សិទ្ធិស្របច្បាប់ និងសិទ្ធិលំនៅដ្ឋាននៅតែបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោមដែលរស់នៅកម្ពុជា
ដោយ គឹម សាវតា
នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានរៀបចំទិវាសិទ្ធិមនុស្ស តាមរយៈវេទិកាពិភាក្សា ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយ និងការពារសិទ្ធិខ្មែរក្រោម» ។ នៅក្នុងវេទិកានោះ តំណាងពលរដ្ឋខ្មែរក្រោម មកពីបណ្តាខេត្តមួយចំនួន បានលើកឡើងស្រដៀងៗ គ្នា ថា សិទ្ធិស្របច្បាប់ និងសិទ្ធិលំនៅដ្ឋាន នៅតែបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា ។ បើទោះជា កាលពីឆ្នាំ ១៩៩២ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានចេញព្រះរាជសារមួយ ដោយបានបញ្ជាក់ថា ខ្មែរទូទៅទាំងអស់ ដែលមានសញ្ជាតិជាខ្មែរ គឺត្រូវបានទទួលសញ្ជាតិជាខ្មែរដោយស្វ័យប្រវត្តិក្តី ។

ក្នុងពិធីប្រារព្វទិវាសិទ្ធិមនុស្ស តាមរយៈវេទិកាពិភាក្សា ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយ និង ការពារសិទ្ធិខ្មែរក្រោម» នោះ តំណាងពលរដ្ឋខ្មែរក្រោម មកពីខេត្តមួយចំនួន បានលើកឡើងពីបញ្ហា ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនរស់នៅរៀងៗ ខ្លួន ក្នុងនោះ បញ្ហាសិទ្ធិរស់នៅស្របច្បាប់ និងសិទ្ធិលំនៅដ្ឋាន គឺជាបញ្ហាចម្បង ដែលក្រុមពលរដ្ឋខ្មែរក្រោម បានជួបស្រដៀងៗ គ្នា ។
លោក កង សំណាង មកពីខេត្តកំពង់ស្ពឺ បានលើកឡើងពីបញ្ហាមួយ ដែលពលរដ្ឋខ្មែរក្រោម មករស់នៅកម្ពុជា ហើយមានកូនចៅនៅកម្ពុជា ប៉ុន្តែ ពេលធ្វើអត្តសញ្ញាណ ដោយដាក់អាសយដ្ឋាន ជាភាសាខ្មែរ នៅឯទឹកដីកម្ពុជាក្រោម អាជ្ញាធររារែកក្នុងការធ្វើឲ្យ ។
លោក កង សំណាង «ថ្មីៗ នេះ មានកុមារីម្នាក់ គាត់រៀនថ្នាក់ទី ១០ គាត់កំណើតកើតជា នៅភូមិទី ៣ ចំការចេក ត្រែងត្រយឹង នេះទេ ប៉ុន្តែ ដល់ពេលគាត់គ្រប់អាយុត្រូវធ្វើអត្តសញ្ញាប័ណ្ណ ដោយសារតែទីកំណើតរបស់គាត់ ឪពុករបស់គាត់ដាក់ឈ្មោះថា នៅភូមិថ្កូវ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ចំណែកគាត់កើត នៅភូមិទី ៣ ត្រែងត្រយឹង នេះទេ អញ្ចឹងមន្ត្រី ដែលធ្វើអត្តសញ្ញាណប័ណ្ណហ្នឹង គាត់បាឆ្លើយតបទៅវិញថា លិខិតនេះ គឺមានបញ្ហាទាក់ទងនឹងស្រុកកំណើតរបស់ឪពុក នៅកម្ពុជាក្រោម អញ្ចឹងគាត់សម្រេចរងចាំការសម្រេចពីថ្នាក់លើ ចាប់ពីពេលនោះ រហូតមកដល់ពេលនេះ មិនទាន់មានការសម្រេច នៅឡើទេ» ។
សម្រាប់លោក សឺន សាំងស៊ី ដែលជាតំណាងពលរដ្ឋខ្មែរក្រោម មកពីខេត្តសៀមរាប បានលើកពីបញ្ហាលិខិតស្នាមផ្សេងៗ ដើម្បីបញ្ជាក់អត្តសញ្ញាណ ។

លោក សឺន សាំងស៊ីន «ក្នុងការធ្វើការងារនេះ បងប្អូនយើងមានផលលំបាកច្រើន ជាពិសេសជាមួយ អាជ្ញាធរឃុំ សង្កាត់ គឺតែងតែដោះស្រាយបែបនេះ បែបនោះ ដើម្បីពន្យាពេលរហូតមកដល់ពេលនេះ បងប្អូនយើងខ្ញុំពុំ បានធ្វើ គ្នាចំនួន ៧៧ នាក់» ។
ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកច្បាប់នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ គឺលោក សឺន ជុំជួន បានលើកថា កន្លងមក អង្គការ សមាគខ្មែរកម្ពុជាក្រោម បានជួបជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ប៉ុន្តែ ជាលទ្ធផល មានតំបន់ខ្លះ អាជ្ញាធរគឺមិនយកចិត្តទុកដាក់តែម្ដង ហើយថ្មីៗ នេះ គឺអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានដាក់ពាក្យជាថ្មី ដើម្បីសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ ទៅថ្នាក់ក្រោម ដើម្បីសម្រួលដល់លិខិតផ្លូវច្បាប់ផ្សេងៗ ។

លោក សឺន ជុំ ជួន «កាលពីឆ្នាំ ២០២០ ហ្នឹងគឺយើងបានធ្វើវេទិកាទិវាសិទ្ធិមនុស្សដែរ យើងធ្វើនៅសៀមរាប និងធ្វើនៅភ្នំពេញ ក្រោយមក យើងបានបូកសរុបជារបាយការណ៍មួយ យើងដាក់ទៅ ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអន្តរាគមន៍ ក្រោយមកទៀត ក៏មានការទំនាក់ទំនងជាប្រចាំជាមួយមន្ត្រី ក្រសួងមហាផ្ទៃ ជាពិសេសមន្ត្រី ដែលទទួលបន្ទុកផ្នែកអត្តសញ្ញាណកម្ម ហើយនិងមន្ត្រីផ្នែកច្បាប់ ដែលជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ» ។
ទោះជាយ៉ាងណាលោក សឺន ជុំជួន អះអាងថា ក៏មានផងដែរ អាជ្ញាធរមូលដ្ឋានមួយចំនួន ដែលយល់ច្បាស់ អំពីពលរដ្ឋខ្មែរក្រោម ក៏បានជួយសម្រួលឯកសារផ្លូវច្បាប់នានា ជូនពលរដ្ឋខ្មែរក្រោម ទាន់ពេលវេលា ។
ទាក់ទងនឹងករណីនេះ សមាជិកក្រុមប្រឹក្សាភិបាលសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក តាំង សារៈ មានប្រសាសន៍នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ ថា ប្រសិនបើអ្វី ដែលជាបញ្ហាសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម ជួបប្រទះ ហើយមានការស្នើសុំអន្តរគមន៍ហើយនោះ បើទោះជា ទទួលបានលទ្ធផល ឬមិនបានសូមឲ្យរងចាំ ព្រោះថា ការទាមទារទាំងនោះ មិនមែនត្រូវការពេលខ្លីតាម ដែលចិត្តចង់បាននោះទេ ។ ជាមួយគ្នាលោក ស្នើឲ្យពលរដ្ឋខ្មែរក្រោមមុននឹងទៅស្នើសុំសេវាច្បាប់ ឬ លិខិតស្នាមផ្សេងៗ សូមប្រាកដថា ខ្លួនមានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់ ។

លោក តាំង សារៈ «ពិតមែនថា សិទ្ធិសេរីភាពរបស់យើង យើងត្រូវតែមាន យើងត្រូវតែទាមទារ ប៉ុន្តែត្រូវមើលឲ្យស្របនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលបានចែង ទោះបីជារដ្ឋធម្មនុញ្ញ នៅកម្ពុជាក្តី រដ្ឋធម្មនុញ្ញ នៅវៀតណាមក្តី គឺយើងធ្វើទៅតាមច្បាប់នៃប្រទេសទាំងនោះ យើងមិនអាចរំលោភបានទេ» ។
កាលពីឆ្នាំ ១៩៩២ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានចេញព្រះរាជសារមួយ ដោយបានបញ្ជាក់ថា ខ្មែរទូទៅទាំងអស់ ដែលមានសញ្ជាតិជាខ្មែរ គឺត្រូវបានទទួលសញ្ជាតិជាខ្មែរដោយស្វ័យប្រវត្តិ ៕