សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​កម្ពុជា​ សាទរ​ចំពោះ​សាកល​វិទ្យាល័យ​មួយ​ នៅ​ព្រះត្រពាំង​ អនុញ្ញាត​ឲ្យ​និស្សិត​ខ្មែរក្រោម​ឈប់សម្រាក​ ៣ ថ្ងៃ​ ក្នុង​ពិធីបុណ្យ​សែនដូនតា​

0 303

ដោយ ស៊ឺន ចែងចើន

សាកលវិទ្យាល័យ​មួយ​របស់​រដ្ឋាភិបាលវៀតណាម​ នៅ​ខេត្ត​ត្រា​វិញ​ (ព្រះត្រពាំង​) បាន​អនុញ្ញាត​ឲ្យ​សា​ស្ដ្រា​ចារ្យ​ និស្សិត​ និង​បុគ្គលិក​ ដែល​ជា​ខ្មែរ​ក្រោម​ បាន​ឈប់សម្រាក​រយៈពេល​ ៣ ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ២៧​ ដល់​ថ្ងៃទី​ ២៩​ ខែកញ្ញា​នេះ​ ដើម្បី​បាន​ចូលរួម​ពិធីបុណ្យ​សែនដូនតា​ (បុណ្យភ្ជុំបិណ្ឌ​) តាម​ប្រពៃណី​ជាតិខ្មែរ​ នៅ​ឯដែនដី​កម្ពុជាក្រោម​ ។

សេចក្តី​ជូនដំណឹង​ អនុញ្ញាត​ឲ្យ​សា​ស្ដ្រា​ចារ្យ​ និស្សិត​ និង​បុគ្គលិក​ ដែល​ជា​ពលរដ្ឋខ្មែរ​ក្រោម​ ឈប់សម្រាក​ក្នុងឱកាសបុណ្យសែនដូនតា របស់សាកលវិទ្យាល័យត្រាវិញ (ព្រះត្រពាំង) ។ tvu.edu.vn
សេចក្តី​ជូនដំណឹង​ អនុញ្ញាត​ឲ្យ​សា​ស្ដ្រា​ចារ្យ​ និស្សិត​ និង​បុគ្គលិក​ ដែល​ជា​ពលរដ្ឋខ្មែរ​ក្រោម​ ឈប់សម្រាក​ក្នុងឱកាសបុណ្យសែនដូនតា របស់សាកលវិទ្យាល័យត្រាវិញ (ព្រះត្រពាំង) ។ tvu.edu.vn

​ការ​ចេញ​សេចក្តី​ជូនដំណឹង​ អនុញ្ញាត​ឲ្យ​សា​ស្ដ្រា​ចារ្យ​ និស្សិត​ និង​បុគ្គលិក​ ដែល​ជា​ពលរដ្ឋខ្មែរ​ក្រោម​ ឈប់សម្រាក​នេះ ត្រូវបានប្រធាន​លេខាធិការ​ដ្ឋាន​ នៃ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ លោក​ សឺង​ យឿង​ ​សម្តែង​ការ​គាំ​ទ្រ​ ចំពោះ​សេចក្តី​សម្រេច​របស់​សាកល​វិទ្យាល័យ​ត្រា​វិញ​ (ព្រះត្រពាំង​) ដែល​អនុញ្ញាត​ឲ្យ​សា​ស្ដ្រា​ចារ្យ​ និស្សិត​ និង​បុគ្គលិក​ សម្រាក​ពី​ការងារ​ និង​សម្រាក​ពី​ការរៀនសូត្រ​ រយៈពេល​ ៣ ថ្ងៃ​ ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ និង​បុណ្យ​សែនដូនតា​នេះ​ ។

លោក​ សឺង​ យឿង​ ប្រធាន​លេខាធិការ​ដ្ឋាន​ នៃ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ ។ រូបថតៈ ជា សុភារិន
លោក​ សឺង​ យឿង​ ប្រធាន​លេខាធិការ​ដ្ឋាន​ នៃ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ ។ រូបថតៈ ជា សុភារិន

 

យ៉ាងនេះ​ក្តី​ លោក​ សឺង​ យឿង​ ក៏​សម្តែង​នូវ​ក្តី​កង្វល់​ ចំពោះ​សាលារៀន​ នៅ​តាម​បណ្តា​ខេត្ត​នានា​ ព្រមទាំង​ កម្មករ​ កម្មការិនី​ និង​បុគ្គលិក​ នៃ​ស្ថាប័នរដ្ឋ​ និង​ឯកជន​ដទៃទៀត​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ ដើម្បី​ចូលរួមពិធី​បុណ្យប្រពៃណី​មួយ​នេះ​ ។ លោក​ បាន​អំពាវនាវ​ ដល់​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​ឈរ​នៅ​លើ​គោលការណ៍​ «សេរីភាព​ និង​ស្មើភាព​» ដោយ​ដាក់បញ្ចូល​ទិ​វា​បុណ្យប្រពៃណី​ជាតិខ្មែរ​ និង​ប្រពៃ​ណីពុទ្ធសាសនា​ ជា​កាលបរិច្ឆេទ​ឈប់សម្រាក​សាធារណៈ​ជា​ផ្លូវការ​ សម្រាប់​ពលរដ្ឋខ្មែរ​ក្រោម​ ។

 

គួរ​ជម្រាប​ជូន​ថា​ កាលពី​ថ្ងៃទី​ ១៤​ ខែមីនា​ ឆ្នាំ​ ២០១៩​ កម្មករ​ខ្មែរក្រោម​ ដែល​ធ្វើការ​ នៅក្នុង​ទីក្រុង​ព្រៃនគរ​ ក៏​ធ្លាប់​បាន​រួមគ្នា​ចុះហត្ថលេខា​ នៅ​លើ​ញត្តិ​រួម​មួយ​ ផ្ញើ​ទៅ​ប្រធាន​សហជីព​ពលកម្ម​វៀតណាម​ នៅ​ទីក្រុង​ព្រៃនគរ​ (Chủ​ tịch​ Liên​ đoàn​ Lao​ động​ Việt​ Nam​ Thành​ phố​ Hồ​ Chí​ Minh​) ដោយ​ស្នើ​ទៅ​ក្រុមហ៊ុន​ និង​ រោងចក្រ​ទាំងអស់​ នៅក្នុង​ទីក្រុង​ព្រៃនគរ​ និង​ នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ អនុញ្ញា​តឲកម្មករ​ខ្មែរក្រោម​ បាន​ឈប់សម្រាក​ ៤ ថ្ងៃ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ចាប់ពី​ថ្ងៃទី​ ១៣​ ដល់​ ១៦​ ខែមេសា​ ឆ្នាំ​ ២០១៩​ ​។

ជា​រៀងរាល់​ឆ្នាំ​ នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ ដូចជា​ បុណ្យចូលឆ្នាំ​ថ្មី​ នៅ​ថ្ងៃទី​ ១៤​, ១៥​ និង​ ១៦​ ខែមេសា​ និង​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឬ បុណ្យ​សែនដូនតា​ នៅ​ថ្ងៃ​ ១៤​ និង​ ១៥​ រោច​ ខែភទ្របទ​ ពលរដ្ឋខ្មែរ​ក្រោម​ ដែល​ជា​និស្សិត​ សិស្សសាលា​ កម្មករ​ បុគ្គលិក​ និង​កម្មាភិបាល​ ដែល​កំពុងតែ​រៀន​ និង​ ធ្វើការ​នៅ​តាម​សាលា​ រោងចក្រ​ និង​ការិយាល័យ​រដ្ឋ​នានា​ មិន​មាន​សេរីភាព​គ្រប់គ្រាន់​ ក្នុង​ការចូលរួម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ទេ​ ។ មូលហេតុ​ ដោយសារ​រដ្ឋាភិបាល​វៀតណាម​មិន​មាន​គោលនយោបាយ​ជា​មូលដ្ឋាន​ និង​អនុម័ត​នូវ​ច្បាប់​ជា​ផ្លូវការ​ណាមួយ​ សម្រាប់​ឲ្យ​មាន​ថ្ងៃឈប់​សម្រាក​ក្នុង​ថ្ងៃ​ បុណ្យ​សែនដូនតា​ និង​ បុណ្យចូលឆ្នាំ​ថ្មី​ របស់​ជនជាតិ​ខ្មែរ​ ។ នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​នេះ​ សាលារៀន​នៅតែ​រៀន​ រោងចក្រ​ និង​ការិយាល័យ​រដ្ឋ​ និង​ឯកជន​នៅតែ​ធ្វើការ​ជា​ធម្មតា​ ដែល​ធ្វើឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​មាន​អារម្មណ៍​ថា​ ពួកគេ​មិន​ទទួល​បាន​នូវ​សេរីភាព​ និង​ យុត្តិធម៌​ពិតប្រាកដ​ក្នុង​ការចូលរួម​ និង​ ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​របស់​ខ្លួន​ឡើយ​ ។ ផ្ទុយទៅវិញ​ ជនជាតិ​យួន​ និង​ ចិន​ រដ្ឋាភិបាល​វៀតណាម​ បាន​អនុម័ត​ច្បាប់​ជា​ផ្លូវការ​ឲ្យ​មាន​ថ្ងៃឈប់​សម្រាក​ទូទាំង​ប្រទេស​ពី​ ១០​ ទៅ​ ១៥​ ថ្ងៃ​ នៅក្នុង​ឱកាស​ បុណ្យចូលឆ្នាំ​យួន​ និង​ ចិន​ ជា​រៀងរាល់​ឆ្នាំ​ ។ ទង្វើ​ទាំងនេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​ផ្ទុយ​ នឹង​អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម​ តែងតែ​ឃោសនា​ថា​ យួន​ ចិន​ និង​ ខ្មែរក្រោម​ ជា​ជនជាតិ​ទាំង​បី​បងប្អូន​ នឹងគ្នា​រស់នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ដោយ​ជនជាតិ​យួន​ និង​ ចិន​ បាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​របស់​ពួកគេ​យ៉ាង​សេរី​ តែ​ខ្មែរក្រោម​វិញ​បែរជា​មិនបាន​ ៕

Leave A Reply

Your email address will not be published.