សង្ខេប​ព្រឹត្តិការណ៍​បញ្ហាដីធ្លី​កើតឡើង នៅ​កម្ពុជា​ក្រោមក្នុង​ឆ្នាំ ២០២១

0 306

ដោយ ស៊ឺន ចែងចើន

ករណី​វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នៅតែ​ជា​បញ្ហា​ក្តៅ​គគុក​មួយ​ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​ជម្លោះ​ដីធ្លី​ស្មុគ​ស្មាញ​ភាគច្រើន​ ​គឺ​បណ្តាលមកពី​អាជ្ញាធរ​វៀតណាម​ ​នៅ​ថ្នាក់​មូលដ្ឋាន​រឹបអូស​យក​ ​ហើយ​តំបន់​ខ្លះទៀត​ ​គឺ​អ្នកមានអំណាច​ ​និង​អ្នកមាន​ប្រាក់​ ​ឃុបឃិត​គ្នា​រំលោភ​ដី​របស់​ជនរងគ្រោះ​ជា​ខ្មែរក្រោម​ ​ខណៈ​ដែល​តុលាការ​វៀតណាម​ ​មិនមានឆន្ទៈរកយុត្តិធម៌ឱ្យខ្មែរក្រោមនោះឡើយ ​។​ ​តើនៅក្នុងឆ្នាំ ២០២១ បញ្ហារំលោភបំពានដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ដោយអាជ្ញាធរវៀតណាម និងដោយជនជាតិយួន បានកើតឡើងយ៉ាងដូចម្តេចខ្លះ? ។ សូមលោកអ្នកនាងស្តាប់សេចក្តី សង្ខេបព្រឹត្តិការណ៍រំលោភដីធ្លី នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២១ រៀបចំដោយ លោក ស៊ឺន ចែងចើន ដូចតទៅ ៖

ក្នុង​ឆ្នាំ​ ​២​០​២​១​ ​ជម្លោះ​ដីធ្លី​ ​នៅ​ខេត្ត​ក្រមួនស​ ​បាន​កើតឡើង​យ៉ាងតិច​ ​៣​ ​ករណី​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​ខ្មែរក្រោម​ប្រមាណ​ជាង​ ​១​០​០​០​ ​នាក់​ ​ស្មើនឹង​ជិត​ ​២​០​០​ ​គ្រួសារ​ ​ដែល​ជា​ជនរងគ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ចេញពី​ដីធ្លី​ ​និង​ទទួលរង​នូវ​អំពើ​ហិង្សា​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​កសិករ​ខ្មែរក្រោម​មួយ​រូប​ដាក់​ពន្ធ​នាគា​រ​ទៀត​ផង​ ​។​ ​ចំណែក​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​កាលពី​ឆ្នាំ​ ​២​០​២​០​ ​អ្នកមានអំណាច​ជា​ជនជាតិ​យួន​ ​បាន​ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ​ ​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​គំរាមកំហែង​តាម​គ្រប់រូប​ភាព​ ​។​ ​នៅ​ក្នុង​សំណុំរឿង​ដីធ្លី​នេះ​ ​ភាគី​ជនរងគ្រោះ​ ​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការជាន់ខ្ពស់​ ​នៅ​ទីក្រុង​ ​ព្រៃនគរ​ ​។​ ​ប៉ុន្តែ​ ​រហូតមកដល់​ចុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​ការ​កាត់ក្តី​មិនទាន់​ធ្វើឡើង​ ​នៅឡើយ​ទេ​ ​ក្រោម​ហេតុផល​វិបត្តិ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​។​

នៅ​ដែនដី​កម្ពុជាក្រោម​ ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​តែង​កើតមានឡើង​ជាមួយ​ក្រុម​ឈ្មួញ​មានអំណាច​ជនជាតិ​យួន​ ​និង​ក្រុមហ៊ុន​ ​រួម​ទាំង​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយនឹង​អាជ្ញាធរ​ដែនដី​ផង​ដែរ​ ​។​ ​ចំណែក​ខេត្ត​មួយ​ចំនួន​ ​ដែល​មាន​បញ្ហា​ដីធ្លី​ជា​ញឹកញាប់​នោះ​ ​មាន​នៅខេត្ត​មាត់ជ្រូក​ ​ខេត្ត​ឃ្លាំង​ ​ខេត្ត​ព្រះត្រពាំង​ ​និង​ ​ខេត្ត​ក្រមួនស​ ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលវៀតណាម​ ​។​ ​​ជាទូទៅ នៅ​ពេល​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​ហ៊ាន​ចេញមុខ​តវ៉ា​ទាមទារ​ដីធ្លី​របស់​ពួកគេ​មកវិញ​ ​ពួកគេត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​ដាក់​ពន្ធ​នាគា​រ​ជាបន្តបន្ទាប់​ ​ដោយ​ចោទប្រកាន់​ពី​បទ​ ​ប្រើប្រាស់​ហិង្សា​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​ ​។

ការ​អូស​បន្លាយ​នៃ​សំណុំរឿង​ដីធ្លី​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​២​០​ ​រហូតមកដល់​ចុង​ឆ្នាំ​ ​២​០​២​១​ ​ដែល​ជិត​ផុត​ទៅ​ហើយ​នេះ​ ​កសិករ​ខ្មែរក្រោម​ជា​ម្ចាស់ដី​ធ្លី​ ​នៅតែ​ក្លាយ​ជា​ជនរងគ្រោះ​ ​និង​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ ​ពី​រដ្ឋាភិបាល​វៀតណាម​ ​។​ ​ជាក់ស្តែង​រឿង​ថ្មី​មួយ​ ​ដែល​បើកឆាក​ដំបូង​ ​គឺ​នៅដើម​ឆ្នាំ​ ​២​០​២​១​ ​តែម្តង​ ​ពោល​ ​គឺ​នៅ​ថ្ងៃ​ទី​ ​១​៩​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​១​ ​អាជ្ញាធរ​វៀតណាម​ ​ក្នុង​ខេត្ត​ក្រមួនស​ ​បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ​ដែល​ប្រដាប់ដោយ​អាវុធ​ ​ជិត​ ​៥​០​ ​នាក់​ ​ចុះទៅ​រារាំង​កសិករ​ខ្មែរក្រោម​ ​ចំនួន​ពីរ​ភូមិ​ ​មិន​ឲ្យ​ចុះ​ធ្វើស្រែ​ស្រែ​ចម្ការ​លើ​ដី​របស់​ពួកគាត់​សាជាថ្មី​ ​។​ ​ក្រុម​អាជ្ញាធរ​យួន​ ​រួម​មាន​ប៉ូលិស​ ​និង​ ​ទាហាន​ ​បើក​ត្រាក់ទ័រ​មក​ឈូស​ឆាយ​លើ​ដីស្រែ​របស់​កសិករ​ខ្មែរក្រោម​ ​និង​ ​កាយ​ដី​បិទ​ប្រឡាយ​ប​ង្ហូ​ទឹក​ដាក់​ស្រូវ​របស់​កសិករ​ខ្មែរក្រោម​ ​។​ ​ករណី​នេះ​ ​កើតឡើង​ ​នៅ​ភូមិ​ខ្សាច់​ ​និង​ ​ភូមិ​កោះ​រងៀង​ ​ដែល​មាន​ចម្ងាយ​ពី​ ​ភូមិ​ប៉ប្រក់ ​ឃុំ​ប៉ប្រក់ ​ស្រុក​ព្រៃ​មេ​ង​ ​ខេត្ត​ក្រមួនស​ ​ជាង​ ​៣​ ​គីឡូម៉ែត្រ​ ​ទី​ដែល​អ្នកភូមិ​ ​៤​ ​នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ ​ក្នុង​ម្នាក់ៗ​ ​ពី​ ​១​ ​ឆ្នាំ​ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ដូចគ្នា​ ​ហើយ​បាន​ប្រែក្លាយ​ទៅជា​អំពើ​ហិង្សា​ ​កាលពី​ថ្ងៃ​ទី​ ​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​០​ ​កន្លងទៅ​ ​ដែល​បណ្ដាលឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាង​ ​១​០​ ​នាក់​រង​បួស​ធ្ងន់​ ​និង​ ​ស្រាល​ ​។​

តាមរយៈ​វីដេអូ​ឃ្លីប​ ​ដែល​បង្ហោះ​ដោយ​កសិករ​ខ្មែរក្រោម​ ​ដែល​ចូលរួម​តវ៉ា​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ ​បាន​បង្ហាញ ពីអាជ្ញាធរ​វៀតណាម​ ​​ប្រើ​កម្លាំង​នគរបាល​រាប់​សិប​នាក់​ ​ប្រដាប់ដោយ​អាវុធ​ ​ដើម្បី​បណ្តេញ​កសិករ​ខ្មែរក្រោម​ ​ចេញពី​ដីស្រែ​ទាំង​បង្ខំ​ ​និង​បាន​ដាក់គ្រឿង​ចក្រ​ជាច្រើន​គ្រឿង​ ​ទៅ​កាយ​ ​និង​ ​ឈូស​ឆាយដី​បិទ​ប្រឡាយ​ ​ដែល​កសិករ​ខ្មែរក្រោម​ ​កំពុង​បូម​ទឹក​ចូលក្នុង​ស្រែ​របស់​ពួកគាត់​ ​។ ក្នុង​វីដេអូ​ដដែល ក៏បង្ហាញ​ពី​ការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុម​អាជ្ញាធរ​វៀតណាម ​កំពុង​ការពារ​ដី ដែល​រឹបអូស​ពី​កសិករ​ខ្មែរក្រោម​ ទៅ​ដាក់ជា​តំបន់​ការពារ​អភិរក្ស​វាលស្មៅ​ដុង-​ក-បាង (Đồng cỏ bàng​) និង អភិរក្ស​សត្វ​ក្រៀល​ក្បាល​ក្រហម ។

កសិករ​ខ្មែរក្រោម​ ​លោក​ ឈុ ​ធី​ ​ ​យល់ថា​ ​ទង្វើ​របស់​ ​អាជ្ញា​ធ​រៀ​ត​ណាម​បែប​នេះ​ ​ចង់​ធ្វើទុក្ខបុកម្នេញ​កសិករ​ខ្មែរក្រោម​ ​ដោយសារតែ​ពួកគេ​រស់រាន​មានជីវិត​ ​អាស្រ័យ​ទៅលើ​ការ​ធ្វើ​ស្រែចំការ​ ​ដូច្នោះ​ ​ការណ៍​ដែល​អាជ្ញាធរ​វៀតណាម​ ​បណ្តេញ​ពួកគេ​ចេញពី​ដីធ្លី​ ​គឺ​ស្មើនឹង​សម្លាប់​ពួកគេ​ដូច្នេះ​ដែរ​ ​។​

លោក​ ឈុ ​ធី​ ​អះអាង​ថា​ ​ពួកគាត់​បាន​កាន់កាប់​ដីស្រែ​នេះ​ ​តាំងពី​អំឡុង​ឆ្នាំ​ ​១​៩​៧​៣​ ​មក​ម្ល៉េះ​ ​ដោយ​ធ្វើស្រែ​ចម្ការ​ ​តាំងពី​ជំនាន់​ដូនតា​របស់​ពួកគេ​មក​ ​។​ ​កសិករ​ខ្មែរក្រោម​ ​ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ ​ឲ្យ​ដោះស្រាយ​ ​និង​ស្នើ​ឲ្យ​អង្គការ​ ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​និង​សហគមន៍​អន្តរជាតិ​ ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ករណី​វិវាទ​ដីធ្លី​នេះ​ ​។

ឥឡូវនេះ​ ​យើង​ងាក​ទៅ​មើល​ករណី​កសិករ​ខ្មែរក្រោម​ម្នាក់​ ​ដែល​ជាប់ពន្ធនាគារ​ដោយសារ​តវ៉ា​រឿង​ដីធ្លី​! ​នោះ​ ​គឺ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ត្រូវ​បាន​តុលាការ​វៀតណាម​ ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​និង​ខេត្ត​ក្រមួនស​ ​សម្រេច​កាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ​២​ ​ឆ្នាំ​ ​ក្នុង​ជំលោះ​ដីធ្លី​រវាង​កសិករ​ខ្មែរក្រោម​ ​ជិត​ ​១​៥​០​ ​គ្រួសារ​ ​ជាមួយ​អាជ្ញាធរ​វៀតណាម​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ចាប់​ឃុំ​ខ្លួន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​។​

ការ​ឃុំ​ខ្លួននេះ​ ​ធ្វើឡើង​មួយ​ថ្ងៃក្រោយ​ ពី​អធិការ​រង​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​លោក​ ង្វៀ​ន​ ​ថា​ន់ ​ទ្រុង​ (N​guy​e​n ​Than​h​ ​T​rung​) ​បាន​ចេញ​លិខិត​កោះហៅ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​ទៅ​ជួប​សមត្ថកិច្ច​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​។​

​មែនទែន​ទៅ​ ​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ទៅ​ជួប​ពួកគេ​ តាំង​ពីព្រឹក​ថ្ងៃ​ទី​ ៧​ ​ខែ​មិថុនា​ ​ហើយ​បាន​ប្រាប់​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​រៀបចំ​ខោអាវ​យកទៅ​ជា​មួយទៀត​ផង​ ​ដែល​វា​ហាក់ដូចជា​ការ​គំរាម​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​ត្រៀម​ខ្លួន​ដើរចូល​ដេក​គុក​តែម្តង​ ​។​ ​ប៉ុន្តែ​ លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​សម្រេច​ចិត្ត​ថា​ មិនទៅ​ជួប​ ​តាម​ការ​ទូរស័ព្ទ​ប្រាប់​របស់​លោក​នគរបាល​វៀតណាម​នោះ​ទេ​ ​ព្រោះ​លោក​មើលឃើញ​ថា​ ​វា​ធ្វើឡើង​មិន​សមរម្យ​ ​និង​ខុស​នីតិវិធី​ ​ដែល​រាល់​ការ​កោះហៅ​ជា​ផ្លូវការ​ណាមួយ​ ​វា​គួរ​ ​ធ្វើឡើង​តាមរយៈ​លិខិត​ ​មិនមែន​គ្រាន់តែ​ទូរស័ព្ទ​មក​ប្រាប់​នោះ​ទេ​ ​។​

​ដោយសារតែ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​សម្រេច​ថា​មិនទៅ​ជួប​នៅ​ព្រឹក​ថ្ងៃ​ទី ​៧​ ​ទើប​នៅ​ថ្ងៃ​ទី ​៧​ ​ខែ​មិថុនា​ ​ដដែល​នោះ​ ​ពួក​នគរបាល​បាន​ធ្វើ​លិខិត​កោះហៅ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​ចូលខ្លួន​ ​។​

គួរ​រំលឹក​ថា​ ​កាលពី​ថ្ងៃ​ទី​ ​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​០​ ​អាជ្ញាធរ​វៀតណាម ​ខេត្ត​ក្រមួនស​ ​រួម​មាន​ ​ប៉ូលិស​ ទាហាន​ ​ដែល​ប្រដាប់ដោយ​អាវុធ​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង​ ​៣​.​០​០​០​ ហិកតា​ ​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ពី​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​ ​១​៤​៥​ ​គ្រួសារ​​​ដែល​កំពុង​ប្រើប្រាស់​ដី​កេរ​ ដែល​ដូនតា​របស់​ពួកគាត់​បាន​បន្សល់ទុក​ឱ្យ ​។​ ​ប៉ុន្តែ​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា​ ​បណ្ដាលឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាង​ ​១​០​ ​នាក់​រង​បួស​ធ្ងន់​ ​និង​ស្រាល​ ​។​ ​

​ក្រោយ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ​ ​នៅ​ថ្ងៃ​ទី​ ៧​ ​ខែ​មិថុនា​ ​ឆ្នាំ​ ២​០​២​០​ ​អាជ្ញាធរ​វៀតណាម​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ខេត្ត​ក្រមួនស​ ​បាន​ឃាត់ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​បាន​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជាង​ ​៣​ ​ខែ​ ​រហូតដល់​ថ្ងៃ​ទី​ ​៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ២​០​២​០​ ​ទើប​អនុញ្ញាត​ឲ្យ​លោក​ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​។​

បន្ទាប់មក​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​តុលា​ ​ឆ្នាំ​ ២​០​២​០​ ​អាជ្ញាធរ​វៀតណាម ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ទៀត​ ​គឺ​លោក​ ​តៀន​ ​ដាម​ ​តៀន​ ​ណាម​ ​និង​លោកយាយ​ ​ធី​ ភិ​ច​ ​ទៅកាន់​តុលាការ​វៀតណាម​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ខេត្ត​ក្រមួនស​ ​ដោយ​ ​បាន​ចោទប្រកាន់​ពួកគាត់​ទាំង​ ​៤​ ​នាក់​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​។​

​ក្រោយមក​ទៀត​ ​នៅ​ថ្ងៃ​ទី​ ៣​ ​ខែ​ធ្នូ​ ​ឆ្នាំ ​២​០​២​០​ ​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​បាន​បើកសវនាការ​ ​ជំនុំ​ជម្រះ​ ​រួច​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កសិករ​ខ្មែរក្រោម​ទាំង​ ​៤​ ​រូប​ ​ឲ្យ​ជាប់ពន្ធនាគារ​ ​ចាប់ពី​ ​១​ ​ឆ្នាំ​ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​ក្នុង​នោះ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​តុលាការ​សម្រេច​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​កន្លះ​ ​លោក​ ​តៀន​ ​ដាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៣​ ​ខែ​ ​លោក​ ​តៀន​ ​ណាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ ​ឆ្នាំ​ ​និង​លោក​ ​យាយ​ ​ធី​ ភិ​ច​ ​អាយុ​ ​៧​១​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ ​ពួកគាត់​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ព្យួរទោស​មាន​លក្ខខណ្ឌ​ ​។​

​ដោយ​មិន​អាច​ទទួលយក​បាន​នូវ​ការ​កាត់ក្តី​ដោយ​អយុត្តិធម៌​នេះ​ ​ពួកគាត់​បាន​ប្តឹង​ទាស់​ ​ការ​សម្រេច​របស់​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ទៅកាន់​តុលាការ​ខេត្ត​ក្រមួនស​ជា​បន្ត​ទៀត​ ​។​

​ទោះជាយ៉ាងណា​ ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​ ៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​តុលាការ​ខេត្ត​ក្រមួនស​ ​បាន​សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​ស្រុក លើ​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ ​ទុកជា​បានការ​ដដែល​ ​ប៉ុន្តែ​ បាន​សម្រាលទោស​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ត្រូវ​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ​ ​មក​ជាប់​ ​២​ ​ឆ្នាំ​ ​។​ ​លោក​ ​តៀន​ ​ដាម​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៣​ ​ខែ​ ​មក​នៅ​ ​២​ ​ឆ្នាំ​ ​និង​លោក​ ​តៀន​ ​ណាម​ ​ផ្ដន្ទាទោស​ ​១​ ​ឆ្នាំ​ ​មក​នៅ​ ​៩​ ​ខែ​វិញ​ ​។​

ក្រោយ​ការប្រកាស​សាលក្រម​នេះ​ ​កសិករ​ខ្មែរក្រោម​ ​ទាំង​ ​៣​ ​រូប​នេះ​ ​មិនទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​នៅឡើយ​ទេ​ ​។​ ​តុលា​ការអនុញ្ញាត​ឲ្យ​ពួកគេ​ទាំង​ ​៣​ ​រូប​ ​នៅ​ក្រៅ​ពន្ធ​នាគា​រ​ជា​បណ្តោះអាសន្ន​ ​ហើយ​ពួកគេ​ក៏​កំពុង​ធ្វើការ​ជាមួយ​មេធាវី​​ ដើម្បី​ប្ដឹង​ទាស់​ទៅកាន់​ ​តុលាការជាន់ខ្ពស់​វៀតណាម​ បន្ត​ទៀត​ដែរ​ ​។​

​គិត​មកដល់ពេលនេះ​ ​មានតែ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​មួយ​រូប​គត់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​។​ ​ចំណែក​អ្នក​ផ្សេងទៀត​ ​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ នៅ​ក្រៅ​ឃុំ​នៅឡើយ​ ​។​

គួរ​បញ្ជាក់​ថា​ ​ក្រៅពី​កសិករ​ខ្មែរក្រោម​ ​ទាំង​ ​៤​ ​នាក់​ ​ដែល​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ខាងលើ​ ​នៅ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ជាប់​ពាក់ព័ន្ធ​ចំនួន​ ​២​៣​ ​នាក់​ផ្សេងទៀត​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ សម្រេច​ដាក់​ពិន័យ​រដ្ឋបាល​ ​ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ​ចាប់ពី​ ​៣​ ​លាន​ដុ​ង​ទៅ​ ​៤​ ​លាន​ ដុ​ង​ ​ឬ​ស្មើនឹង​ ​១​៥​០​ ​ទៅ​ ​២​០​០​ ​ដុល្លារ​អាមេរិក​ ​។

Leave A Reply

Your email address will not be published.