ព្រះតេជព្រះគុណ ឡឹម ពៅ ​(វិភទ្ទញ្ញាណ)

485

ព្រះ​ថេរ​ជីវប្បវត្តិ

​នៃ ព្រះតេជព្រះគុណ មេគណ​រង ឡឹម ពៅ (​វិ​ភ​ទ្ទ​ញ្ញាណ​)

​ជា​ព្រះចៅអធិការ​វត្ត សង្វរ​ថ្ម​មាស (​អូរទទឹង​) ភូមិ​អូរទទឹង ឃុំ​អូរទទឹង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រ​ត្រពាំង​

ព្រះ​ថេរ​ជីវប្រវត្តិ​នេះ យើងខ្ញុំ​បាន​ចែកជា ៨ បរិច្ឆេទ ដើម្បី​ចែកជា​សង្កាត់​សេចក្តី ងាយ​ស្តាប់ ងាយ​យល់ ងាយ​កត់ចំណាំ​ដល់​សប្បុរសជន​ទាំងឡាយ ដូចតទៅ​៖

១. ­ ជាតិ​បរិច្ឆេទ កំណត់​អំពី​កំណើត​

២­. កុមារ​បរិច្ឆេទ កំណត់​អំពី​កុមារភាព​

៣. ­ បព្វជ្ជា​បរិច្ឆេទ កំណត់​អំពី​បព្វជ្ជា​

៤­. ឧបសម្បទា​បរិច្ឆេទ កំណត់​អំពី​ឧបសម្បទា​

៥­. ពុទ្ធ​សាសន​វុឌ្ឍិ​បរិ​ច្ឆ​ទ កំណត់​អំពី​ការធ្វើ​សេចក្តីចម្រើន​ដល់​ព្រះពុទ្ធសាសនា​

៦. ­ កំណត់​អំពី​សមណស័ក្តិ​

៧­. កំណត់​អំពី​ស្នា​ព្រះហស្ត​ក្នុង​វត្ត​

៨.­ កំណត់​អំពី​ការ​មាន​ព្រះ​រោគាពាធ និង​ការទទួល​អនិច្ចធម្ម ។​

​តទៅ​នេះ​យើងខ្ញុំ​សូម​បរិយាយរ​ង្គា​យ​សេចក្តី​នៃ​បរិច្ឆេទ​នីមួយ ៗ​

ព្រះឆាយាលក្ខណ៍ ព្រះតេជព្រះគុណ ឡឹម ពៅ ។
ព្រះឆាយាលក្ខណ៍ ព្រះតេជព្រះគុណ ឡឹម ពៅ ។

១. ជាតិ​បរិច្ឆេទ​៖

ព្រះតេជព្រះគុណ ព្រះ​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ប្រសូត​នៅ​ថ្ងៃ​អង្គារ ៨ កើត ខែ ជេស្ឋ ឆ្នាំ កុរ នព្វស័ក ព​. ស​. ២៤៩១ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែឧសភា គ​. ស​. ១៩៤៧ នៅ​ភូមិ អូរទទឹង ឃុំ អូរទទឹង និគម​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។ ញោមប្រុស ឧបាសក ឡឹម ថាវ​, ញោមស្រី ឧបាសិកា ថាច់ ធី សាន្ត មាន​បងប្អូន​រួម​ផ្ទៃ ៨ រូប​គឺ ​៖

១. បងប្រុស ឡឹម វ៉ើ​ន (​ស្លាប់​)

២. បងប្រុស ឡឹម ថន (​ស្លាប់​)

៣.­ បងស្រី ឡឹម ធី សុផល (​ស្លាប់​)

៤.­ បងប្រុស ឡឹម វ​ណ្ណី (​ស្លាប់​)

៥.­ បងប្រុស ឡឹម អ៊ុក (​ស្លាប់​)

៦. គឺ​អង្គ​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ​

៧.­ ប្អូនស្រី ឡឹម ធី ពេញ (​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរទទឹង​)

៨ ­ ប្អូនប្រុស​ពៅ​បង្អស់ ឡឹម ពិន (​ស្លាប់​)

២. កុមារ​បរិច្ឆេទ​៖

ព្រោះហេតុតែ មានភ័ព្វ​បាន​សម្ភព​ក្នុង​ត្រកូល​កសិករ​ខ្មែរ ជា​ពុទ្ធសាសនិក ប្រកបដោយ​សម្មាទិដ្ឋិ ចិញ្ចឹមជីវិត​ដោយ​គន្លង​ធម៌ ហើយ​ជា​គ្រួសារ​ជាតិនិយម​ប្រ កាន់ខ្ជាប់​វប្បធម៌​ប្រពៃណីជាតិ​យ៉ាង​ម៉ឺងម៉ាត់ បង្ហាត់បង្រៀន​ប្រៀនប្រដៅ​កូន​ឲ្យ​ដើរ​តាម​គន្លង​ល្អ​របស់ខ្លួន ដើម្បី​បានជា​ទំពាំង​ស្នង​ជាតិ ស្នង​សាសនា​តទៅ​ថ្ងៃ​អ​នា គ​ត ។ ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ជា​កុមារ​មួយរូប​មាន​ឫកពា​សុភាពរាបសា បញ្ញា​ឆ្លៀវឆ្លាស រហ័សរហួន ជា​កូន​ដោយ​ដំបូន្មាន​ណាស់ ។ កាលពី​ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ នៅ​ជា​កុមារ​អាយុ ៧ ឆ្នាំ មាតាបិតា​បាន​បញ្ជូន​ព្រះអង្គ​ឲ្យ​ទៅ​រៀន​សាលាបឋមសិក្សា ថ្នាក់​ទី ៥ (​កាលសម័យ​នោះ​) ។ លុះដល់​ឆ្នាំ​បន្ទាប់មក ក្នុង​ជន្មាយុ ៨ ឆ្នាំ មាតាបិតា ក៏បាន​បញ្ជូន​ឲ្យ​ចូលទៅ​នៅ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ជា​សេក្ខ​វត្ត​សិក្សា​អក្ខរកម្ម​ថ្នាក់​ទី ៥ (​ខេមរភាសា​) និង​សាស្ត្រា ធម៌អាថ៌ វិន័យ ក្នុង​សំណាក់ ព្រះតេជព្រះគុណ ព្រះនាម សឿង និង​លោកគ្រូ​សូត្រ ព្រះនាម ឃឹម អស់​រយ​:​ពេល ៣ ឆ្នាំ ។​

៣. បព្វជ្ជា​បរិច្ឆេទ​៖

​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ នៅ​ជា​សេក្ខ​វត្ត​តាំ​ពី​អាយុ ៨ ឆ្នាំ អាយុ ១៤ ឆ្នាំ ញោមប្រុស​ស្រី​ក៏បាន​អនុញ្ញាត​ឲ្យ​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះតេជព្រះគុណ ព្រះ​មុនី​វង្សា ថាច់ កាន់ ជា​ព្រះ​ឧបជ្ឈាយ៍ ក្នុង​មណ្ឌលសីមា​វត្ត សង្វរ​ថ្ម​មាស​អូរទទឹង នា​ថ្ងៃ​ពេញ​បូរ​មី ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព​.​ស​. ២៥០៣ គ​. ស​. ១៩៥៩ ។​

ក្រោយ​អំពី​បព្វជ្ជា​រួច សាមណេរ ឡឹម ពៅ ខំ​យកចិត្តទុកដាក់​ព្យាយាម​សិក្សា​រៀនសូត្រ​នូវ​អក្សរសាស្ត្រ​ជាតិ និង​ធម៌អាថ៌​វិន័យ​ព្រះពុទ្ធសាសនា ដោយ​ព្យាយាម​ ។

៤. ឧបសម្បទា​បរិច្ឆេទ​៖

​ព្រះ​មេគណ​រង វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ បួស​ជា​សាមណេរ​បាន ៦ វស្សា​, ព្រះ​ជន្មាយុ​ក៏​គម្រប់ ២០ ឆ្នាំ​បរិបូណ៌ ។ ព្រះអង្គ​បាន​និមន្ត​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុ នៅ​ពទ្ធសីមា​វត្ត ពោធិ​សិរី ភូមិ​ចុង​ផ្នោ ស្រុក​កំពង់​ស្ពាន ក្នុង​សំណាក់​ព្រះតេជព្រះគុណ សុវណ្ណ​ត្ថេ​រ ថាច់ ញ៉ី​វ ជា​ព្រះ​ឧបជ្ឈាយ៍​, ព្រះតេជព្រះគុណ ធម្ម​ត្ថេ ថាច់ សែម ជា​លោក​គ្រូសូត្រស្តាំ​, ព្រះតេជព្រះគុណ វិសាល​ត្ថេ​រ ថាច់ ធា ជា​លោ​គ្រូសូត្រឆ្វេង នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​. ស​. ២៥០៧ ត្រូវ​នឹង​ថ្ងៃទី ៧ ខែឧសភា គ​.​ស​. ១៩៦៣ ។ ព្រះ​ឧបជ្ឈាយ៍ បានប្រសិទ្ធ​ នាម​បញ្ញត្តិ​ថា វិ​ភ​ទ្ទ​ញ្ញាណ ។​

៥. ពុទ្ធ​សាសន​វុឌ្ឍិ​បរិច្ឆេទ​៖

​ក្រោយពី​បាន​បំពេញ​ឧបសម្បទា​រួចហើយ ព្រះ​មេគណ​រង វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ គង់នៅ​វត្ត​កំណើត​ចំនួន ៣ វស្សា ដើម្បី​សិក្សា​ឧបជ្ឈាយវត្ត​និង​ធ្វើ​វត្តប្រតិបត្តិ​វត្ត​ធំ និង​វត្ត​តូច ចំពោះ​ព្រះ​ឧបជ្ឈាយ៍ ព្រមទាំង​រៀន​យក​នូវ​ឱវាទ​ដំបូន្មាន របស់​ឧបជ្ឈាយ៍​ជាដើម ។​

​កាលបើ​ព្រះអង្គ​យល់ឃើញថា ករណីយកិច្ច​របស់​ព្រះអង្គ​ល្មម​សមគួរ​ហើយ ព្រះអង្គ​ក៏​ថ្វាយបង្គំ​លា​ព្រះតេជព្រះគុណ ព្រះចៅអធិការ ព្រះ​មុនី​វង្សា ថាច់ កាន់ ជា​ព្រះ​ឧបជ្ឈាយ៍ ដើម្បី​និមន្ត​ទៅ​សិក្សា​ធម្ម​វិន័យ​ថ្នាក់​ត្រី ក្នុង​សំណាក់​លោកគ្រូ ថាច់ យ៉ឺ នៅ​វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​), សិក្សា​ធម្ម​វិន័យ​ថ្នាក់​ទោ ក្នុង​សំណាក់​លោកគ្រូ គៀង គំ នៅ​វត្ត​ព្រលាន​មានជ័យ (​ចុង​ព្រលាន​) ។ បន្ទាប់ពី​នោះមក ព្រះអង្គ​បាន​និមន្ត​ទៅ​សិក្សា​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ១ គឺ​បាលី​ទី ១ នៅ​វត្ត​ពោធិ​សិរី ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។ សិក្សា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ២ គឺ​បាលី​ទី ២ នៅ​វត្ត​ពោធិ​វង្ស (​កំពង់​ដូង​) ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង និង​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៣ គឺ​បាលី​រង នៅ​វត្ត​កញ្ចោង​ភ្នំពេញ ។ សិក្សា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឆ្នាំ ទី ៣ គឺ​បាលី​រង​ដដែល (​ដោយសារ​ជាន់​នោះ​នៅ​មិនទាន់មាន​កម្រិតសិក្សា​ថ្នាក់​ខ្ពស់ជាង​នេះ​) នៅ​វត្ត​ត្រោក​លិច អស់​មួយ​វស្សា​ថែមទៀត ។ ព្រោះ​អាស្រ័យ​កតញ្ញូ កតវេទិតា​ធម៌ ចំពោះ​ព្រះ​មុនី​វង្សា ថាច់ កាន់ ជា​ព្រះ​ឧបជ្ឈាយ៍ ដែលមាន​ភាព​ចាស់ជរា ព្រះកាយពល​ទ្រុឌទ្រោម ទើប​ព្រះអង្គ​សម្រេច​ព្រះទ័យ​ឈប់​ផ្អាក​ការសិក្សា វិល​មក​គង់​ចាំ​វស្សា​ក្នុង​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ជា​វត្ត​កំណើត​របស់ខ្លួន​វិញ ដើម្បី​បម្រើ​ព្រះ​ឧបជ្ឈាយ៍ និង​បង្ហាត់បង្រៀន​នវ​ភិក្ខុ​សាមណេ​រ ។​

​កាល​ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ គង់​ចាំ​វស្សា​នៅ​វត្ត​បាន ៣ វស្សា​, ព្រះចៅអធិការ ព្រះ​មុនី​វង្សា ថាច់ កាន់ និង​គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​តែងតាំង​ព្រះ​អង្គជា​លោកគ្រូ​សូត្រ​នៅ ថ្ងៃ សៅរ៍ ១៥ កើត ខែវិសាខ ឆ្នាំវក សំរឹទ្ធិស័ក ព​. ស​. ២៥១២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែឧសភា គ​.​ស​. ១៩៦៨ ។​

ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ទទួល​តំណែង​ជា​លោកគ្រូ​សូត្រ បាន ៧ ឆ្នាំ ក្រោម​អធិបតី​របស់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​មុនី​វង្សា ថាច់ កាន់ ។ ក្នុងឋានៈ​ជា​លោកគ្រូ​សូត្រ​ព្រះអង្គ​បាន​ដឹកនាំ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជើងវត្ត ឲ្យ​ព្រមព្រៀងគ្នា​ជា​ធ្លុង​មួយ មាន​កិត្តិសព្ទ​ល្បី​ខ្ចរខ្ចាយ​ទួទៅ​ក្នុងស្រុក​កំពង់​ស្ពាន​, គឺ​គ្រាន់តែ​ឮ​ព្រះនាម​ថា លោកគ្រូ ពៅ វត្ត​ខ្នាច (​វត្ត​នេះ​ចាស់ទុំ​ជាន់មុន​ច្រើនតែ​ហៅថា​វត្ត​ខ្នាច​) នរណា​ក៏​គោរព​កោតក្លាច​ទាំងអស់ ។​

​ពេលវេលា​កន្លងទៅ​មិនយូរប៉ុន្មាន ព្រះតេជព្រះគុណ ព្រះ​មុនី​វង្សា ថាច់​កាន់ ជា​ព្រះ​ឧបជ្ឈាយ៍​របស់លោក ចាប់​មាន​អាពាធ​ជា​ទម្ងន់ ប្រហែល​មួយខែ ក៏​ព្រះអង្គ​ទទួល​អនិច្ចធម្ម​កណ្ដាល​សម្រែក​ទ្រហោយំ របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំងឡាយ​ជា​សិស្សគណ ។ បុណ្យឈាបនកិច្ច​សព ព្រះ​ឧ​ប​ជ្ឈ​យ៍ ព្រះ​មុនី​វង្សា ថាច់ កាន់ បាន​ប្រព្រឹត្តទៅ​យ៉ាង​ក្រៀមក្រំ អស់​រយៈពេល​៣​ថ្ងៃ ។​

​អំណឹះឥតពី​ព្រះ​ឧបជ្ឈាយ៍ ព្រះ​មុនី​វង្សា ថាច់ កាន់ ទៅ​, ព្រះសង្ឃ និង​គណៈកម្មការ​ព្រម​ទាំង​ពុទ្ធបរិស័ទ​ជើងវត្ត មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ តែងតាំង លោកគ្រូ​សូត្រ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ជា​ព្រះចៅអធិការ ។​

មកដល់​ឆ្នាំរោង អដ្ឋស័ក ព​.​ស​. ២៥២០ គ​. ស​. ១៩៧៦ ព្រះ​វិបស្សនា​ចា​រ្យ ព្រះ​ធម្ម​ត្ថេ​រ ថាច់ ង៉ុ​ក វត្ត​ព្រលាន​មានជ័យ (​ចុង​ព្រលាន​) ចាប់ផ្តើម​ក​បង្រៀន​វិបស្សនាធុរៈ​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ ជាដំបូង​គេ​នៅ​ស្រុក​កំពង់​ស្ពាន ។ ខណៈពេល​នោះ ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ក៏បាន​និមន្ត​ទៅ​សិក្សា​វិបស្សនាធុរៈ​ក្នុង​សំណាក់ ព្រះ​វិបស្សនា​ចា​រ្យ ធម្ម​ត្ថេ​រ ថាច់ ង៉ុ​ក ចំនួន ២ ខែ តែ​ការសិក្សា​នោះ នៅ​មិនទាន់​ទទួលបាន​ផលប្រយោជន៍​អំពី​ការប្រតិបត្តិ​វិបស្សនា​សមបំណង​ឡើយ​, ប្រហែល​មកពី​ព្រះទ័យ​ព្រះអង្គ​ពោរពេញ​ដោយ​អារាម​ប​លិ​ពោធ គឺ​កង្វល់ ដែល​កើត​ពី​ការជាប់​ជំពាក់​នឹង​វត្ត​អារាម​ដែល ព្រះអង្គ​កំពុងមាន​ភារកិច្ច​គ្រប់​គ្រង បានជា​នាំ​បណ្តាល​ឲ្យ​ព្រះទ័យ​កង្វល់​ខ្វល់ខ្វាយ ពុំ​អាច​ស្ងប់រម្ងាប់​បាន ។ មួយឆ្នាំ​កន្លងមក ព្រះអង្គ​បាន​និមន្ត​ទៅ​សិក្សា​វិបស្សនា​ម្តងទៀត ក្នុង​សំណាក់​ព្រះ​វិបស្សនា​ចា​រ្យ ព្រះនាម សុ​មន៍ គង់នៅ​វត្ត​សាលវ័ន (​តា​អោក​) ។ ការសិក្សា​លើក​នេះ ព្រះអង្គ​ទទួលបាន​នូវ​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​, ធ្វើ​ឲ្យ ព្រះ​វិបស្សនា​ចា​រ្យ ព្រះនាម សុ​មន៍ សព្វព្រះទ័យ​តែងតាំង​ព្រះ​អង្គជា​ព្រះ​វិបស្សនា​ចា​រ្យ ។​

​ព្រះចៅអធិការ ឡឹម ពៅ ដែល​គេ​ទម្លាប់ ហៅថា លោកគ្រូ ពៅ វត្ត​ខ្នាច នោះ ក្រោយ​អំពី​បានតែងតាំង​ជា ព្រះ​វិបស្សនា​ចា​រ្យ​ហើយ ក៏​និមន្ត​មកកាន់​វត្ត​របស់ខ្លួន​វិញ ដើម្បី​បន្ត​នូវ​នាទី​របស់ខ្លួន​ជា​ព្រះចៅអធិការ ។​

​ព្រោះហេតុតែ​ព្រះអង្គ​ជា​ព្រះចៅអធិការ​ដែល​ស្មារតី​រឹងប៉ឹង មាន​ឧ​ត្ត​គតិ​ខ្ពង់ខ្ពស់ មានចំណេះ​វិជ្ជា​សម្បទា​ទាំង​ផ្នែក​គន្ថធុរៈ និង​វិបស្សនាធុរៈ និង​មាន​សមត្ថភាព​កសាង​ទាំង​ផ្នែក​សម្ភារៈ និង​ផ្នែក​ស្មារតី ជា​បុគ្គល​ឆ្លៀវឆ្លាស​ក្នុងការ​ដឹកនាំ​សង្គម​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ​សុទ្ធតែ​សាមគ្គី​ស្រុះស្រួល​ល្អ ។ ឯ​វស្សា​ផ្នួស​របស់​ព្រះអង្គ ក៏​កាន់តែ​ចាស់ទុំ​មាំមួន ជា​ព្រះ​ថេរៈ​មួយ​ព្រះអង្គ​ប្រកប​ព្រម​ដោយ​វិជ្ជាសម្បត្តិ និង​ចរិយា​សម្បត្តិ សមរម្យ​នឹងធ្វើ​ជា​ព្រះ​ឧបជ្ឈាយ៍​បាន​, គណៈ​កម្ម​និង​ពុទ្ធបរិស័ទ​មូលមតិ​ឯកច្ឆន្ទ ស្នើ​សូម​មន្ត្រី​សង្ឃ​តែងតាំង​ព្រះចៅអធិការ វិ​ភ​ទ្ទ​ញ្ញាណ​ឡឹម​ពៅ ជា​ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ តាំងពី​នោះ​រៀងដរាបមក ។​

តទៅ​នេះ​យើងខ្ញុំ​ជា​សិទ្ធិ​វិហា​រិ​ក សូម​លើកយក​នូវ​ចំណុច​សំខាន់ ៗ ខ្លះ​នៃ​ព្រះ​ថេរ​ជីវប្រវត្តិ​របស់​ព្រះ​ឧបជ្ឈាយ៍​ដូចតទៅ​៖

​ក​­. នាទី​ជា​ព្រះចៅអធិការ​៖

​តាំងពី​ទទួល​តំណែង​ជា​ព្រះចៅអធិការ​មក ព្រះអង្គ​តែង​យក​ព្រះទ័យ​ទុកដាក់ ឧបត្ថម្ភ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជើងវត្ត ដោយ​មិន​រើសមុខ ។ ប្រសិនបើ​មាន​កុល បុត្ត​ណា​ដែល​មានបំណង​បព្វជ្ជា ឬ​ឧបសម្បទា​តែ​មិនមាន​ត្រៃចីវរ​គ្រប់គ្រាន់​នឹង​បួស ព្រះអង្គ​ខ្នះខ្នែង​ស្វែងរក​ត្រៃចីវរ​ឲ្យ​ដល់​កុលបុត្ត​នោះ ដើម្បី​បាន​បួស​ដូច​គេឯង គឺ​ព្រះអង្គ​មាន​ព្រះទ័យ​ស្រឡាញ់​ការ​បួស​រៀន​យ៉ាង​ជ្រាលជ្រៅ​ឥតឧបមា ។​

​មួយទៀត នៅពេល​ពុទ្ធបរិស័ទ​ជើងវត្ត​ក្តី ក្រៅ​ជើងវត្ត​ក្តី មាន​គ្រោះភ័យ​អាសន្ន ដោយ​ឧបទ្ទវហេតុ ឬ​អព្ភូតហេតុ​អ្វីមួយ ដល់​សង្គម​គ្រួសារ មិន​ថា​យប់​អធ្រាត្រ ភ្លៀងរលឹម ខ្យល់ព្យុះ​ឆ្ងាយ​ឬ​ជិត ព្រះអង្គ​តែង​ទទួល​និមន្តន៍ មិនដែល​រុញ​រា​ឡើយ ; នៅពេល​ខ្លះ​ព្រះអង្គ​ដើរតួ​ជា​លោកគ្រូ​ពេទ្យ ឬ​ជា​តុលាការ​ក៏មាន ព្រោះ​កាលពី​ជាន់​នោះ នៅ​មិនទាន់មាន​ពេទ្យ និង​តុលាការ​ត្រឹមត្រូវ​ទេ មានតែ​ព្រះសង្ឃ​ជាពិសេស​ស​ព្រះចៅអធិការ​នៃ​វត្ត​នីមួយ ៗ គឺជា​ពេទ្យ​សង្គ្រោះបន្ទាន់ ឬ​តុលាការ​ការពារ​យុត្តិធម៌​ឲ្យ​គ្រហស្ថ​ជើងវត្ត ក្នុង​គ្រា​មាន​គ្រោះភ័យ​អាសន្ន កើត​ពី​ជម្ងឺ​រោគា​, កើត​ពី​អមនុស្ស ខ្មោច ព្រាយ បិសាច​, គ្រោះភ័យ​កើត​ពី​ធម្មជាតិ ដូចជា​រន្ទះបាញ់ ទឹក​ជន់ ភ្លើង​ឆេះ និង​គ្រោះភ័យ​អាសន្ន​កើត​ពី​អាសិរពិស មាន​ពស់​ចឹក​ជាដើម​, ឬ​ក្នុងភូមិ​ស្រុក​មាន​ចោរ​ភ័យ​កើតឡើង ឬក៏​មាន​អ្នកស្រុក​កើតការ​ណ៍​ឈ្លោះទាស់ទែង​ខ្វែងគំនិត​គ្នា ពុំនោះ​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​ក្នុង​គ្រួសារ ពុំនោះសោត​កូនចៅ​ពុំ​ស្តាប់បង្គាប់​ម៉ែឪ​ជីដូន​ជីតា ជាដើម​, ឧ​ទ្ទ​វ​ការណ៍​ទាំងនេះ តែង​កើតមានឡើង​ជាធម្មតា ហើយ​កាលបើ​កើតមានឡើង​ម្តង ៗ ទោះបី​កណ្តាលអធ្រាត្រ ឬ​ពេល​ថ្ងៃ ក៏​គេរ​ត់ទៅ​វត្ត​និមន្ត​ព្រះសង្ឃ មាន​ព្រះ​អធិការ​វត្ត​ជា​ប្រធាន សូម​ឲ្យ​និមន្ត​ទៅ​ជួយ​វិនិច្ឆ័យ កាត់​អាថ៌ ផ្សះផ្សារ ព្យាបាល​រំដោះគ្រោះ​ថ្នាក់​ទាំងនោះ​ជាបន្ទាន់​មិនដែល​ខាន ។ សេចក្តី​ត្រងនេះ​ស​ឲ្យ​ឃើញថា ព្រះសង្ឃ​ក្នុងសង្គម​ខ្មែរ​ពិតជា​ទីពឹង​គ្រប់យ៉ាង​របស់​ជាតិខ្មែរ​តាំងពី​បុរាណកាល​នាយ រៀងមក​អាយ​នេះ​ដោយ​ពិត ។ ចំពោះ​លោកគ្រូ ពៅ វត្ត​ខ្នាច​អង្គ​នេះ លោក​មាន​ចរិត​ប្លែក​វិសេស​ណាស់ គឺ​លោក​តែង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​សង្គ្រោះ​បណ្តុះបណ្តាល​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ទាំង​ដោយ​ស្មារតី ទាំង​ដោយ​សម្ភារៈ​ទ្រព្យសម្បត្តិ អស់ពី​កម្លាំងកាយ កម្លាំងចិត្ត​ឥត​គិត​នឿយហត់ ឬ​អស់​គង់ឡើយ ។​

ខ​.­ នាទី​ព្រះ​វិបស្សនា​ចា​រ្យ​៖

​ធុរៈ​ក្នុង​ព្រះពុទ្ធសាសនា​មាន ២ គឺ​­​គន្ធ​ធុ​រ​: ១ វិបស្សនា​ធុ​រ​: ១ ព្រោះហេតុនោះ បានជា​ព្រះតេជព្រះគុណ ព្រះ​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ឬ​លោកគ្រូ​ពៅ​វត្ត​ខ្នាច ព្រះអង្គ​ខំប្រឹង​សិក្សា​ស្វាធ្យាយ ក្នុង​ផ្លូវ​ទាំងពីរ​នេះ​ឲ្យ​បាន​ចេះដឹង សមរម្យ​គួរ​ដល់​កា​រប​តិ​ប​ត្តិ​របស់​ព្រះអង្គ ហើយ​ដឹកនាំ​បង្ហាត់បង្រៀន ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ឲ្យ​ប្រតិបត្តិ​ត្រូវ​ត្រង់​តាម​បន្ទាត់​ធម្ម​វិន័យ ។ ក្នុងនាម​ជា​វិបស្សនា​ចា​រ្យ​មាន​កិត្តិគុណ និង​កិត្តិសព្ទ​ល្បី​ខ្ចរខ្ចាយ​ទៅ​គ្រប់ទិសទី ក្នុង​មួយឆ្នាំ​នីមួយ ៗ ព្រះអង្គ​ទទួល​បង្រៀន​ជាច្រើន​វត្ត មាន​សិស្ស​ជា​យោគាវចរ​រាប់រយ​អង្គ និង​រូប​មកពី​វត្ត និង​ខេត្ត​ផ្សេង ៗ ក្នុង​កម្ពុជា​ក្រោម ដើម្បី​សិក្សា​ប្រតិបត្តិ​ក្នុង​សំណាក់​ព្រះអង្គ ។ ព្រះអង្គ​មិន​ត្រឹមតែ​ជា​វិបស្សនា​ចា​រ្យ​ទេ ថែមទាំង​ជា​អ្នក​ឧបត្ថម្ភ​បច្ច័យ ៤ ដល់​យោ​គាវរ​ដែល​មក​ប្រតិបត្តិ​វិបស្សនា​ក្នុង​សំណាក់​ព្រះអង្គ ដោយផ្ទាល់​ទៀតផង ជាពិសេស​អ្នក​មកពី​ស្រុក​ឆ្ងាយ ។​

​ព្រះអង្គ​ចាប់ផ្តើម​បើក​បង្រៀន​វិបស្សនា​លើកដំបូង​បង្អស់ នៅ​ឆ្នាំម្សាញ់ នព្វស័ក ព​.​ស​.២៥២១ គ​.​ស​.១៩៧៧ ។ ដើមឡើយ​ព្រះអង្គ​បើក​វគ្គ​សិក្សា​វិបស្សនា​ធុ​រ​:​តែ​ក្នុង​វត្ត​ប៉ុណ្ណោះ​, ប៉ុន្តែ​ក្រោយមក កិត្តិ​ស័ព្ទ​របស់​ព្រះអង្គ​ចេះតែ​ផ្សាយ​ល្បី​រន្ទឺ ដល់​ព្រះចៅអធិការ និង​ពុទ្ធបរិស័ទ​វត្ត​នានា​ក្នុងស្រុក​កំពង់​ស្ពាន​ទាំងមូល​នេះ​ផង ទៅ​ក្រៅ​ស្រុក​ផង ក៏​នាំ​បណ្តាល​ឲ្យ​ព្រះចៅអធិការ និង​គណៈកម្មការ​ពុទ្ធបរិស័ទ​វត្ត​ដទៃទៀត មក​អារាធនា​ព្រះអង្គ​ទៅ​បើក​បង្រៀន​នៅ​វត្ត​របស់ខ្លួន​ដែរ ។​

​ឈ្មោះ​វត្ត​ដែល​ព្រះតេជព្រះគុណ ព្រះ​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ បានទទួល​និមន្តន៍​ទៅ​បើក​បង្រៀន​វិបស្សនា​រួមមាន៖

  • ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង​រួមមាន ៨ វត្ត​គឺ៖

១­. វត្ត​ពោធិ​វ័ន (​អូរ​សំពៅ​), ២.­ វត្ត​រតន​សាគរ (​ព្រើម​), ៣.­ វត្ត​ព្រលាន​មានជ័យ (​ចុង​ព្រលាន​), ៤.­ វត្ត​មុនី​រង្សី (​មេ​ពាំង​), ៥.­ វត្ត​សាលវ័ន (​តា​អោក​), ៦.­ វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​), ៧. វត្ត​ពោធិ​សិរី​, ៨. ពោធិ​មានជ័យ​សិរី​ឧ​ត្ត​ម (​ពោធិ៍ធំ​) ។​

  • ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង រួមមាន ៤ វត្ត គឺ​៖

១­. វត្ត​កញ្ចោង​កំពង់លាវ​, ២.­ វត្ត​កញ្ចោង​ភ្នំពេញ​, ៤ .​វត្ត​ទិព្វ​មង្គល​និល​ឧទ្យាន​­ (​ផ្នោ​ព្រីង​), ៤. អរុណរង្សី ចាក​អា​គ្រោង ( ដាយ​ត្រឿ​ង ) ។

ស្រុក​តា​អោន ខេត្ត​លង់​ហោ រួមមាន ៣ វត្ត​គឺ​៖

១­ វត្ត​សង់​ច្រវា​ថ្មី ២­ វត្ត​ព្រែក​ឈូក ៣ ­ វត្ត​អង្គុលី​ខាងជើង ។​

​គ​. តំណែង​ជា​ព្រះ​ឧបជ្ឈាយ៍​៖

ព្រះតេជព្រះគុណ​បានទទួល​តំណែង​ជា​ព្រះ​ឧបជ្ឈាយ៍​នូវក្នុង​ឆ្នាំម្សាញ់​ឯកស័ក ព​.​ស​.២៥៣២ គ​.​ស​. ១៩៨៨ ក្រោយ​អំពី​ព្រះអង្គ​បានទទួល​នាទី​ជា​ព្រះ​ឧបជ្ឈា​យ៍មក ព្រះអង្គ​មិន​ត្រឹមតែ​បាន​ប្រទាន​នូវ​បព្វជ្ជា និង​ឧបសម្បទា​ដល់​កុល​វ​បុត្ត​ក្នុង​វត្ត​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានទទួល​និមន្តន៍​ទៅ​បំបួស​កុលបុត្ត​នានា​វត្ត​ទៀតផង ។​

  • ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង រួមមាន ៩ វត្ត​គឺ៖

១. ­ វត្ត​រតន​សាគរ (​ព្រើម​), ២. ­ វត្ត​ព្រលាន​មានជ័យ (​ចុង​ព្រលាន​), ៣. ­ ជោ​វ័ន​សង្វា​មាស (​បាត់​ក្រមា​), ៤. វត្ត​ភិរម្យ​រាជ (​ភិរម្យ​សុខ​), ៥. រតន​ទី​បា​រាម​កោះ​កែវ (​អូរ​មិច​), ៦. ­​វត្ត​ពោធិ​សិរី​, ៧.­ វត្ត​បទុម​សាគរ (​កំពង់​ស្ពាន​), ៨. វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​), ៩. វត្ត​ពោធិ​វ័ន (​អូរ​សំពៅ​) ។​

  • ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង រួមមាន ៩ វត្ត​គឺ៖

១­. វត្ត​អរុណរង្សី​ចាក​អា​គ្រោង (​ដាយ​ត្រឿ​ង​), ២.­ វត្ត​កញ្ចោង​កំពង់លាវ ៣. វត្ត​កញ្ចោង​ភ្នំពេញ​, ៤. វត្ត​ទិព្វ​មង្គល​និល​ឧទ្យាន (​ផ្នោ​ព្រីង​), ៥. ­ វត្ត​ព្រះបាទ​កងចក្រ (​កំពង់​មាស​), ៦. វត្ត​សាល​តិ​ត្ថា​រាម (​កំពង់​រាំង​), ៧. វត្ត​ពោធិ​វង្ស (​កំពង់​ដូង​), ៨. ­​វត្ត​កំពង់​ឈូក​ផ្នោ​ស​ង្ក្រ​ម​, ៩. ­​សាសន​សាមគ្គី (​អូរ​ត្រាវ​) ។​

  • ស្រុក​តា​ឱន ខេត្ត​លង់​ហោ រួមមាន ១ វត្ត គឺ​វត្ត​សង់​ច្រវា​ចាស់ ។​

​ឃ​. ជីវិត​របស់​ព្រះ​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ក្នុង​ផែនការ KC50៖

​ផែនការ KC50 គឺជា​ព្រឹត្តិការណ៍​ខ្មៅ​ងងឹត​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​យួន​បង្កើតឡើង​ក្នុង​ទស្សវត្សរ៍ ៨០ ក្នុង​គោលការណ៍​កាប់សម្លាប់ ចាប់ចង​បញ្ញវ័ន្ត​ខ្មែរក្រោម​អ្នក​ជាតិនិយម​តាំងពី​ថ្នាក់​ជាន់​ទាប ដល់​ជាន់ខ្ពស់ ; បញ្ញវ័ន្ត​ជាន់ខ្ពស់​ដែល​យួន​គូស​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​គឺ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​ថ្នាក់ឃុំ ជាន់​ទាប​បាន​ដល់​សមណ​សិស្ស និស្សិត និង​សិស្សានុសិស្ស​ជាតិខ្មែរ​ក្រោម ។​ដោយ​ហោចទៅ សូម្បីតែ​អ្នករៀន​មាន​ត្រឹមតែ​វិញ្ញាបនបត្រ​ថ្នាក់បឋមសិក្សា ក៏​ជា​មុខសញ្ញា​នៃ​ការ​កម្ចាត់​ចោល​របស់​យួន ក្នុង​ផែនការ KC50 នេះដែរ ដើម្បី​បំបាក់ស្មារតី​អ្នក​ជាតិ​យម និង​សមណ​សិស្ស និស្សិត ព្រមទាំង​សិស្សានុសិស្ស​ជាតិខ្មែរ​ក្រោម​ឲ្យ​បាក់ស្បាត កុំ​ឲ្យ​ហ៊ាន​គិតគូរ​រឿង​ជាតិ រឿង​សាសនា ប្រពៃណី​វប្បធម៌​តទៅទៀត ដើម្បី​លុបបំបាត់​ជាតិ សាសនា​ខ្មែរក្រោម​ចេញពី​ទឹកដី​កម្ពុជា​ក្រោម នេះ​គឺ​បដិវត្តន៍​រំលាយ​ជាតិ​សាសនា​ខ្មែរក្រោម​របស់​យួន​កុម្មុយនីស្ត ដោយ​កលោបាយ​បំបាក់​ដើម្បី​បំបាត់​, កម្ចាត់​ដើម្បី​កម្ចាយ បានសេចក្តីថា ដើម្បី​បំបាត់​ជាតិ​សាសនា​ខ្មែរក្រោម​ឲ្យ​បាត់បង់ ត្រូវ​បំបាក់ស្មារតី​អ្នក​ជាតិនិយម​ឲ្យ​បាក់ស្បាត​, ដើម្បី​កម្ចាយ​ជាតិ សាសនា​ខ្មែរក្រោម​ឲ្យ​ខ្ចាយ​រាត់រាយ​រលាយ​រលត់ ត្រូវ​កម្ចាត់​អ្នក​ជាតិនិយម ដែលមាន​ប្រភព​ចេញពី​បញ្ញវ័ន្ត និង​អ្នកសិក្សា​តែមួយគត់ ។ ម្ល៉ោះហើយ​យួន​ក៏​អនុវត្ត​ភ្លាម ៗ នូវ​ផែន​ការចាប់​គ្រូ ចាប់​សិស្ស បិទ​សាលា​ពុទ្ធិកសិក្សា​នៅ​កម្ពុជា​ក្រោម​ទាំងអស់​ជាពិសេស​នៅ​ខេត្ត​ព្រះ​ត្រពាំង ក្នុងសម័យ​នោះ​យ៉ាង​បន្ទាន់ ។ ព្រឹត្តិការណ៍​នេះ​យួន​បានចាប់ផ្តើម​ដោយ​ចាត់វិធានការ តាម​ចាប់​បញ្ញវ័ន្ត​សង្ឃ និង​គ្រហស្ថ ដែលជា​អាចារ្យ​បង្រៀន​តាម​វត្ត​ខ្មែរ​នៅ​ទូទាំង​ខេត្ត​ព្រះ​ត្រពាំង ក្រោមលេស​ចោទថា​ជា “​ចលនា​រំដោះទឹកដី​កម្ពុជា​ក្រោម​” ដែលមាន​ព្រះ​មេគណ គឹម តុ​ក ចើ​ង (​ក​ន្ត​ធ​ម្មោ​) ជាម​គ្គុ​ទ្ទេសន៍ ។​

​ឋិត​នៅក្នុង​ទេសកាល​ដ៏​ខ្មៅ​ងងឹត​នេះ នាំ​បណ្តាល​ឲ្យ​ព្រះសង្ឃ និង​គ្រហស្ថ​ជា​អាចារ្យ​បង្រៀន និង​សមណ​សិស្ស និ​សិ​ស្សិត សិស្សានុសិស្ស នៃ​សាលា​ពុទ្ធិកសិក្សា​រាប់ពាន់​អង្គ និង​រូប​នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​យួន​តាម​ចាប់ចង​ទៅធ្វើ​ទារុណកម្ម​សួរចម្លើយ ទាំង​ទទឹងទិស ហើយ​ដាក់គុក​យ៉ាង​អាណោចអាធ័ម ។ ជីវិត​ក្នុង​គុក បណ្តាល​ឲ្យ​បព្វជិត និង​គ្រហស្ថ​រូប​ខ្លះ​មាន​ជំងឺ មាន​អាពាធ ព្រោះ​ធ្វើការ​ធ្ងន់ និង​ទទួល​ទារុណកម្ម​ហួសប្រមាណ​ក៏​សុគត និង​ស្លាប់​ក្នុង​ពន្ធនាគារ ខ្លះទៀត​វេចសម្ពាយ​រត់​ឆ្លងដែន​មក​កម្ពុជា​ទាន់​ក៏​រួចខ្លួន រហូតដល់​បានមក​ប្រទេស​ទី ៣ ក៏មាន ។​

ចំណែកឯ​ព្រះ​មេគណ គឹម តុ​ក ចើ​ង និង​អនុគណ ព្រមទាំង​សហការី​ជំនិត​ផ្សេងទៀត​សុខចិត្ត​ឲ្យ​យួន​ចាប់ ដោយ​មិន​ព្រម​គេចខ្លួន គឺ​រដ្ឋាភិបាល​យួន​បាន​ចាប់​ព្រះ​មេគណ​គឹម តុ​ក ចើ​ង សម្រាត​ស្បង់​ចីពរ​ទាំង​កំរោល​បង្ខំ​ឲ្យ​ព្រះអង្គ​សឹក​យកទៅដាក់​ពន្ធនាគារ​នៅ​ឆ្នាំ ១៩៨៤ ហើយ​ធ្វើ​ទារុណកម្ម​ដោយ​អ​កុសលោបាយ​ផ្សេង ៗ រហូត​ទាល់តែ​ព្រះអង្គ​សុគត​ក្នុង​ពន្ធនាគារ​នៅ​ឆ្នាំ ១៩៨៦ ។​

​ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ព្រះចៅអធិការ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) កាលណោះ​លោក​ជា​ប្រធាន​សមាគម ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ស្រុក​កំពង់​ស្ពាន ក្នុងឋានៈ​ជា​អនុគណ ស្រុក​កំពង់​ស្ពាន ក៏ត្រូវ​យួន​ចាប់ខ្លួន​នៅ​ឆ្នាំ ១៩៨៥ ដំណាលគ្នា​នឹង ព្រះតេជព្រះគុណ ព្រះនាម សុ​មន៍ វត្ត​សាលវ័ន (​តា​អោក​) ដែល​ត្រូវជា​ព្រះគ្រូ​វិបស្សនា​ចា​រ្យ របស់​ព្រះអង្គ និង​ព្រះតេជព្រះគុណ ព្រះចៅអធិការ វត្ត​ជោ​វ័ន​សង្វា​មាស (​បាត់​ក្រមា​) ព្រះនាម ថា​ញ់ ជា​បញ្ញវ័ន្ត​មួយអង្គ​មាន​ព្រះ​រូបឆោម​សង្ហា ល្បីល្បាញ​នៅ​ស្រុក​កំពង់​ស្ពាន ព្រមទាំង​ព្រះ​ឧទ្ទេសាចារ្យ ព្រះនាម យ៉ឿ​ង នៅ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ក៏ត្រូវ​ចាប់​សម្រាត​ស្បង់​ចីពរ​បង្ខំ​ឲ្យ​សឹក​ទាំង​កំរោល ករណីនេះ​បើ​វិនិច្ឆ័យ​ដោយ​ធម្ម​វិន័យ​ទៅ ឃើញថា​មិន​ខុសពី​កាល​ពុទ្ធសម័យ ចោរលួច​សម្រាត​យក​ស្បង់​ចីពរ​ព្រះ​ថេរៈ​នៅក្នុង​ព្រៃ​នោះទេ គឺ​លោក​មិនបាន​សឹក​ទេ មិន​ដាច់​ភាវៈ​ជា​ភិក្ខុ​ឡើយ ព្រោះ​ភាវៈ​ជា​ភិក្ខុ​ដែល​សម្រេច​ដោយ​ឧបសម្បទាកម្ម​របស់​ស​ង្ឃ មិនមែន​ផុយស្រួយ​ដាច់​ដោយ​ងាយ ៗ បែបនេះ​ឡើយ ។ ចោរ​យួន​អាច​លួច​ស្បង់​ចីពរ​ជា​គ្រឿង​បរិក្ខារ​បួស របស់​ព្រះអង្គ​ពី​ខ្លួន​បាន​មែន តែ​មិនអាច​លួច​នូវ​ភេទ​ជា​ភិក្ខុ​របស់​ព្រះអង្គ​បានឡើយ ទោះជា​ចោរ​យួន​បាន​ដោះ​ស្បង់​ចីពរ​ព្រះអង្គ ហើយ​បង្ខំ​បំពាក់​អាវ​ខោ​បញ្ជូនទៅ​ពន្ធនាគារ​ចម្ការ​អ៊ុង​ហាម នៅ​ភូមិ​តា​ដេ​វ ជាប់​នឹង​ភូមិ​ឫស្សីស្រុក​បាន​ដូច​បំណង ក៏​នៅតែ​មិនអាច​ចាប់​ព្រះ​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ ដាក់គុក​បានឡើយ ។​

​ព្រះតេជព្រះគុណ​បាន​ដំណាល​ពី​ជីវិត​ព្រះអង្គ​ក្នុង​គុក​កុម្មុយនីស្ត​ថា នៅពេល​ថ្ងៃ​យួន​ចាប់​ទៅធ្វើ​ការ​លីសែង​នៅ​រាន​ផ្សារ​អាចម៍​ជ្រូក​មួយ នៅក្បែរ​វត្ត​វេឡុវ័ន (​ឫស្សីស្រុក​), ពុទ្ធបរិស័ទ ជាពិសេស​យាយ ៗ រក្សា​ឧបោសថ ឃើញ​ព្រះអង្គ​ត្រូវ​យួន​ធ្វើបាប​បែប​នោះ​ក៏​យំ​បោក​ខ្លួន តែ​ត្រូវ​យួន​គំរាម​មិន​ឲ្យ​យំ វា​ថាបើ​ហ៊ាន​យំ​វា​ចាប់​ដាក់គុក ។ ដោយ​យួន​ចាប់បង្ខំ​ឲ្យ​ព្រះអង្គ​សឹក​តាមចិត្ត​មិនបាន បានត្រឹមតែ​លួច​ស្បង់​ចីពរ​របស់លោក តែ​លួចភេទ​បព្វជិត​របស់​លោក​មិនបាន គឺ​លោក​នៅតែ​កាន់​សមណភាព​ខ្ជាប់ខ្ជួន​ដដែល មិន​ព្រម​ឆាន់ចង្ហាន់​វេលា​វិកាល​តាម​ការបង្ខំ យួន​វា​ខឹង​ណាស់ ក៏​ប្រើ​មធ្យោបាយ​ថោកទាប ដោយ​ប្រើ​លោក​ឲ្យ​ធ្វើការ​ធ្ងន់ ៗ តាំងពីព្រឹក​ទល់​ព្រលប់​ដោយ​មិន​ប្រគេន​ចង្ហាន់​ព្រឹក និង​ចង្ហាន់​ត្រង់​ឲ្យ​គ្រប់គ្រាន់ លុះដល់​ពេល​រសៀល​ទើប​វា​លើក​ម្ហូបមហា​ស្រា​បាយ​ត្រី​សាច់​ឆ្ងាញ់ ៗ មក​ឲ្យ​លោក ដោយ​គិតថា​លោក​ឃ្លាន​ទ្រាំ​មិនបាន គង់តែ​ឆាន់ ហើយ​វា​នឹង​បាន​បន្តុះបង្អាប់​បន្ថោក​ប​ន្ទា​ប​ព្រះអង្គ ។ មិនតែប៉ុណ្ណោះ នៅពេល​យប់​ជ្រៅ​រនោច​ខែងងឹត យួន​តែងតែ​ចាប់​ព្រះអង្គ​គ្រប​មុខ​ដោយ​គម្រប​សំពត់​ពណ៌​ខ្មៅ​បណ្តើរ​ទៅ ដូចជា​បណ្តើរ​អ្នកទោស​ប្រហារជីវិត​ទៅកាន់​ឃាត​ដ្ឋា​ន​ជារឿយ ៗ ។ លុះ​បណ្តើរ​ទៅដល់​ព្រៃ​ងងឹតឈឹង មិនដឹង​ទិស​តំបន់ មាន​យួន ៤ , ៥ នាក់​មាឌ​ដំបង​ដូច​ក្របីព្រៃ ដៃ​កាន់ដំបង កាន់​ពូថៅ កាន់​កាំបិត កាន់​កាំភ្លើង ដោយ​មើលឃើញ​ស្ទុង ៗ ដូច​ឃើញ​ប្រេត​បិសាច​កណ្តាល​ព្រៃ​ខ្មោច ។ លោក​ថា ពួកនេះ​កាច​សាហាវ​ជាង​បិសាច​ទៅទៀត វា​លោត​លោ​ចូល​ទាំង​ជំហរ​មក​សង្គ្រប់​តប់​ទាត់​ធាក់​លោក​ឥត​ត្រា​ប្រណី ហើយ​សម្លុត​គំរាមថា​នឹង​អា​រក បាញ់​បំបែក​ក្បាល ជីករណ្តៅ​កប់​ទាំង​រស់​ជាដើម បើ​លោក​មិន​ព្រម​សារភាព​កំហុស ហើយ​រាយការណ៍​ប្រាប់​ពី​សមាសភាព​អ្នកស្នេហាជាតិ​ដទៃទៀត តែ​លោក​មិន​ព្រមឆ្លើយ​ជាដាច់ខាត វា​ក៏​យក​កាំបិត​ជន្ល​ពុត​ធ្វើជា​កាប់​ខុស​វិះ​ដា​ច់ក ភ្ជង់​កាំភ្លើង ពុត​ធ្វើជា​បាញ់​ខុស​ជ្រលិះ​ត្រូវ​ក្បាល​ជាដើម តែ​នៅតែ​មិនបាន​ការណ៍​អ្វី​ពី​លោក​ទាល់តែសោះ គឺ​យួន​វា​ធ្វើបែបនេះ​ជានិច្ច​ដាក់​លោក​ក្នុងពេល​លោក​នៅក្នុង​គុក ។​

​ក្រោយពី​យួន​ដោះលែង​ចេញពី​គុក​វិញ ព្រះតេជព្រះគុណ​គ្រប់​ព្រះអង្គ​ដែល​ត្រូវ​យួន​ចាប់​នោះ ក៏​និមន្ត​ទៅ​វត្ត​រៀង ៗ ខ្លួន ; ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ព្រោះ​អធិការ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) អនុគណ​វ័យក្មេង ស្រុក​កំពង់​ស្ពាន ត្រូវរបួស​បាក់ឆ្អឹង​ជំនីរ និង​រង​ការឈឺចាប់​ទាំង​កាយ​ចិត្ត​ហួស​គណនា​, ឯ​ព្រះតេជព្រះគុណ ព្រះនាម ថា​ញ់ ព្រះចៅអធិការ​វត្ត​ជោ​វ័ន​សង្វា​មាស (​បាត់​ក្រមា​) ក៏​សុគត​រលត់​រូប​កាយ ក្រោយពី​នោះ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​, ចំណែកឯ​ព្រះ​វិបស្សនា​ចា​រ្យ ព្រះនាម សុ​មន៍ វត្ត​សាលវ័ន (​តា​អោក​) ក្រោយមក​ក៏​លាចាក​សិក្ខាបទ នៅមាន​ជីវិត​រស់នៅ​ភូមិ​តា​អោក​ដល់​សព្វថ្ងៃ ។​

​ចំណុច​សំខាន់​មួយទៀត ដែល​លោក​ដំណាល​ប្រាប់​ខ្ញុំ ទាំងអស់​សំណើច​បណ្តើរ​ថា ” ជាង ២ ឆ្នាំ​ជាប់គុក (?) អញ​ពុត​ធ្វើ​មិនចេះ​យួន ទោះ​វា​និយាយ វា​ជេរប្រមាថ​អញ​យ៉ាងណា​ក៏​អញ​មិន​ខ្ចី​ធ្វើ​ដឹង វា​ខឹង​អញ​ណាស់ វា​ហៅ​ខ្មែរ​ក្បាល​យួន​ជា​បាវបម្រើ​របស់​វា​មក​និយាយ​គ្នា​នឹង​អញ អញ​ថា​អញ​មិនចេះ​យួន​, តែ​ដល់​ថ្ងៃ​វា​ដោះលែង វា​ធ្វើ​ក្រដាស​ឲ្យ​អញ​រួច អញ​ភ្លេច ! ភ្លាត់មាត់​ថា កាម​អឺ​ង ! (​អរគុណ​) វា​ជេរ​អញ​ថា យើះ ! ពី​យូរ​មក​ធ្វើជា​មិនចេះ​យួន​បោក​អញ​សោះ​” ។ តាមពិត​ចំណុច​នេះ​មិនមែន​លោក​អនុវត្ត​តែ​ក្នុង​គុក​ទេ តែ​ក្នុង​មួយជីវិត​របស់លោក គឺ​ពុត​ធ្វើ​មិនចេះ​យួន​ជា​រៀងរហូត​ដល់​ជី​វិ​តាវ​សាន​, កាលបើ​លោក​មាន​ព្រះ​ថេរ​ដីកា​ជា​ភាសា​យួន​ម្តង សិស្សគណ ឬ​ពុទ្ធបរិស័ទ​នៅ​ជុំវិញ ស្ទើរតែ​គ្មាន​នរណា​មួយ​ទ្រាំ​មិន​សើច​បានទេ មាន​អ្នកខ្លះ​ទ្រាំ​ចុកពោះ មុខ​ឡើង​ក្រហម ក្នុងនោះ​ខ្ញុំ​សង្កេតឃើញ​សិស្សគណ​មួយអង្គ ឈ្មោះ យឿន ជា​មិត្ត​ជិតស្និទ្ធ​នឹង​ខ្ញុំ លោក​ច្រើនតែ​ផ្ទុះសំណើច​ឡើង សើច​ហស ៗ បិទមាត់​រត់ចេញ​ទៅ​ក្រៅ​, ចំណែក​ព្រះ​ឧបជ្ឈាយ៍​ក៏​ព្រះអង្គ​សើច​ដែរ​, សរសេរ​ដល់​នេះ ខ្ញុំ​ហាក់ដូចជា​ឃើញ​ព្រះភ័ក្ត្រ​ព្រះ​ឧបជ្ឈាយ៍​កំពុង​ស្ថិតនៅ​ចំពោះមុខ​អ៊ីចឹង ទន្ទឹមនឹងនេះ​ខ្ញុំ​ក៏​រឹតតែ​ឆ្ងល់​ថា តើ​ព្រះ​ឧបជ្ឈាយ៍​ដែលមាន​បញ្ញា​វៃ​ឈ្លាស​បែបនេះ ហើយ​ត្រូវ​ប្រឈម​នឹង​យួន​ពេញ​មួយជីវិត មិនចេះ​ភាសា​យួន​យួន​មែនឬ ? ។​

៦. អំពី​សមណសក្តិ​៖

  • ​ឆ្នាំ ១៩៨០ បានទទួល​ឋានៈ​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ និង​ជា​អនុគណ ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ជា​រៀងដរាបមក​ដល់ ឆ្នាំ ២០១៥ ។​
  • ​ឆ្នាំ ២០០២ បាន​ទួល​ឋានៈ​ជា​ព្រះ​មេគណ​រង ខេត្ត​ព្រះ​ត្រពាំង ។​
  • ​ជា​សមាជិក​អចិន្ត្រៃយ៍​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ព្រះ​ត្រពាំង ។​
  • ​ជា​ឧ​ត្ត​ម​ប្រឹក្សា​គណៈ​អភិបាល​ពុទ្ធសាសនា​ស្រុក​កំពង់​ស្ពាន ។​

៧.­ អំពី​ស្នា​ព្រះហស្ត​ក្នុង​វត្ត​៖

​ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ បាន​លក់​ដីស្រែ​ចំនួន ២៧ កុង​ជា​កេរមត៌ក​ដែល​ញោម​របស់​ព្រះអង្គ​ចែក​ឲ្យ យកមក​កសាង​ក្លោងទ្វារ និង​របង​វត្ត ។​

ព្រះអង្គ​បានរៀបចំ​ពង្រាបដី​ផ្ទៃ​វត្ត​ដែល​ក្រហេងក្រហូង អណ្តូង រណ្តៅ ស្មៅព្រៅ ព្រៃ បន្លា ឲ្យ​រាបស្មើ ។​

​ព្រះអង្គ​បាន​កសាង​សាលារៀន ១ ខ្នង​, កុដិ ៣ ខ្នង​, សាលា​ធម្មសភា ១ ខ្នង​, បង្គន់​អនាម័យ ១ ខ្នង​, ជួសជុល​ព្រះវិហារ​ដែលមាន​អាយុកាល​ជាង ៨០ ឆ្នាំ​ឲ្យ​មាំមួន​ដើម្បី​រក្សា​កេរដំណែល​វប្បធម៌​, ជួសជុល​សាលា​ធម្មសភា​, ក្រាល​ផ្ទៃ​វត្ត​ដោយ​កម្រាល​ឥដ្ឋ​ស៊ីម៉ងត៍ និង​សាង​មហា​កុដិ ១ ខ្នង​, សាង​បង្គោល​ទង់ និង​ពុទ្ធ​ប្បដិមា​ទ្រង់​ប្រទាន​ពរ ខាងមុខ​បង្គោល​ទង់​, សាង​សំវេជនីយដ្ឋាន ៣ កន្លែង គឺ ទី ព្រះពុទ្ធ​ទ្រង់​ត្រាស់ដឹង ១, ទ្រង់​ប្រសូត ១, ទ្រង់​បរិ​ព្វា​ន ១ និង​សមិទ្ធផល​មួយចំនួនទៀត ។​

​នៅ​ឆ្នាំ ១៩៧២ ក្នុង​កាល​ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ នៅ​ជា​លោកគ្រូ​សូត្រ មាន​វ័យ ២៥ ឆ្នាំ បាន​កសាង​វត្ត​រតន​សាគរ (​ព្រើម​) នៅ​ភូមិ​ព្រើម ឃុំ​អូរទទឹង ស្រុក​កំពង់​ស្ពាន ដែលមាន​ចម្ងាយ​ប្រមាណ ៤ គី​ឡួ​ម៉ែត្រ​ពី​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ។​

​ព្រះអង្គ​បាន​ជាវ​ស្នាម​ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រគេន​គ្រប់ ១៤២ វត្ត​ទូទាំង​ខេត្ត​ព្រះ​ត្រពាំង ។ ប្រគេន​បាន ១៤ វត្ត​នៅ​ខេត្ត​មាត់ជ្រូក ។ ប្រគេន​គ្រប់ ១៣ វត្ត​ទូទាំង​ខេត្ត​វិញ​ឡុង តែមាន​វត្ត​មួយ​មិន​ទទួលយក ព្រោះ​ក្នុង​វត្តមាន​ស្នាម​ព្រះបាទ​ហើយ ។ សរុប​ទាំងអស់ មាន​ចំនួន ១៦៨ វត្ត ក្នុង​មួយ​វត្ត​ព្រះអង្គ​ប្រគេន​មួយ​ផ្ទាំង​ពុទ្ធបាទ​ប្បដិមា ក្នុង​មួយ​ផ្ទាំង​ពុទ្ធបាទ​ប្បដិមា តម្លៃ ១.៥០០.០០០ ដុង (​មួយ​លាន​ប្រាំ​រយ​ពាន់​ដុង​) បើ​សរុប​ជា​ទឹកប្រាក់​ចំនួន ២៥២.០០០.០០០ ដុង (​ពីរ​រយ​ហាសិប​ពីរលាន​) ។​

​ព្រះអង្គ​ទទួល​នាទី​ជា​ប្រធាន​ចាត់តាំង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ទាំង​សង្ឃកម្ម ទាំង​រៀបចំ​សណ្តាប់ធ្នាប់ របៀបរបប សម្អិតសម្អាង​រចនា មហាសាល និង​មណ្ឌល​តាំង​ពិ​ពរណ៍ ព្រមទាំង​ភ្នំ​ពាន់ ។ វត្ត​ដែល​ព្រះអង្គ​បាន​និមន្ត​ទៅ​ចាត់តាំង​ទាំង​ក្នុង និង​ក្រៅ​ខេត្ត រួមមាន ៖

  • ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ចំនួន ១១ វត្ត​គឺ​៖

១. វត្ត​មុនី​រង្សី (​មេ​ពាំង​), ២. វត្ត​ទេព​ឧទ្យាន (​តា​ដេ​វ​), ៣.­ វត្ត​វេឡុវ័ន (​ឫស្សីស្រុក​), ៤. វត្ត​ព្រលាន​មានជ័យ (​ចុង​ព្រលាន​), ៥. វត្ត​រតន​សាគរ (​ព្រើម​), ៦. វត្ត​ពោធិ​មានជ័យ​សិរី​ឧ​ត្ត​ម (​ត្បូង​ព្រែក ឬ​ពោធិ៍ធំ​), ៧. វត្ត​ពោធិ​វ័ន (​អូរ​សំពៅ​), ៨. វត្ត​ភិរម្យ​រាជ (​ភិរម្យ​សុខ​), ៩. វត្ត​រតន​ទី​បា​រាម​កោះ​កែវ (​អូរ​មិច​) ១០­. វត្ត​ពោធិ​ភិរម្យ​រង្សី (​ពោធិ​បឹង​), ១១.­ វត្ត​សម្បួរ​រង្សី (​សម្បួរ​) ។​

  • ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ចំនួន ៧ វត្ត​គឺ​៖

១ ­ វត្ត អរុណរង្សី​ចាក​អា​គ្រោង (​ដាយ​ត្រឿ​ង​), ២. វត្ត​សាសន​សាមគ្គី​រង្សី (​អូរ​ត្រាវ​), ៣. វត្ត​កំពង់​ឈូក (​ផ្នោ​ស​ង្ក្រ​ម​), ៤. វត្ត​សុវណ្ណ​និគ្រោធ (​ជ្រៃ​ភេ​) ៥. វត្ត​ស្ទឹងមានជ័យ​សិរី​ឧ​ត្ត​ម (​អូរ​វែង​ថ្មី​), ៦. វត្ត​នទី​សម​ន្តា (​អូរ​វែង​ចាស់​), ៧. វត្ត​សាមគ្គី​មុនី​សុវណ្ណ​មន​ទី (​ដៃ​ទទឹង​) ។​

  • ស្រុក​កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង ចំនួន ៤ វត្ត​គឺ​៖

១. វត្ត​ចំប៉ី​សោភ័ណ (​ត្រោក​កើត​), ២. វត្ត​កំពង់​និគ្រោធ (​កំពង់​ជ្រៃ​), ៤­. វត្ត​ក្រពុំ​ឈូក (​ក្នក​), ៤. នៅ​ថ្ងៃ​១៤​កើត​ខែ​អាសាធ ឆ្នាំមមី ឆស័ក ព​. ស​. ២៥៥៨ គ​.​ស​. ២០១៤ ព្រះអង្គ​បាន​និមន្ត​ទៅកាន់​ភូមិ​អូរ​តា​ពៅ ចូលរួម​សម្ដែង​ទី កសាង​វត្ត​សុវណ្ណ​នទី​សិរី​ឧ​ត្ត​ម (​អូរ​តា​ពៅ​) ។​

  • ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ចំនួន ៤ វត្ត​គឺ​៖

១. វត្ត​ផ្នោ​រ​អំពូង​, ២. វត្ត​ស្វាយ​សៀម​ចាស់​, ៣. វត្ត​សុវណ្ណ​វិជ័យ (​ជ្រៃ​គោក​), ៤. វត្ត​ប​ង្រៃ​ចាស់ ។​

  • ស្រុក​ផ្នោ​រដាច់ ខេត្ត​ព្រះ​ត្រពាំង ចំនួន ២ វត្ត​គឺ​៖

១. វត្ត កង​ចក្កា​រាម (​ធ្លក​), ២. វត្ត​ប្រ​ហូត ។​

  • ខេត្ត​លង់​ហោរ​ចំនួន ៣ វត្ត​គឺ​៖

១. វត្ត​តា​សែន​, ២. វត្ត​អង្គុលី​រាជា​សេរី​ឧ​ត្ត​ម (​អង្គុលី​ខាងត្បូង​), ៣.​វត្ត​កំពង់​រាជ​បុប្ផា (​អង្គុលី​ខាងជើង​) ។​

៨. អំពី​ការ​អនិច្ចធម្ម​៖

ឆ្នាំថោះ​ត្រី​ស័ក ព​.​ស​. ២៥៥៥ គ​. ស​. ២០១១ ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ចាប់​មាន​ព្រះ​រោគាពាធ​បេះដូង ជា​ទម្ងន់ គណៈកម្មការ ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ជា​សិស្សគណ​ទាំងឡាយ​បាន​និមន្ត​ព្រះអង្គ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចើ​រ៉ៃ ទីក្រុង​ព្រៃនគរ អស់​រយៈពេល ២៥ ថ្ងៃ ។​

​ថ្ងៃ ១២ កើត​ខែអស្សុជ ឆ្នាំមមី ឆស័ក ព​.​ស​. ២៥៥៨ គ​. ស​. ២០១៤ ព្រះតេជព្រះគុណ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ចាប់​មាន​ព្រះ​រោគាពាធ​ថ្លើម​ជា​ទម្ងន់ ជាថ្មី​ម្តងទៀត គណៈកម្មការ និង​ពុទ្ធបរិស័ទ ព្រមទាំង​ព្រះសង្ឃ​ជា​សិស្សគណ​ទាំងឡាយ​បាន​និមន្ត​ព្រះអង្គ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចើ​រ៉ៃ ទីក្រុង​ព្រៃនគរ​, តែ​ទីបំផុត​គ្រូពេទ្យ​បាន​ឆ្លើយ​ប្រាប់ថា សូម​ឲ្យ​និមន្ត​ព្រះអង្គ​ត្រឡប់មក​វត្ត រក​ថ្នាំខ្មែរ​ព្យាបាល​វិញ​ចុះ ព្រោះ​ជម្ងឺ​របស់​ព្រះអង្គ​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ។ ព្រះសង្ឃ​ជា​សិស្សគណ និង​គណៈកម្មការ ពុទ្ធបរិស័ទ កាលបើ​បានឮ​លោកគ្រូ​ពេទ្យ​ប្រាប់​ដូច្នោះ​, ម្នាក់ ៗ ក្ដុកក្ដួល​អួលអាក់ ទឹកភ្នែក​សស្រាក់​ហូរ​ជោគ​ផែនថ្ពាល់​, ព្រោះ​នឹក​ខ្លោចផ្សា​ចិត្ត​អាណិត​ព្រះអង្គ​ហួស​នឹង​ថ្លែង​, សិស្សគណ​រាប់រយ រាប់ពាន់​អង្គ​និង​រូប តែ​មិនមាន​អ្នកណាម្នាក់​អាចជួយ​ព្រះអង្គ​បាន​ទាល់តែសោះ ។ ពេល​ត្រឡប់មក​វត្ត​វិញ គណៈកម្មការ និង​ពុទ្ធបរិស័ទ ព្រមទាំង​សិស្សគណ​ទាំងឡាយ ក៏​ខំប្រឹង​ខ្នះខ្នែង​រក​ថ្នាំខ្មែរ​មក​ព្យាបាល​ប្រគេន​ព្រះអង្គ​តាម​បណ្ដាំ​គ្រូពេទ្យ ។ ទន្ទឹមនឹងនោះ​ព្រះសង្ឃ​និង​គណៈកម្មការ​ពុទ្ធបរិស័ទ​ក្នុង​វត្ត និង​មកពី​វត្ត​ផ្សេងៗ ទាំង​ឆ្ងាយ​ជិត ក៏បាន​និមន្ត​និង​អញ្ជើញ​មក​សូម​ចម្រើន​ព្រះ​បរិត្ត​ប្រគេន​ព្រះអង្គ​ស្ទើរតែ​ពុំមាន​ថ្ងៃ​លោះ​ខាន ។ ប៉ុន្តែ​អាពាធ​របស់​ព្រះអង្គ​ពុំបាន​ធូរស្រាល​ទាល់តែសោះ បើទុកជា​ព្យាបាល​ដោយ​ថ្នាំខ្មែរ​ក្តី ដោយ​ថ្នាំបារាំង​ក្តី គឺ​នៅតែ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ឯកជន​ពិសេស​មួយ​នៅ​ក្រុង​ព្រៃនគរ ជា​រៀងរាល់ខែ ក្នុង​មួយខែ​ត្រូវ​ទៅ ៣ លើក​ដើម្បី​ពិនិត្យ​ព្យាបាល ។​

​លុះ​ចូល​មកដល់​ថ្ងៃអាទិត្យ ១២ កើត ខែ ផល្គុន ឆ្នាំ មមី ឆស័ក ព​. ស​.២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ០១ មីនា គ​.​ស​. ២០១៥ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ បានទទួល​អនិច្ចធម្ម​វេលា​ម៉ោង ៥ : ១៥ នាទី​ល្ងាច ក្នុង​ជន្មាយុ ៦៨ ឆ្នាំ វស្សា​ផ្នួស ៥៥ វស្សា ក្នុង​មហា​កុដិ​ដែល​ព្រះអង្គ​ទើបតែ​គង់នៅ​បាន ៦ ខែ ដោយ​សិស្សគណ​ទាំងឡាយ​សាង​ប្រគេន ។​

​ព្រះ​ថេរ​ជីវប្រវត្តិ​សន្មត​ចប់​ដោយ​សង្ខេប​

​រៀបរៀង​ដោយ ហ្វិ​ញ សុភា និង​ថាច់ សុភាព​

កែសម្រួល​ដោយ​សិទ្ធិ​វិហា​រិ​ក ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង

Comments are closed.