សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ San Jose នឹងប្រារព្ធខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា នៅថ្ងៃទី ១១ ខែមិថុនា
ដោយ ថាច់ ប្រីជាគឿន | សារព័ត៌មាន ព្រៃនគរ
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្ធខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា នៅវត្តពុទ្ធឃោសាចារ្យ នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី ១១ ខែមិថុនា ចុងសប្ដាហ៍នេះ ដើម្បីរំឭកដល់ ថ្ងៃដែលអាណានិគមនិយមបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន ឲ្យទៅយួនបន្តធ្វើ អាណានិគមលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

ពិធីនេះធ្វើឡើងដោយមានការសហការគ្នារវាងវត្តខ្មែរក្រោមទាំងពីរនៅទីក្រុង San Jose គឺ វត្តពុទ្ធឃោសា ចារ្យ និងវត្តខេមររង្សី បន្ទាប់ពីបានរួមគ្នារៀបចំមហាសន្និបាតសកល លើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជា ក្រោម ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែឧសភា កន្លងទៅនេះ ។
យោងតាមកិច្ចប្រជុំមួយរបស់គណៈកម្មការរៀបចំកម្មវិធីនេះ ដែលបានប្រព្រឹត្តទៅនេះវត្តខេមររង្សី កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៦ សប្ដាហ៍កន្លងទៅនេះ ក្រោមអធិបតីភាព ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ព្រះចៅ អធិការវត្តខេមររង្សី និង ព្រះតេជព្រះគុណ ត្រឹង គុយ ព្រះចៅអធិការវត្តពុទ្ធឃោសាចារ្យ ព្រមទាំង លោក លី ឃោន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose បានសម្រេចថា ខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា ឆ្នាំនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងរួមគ្នាធ្វើនៅវត្តពុទ្ធឃោសាចារ្យ និងមានគំរោងរួមគ្នាធ្វើ ពិធីឲ្យធំទូទាំងរដ្ឋ California នៅក្នុងឱកាសខួប ៦៨ ឆ្នាំ នាឆ្នាំ ២០១៧ ខាងមុខនេះ ។
កិច្ចពិភាក្សាក៏បានផ្ដោតលើការរៀបចំសាលប្រជុំ និងរបៀបវារៈសម្រាប់ពិធីរំឭកខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា មួយនេះ ផងដែរ ។ អ្នកចូលរួមបានឯកភាពគ្នាថា ត្រូវដាក់ទង់ជាតិកម្ពុជាក្រោមសម្រាប់ធ្វើពិធីគោរពទង់ជាតិ និងតាំងឆាយាលក្ខណ៍ ឧកញ៉ា សឺង គុយ ដែលជារដ្ឋបុរសកម្ពុជាក្រោមតែម្នាក់គត់នៅក្នុងសាលប្រជុំធ្វើជា និមិត្តរូបនៃការតសូរបស់ប្រជាជាតិខ្មែរក្រោម ដើម្បីស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងជូនពលរដ្ឋ ខ្មែរក្រោមម្ចាស់ស្រុកនៅដែនដីកម្ពុជាក្រោម ឲ្យរួចផុតពីនឹមអាណានិគមយួន សព្វថ្ងៃ ។
សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី ៤ ខែមិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោក ដូចជា ប្រទេសកម្ពុជា ថៃ សហរដ្ឋអាមេរិក កាណាដា អូស្តាលី New Zealand និង ប្រទេសមួយចំនួននៅអឺរុប ដូចជា បារាំង ស្វិស អ៊ីតាលី ហូឡង់ ជាដើម តែងតែប្រារព្ធទិវា ៤ មិថុនា ដើម្បី រំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ជាអតីតទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជាឲ្យទៅយួន បន្តធ្វើអាណានិគមលើខ្មែរក្រោម ។
កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ក្នុងការប្រគល់ដែនដីកូស័ងស៊ីន ឲ្យទៅជារដ្ឋចំណុះវៀតណាមដែល ពលរដ្ឋខ្មែរចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់ ។ ច្បាប់នេះ មានសេចក្តីទាំងស្រុងដូចតទៅនេះ៖
“យោងតាមមតិពីរដ្ឋសភា នៃសហភាពបារាំងសែស, រដ្ឋសភានិងក្រុមប្រឹក្សា នៃសាធារណរដ្ឋបារាំងបាន សម្រេច ហើយអនុមតិដោយរដ្ឋសភានៃសាធារណរដ្ឋបារាំងប្រធានាធិបតី នៃសាធារណរដ្ឋប្រកាស ច្បាប់ដូចតទៅ នេះ៖
មាត្រា ១ – ក្នុងក្របខណ្ឌមាត្រា ៦០ នៃសាធារណរដ្ឋបារាំងសែស និងតាមមតិរបស់សភាកូស័ងស៊ីន នាសម័យប្រជុំថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈទឹកដីកូស័ងស៊ីនត្រូវបានកែប្រែតាមមាត្រាដូចខាង ក្រោម៖
មាត្រា ២ – ទឹកដីកូស័ងស៊ីន ត្រូវបានតភ្ជាប់ទៅជារដ្ឋចំណុះរបស់យួន យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ ស្ថិតនៅក្នុងលក្ខន្តិកៈជាទឹកដីឯនាយសមុទ្រ របស់បារាំងទៀតហើយ ។
មាត្រា ៣ – ក្នុងករណីដែលលក្ខន្តិកៈស្រុកយួនត្រូវកែប្រែលក្ខន្តិកៈ កូស័ងស៊ីន ត្រូវចាត់ទុកជាកម្មវត្ថុ នៃការ សម្រេចចិត្តរបស់សភាខាងលើដូចបាន ចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ (ជំពូក ៨ នៃសភាបារាំង សែស ) ។
ច្បាប់នេះនឹងត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូលូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
ហត្ថលេខា
វែនសង់ អូរិយ៉ូល (ប្រធានាធិបតី)
ហត្ថលេខា
ហង់រី កឿយ (នាយករដ្ឋមន្ត្រី)
ហត្ថលេខា
ប៉ូលកូស ផ្លរ៉េ (រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ)”
ដែនដីកូស័ងស៊ីន ឬ កម្ពុជាក្រោម មានទំហំ ៦៧ ពាន់ គីឡូម៉ែត្រក្រឡា នៅតំបន់ដីសណ្តទន្លេមេគង្គ ឬ ភាគខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃ ។ ក្រោយពីបារាំងបានកាត់ដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាម មក ពលរដ្ឋខ្មែរក្រោមវាល់លាននាក់ជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម បានបន្តរស់នៅក្រោមនឹមអាណា និគមយួនរហូតមកដល់ សព្វថ្ងៃ ។
សព្វថ្ងៃ ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម មិនមានសិទ្ធិប្រារព្ធខួប ទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃ ប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ដែលអាណានិគមនិយមបារាំងបានកាត់ដែនដីកម្ពុជាក្រោម និងវាសនារបស់ខ្លួន ផ្ទេរឲ្យទៅនៅក្រោមនឹមអាណានិគមថ្មីរបស់យួននោះឡើយ ។ ទិវានេះ ប្រារព្ធបានតែពលរដ្ឋខ្មែរក្រោមនៅក្រៅ ប្រទេសតែប៉ណ្ណោះ ៕
Comments are closed.