បញ្ហា​សំណើរ និង ការ​តបស្នង​ក្នុងករណី​បើក​សាលា​មធ្យមសិក្សា​ពុទ្ធ​សាសន៍​ ​នៅ​ខែត្រ​ព្រះ​ត្រពាំង​ឆ្នាំ ២០១៤

0 522

​ដោយ ភិក្ខុ សល្លេខ​វិ​រិ​យោ​

​ខែត្រ​ព្រះ​ត្រពាំង (​កម្ពុជា​ក្រោម​) មាន​ព្រះសង្ឃ​ជាច្រើនរូប​ដែល​ស្រឡាញ់​វប្បធម៌​ប្រពៃណី​ខ្មែរ អក្សរសាស្ត្រ​ខ្មែរ ។ សមាគម​ព្រះសង្ឃ​ខ្មែរ ជាពិសេស សាលា​គណ​ខែត្រ ដែលជា​មជ្ឈមណ្ឌល និង​ជា​ការិយាល័យ​សង្ឃ​មួយ​របស់​ខែត្រ ដែល​ធ្វើ​ការបំរើ​អក្សរសាស្ត្រ វប្បធម៌ ប្រពៃណី និង​ព្រះសង្ឃ​ខ្មែរ ។ សមាគម​នេះ បាន​បើកឱកាស​ឲ្យ​កូន​ខ្មែរ បាន​សិក្សា​រៀនសូត្រ ស្គាល់​នូវ​តម្លៃ​អក្សរសាស្ត្រ​ខ្មែរ​ជាច្រើន​ឆ្នាំ​មក​, មាន​បើក​ថ្នាក់រៀន​តាំងពី ថ្នាក់មធ្យមសិក្សា​បឋម​ភូមិ (​ថ្នាក់​បាលី ទី ១ ដល់ ទី ៤ បាលី​រង​) និង​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ (​គរុកោសល្យ ទី​១, ទី​២, ទី​៣) ដែល​សិក្សា​ក្បួន​អក្សរសាស្ត្រ​ខ្មែរ​និង​ទ្រឹស្តី​ព្រះពុទ្ធសាសនា​។ ថ្នាក់រៀន​ទាំងនេះ បាន​បើក​នៅតាម​នានា​វត្ត​ទូទាំង​ខែត្រ ហើយ​មាន​សមណ​សិស្ស​ពី​ខែត្រ​ផ្សេងៗ​មក​រៀន​ផង ដូចជា ខេត្ត​ឃ្លាំង​, ពល​លាវ​, មាត់ជ្រូក​, ឡុង​ហោង និង​ខែត្រ​ព្រែក​ឫស្សី​។ សាលា​គណ​ខែត្រ​ដែល​ស្ថិតនៅក្នុង​វត្ត​ពោធិ​សាល​រាជ ឬ​វត្ត​កំពង់ ជា​ការិយាល័យ​នៃ​គណកម្មការ​សង្ឃ​។ បច្ចុប្បន្ន កន្លែង​នេះ​មាន​សមណ​កុដិ​មួយ​ដែល​អាច​ឲ្យ​ព្រះសង្ឃ​ស្នាក់អាស្រ័យ​និង​រៀនសូត្រ​បាន គឺជា​គោលដៅ​មួយ​ដើម្បី​ឲ្យ​ព្រះសង្ឃ​មាន​កន្លែង​ដើម្បី​ស្នាក់នៅ និង​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ ។​

កម្មវិធីប្រឡងរួម ថ្នាក់ពុទ្ធិកៈអនុវិទ្យាល័យទី ១, ២ និង ៣ របស់ព្រះសង្ឃ នៅស្រុកកំពុងស្ពាន ខេត្តព្រត្រពាំង ឆ្នាំ សិក្សា ព.ស. ២៥៥៧ ។
កម្មវិធីប្រឡងរួម ថ្នាក់ពុទ្ធិកៈអនុវិទ្យាល័យទី ១, ២ និង ៣ របស់ព្រះសង្ឃ នៅស្រុកកំពុងស្ពាន ខេត្តព្រត្រពាំង ឆ្នាំ សិក្សា ព.ស. ២៥៥៧ ។

​ដំណឹង​ថ្មី​ពី​ក្នុងប្រទេស បានឮ​ឡើង​ថា ក្នុង​ឆ្នាំ​២០១៤​នេះ ខែត្រ​ព្រះ​ត្រពាំង (​ខែត្រ​ត្រា​វិញ​) ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​អនុញ្ញាត​ឲ្យ​បើក​ថ្នាក់ មធ្យមសិក្សា​ពុទ្ធ​សាសន៍ (Trung Cap Phat Hoc)​។ នេះ​ជា​ចំណុច​មួយ​គួរ​ឲ្យ​កត់សម្គាល់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​នូវ​អ្វី​ដែលជា​សារៈសំខាន់​មួយចំនួន​របស់​ខ្មែរ​នាពេល​អនាគត ដែល​ខ្មែរ​មើលមិនឃើញ ។ តាម​ដែល​ដឹង​មក គណៈសង្ឃ​ខែត្រ​បានស្នើរ​សុំ​បើក​សាលា​នេះ​ទាំង​ដែល​មិន​ពិចារណា​ដល់​លទ្ធផល​នា​អនាគត​។​

​ព្រះសង្ឃ​និង​ប្រជាជន​ខ្មែរ​ខែត្រ​ព្រះ​ត្រពាំង ជា​ជាតិ​មួយ​ដែល​រដ្ឋាភិបាល​និង​ជនជាតិ​វៀតណាម​ទាំងអស់​កំពុង​រើសអើង និង​សម្លឹងមើល​ក្នុង​ក្រសែភ្នែក​ស្អប់ខ្ពើម​។ ជាច្រើន​ទស្សវត្សរ៍​មកហើយ ប្រជាជន​និង​ព្រះសង្ឃ​ខ្មែរ​នៅតែមាន​សាមគ្គីភាព និង​រក្សា​ទំនៀមទម្លាប់​ដូនតា​បាន​ខ្ជាប់ខ្ជួន ។ ទំនៀម​ប្រតិបត្តិ​ផ្សេងៗ​ខាង​ពុទ្ធសាសនា​នៅតាម​ភូមិ​ស្រុក ក៏​នៅតែ​ប្រព្រឹត្ត​ទៅតាម​ប្រក្រតី​, ការសិក្សា​រៀនសូត្រ​របស់​ព្រះសង្ឃ​ក៏​នៅតែមាន​តាម​វត្ត​នានា ទាំង​ថ្នាក់​បាលី​ទី ១ រហូតដល់​គរុកោសល្យ​ទី ៣ ។ ជាពិសេស​ទៀត នៅតាម​បណ្តារ​ស្រុក ក៏មាន​ការបើក​ប្រឡង​រួមគ្នា​នូវ​ថ្នាក់ បាលី​ទី​១ ទី​២ និង​ទី​៣ ចំណែក​ថ្នាក់ បាលី​រង និង​គរុកោសល្យ​ទី ៣ ដែល​នឹង​ប្រឡង​យក​សញ្ញាបត្រ ក៏បាន​គណៈកម្មការ​ស​ង្ឃ​ខែត្រ​បើក​ប្រឡង​រួមគ្នា​ទូទាំង​ខែត្រ​ជាប្រចាំ​រាល់​ឆ្នាំ​ដែរ​។ នេះ​ជា​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​កត់សម្គាល់ថា ព្រះសង្ឃ​នៅតែមាន​ការ​សាមគ្គី​គ្នា និង​មានការ​ជួបជុំគ្នា នៅពេល​ប្រឡង​រួម​ម្តងៗ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​មាន​ការ​ក្រែងរអែង និង​មិន​ទុកចិត្ត​មកលើ​ព្រះសង្ឃ​។ បច្ចុប្បន្ន ការដែល​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​ថ្នាក់​មធ្យម​ពុទ្ធ​សាសន៍ (Trung Cap Phat Hoc) ក្នុង​ខែត្រ ដោយ​យក​ត្រឹម​អ្នក​ដែល​បញ្ចប់​ថ្នាក់​បាលី​រង និង​វៀតណាម​ថ្នាក់​ទី ៩ ចូលរៀន ។ ហើយ​ព្រះសង្ឃ​អង្គណា​ក៏​ចង់បាន​រៀន​សាលា​នេះដែរ​ទាំង​ដែល​មិនដឹងថា​វា​ជា​យ៉ាងណា​នោះ ព្រោះ​មាន​ឈ្មោះថា​សាលា​រដ្ឋ សាលា​ដែលជា​ជាន់​ខ្ពស់ជាង​គរុកោសល្យ​។ នេះ​ក៏​ជា​ករណី​មួយ ដើម្បី​វាយបំបាក់​ភាព​សាមគ្គី​និង​បំបែក​ការជួប​ជុំគ្នា​នាពេល​ប្រឡង​បាន ដោយហេតុថា ក្នុង​កាល​អនាគត អាច​នឹង​លែងមាន​ថ្នាក់​គរុកោសល្យ​ទៀត ព្រោះ​ឥឡូវ​តិច​មាន​ព្រះសង្ឃ​ដែលមាន​ក​ម្រឹត​សិក្សា​ភាសា​វៀតណាម​ទាប​ជាង​ទី​៩​ណាស់​។ កាលណា​បើ​មិនមាន​ព្រះសង្ឃ​ដែលមាន​ចំណេះ​ខាង​ភាសា​វៀតណាម​ក្រោម​ពី​ទី​៩​ហើយ ក៏​នឹង​បន្ថយ​សាលា​ថ្នាក់​គរុកោសល្យ​ចុះ​បន្តិច​ម្តងៗ​, បើ​មិនមាន​ថ្នាក់​គរុកោសល្យ ការប្រឡង​រួម​ក៏​អាច​និង​បិទ​ចោល​បាន​, កាលណា​មិនមាន​ការប្រឡង​រួម​ទេ ព្រះសង្ឃ​ក៏ដូចជា​មិនមាន​ការជួប​ជុំគ្នា​ទូទាំង​ខែត្រ ហើយ​ជាហេតុ​មួយ​ឲ្យ​គិតថា យើង​មិន​ចុះសម្រុង​គ្នា មិន​សាមគ្គី​គ្នា​។ ការរៀន​ក៏​នឹង​កាត់បន្ថយ​រហូត​បំបាត់ចោល​ដោយ​ស្វ័យប្រវត្តិ​, សាលារៀន បើ​បំបិទ​ហើយ នឹង​សុំ​អនុញ្ញាត​បើក​ឡើងវិញ​ក៏​លំបាក​ណាស់ ដោយ​អាង​ថា​យើង​បិទ​ខ្លួនឯង ។ ហេតុនេះ ពេលអនាគត​ក៏​មិនអាច​បន្ទោស​បាន​ថា រដ្ឋ​បំបិទ​សាលា​យើង​ដែរ អ្វី​វា​ស្របតាម​ច្បាប់​ទាំងអស់ គឺ​មកពី​យើង​មិនបាន​គិតដល់​លទ្ធផល​ខាងមុខ​។ គណៈកម្មការ​សង្ឃ​ធ្វើការ​គឺ​ចង់តែ​លើកតម្កើង​និង​ជម្រុញ អក្សរ​វប្បធម៌​ខ្មែរ​ឲ្យ​ជម្រឿន​ទៅមុខ​ក៏ពិតមែន​, ការ​ដែក​មាន​សាលា​ដើម្បី​ឲ្យ​ព្រះសង្ឃ​រៀន​ក៏​ល្អ​មែន ប៉ុន្តែ​គួរ​ណាស់​តែបើ​សាលា​ដែល​អាច​បន្ថែម​ចំណេះ​ខ្ពស់​ឡើង​ទៀត មិនមែន​ត្រឹម​ដដែល​នោះទេ​។ បើ​ធ្វើ​ដូច្នេះ គឺជា​ការលុបបំបាត់ចោល​នូវ​ទម្រង់​ចំណេះដឹង​និង​អក្សរសាស្ត្រ​របស់ខ្លួន​វិញ​តែប៉ុណ្ណោះ​។ យើង​មាន​មេរៀន​មួយ​ដ៏​ច្បា​ស់នឹង​ភ្នែក​ហើយ នៅ​ខែត្រ​ឃ្លាំង​។​

សូម​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់ នៅ​ខែត្រ​ឃ្លាំង ។ តាំងពី​បាន​រដ្ឋាភិបាល​អនុញ្ញាត​បើក​សាលា​បាលី​ជាន់ខ្ពស់​នោះមក ការផ្លាស់ប្តូរ​ទម្រង់​ជាច្រើន​ត្រូវបាន​គេ​សម្គាល់ថា​ប្រព្រឹត្តទៅ​ដើម្បី​លុបបំបាត់​ទម្រង់​អក្សរសាស្ត្រ​និង​វប្បធម៌​ក្នុង​ខែត្រ​។ អំពី​ទម្រង់​នៃ​ការសិក្សារ ទូទាំង​ខែត្រ​បាន​បញ្ឈប់​ថ្នាក់​គរុកោសល្យ​ផ្នែក​ធម្ម​បរិយត្តិ ដែល​ពីមុន​ធ្លាប់មាន​តាំងពី​ថ្នាក់ ត្រី ទោ ឯក និង​ថ្នាក់​គរុកោសល្យ បច្ចុប្បន្ន​នៅមាន​តែត្រឹម ត្រី ទោ ឯក ប៉ុណ្ណោះ​។ ដោយយោង​ទៅតាម​ចំនួន​សិស្ស​និង​ល័ក្ខណ៍​ខ័​ណ្ឌ​នៃ​សាលា​បាលី​ជាន់ខ្ពស់​នោះ សិស្ស​និស្សិត​ខ្មែរ​ដែល​រៀន​ចប់​ថ្នាក់​ឯក​ខាង​ធម្ម​បរិយត្តិ និង​បាន​ចប់​ថ្នាក់​ទី​៦​វៀតណាម អាច​ចូលរៀន​នៅ​សាលា​នេះ​បាន ហើយ​សាលា​នឹង​បើក​ឲ្យ​រៀន​ទាំង​ភាសា​ខ្មែរ និង​វៀតណាម​ដើរ​ទន្ទឹមគ្នា (​ចំណុច​សំខាន់​គឺ​រដ្ឋ​ជា​អ្នកចាត់ចែង​ដំណើររឿង​ទាំងអស់ ទាំង​ក្នុង​ការរក​គ្រូបង្រៀន និង​របៀបវារៈ​ក្នុង​សាលា​)​។ កាលណា​បើ​បាន​ឱកាស​ដូច្នេះ ព្រះសង្ឃ​តែងតែមាន​បំណង់​ចង់​រៀន​សាលា​នេះ​ដោយ​គោល​គំនិត​មួយ​ថា រៀន​បាន​ខ្ពស់ជាង​ថ្នាក់​គរុកោសល្យ និង​អាច​រក​ការងារ​បានធ្វើ​យ៉ាង​ងាយ​ដែរ ព្រោះ​រៀន​ចប់​ថ្នាក់​បាលី​ជាន់ខ្ពស់​នោះ នឹង​បាន​ចប់​ថ្នាក់​ទី​១២​វៀតណាម​ទន្ទឹមគ្នា​ដែរ វា​ជា​ជម្រើស​មួយ​ដើម្បី​នឹង​ឈានទៅ​រៀន​ថ្នាក់​បាលី​ជាន់ខ្ពស់​ដោយ​លះបង់​ថ្នាក់​គរុកោសល្យ​។ មាន​អ្នកណា​ដឹង​អំពី​ទិន្នន័យ​សំខាន់​ដែល​លាក់​បង្កប់​នៅ​ខាងក្រោយ​នេះ​ទេ​? តាមពិត ថ្នាក់​បាលី​ជាន់ខ្ពស់​នៅ​ខែត្រ​ឃ្លាំង ត្រូវបាន​ចាប់បង្ខំ​ឲ្យ​មានការ​បង្រៀន​ភាសា​វៀត​ណា​ម​ច្រើនជាង​ភាសា​ខ្មែរ ហើយ​វិញ្ញាសា​ដែល​យកមក​បង្រៀន ខាង​ភាសា​ខ្មែរ​មានតែ ២​វិញ្ញាសា​ប៉ុណ្ណោះ គឺ ប្រែ​មង្គល​ត្ថ​ទីប​នី និង​សម្ព័ន្ធ​បាលី ចំណែក​ខាង​ភាសា​វៀតណាម​ដែលមាន​វិញ្ញាសា​រៀន​ច្រើនជាង​ខ្មែរ គ្រូបង្រៀន​ក៏​គេ​ជា​អ្នករក​មក មានតែ​គ្រូ​ដែល​ខ្វះ​សមត្ថភាព​ក្នុងការ​បង្រៀន និង​អន់​ខ្សោយ​ខាង​ចំណេះដឹង​។ ម្យ៉ាងទៀត ដូចដែល​យើង​ដឹង​ស្រាប់​ថា ខែត្រ​ឃ្លាំង​មាន​សាលា​ធម្ម​បរិយត្តិ ត្រី ទោ ឯក មិនមែន​សាលា​បាលី​ទេ តែ​បែរ​ជាមាន​សាលា​បាលី​ជាន់ខ្ពស់ ហើយ​បង្រៀន​មង្គល​ត្ថ​ទីប​នី​, បើ​មិនដែល​រៀន​បាលី មិនដែល​ដឹង​ក្បួន​វេយ្យាករណ៍​បាលី តើ​អាច​ទៅ​រៀន​ប្រែ​និង​សម្ព​ន័​ន្ធ​ភាសាបាលី​បានក​ម្រឹត​ណា​ដែរ​? ដូច្នេះ សមណ​និស្សិត​ដែល​ចប់​ពី​ថ្នាក់​បាលី​ជាន់ខ្ពស់​មក បើ​ប្រៀបធៀប​ទៅ គឺ​គ្មាន​ចំណេះ​អ្វី​បាន​ខ្ពស់​ជា​ថ្នាក់​គរុកោសល្យ​ឡើយ​។ ព្រោះ​ថ្នាក់​គរុកោសល្យ ជា​ថ្នាក់​ដែល​មានតែ​ជនជាតិខ្មែរ​បង្រៀន អ្នក​ដែលមាន​សមត្ថភាព មានចំណេះដឹង​មក​បង្រៀន ចំណែក​សាលា​បាលី​ជាន់ខ្ពស់ មានតែ​គ្រូ​ភាសា​វៀតណាម​ដែល​អន់​ខ្សោយ​។ យើង​កត់សម្គាល់​បាន​ដោយមាន​ព្រះសង្ឃ​ជាច្រើន​ទៅ​រៀន ហើយ​ក្នុងនោះ​មិនមាន​ជា​ជាតិ​វៀតណាម​ណា​ម្នាក់​រៀន​ជាមួយ​ឡើយ ព្រោះ​គេ​ដឹង​នូ​វក​ម្រឹត​ចំណេះវិជ្ជា​ទីនេះ​ថា​វា​ទាប​ណាស់ ហើយ​ទោះ​បើ​បាន​ចប់​ចែ​ញ​ពី​សាលា​នេះ ក៏​មិន​អា​ប្រៀបធៀប​ទៅនឹង​ថ្នាក់​ទី​១២​វៀតណាម​បានដែរ​, នៅតែ​មិនអាច​រក​ការងារ​ធ្វើបាន​ដដែល​។ បច្ចុប្បន្ន​នៅ​ខែត្រ​ឃ្លាំង​នេះ ថ្នាក់​គរុកោសល្យ​ក៏ត្រូវ​បញ្ឈប់ ការធ្វើ​សង្ឃកម្ម​កឋិនទាន​ក៏ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​តែមួយ​ថ្ងៃ​ព្រម​គ្នា ទំនៀម​ប្រតិបត្តិ​ពុទ្ធសាសនិក​ក៏មាន​ការផ្លាស់ប្តូរ​។ សូម្បី​ការប្រឡង​ចម្រៀង​ខ្មែរ បែរជាយក​ជនជាតិ​យួន​មក​ធ្វើជា​គណៈកម្មការ​, សួរថា យួន​វា​ដឹង​ទំនុក រលក​សម្លេង អត្ថន័យ និង​លក្ខណៈ​សិល្បៈ​របស់​ខ្មែរ​ពិត​ដែរ​ទេ​, ឬ​គ្រាន់តែ​មក​ដើម្បី​ជ្រៀតជ្រែក​ក្នុង​វប្បធម៌​ខ្មែរ​? ទាំងនេះ​ជា​លទ្ធផល​។ ខែត្រ​ព្រះ​ត្រពាំង​ក៏​នឹង​ស្ថិតនៅ​ក្នុងករណី​ដូចគ្នានេះដែរ នាពេលខាងមុខ ។​

មួយទៀត មេរៀន​ថ្មី​នៅ​ខែត្រ​ព្រែក​ឫស្សី ដែល​បាន​បើក​សាលា វិជ្ជា​ស្ថាន​ពុទ្ធសាសនា កន្លងមក​។ ភាគច្រើន​ព្រះសង្ឃ ទាំង​មន្ត្រី​សង្ឃ ទាំង​សមណ​សិស្ស ដែល​កំពុង​សិក្សា តែងតែ​ចូលចិត្ត​មានបំណង​ចង់ទៅ​រៀន​នៅ​សាលា​នេះ​ជាខ្លាំង​ណាស់ ពីព្រោះ​វា​ហាក់ដូច​ជាថ្មី​និង​មាន​កិត្តិយស​សម្រាប់​អ្នករៀន​, មួយចំណែក​ទៀត គឺ​ចង់​បំពេញបន្ថែម​ចំណេះដឹង ដោយ​គិតក្នុងចិត្ត​រាល់គ្នា​ថា ប្រហែលជា​វា​នឹង​ផ្តល់​ផលប្រយោជន៍​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​ពេល​ចប់​ហើយ ។ រដ្ឋ​និង​មន្ត្រី​សង្ឃ​ជាច្រើន​បានលើកឡើង​ថា ការបើក​សាលា​នេះ ការ​ជម្រុញ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​បាន​ឱកាស​សិក្សា​បន្ត​ដើម្បី​ពង្រីក​សមត្ថភាព​ចំណេះដឹង​ខាង​ព្រះពុទ្ធសាសនា​។ ពិត​មែនឬ​? ដែលថា​ឲ្យ​ព្រះសង្ឃ​ខ្មែរ​សិក្សា វា​ហាក់ដូចជា​បង្កប់​ទុក​នូវ​គោល​គំនិត​នៃ​ការ​គៃបន្លំ​សតិបញ្ញា​ព្រះសង្ឃ​ខ្មែរ​មិន​ឲ្យ​ឈានទៅរក​ផលប្រយោជន៍​ពិត​បាន​។ យើង​មើលឃើញ​ចំណុច​ជាច្រើន​ដែលជា​លក្ខណៈ​បោកប្រាស់​៖ ភាសា​, ឱកាស​ការងារ​, ចំណេះដឹង​, គុណភាព​សិក្សា​។ ខ្ញុំ​មិន​បាក​និយាយ​បន្ថោក​ឲ្យ​ស្ថា​ប័ណ​មួយ​នេះ​ទេ តែ​សូម​លើក​នូវ​ចំណុច​ខ្វះខាត​ដែល​ត្រូវគេ​មើល​កន្លង​។ អំពី​គុណភាព​សិក្សា និង​ចំណេះដឹង មើលទៅ​វា​ពិតជា​បាន​គ្រាន់​ប្រសើរ​ជាង​ថ្នាក់​គរុកោសល្យ​ពិតមែន ប៉ុន្តែ​នៅ​មិន​គ្រប់គ្រាន់​សម្រាប់​និស្សិត​រៀន​នៅ​ក​ម្រឹត ឧ​ត្ត​ម​សិក្សា​ទេ​, វា​នៅមាន​ការរៀបចំ​ប្រព័ន្ធ​បណ្តុះបណ្តាល​មួយ​ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ទៀត​។ ឥឡូវ​យើង​មក​គិត​អំពី​ភាសា​ដែល​យកមក​បង្រៀន​និង​រៀន​ក្នុង​សាលា​នេះ​។ មុននឹង​បើក​សា​លាក ក៏បាន​ប្រកាស​ជាមុន និង​បានដាក់​លិខិត​សុំ​អនុញ្ញាត​ទៅ​រដ្ឋាភិបាល​ដែរ​ថា សុំ​បើក​សាលា​ខ្មែរ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​រៀន​, តែ​លទ្ធផល​បានមក​គឺ សាលា​ខ្មែរ ព្រះសង្ឃ​ខ្មែរ រៀន​ភាសា​វៀតណាម​។ នៅក្នុង​មុខ​វិញ្ញាសា​ទាំងអស់ មាន​ភាសា​វៀតណាម​៥០% គ្រូបង្រៀន​ជា​ជនជាតិ​វៀតណាម ច្រើនជាង​គ្រូខ្មែរ​។ ប្រព័ន្ធ​សិក្សា និង​វិញ្ញាសា​ទាំងអស់ រដ្ឋាភិបាល​ជា​អ្នកកំណត់​ឲ្យ​, មើលទៅ​មិនមាន​អ្វី​ជា​របស់​ខ្មែរ​ផង​។ សញ្ញាបត្រ​ដែល​ចប់​ពីសា​លា​នេះ​មក នៅតែ​ស្ថិតក្នុង​ភាពអវិជ្ជមាន​, មិនអាច​យកទៅ​ប្រៀបផ្ទឹម​ជាមួយនឹង​សញ្ញាបត្រ​ថ្នាក់​ទី​១២​វៀតណាម​បាន ក៏​មិនអាច​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​បាន សូម្បីតែ​យកទៅដាក់​ពាក្យ​រៀន​បន្ត​ថ្នាក់​មហាវិទ្យាល័យ​ណាមួយ​ក្នុងប្រទេស ក៏​មិនបាន​, ពីព្រោះ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​សាលា​មែន តែ​មិនបាន​ទទួលស្គាល់​សញ្ញាបត្រ​ដែល​ចេញពី​ហ្នឹង​ទេ​។ ដូច្នេះ ឱកាស​នៃ​ការងារ​ដែល​សង្ឃឹម​ពីមុន​ថា រៀន​ចប់​សាលា​នេះ​អាច​រកបាន​ងាយ​នោះ ដូចជា​ស្រមើស្រមៃ​ទៅ​ចាប់​ផ្កាយ​លើ​មេឃ​។ ដែល​ឈ្មោះថា វិជ្ជា​ស្ថាន គឺ​ត្រូវមាន​ចំណេះដឹង​និង​គុណភាព​សញ្ញាបត្រ​ជា​ផ្លូវការ​ខ្ពស់​ជា​ថ្នាក់​ទី​១២​ទូទៅ​, តែ​អ្វីដែល​ទទួលបាន​គឺ​វា​ផ្ទុយស្រឡះ សូម្បីតែ​ការទទួលស្គាល់​ក៏​គ្មាន​ដែរ​។ រាល់​ចំណុច​ទាំងអស់ សមណ​និស្សិត​ដែល​សិក្សា​នៅ​វិជ្ជា​ស្ថាន​នេះ គ្រាន់តែ​អូសបន្លាយ​ពេលវេលា​រប​ស់​ខ្លួន​ឲ្យ​បាន​នៅ​បួស​យូរ និង​មាន​ឈ្មោះថា​ជា​និស្សិត​ដែល​បាន​ចប់​ពី​វិជ្ជា​ស្ថាន​មក​ប៉ុណ្ណោះ​។​

បាន​សាលា​បាលី​ជាន់ខ្ពស់​នៅ​ខែត្រ​ឃ្លាំង​១ សាលា​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខែត្រ​ព្រែក​ឫស្សី​១ តែ​២​នេះ មើលទៅ​ហាក់ដូចជា​យួន ឈ្មោះថា​ជា​អ្នកមាន​គុណបំណាច់​ក្នុងការ​ទ្រទ្រង់​អក្សរសាស្ត្រ​ខ្មែរ​នៅក្នុង​សង្គម​ខ្មែរក្រោម និង​លើ​ឆាក​អន្តរា​ជាតិ តែ​តាម​ការពិត​គឺ​គ្រាន់តែ​បំភាន់​បំបាត់​នូវ​ឫសគល់​អក្សរសាស្ត្រ​ពី​ខ្មែរ ដែល​ខ្មែរ​មើលមិនឃើញ​កលល្បិច​នេះ​។​

គោល​វប្បធម៌ ប្រពៃណី ដូចជា​បុណ្យអុំទូក​សំពះ​ព្រះ​ខែ បច្ចុប្បន្ន​ត្រូវ​យួន​ជ្រៀតជ្រែក​គៃបន្លំ​។ ស្រះ​គូ ជា​កេរដំណែល​ដូនតា​របស់​ខ្មែរ​បាន​កសាង​ទុក​មក​តាំងពី​យូរ យួន​ក៏​ដឹងថា​ជា​របស់​ខ្មែរ តែ​វា​បានមក​គ្រប់គ្រង​និង​ចាត់​ចេង​គ្រប់បែបយ៉ាង​តាម​អំពើ​ចិត្ត​ដោយ​មិនបាន​ប្រឹក្សា ឬ​សុំ​យោបល់​ពី​ព្រះសង្ឃ ឬ​ប្រជាជន​ខ្មែរ សូម្បីតែ​ពាក្យ​ប្រកាសប្រាប់​មួយ​ម៉ាត់​ក៏​គ្មាន​។ រាល់​សាលារៀន​បឋមសិក្សា​ភាសា​វៀតណាម​នៅ​តំបន់​ខ្មែរ តាំងនៅ​លើដី​វត្ត​ដោយ​សេរី​, ចំណែក​សាលារៀន​ភាសា​ខ្មែរ មានឱកាស​បើក​តែ​ក្នុង​វត្ត​ខ្លះៗ​ប៉ុណ្ណោះ​។ អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​មើលឃើញ​នាបច្ចុប្បន្ន គឺ​ការ​រុករាន​ដោយ​សន្តិវិធី​ដែល​ធ្វើ​ឲ្យ​ខ្មែរ​យើង​ភ្លេចខ្លួន នេះ​សម​ដូច​សុភាសិត​ខ្មែរ​ថា “​ក្តៅ​ស៊ីរាក់ ត្រជាក់​ស៊ី​ជ្រៅ​”​។ ហើយ​ប្រសិនបើ ខ្មែរ​យើង​ទាំងអស់ ជាពិសេស​គណៈ​មន្ត្រី​សង្ឃ អ្នកសិក្សា នៅតែ​មិន​ភ្ញាក់ខ្លួន នៅតែ​ងងឹត​ទៀត នោះ​អនាគត​នៃ​អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ដែលជា​ឫសគល់​របស់​ខ្មែរ ក៏​នឹង​រលាយ​សាបសូន្យ​គ្មាន​សល់​ទេ​។​

ជា​ចុងក្រោយ ក្នុងនាម​ខ្ញុំព្រះករុណា​ជា​កុលបុត្ត​ខ្មែរ​មួយរូប សូម​ការអនុញ្ញាត ដើម្បី​រិះគន់​នូវ​គណៈ កម្ម​ការ​សង្ឃ ដោយ​ឆ្ពោះ​សាលា​គណ​ខែត្រ ដែល​ធ្វើការ​ក្នុង​ឆន្ទៈ​ឯកជន​ជា​លក្ខណៈ​អត្តា​ធិបតី មិន​ស្របតាម​ធ​ម្មា​ធិបតី​, មិន​ស្តាប់​យោបល់​នៃ​សមាជិក ឬ​អ្នកមាន​ឧ​ត្ត​ម​គតិ​, មាន​កិច្ចការ​ជាច្រើន​បាន​កន្លង​ល្មើស​លើ​ឆន្ទៈ​ព្រះសង្ឃ​និង​ពុទ្ធសាសនិក​ខ្មែរ​។ ហើយ​កិច្ចការ​អ្វីខ្លះ​នោះ សូម​គណៈសង្ឃ​ពិចារណា​មើល​ដោយ​ខ្លួនឯង​ចុះ ។​
​អ្វីៗ​ទាំងអស់​ដែល​បាន​ពោល​មក​គ្រាន់តែ​ជា​បទ​ពិចារណា​ផ្ទាល់ខ្លួន​មួយ ដែល​ចង់​ឲ្យ​កុលបុត្រ​ខ្មែរ ព្រះសង្ឃ​ខ្មែរ​មើលឃើញ​នូវ​អ្វីដែល​នឹង​កើតមាន​នាពេល​អនាគត​ខាងមុខ​។ ខ្ញុំព្រះករុណា​ក៏​សូម​អភ័យទោស​ផងដែរ​នូវ​រាល់​កំហុសឆ្គង​នានា​ដោយ​អ​ចេតនា ក្នុង​គោល​គំនិត​ស្ថាបនា​និង​លើកស្ទួយ​អក្សរសាស្ត្រ វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​។ ខ្ញុំព្រះករុណា​រង់ចាំ​ទទួល​ការរិះគន់ និង​កែលម្អ ជាពិសេស ការផ្តល់​យោបល់​សំខាន់ៗ​ពី​សន្តាន​ប្រិ​យ​មិត្រ​ទាំង​ចតុទិស​ដោយ​មេត្រីភាព ៕

Leave A Reply

Your email address will not be published.