ខ្មែរក្រោម​នឹងធ្វើ​មហា​បាតុកម្ម​នៅ​អ៊ឺរ៉ុប​ជម្រុញ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​វៀតណាម​

0 230

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃទី ០៣ ខែធ្នូ ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​អ៊ឺរ៉ុប នឹងធ្វើ​មហា​បាតុកម្ម​នៅមុខ​កា​រិ​យា ល័យ​សភា​អ៊ឺរ៉ុប នាទី​ក្រុង​ព្រូ​សែ​ល ប្រទេស​បែ​ល​ហ្ស៊ី​ក ដើម្បី​ជម្រុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ ដល់​រដ្ឋាភិបាល​វៀតណាម និង​ទាម​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង  ដែល​អាជ្ញាធរ​វៀតណាម​ទើបតែ​ប្រកាស​សាលក្រម​ផ្ដន្ទារ​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ កាលពី​ខែកញ្ញា កន្លងទៅនេះ ។​

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

ខ្មែរក្រោម​នឹងធ្វើ​មហា​បាតុកម្ម​នៅ​អ៊ឺរ៉ុប​ជម្រុញ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​វៀតណាម​

​យោងតាម​សេចក្ដីប្រកាស​ជូនដំណឹង​មួយ​តាមរយៈ​សារ​អ៊ី​ម៉ែ​ល ពី លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​មហា បាតុកម្ម នាទី​ក្រុង​ព្រូ​សែ​ល ប្រទេស​បែ​ល​ស្សែក នៅ​ថ្ងៃទី ០៣ ខែធ្នូ ខាងមុខនេះ ។​

​យោងតាម​សេចក្ដីប្រកាស​នេះ​ដដែល សហ​ព័ព​ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​អំពី​មូលហេតុ នៃ​ការធ្វើ មហា​បាតុកម្ម​មួយ​នេះ​ថា “​ដើម្បី​សម្ដែង​ការប្រឆាំង​ទៅនឹង​អំពើ​អយុត្តិធម៌​ដ៏​ឃោរឃៅ​” និង “​ដើម្បី​សម្ដែង​នូវ ការឈឺចាប់​” របស់ខ្លួន ហើយ​សុំ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​សភា​អ៊ឺ​រុ​ប​ដាក់​សម្ពាធ ដល់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​ឲ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង ដោយ​ឥត​លក្ខខណ្ឌ  និង​បង្ខំ​ឲ្យ​វៀតណាម​ត្រូវតែ​គោរព​សិទ្ធិមនុស្ស​ក្នុងនាម​ជា​សមាជិក​នៃ​អង្គការ​សហ ប្រជាជាតិ ។

​សេចក្ដីជូនដំណឹង​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ដែលជា​អ្នក ស្រឡាញ់​នូវ​យុត្តិធម៌ សិទ្ធិមនុស្ស  និង​សេរីភាព នៅ​គ្រប់​និ​ន្ន​ការ​នយោបាយ​ឲ្យ​ចូលរួម​ធ្វើ​មហា​តុ​កម្ម​ឲ្យ បាន​កុះករ ដើម្បី​សម្តែង​នូវ​ការឈឺចាប់​ជាមួយនឹង​ជនរងគ្រោះ និង​ក្រុមគ្រួសារ ។​

អ្នកភូមិព្រៃជាប់ នៅក្នុងតុលាបក្សកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំង នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។
អ្នកភូមិព្រៃជាប់ នៅក្នុងតុលាបក្សកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំង នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។

​នៅក្នុង​ខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​ជា​ភាសា​អង់គ្លេស​មួយ ហើយ​បានចេញ​ផ្សាយ​តាម​គេហទំព័រ​ជា​ផ្លូវការ​របស់ខ្លួន បញ្ជាក់ថា  កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់​ទោស​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បង្ក​ឲ្យ​មានការ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។​

សេចក្ដីថ្លែងការណ៍​នេះ បាន​បន្តទៀតថា កាលពី​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។​

ជនជាប់ចោទ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ នាក់ នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​បៀ​ង​ដុង A (Bien Dong   A ) ឃុំ វិញ​ត្រាច់​ដុង (Vinh Trach Dong) ទីក្រុង​ពល​លាវ ខេត្ត​ពល​លាវ  ម្នាក់ៗ​ត្រូវបាន​តុ​ការ​ដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម​សម្រេច​ប្រកាស សាលក្រម​ឲ្យ​ជាប់គុក ដូចតទៅ ៖

១.​អ្នកស្រី លី ធី សា​បុ​ត (Lý Thị Sà Bột)   ១ ឆ្នាំ​
២.​អ្នកស្រី លី ធី យន់ (Lý Thị Dạnh)  ១ ឆ្នាំ​
៣.​អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan)  ១ ឆ្នាំ​
៤.​លោក  លី មិន ហាយ (Lý Minh Hải)  ១១ ខែ និង​
៥.​លោក តាំង ផល្លា (Tăng Pho La)  ១០ ខែ​

ចំណែក​អ្នកស្រី លី ធី សា​បុ​ត ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​មុនពេល​វៀតណាម​ចាប់ខ្លួន ។​

យោងតាម​សេចក្ដីប្រកាស​របស់​ចៅក្រម​នៅក្នុង​អង្គ​សវនាការ​នេះ​ថា  ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ រូបនេះ ត្រូវ បាន​ចោទ​ប្រកាន់ទោស ព្រោះ​បាន​ជួយ​ទូងស្គរ និង​វៃ​រគាំង​នៅ​វត្ត​ព្រៃ​ជាប់ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ លី ចិន្ដា ។​

​មកដល់​ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ពីបទ    “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​” ។​

​សាលក្រម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក​ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ  ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩  ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ ដើម្បី​ប្រឆាំង​រដ្ឋា​ភិ បាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ  ពីបទ “​ចាត់តាំង​នាំ មនុស្ស​រត់​ចេញទៅ​ប្រទេសក្រៅ​” ។  អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។​

នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ចំនួន ៨ ចំណុច ក្នុងនោះ​មានការ​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ទាំង ៦ នាក់ ដោយ​ឥត​លក្ខខណ្ឌ  និង​ថ្លែងថា ការដែល​វៀតណាម​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដាក់ពន្ធនាគារ​នោះ ជាការ​បំពាន​លើ​មាត្រា​នៃ​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជន ជាតិ​ដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕

Leave A Reply

Your email address will not be published.