាន​ចុះ​ហត្ថ​លេខ​ទទួលស្គាល់ ។ ត្រូវមាន​កម្មវិធីសិក្សា ជា​សាធារណៈ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ នៃ​ដែនដី​កម្ពុជា​ក្រោម ហើយ​ត្រូវតែ​ប្ដូរ​ឈ្មោះ ភូមិ​ឃុំ ស្រុក និង ខេត្ត នានា នៅ​កម្ពុជា​ក្រោម ដែល​យួន​បាន​ប្ដូរ​ទៅជា​ភាសា​យួន​នោះ មកជា​ភាសា​ដើម​របស់​ខ្មែរ វិញ ។ អនុញ្ញាត​ឲ្យ​កូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​រៀនអក្សរ​សាស្ត្រ​ខ្មែរ នៅតាម​សាលារៀន​ជា​សាធារណៈ និង​ត្រូវ​ទទួល ស្គាល់​ភាសា​ខ្មែរ ជា​ភាសាផ្លូវការ​នៅ​ដែនដី​កម្ពុជា​ក្រោម ជាដើម ។​

​ទាក់ទង​នឹង​ករណីនេះ នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ សមាជិក នៃ សភា​អឺរ៉ុប ចំនួន ៣២ រូប ក៏បាន​ផ្ញើ​ញត្តិ​រួមគ្នា​មួយ ជូន​ចំពោះ​អ្នកស្រី Cecilia Malmström ជា មន្ត្រីជាន់ខ្ពស់ នៃ គណៈកម្មការ​ពាណិជ្ជក​ម្ម របស់​សហភាព​អឺរ៉ុប និង អ្នកស្រី Federica Mogherini ជា​តំណាង​ជាន់ខ្ពស់​ផ្នែក​កិច្ចការបរទេស និង គោលនយោបាយ​សន្តិសុខ របស់​សហភាព​អឺរ៉ុប សម្ដែង​នូវ​ការព្រួយបារម្ភ​ជា​ទម្ងន់​អំពី​បញ្ហា​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​វៀតណាម ដូចជា ការដាក់​គុក​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​, ការ​រឹតត្បិត​សេរីភាព​ខាង​បញ្ចេញមតិ​, គ្មាន​សេរីភាព​សារព័ត៌មាន និង ការត្រួតពិនិត្យ​លើ​អ៊ី​ន​ធើ​ណិ​ត ។ សមាជិកសភា​អឺរ៉ុប ក៏បាន​ព្រមាន​ថា បើ​គ្មាន​ការកែលម្អ “​វា​នឹងមាន​ការលំបាក​” សម្រាប់​ពួកគេ ដើម្បី​ផ្តល់នូវ​ការយល់ព្រម​ចុងក្រោយ របស់​ពួកគេ​ចំពោះ​កិច្ចព្រមព្រៀង​នេះ ដែល​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​បាន​ចូល​ជា​ធរមាន ។​

​នៅក្នុង​ញត្តិ​ដដែល​នេះ សមាជិក​នៃ​សភា​អឺរ៉ុប បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ត្រូវ​កំណត់​នូវ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ សម្រាប់​ប្រទេស​អាស៊ី​អនុវត្ត​ជាក់ស្ដែង មុនពេល​កិច្ចព្រមព្រៀង​ត្រូវបាន​ដាក់ជូន​សភា ដើម្បី​អនុម័ត​ជា​ផ្លូវការ ជាពិសេស​នៅក្នុង​វិស័យ សេរីភាព​នៃ​ការបញ្ចេញមតិ​, សេរីភាព​សាសនា និង​សិទ្ធិ​ការងារ ។​
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង អឺរ៉ុប (EV FTA) បានចាប់ផ្ដើម​ពិភាក្សា​រវាង រដ្ឋាភិបាល​វៀតណាម និង សហភាព​អឺរ៉ុប ជាច្រើនលើក ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០១២ មក​ម្លេះ តែ​មិនទាន់​បានអនុម័ត​ជា​ផ្លូវការ ។ កិច្ចពិភាក្សា​នេះ នឹង​បន្តធ្វើ​នៅក្នុង​ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ។​

​ប្រសិនបើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង អឺរ៉ុប (EV FTA) បានអនុម័ត​ជា​ផ្លូវការ វា​នឹង​ជួយ​ឲ្យ​ប្រទេស​វៀតណាម​រួច​បង់​ព័ន្ធ​ចំនួន ៩៩ % នៅក្នុង​ប្រទេស​ចំនួន ២៨ ជា​សមាជិក នៃ សហភាព​អឺរ៉ុប ។ វៀតណាម​ជា​ប្រទេស​ទី ២ នៅក្នុង​តំបន់​អាស៊ី​អា​គ្មេ​យ៍ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប ៕

Leave A Reply

Your email address will not be published.