អំពីគុណសម្បត្តិរបស់ឧបាសិកា លីម ង៉ែត
សរសេរដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

ឧបាសិកា លីម ង៉ែត ជាឧបាសិកាមួយរូបក្នុងពុទ្ធសាសនា ។ ពាក្យថាឧបាសិកា ឬឧបាសក គឺសំដៅចំពោះជនអ្នកមានសទ្ធាជឿជាក់ប្រាកដប្រជាលើគុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ហើយតម្កល់កាយ វាចា ចិត្តដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក ឈ្មោះថាឧបាសក ឬឧបាសិកា ដោយមិនសំដៅដល់វ័យឡើយ ។ ឯសទ្ធានោះ បានដល់ការជឿជាក់លើកម្មគឺអំពើល្អ និងអំពើអាក្រក់ ថាអំពើល្អគឺបុណ្យ អំពើអាក្រក់គឺបាបមានពិតប្រាកដមែន ដោយមានកាយ វាចា ចិត្ត ល្អ និង អាក្រក់របស់មនុស្ស-សត្វជាប្រភព ។ ជឿជាក់លើច្បាប់កម្មផលថា ជនណាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ; ជនណាធ្វើអាក្រក់ ជននោះតែងអាក្រក់ដោយអំពើអាក្រក់របស់ខ្លួន, ជនណាធ្វើល្អ ជននោះតែងល្អដោយអំពើល្អរបស់ខ្លួន ។ ជឿជាក់ថាអំពើអាក្រក់ជាបាបឲ្យផលជាទុក្ខ អំពើល្អជាបុណ្យឲ្យផលជាសុខ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថានរជនណាមានសទ្ធា និងបញ្ញាដល់នូវព្រះរតនត្រៃជាទីពឹង ទីរឭក ជឿលើកម្មផល ហើយធ្វើនូវទាន សមាទាននូវសីល ចម្រើននូវភាវនាខ្ជាប់ខ្ជួនមួនមាំក្នុងជីវិត ពុំជឿលើមង្គលភ្ញាក់ផ្អើល ឬស្វែងរកទីពឹង ឬស្រែបុណ្យក្នុងសាសនាដទៃឈ្មោះថាជាឧបាសក-ឧបាសិកា ដ៏ប្រសើរវិសេសក្នុងសាសនា ។
ឧបាសិកា លីម ង៉ែត ជាឧបាសិកាមួយរូបដែលតែងតែរក្សាខ្លួនឲ្យឋិតនៅក្នុងគុណសម្បត្តិ ៥ យ៉ាង ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងក្នុងគម្ពីរអង្គុត្តរនិកាយ បញ្ចកនិបាតគឺ ទី ១ ជាអ្នកមានសទ្ធា, ទី ២ ជាអ្នកមានសីល, ទី ៣ ជាអ្នកមិនប្រកាន់មង្គលភ្ញាក់ផ្អើល, ទី ៤ ជាអ្នកជឿតែកម្ម មិនជឿមង្គលជាអបិយជំនឿ, ទី ៥ ជាអ្នកមិនស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ធ្វើបុណ្យតែក្នុងពុទ្ធសាសនានេះ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ជាក់ថាធម៌ទាំង ៥ យ៉ាងនេះកាលបើស្ថិតនៅក្នុងឧបាសក ឧបាសិកាណាហើយ ឧបាសក ឧបាសិកានោះ ឈ្មោះថា ជារតនឧបាសកផង ឈ្មោះថាបទុមឧបាសក បុណ្ឌរីកឧបាសកផង បានសេចក្តីថាជាឧបាសក ឧបាសិកាវិសេស វិសុទ្ធផុតធម៌សៅហ្មងដែលជាគុណវិបត្តិរបស់ឧបាសកទាំង ៥ យ៉ាង គឺឧបាសក ជាអ្នកមិនមានសទ្ធា ១, ជាអ្នកទ្រុស្តសីល ១, ប្រកាន់មង្គលភ្ញាក់ផ្អើល ១, ជឿតែមង្គលអបិយជំនឿ មិនជឿកម្មផល ១, ជាអ្នកស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ហើយធ្វើបុណ្យនឹងទក្ខិណេយ្យបុគ្គលនោះ មិនអើពើក្នុងការឧបត្ថម្ភពុទ្ធសាសនា ១ ប្រៀបដូចជាផ្កាឈូកលូតលាស់ផុសផុតពីល្បាប់ភក់គគ្រក់ស្មោកគ្រោក ហើយរីកក្រអូបសាយភាយសព្វទិសា ។ ដើម្បីស្តែងឲ្យឃើញនូវគុណសម្បត្តិទាំងនេះ ទាល់តែយើងសង្កេតមើលដោយការពិចារណាទៅលើសកម្មភាពជាការងារជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃរបស់ឧបាសិកា ។

លោកអ្នកសប្បុរសទាំងអស់នៅជើងវត្តខេមររង្សី ក្រុងសាន់ហូស្សេនេះសុទ្ធសឹងតែបានស្គាល់ បានដឹងឧបាសិកាលីម ង៉ែត រាល់គ្នាស្រាប់ហើយ ថាចាប់តាំងពីកសាងវត្តខេមររង្សីនេះឡើង ឧបាសិកាលីម ង៉ែត បានខ្នះខ្នែងជ្រៅមជ្រែងរាល់កិច្ចការងារវត្តមិនដែលបណ្តែតបណ្តោយថ្លោះធ្លោយធ្វេសប្រហែសឡើយ តែងតែជួយឧបត្ថម្ភវត្តទាំងកម្លាំងធនធានទ្រព្យសម្បត្តិ ទាំងកម្លាំងកាយ កម្លាំងចិត្ត ដូចយ៉ាងការធ្វើវេនចង្ហាន់ព្រះសង្ឃប្រចាំសប្តាហ៍ មានការធ្វើបុណ្យទានផ្សេង ៗ មានបុណ្យបច្ច័យ ៤ បុណ្យផ្កាប្រាក់ បុណ្យកឋិន ជាដើម ។ លើសជាងនេះទៅទៀត ឧបាសិកាជាអ្នកខ្ជាប់ខ្ជួនក្នុងការរក្សាសីល និងចម្រើនភាវនាទាំងនៅពេលបើកវគ្គសមាធិខ្លី ចំនួន ១០ នៅវត្តខេមររង្សីជារៀងរាល់ឆ្នាំ ទាំងនៅគេហដ្ឋានជាប្រចាំថ្ងៃ ។ ទន្ទឹមនឹងនោះ អ្វីដែលគួរឲ្យយើងគេរាល់គ្នាកោតសរសើរឧបាសិកា លីម ង៉ែត មិនដាច់ពីមាត់នោះគឺ សូម្បីតែនៅពេលដែលឧបាសិកាមានជំងឺប្រចាំកាយជាទម្ងន់ក៏ឧបាសិកានៅតែមិនលះបង់ការព្យាយាមអានព្រះត្រៃបិដកទាំង ១១០ ក្បាល ពីដើមដល់ចប់ ចប់សព្វគ្រប់ ដែលជាការកម្រមានអ្នកអានចប់ ។ មិនតែប៉ុណ្ណោះ ឧបាសិកានៅទាំងបានទូន្មានកូនចៅ របស់ខ្លួនឲ្យលុះដោយគន្លងធម៌ មានកតញ្ញុតាធម៌ ជាក់ស្តែងដូចជានៅពេលនេះស្វាមី និងកូនចៅរបស់ឧបាសិកាកំពុងផ្តួចផ្តើមធ្វើបុណ្យចម្រើនជន្មាយុ បុណ្យបច្ច័យ ៤ និងបុណ្យឆ្លងដើមពោធិព្រឹក្សជូនឧបាសិកា ក្នុងគោលបំណងធំបំផុតគឺប្រាថ្នាឲ្យឧបាសិកាបានជាសះស្បើយចាករោគ ហើយមានអាយុវែង ជាភាពកក់ក្តៅ និងជាម្លប់គ្របដណ្តប់លើកូនចៅតទៅ ។
សរុបខ្លី គុណសម្បត្តិពិសេសរបស់ឧបាសិកា លីម ង៉ែត គឺការព្យាយាមអានចប់ព្រះត្រៃបិដក និងការកំពុងអានអដ្ឋកថា និងការប្រតិបត្តិទាន សីល ភាវនា ដែលជា ឧបាសកសម្បត្តិនេះ ចាត់ទុកថាជាគំរូ ជាតម្រាយរបស់ឧបាសក ឧបាសិកាជាអនុជនតទៅ ។
សេចក្តីបញ្ជាក់ខ្លីថា ឧបាសកសម្បត្តិ ដែលពោលរៀបរាប់មកខាងលើនេះគឺជាអត្តសញ្ញាណប័ណ្ណរបស់ឧបាសក-សិកាក្នុងពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបញ្ជាក់ ។
នៅទីបំផុតសូមឲ្យឧបាសិកា លីម ង៉ែត បានស្ថិតនៅក្នុងឧបាសកសម្បត្តិ ជាដរាបរៀងទៅ កុំបីភ្លាត់ឃ្លាតឡើយ ដើម្បីជាស្ពានដើរឆ្លងទៅកាន់ត្រើយគឺព្រះនិព្វានជាសិវស្ថាន ។
Comments are closed.