អាជ្ញាធរយួនដោះលែង ព្រះតេជព្រះគុណ លីវ នី បន្ទាប់ពីជាប់គុក ៤ ឆ្នាំ
ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ ព្រះតេជព្រះគុណ លីវ នី ជាអតីតព្រះចៅអធិការវត្ត សិរីតាសេក នៅខេត្តឃ្លាំង បានអាជ្ញាធរយួនដោះលែងចេញពីពន្ធនាគារវិញហើយ បន្ទាប់ពីព្រះអង្គ ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹកនិងដាក់គុក កាលពីឆ្នាំ ២០១៣ អស់រយៈពេល ៤ ឆ្នាំមក ។ មូលហេតុ ដែលនាំឲ្យរដ្ឋាភិបាលយួនចាប់ព្រះតេជព្រះគុណ លីវ នី ផ្សឹកនោះ ដោយសារព្រះអង្គចេះការពារ មិនឲ្យអាជ្ញាធរយួនចាប់ផ្សឹក ព្រះតេជព្រះគុណ ថាច់ ធឿន ជាគ្រូពហូស្សូតវត្តសិរីតាសេក ព្រោះ ព្រះតេជព្រះគុណ ថាច់ ធឿន មិនបានប្រព្រឹត្តខុសនឹងវិន័យដែលអាចត្រូវចាប់ផ្សឹក ។ ចំណែកព្រះ តេជព្រះគុណ ថាច់ ធឿន ដែលត្រូវតុលាការយួនប្រកាសសាលក្រមឲ្យជាប់គុក ៦ ឆ្នាំ ពីបទទាក់ ទងខ្មែរក្រោមនៅក្រៅប្រទេសនោះ នៅមិនទាន់បានចេញពីគុកនៅឡើយ ។

ដំណឹង ព្រះតេជព្រះគុណ លីវ នី បានចេញពីគុកនេះ ត្រូវបានគេដឹងតាមរយៈរូបថតថ្មីមួយសន្លឹក របស់ ព្រះតេជព្រះគុណ លីវ នី បង្ហោះនៅលើគណនេយ្យ Facebook ឈ្មោះវុត្ថាសេរីតាសេក (Vitha Sereytraset) ហើយសរសេរពាក្យថា “៤ ឆ្នាំ ហើយមិនបានជួបលោកគ្រូ នី តើបងប្អូននៅ ចាំមុខព្រះអង្គដែរឬទេ?” ។ រូបថតដែលព្រះតេជព្រះគុណ លីវ នី ទើបចេញពីគុកនោះ គេឃើញ លោកពាក់អាវឆ្នូតស ស្លៀកខោវែង និងកោរសក់ខ្លី ។
សូមជម្រាបថា ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ ព្រះសង្ឃ ២ អង្គ គឺ ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្តសេរីតាសេក ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្តសេរីតាសេក និងពលរដ្ឋខ្មែរក្រោម ២ រូបគឺ លោក ថាច់ ភូមិរិទ្ធ និង លោក ត្រា វណ្ណ ថា ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ត្រូវ អាជ្ញាធរវៀតណាមចាប់ខ្លួននៅច្រកព្រំដែនកម្ពុជាវៀតណាម ខណៈដែលអ្នកទាំងនេះព្យាយាមភៀសខ្លួនចេញទៅ ប្រទេសកម្ពុជា ។
ក្រោយពីបានចាប់ខ្លួនព្រះសង្ឃ និងអ្នកភូមិដាក់ពន្ធនាគារប៉ុន្មានខែមក ថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលាការខេត្តឃ្លាំងសម្រេចផ្ដន្ទាទោសព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបខាងលើ ឲ្យជាប់គុកពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ។ ជនរងគ្រោះទាំងនេះ រួមមាន ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ, ព្រះតេជព្រះគុណ លីវ នី ជាប់ពន្ធនាគារ ៤ ឆ្នាំ, លោក ថាច់ ភូមិរិទ្ធ កើត ឆ្នាំ ១៩៨៩ ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅដើម្បីប្រឆាំងរដ្ឋាភិបាល” និង លោក ត្រា វណ្ណ ថា ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សរត់ចេញទៅបរទេស” ៕
Comments are closed.