សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម​

0 262

ដោយ ស៊ឺន ចែងចើន

​មេដឹកនាំ​អង្គការ សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ គ​.​ស ២០១៩ ដែល នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ បាន​ផ្ញើ​សារ​ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់ទិសទី ។ ជាពិសេស​បងប្អូន​ជន​រួម​ឈាម​ខ្មែរក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម​ត្រួតត្រា​របស់​រដ្ឋាភិបាល​យួន​ក​ម្មុយ​និ​ស្ត សព្វថ្ងៃ សូម​នាំមក​នូវ​សិរី​សួស្ដី ជ័យ​មង្គល សេចក្ដីសុខ សេចក្ដីចម្រើន និង​រុងរឿង​ក្នុង​ឆ្នាំកុរ​នេះ និង​ឆ្នាំ​ខាងមុខៗ ទៀត ។​

​នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំកុរ​នេះ លោក ថាច់ ឡែ​ន ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រួមទាំង​ខ្មែរក្រោម រស់នៅ​ជុំវិញ​ពិភពលោក ឲ្យ​ទទួលបាន​នូវ​សិរី​សួស្តី និង​ចំរើន​រុងរឿង​ជា​និរន្ត ។ លោក​ក៏មាន​ពាក្យពេចន៍​ថ្លែង​បួងសួង​ជូនពរ​សម្រាប់​ឆ្នាំ​ថ្មី​ទៅដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​បាត់បង់​សិទ្ធិសេរីភាព​របស់ខ្លួន​នោះ សូម​ទេវតា​ឆ្នាំ​ថ្មី​ជួយ​បន្ទន់ចិត្ត​រដ្ឋាភិបាល​វៀ​ត​ណា​ម ឲ្យ​គោរព​សិទ្ធិសេរីភាព​ខ្មែរក្រោម ដែលជា​ម្ចាស់​ស្រុក​ឲ្យ​បាន​ពេញលេញ ។​

​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ដោយ​ប្រសិទ្ធិ​ពរជ័យ​សិរី​សួស្តី​ដល់​ពួកគាត់ ឲ្យ​ជួបតែ​សុខសន្តិភាព សេចក្ដី​រុងរឿង និង​សប្បាយរីករាយ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ។ លោក តាំង សារៈ ក៏​ឆ្លៀត​ក្នុងឱកាស​នេះ រៀបរាប់​ពី​សមិទ្ធផល​នៃ​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅលើ​ឆាក​អន្តរជាតិ ដែល​សម្រេចបាន​នៅក្នុង​ឆ្នាំ​ចាស់ ។ ទន្ទឹមគ្នា​នោះ លោក​ក៏បាន​លើក​បង្ហាញ​នូវ​បេសកកម្ម​មួយចំនួន នៅក្រោយពី​បុណ្យ​ឆ្នាំ​ថ្មី​នេះ ផងដែរ ។​

​ចំណែក​លោក សឺ​ន យឿ​ង នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ផ្ញើ​សារ​ប្រសិទ្ធិ​ពរជ័យ សេរី​សួស្តី ជ័យ​មង្គល វិ​ប​ល​សុខ បវរ​មហាប្រសើរ ប្រគេន​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរក្រោម ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ ។ ក្រៅពី​ជូនពរ​សព្វ​សាធុការ លោក​ក៏បាន​លើក​កោតសរសើរ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា និង​អភិរក្ស​វប្បធម៌ សាសនា អក្សរសាស្ត្រ និង​ភាសា​ខ្មែរ ដែលជា​អត្តសញ្ញាណ​ខ្មែរ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ។​

​ដោយឡែក ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវ​ទៅ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម បាន​ឈប់សម្រាក​រយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ជួបជុំ​គ្រួសារ សាច់ញាតិ មិត្តភក្តិ ។ ព្រះអង្គ​យល់ឃើញថា ជា​រៀងរាល់ឆ្នាំ ពរល​ដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ តែ​ត្រូវ​ជួប​ការលំបាក​ក្នុង​ការអបអរ និង​ចូលរួម​ពិធី​បុណ្យជាតិ​របស់ខ្លួន ដោយ​មូលហេតុ​រដ្ឋាភិបាល​វៀត​ណា​ម​មិន​ចេញ​សារា​ចរណ៍ ឬ​បទបញ្ជា​ណាមួយ​ជា​ផ្លូវការ ស្តីពី​ការឈប់​សម្រាក​ក្នុង​ថ្ងៃបុណ្យ​ប្រពៃណីជាតិ​របស់​ជនជាតិខ្មែរ ។​

​ឆ្លៀត​ក្នុងពេល​នេះដែរ លោក ស៊ឺន ចែង​ចើ​ន ជា​ចាងហ្វាង​នៃ​សារព័ត៌មាន ព្រៃនគរ ក៏មាន​សារ​ជូនពរ​សម្រាប់​ឱកាស​ចូលឆ្នាំថ្មី និង​ថ្លែងអំណរគុណ​ដល់​លោកអ្នក​នាង មិត្ត​អ្នកអាន ចំពោះ​ការគាំទ្រ​សារព័ត៌មាន ព្រៃនគរ និង​ចាត់ទុក​សារព័ត៌មាន​មួយ​នេះ ជា​ប្រភព​ផ្តល់ព័ត៌មាន ទាក់ទង នឹង​ព្រឹត្តិការណ៍​ថ្មីៗ ដែល​កើតឡើង នៅ​ដែនដី​កម្ពុជា​ក្រោម ។ បន្ថែម​ពីលើ​នេះ លោក​ក៏​បង្ហាញជូន​នូវ​វត្ថុបំណង ព្រមទាំង​បេសកកម្ម​សម្រាប់​ឆ្នាំ​ថ្មី​នេះដែរ ។​

​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នឹង​ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ​តាម​ទំនៀមទម្លាប់ ចាប់ពី​ថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ខាងមុខនេះ ។ រីឯ​មហាសង្ក្រាន្ត​ឆ្នាំនេះ នឹង​ចូល​មកដល់ នៅ​ថ្ងៃអាទិត្យ ១០ កើត ខែ​ចែ​ត្រ ត្រូវ នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០១៩ វេលា​ម៉ោង ១៥ និង ១២ នាទី​រសៀល ៕

Leave A Reply

Your email address will not be published.