សមាគមខ្មែរកម្ពុជាក្រោម ដាក់លិខិតទៅកាន់ស្ថានប័នពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ ករណីអាជ្ញាធរយួនដកហូតលិខិតឆ្លងដែនពលរដ្ឋកម្ពុជា ដើមកំណើតខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី ១០ កុម្ភៈ នេះ បានដាក់លិខិតទៅក្រសួងការបរទេសកម្ពុជា ស្ថានទូតវៀតណាម ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងដាក់ទៅកាន់បណ្តាស្ថានទូតមួយចំនួនទៀត ប្រចាំនៅក្នុងប្រទេសកម្ពុជា ដើម្បីសុំឲ្យជួយអន្តរាគមន៍ទៅលើព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលកាន់លិខិតឆ្លងដែនកម្ពុជា តែត្រូវបានដកហូតដោយអាជ្ញាធរខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ហើយបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ។
ការដាក់លិខិតសុំអន្តរាគមន៍ទៅកាន់ស្ថានប័នពាក់ព័ន្ធទាំងនោះ បន្ទាប់ពីព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម សឺន ទី គង់នៅវត្តសិរីសោភា (អង្គតាម៉ិញ) នារាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ មករា បាននិមន្តទៅស្រុកកំណើត ដើម្បីសួរសុខទុក្ខញាតិញោមរបស់ព្រះអង្គ នៅខេត្តសុកត្រាំង (ខេត្តឃ្លាំង) សាធារដ្ឋសង្គមនិយមវៀតណាម (អតីតៈទឹកដីកម្ពុជាក្រោម) ដោយកាន់លិខិតឆ្លងដែនខ្មែរ លេខ N01803511 ចុះថ្ងៃទី ០១ ខែ ១១ ឆ្នាំ ២០១៩ ចេញដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង ដែលបានដាក់លិខិតទៅក្រសួងការបរទេសកម្ពុជា ស្ថានទូតវៀតណាម និងផ្ញើទៅកាន់ស្ថាប័នសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងអង្គទូតនានាប្រចាំកម្ពុជា បានសរសេរបញ្ជាក់នៅក្នុងលិខិតនោះថា៖ «នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ខេត្តសុកត្រាំង បាននិមន្តព្រះអង្គទៅសួរនាំពីព័ត៌មានផេ្សងៗ ហើយបន្ទាប់មកចោទប្រកាន់ព្រះអង្គ អំពីការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធ នឹងរឿងខ្មែរក្រោម ។ ក្រោយពីសួរនាំករណីពាក់ព័ន្ធ ព្រះអង្គត្រូវបានដកហូតលិខិតឆ្លងដែន ថែមទាំងមានលក្ខ័ណ្ឌផេ្សងៗ ដែលជាការបង្ខំឲ្យព្រះអនុវត្តតាមការបង្គាប់បញ្ជារបស់គេ ។ ដោយយល់ថា ព្រះអង្គជាប្រជាពលរដ្ឌខ្មែរ ដោយកាន់លិខិតឆ្លងដែនដែលចេញដោយសមត្ថកិច្ចកម្ពុជា ដូច្នេះព្រះអង្គមិនបានអនុវត្តតាម ជាហេតុអាជ្ញាធរវៀតណាម ខេត្តឃ្លាំង នៅតែបន្តរដកហូតទុកលិខិតឆ្លងដែនរក្សាទុករហូតមកដល់បច្ចុប្បន្ន។»
នៅក្នុងលិខិតដដែលនោះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានស្នើយ៉ាងទទូចឲ្យក្រសួងការបរទេសកម្ពុជា និងស្ថានទូតវៀតណាម ប្រចាំកម្ពុជាជួយអន្តរាគមន៍ឲ្យព្រះសង្ឃដើមកំណើតខ្មែរក្រោម ព្រះនាម សឺន ទី ទទួលបានលិខិតឆ្លងដែន ដើម្បីត្រឡបមកប្រទេសកម្ពុជាវិញ ។
ទាក់ទងទៅ និងរឿងនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះករណីនេះ ។ បន្ថែមពីលើនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជូនដំណឹងនេះ ទៅកាន់ស្ថានទូតនានាប្រចាំនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) និងក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជួយតាមដាន និងធ្វើកិច្ចអន្តរាគមន៍ទៅលើបញ្ហានេះ ៕