ជីវប្រវត្តិ​សង្ខេប​របស់​ឧបាសិកា លឹម ង៉ែត​

255

​ឧបាសិកា លឹម ង៉ែត កើត​នៅ ឆ្នាំ ១៩៥០ នៅ​ភូមិ​កណ្តាល ឃុំ​ព្រះ​នេ​ត្ត​ព្រះ ស្រុក​ព្រះ​នេ​ត្ត​ព្រះ ខេត្តបាត់ដំបង បច្ចុប្បន្ន​ជា​ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ។​ ​ឪពុក​ឈ្មោះ លឹម ឈូ​យ​ ម្តាយ​ឈ្មោះ ឆុង ទី​ ។ ​ឧបាសិកា​លឹម ង៉ែត មាន​បងប្អូន​ចំនួន ៧ នាក់ គឺ​៖

  • ​ទី ១ ឧបាសក លឹម ឡាយ​ឃឿ​ក​
  • ទី ២ ឧបាសក លឹម កក​
  • ​ទី ៣ ឧបាសិកា លឹម ចួ​ង​
  • ទី ៤ លឹម លឿង​
  • ​ទី ៥ គឺ​ឧបាសិកា លឹម ង៉ែត​នេះឯង​
  • ទី ៦ ឧបាសិកា លឹម ឆ​ង​
  • ​ទី ៧ លឹម លួង ។​

កាល​នៅ​វ័យក្មេង​ឧបាសិកា​លឹម ង៉ែត​បានរួម​រស់នៅ​ជុំគ្នា​បងប្អូន​ទាំង ៧ នាក់ ក្នុង​គ្រួសារ​តែមួយ ក្រោម​បន្ទុក និង​ក្រោម​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ​ប្រកបដោយ​គន្លង​ធម៌​របស់​ឪពុកម្តាយ ។ ទន្ទឹមនឹងនោះ ឧបាសិកា​ក៏ដូចជា​បងប្អូន​ដទៃទៀត សុទ្ធសឹងតែ​ត្រូវបាន​ឪពុកម្តាយ​ឲ្យ​ទៅ​រៀនសូត្រ​នៅ​សាលា​ដូចជា​កូន​អ្នកភូមិផង​របង​ជាមួយ​ដែរ មិនតែប៉ុណ្ណោះ​បងប្អូន​ទាំង ៧ នាក់​របស់​ឧបាសិកា លឹម ង៉ែត សុទ្ធសឹងតែ​ជា​កូន​កតញ្ញូ​លុះ​ដោយ​ដំបូន្មាន ឧស្សាហ៍​រៀនសូត្រ ឱហាត​ជួយ​ធ្វើ​កិច្ចការងារ​ដល់​ម្តាយ​ឪពុក ។​

​នៅពេល​ឧបាសិកា លឹម ង៉ែត ពេញវ័យ​អាយុ ២៣ ឆ្នាំ ត្រូវបាន​ឪពុកម្តាយ​មេបា​រៀបចំ​លើក​ឲ្យ​មាន​ស្វាមី​តាម​ប្រពៃ​ជាតិ ជាមួយ​លោក​ឧបាសក សម យ៉ាំ កើត​ឆ្នាំ ១៩៥០ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប ក្នុង​ឆ្នាំ ១៩៧៣ មានកូន​ទាំងអស់ ៤ នាក់​, ប្រុស ៣ ស្រី ១ គឺ ៖

  • កូន​ទី ១ យ៉ាំ លី​ដី​យ៉ា ភេទ​ស្រី​
  • ​កូន​ទី ២ យ៉ាំ កាយ ភេទ​ប្រុស​
  • ​កូន​ទី ៣ យ៉ាំ កែវ ភេទ​ប្រុស​
  • ​កូន​ទី ៤ យ៉ាំ វ៉ាន់ ភេទ​ប្រុស ។

​ក្រុមគ្រួសារ​ឧបាសិកា លឹម ង៉ែត​ក៏ដូចជា​ក្រុមគ្រួសារ​ខ្មែរ​រាប់ម៉ឺន​គ្រួសារ​ទៀត​ដែល​ទទួលរង​ភ័យខ្លាច​អំពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត បាន​វេចសម្ពាយ​នាំគ្នា​ភៀសខ្លួន ចាក​ចេញពី​មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​ទាំង​អាល័យ​អាឡោះ​ស្រណោះស្រណោក មក​ជំរុំ​ភៀសខ្លួន​ខាវ​អី​ដាង ប្រទេស​ថៃ នៅ​ឆ្នាំ ១៩៨០ ។ រស់នៅ​ជំរុំ​អស់​រយៈពេល ៤ ឆ្នាំ ក្រុមគ្រួសារ​របស់​ឧបាសិកា​ក៏​បានមក​រស់នៅ​ប្រទេស​ទី ៣ ក្នុង​ថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៨៤ នៅ​រដ្ឋ​អូ​រី​ហ្គិ​ន (Oregon) ប្រទេស អាមេរិក ។ ក្រោយពី​បានរស់នៅ រដ្ឋ​អូ​រី​ហ្គិ​ន (Oregon) មួយរយៈ​ពេល ក៏​ផ្លាស់​ទីលំនៅ ទៅ​ទីក្រុង​ម៉ូ​ដេ​ស្តូ (Modesto) រដ្ឋ កាលីហ្វ័រ​ញ៉ា (California), បន្ទាប់មកទៀត​នៅ​ឆ្នាំ ១៩៩២ ក៏បាន​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ក្រុង​សាន់​ហូ​ស្សេ (San Jose) បើកហាង​ដូ​ណាត់ (DONUT) រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ។ នៅ​ឆ្នាំ ១៩៩៦ បាន​ទិញ​ផ្ទះមួយ​ខ្នង​នៅ​ទីក្រុង​សាន់​ហូ​ស្សេ (San Jose) លុះដល់​ឆ្នាំ ២០០៣ បាន​ទិញ​ផ្ទះមួយ​ខ្នង​ទៀត​នៅ​ក្រុង LIVERMORE រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) សហរដ្ឋអាមេរិក រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ ។ មកដល់​ឆ្នាំ ១៩៩៨ បានរៀបចំ​កូនស្រី​ច្បង ឈ្មោះ​យ៉ាំ លី​ដី​យ៉ា ឲ្យ​មានគូស្រករ ។ បន្ទាប់មកទៀត​រៀបចំ​កូនប្រុស​ឈ្មោះ យ៉ាំ កាយ ឲ្យ​មានគូស្រករ​ទៀត ។​

​ឧបាសិកា លឹម ង៉ែត ជា​ស្ត្រី​ខ្មែរ​អាមេរិកាំង​មួយរូប​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រាប់ម៉ឺន​នាក់​ទៀត ដែល​កាន់ខ្ជាប់​វប្បធម៌​ប្រពៃណីជាតិ និង​ព្រះពុទ្ធសាសនា ។ មិន​ត្រឹមតែ​ឧបាសិកា​ផ្ទាល់ខ្លួន​ជា​អ្នក​កាន់​ពុទ្ធសាសនា រក្សា​វប្បធម៌​ប្រពៃណីជាតិ ក្នុងការ​រស់នៅ​តែឯង​នោះទេ គឺ​ទាំង​ស្វាមី ទាំង​កូនប្រុស​ស្រី​របស់​ឧបាសិកា​សុទ្ធសឹងតែ​ជា​ពុទ្ធសាសនិកជន​ខ្មែរ ហើយ​ញ៉ាំង​ជីវិត​ឲ្យ​រស់នៅ​ប្រកបដោយ​គន្លង​ធម៌​ព្រះពុទ្ធ និង ដំបូន្មាន​ឪពុកម្តាយ យ៉ាង​ល្អប្រសើរ ។​

លើស​ជាងនេះទៅទៀត​ឧបាសិកា​បានចាប់ផ្តើម​អាន​ព្រះ​ត្រៃបិដក ដើម្បី​ស្វែងយល់​ឲ្យ​ចេះដឹង​ពុទ្ធសាសនា​តាំងពី​ចុងឆ្នាំ ២០១២ ទាំង​ដែល​ខ្លួន​កំពុងមាន​ជំងឺ​ប្រចាំ​ខ្លួន ។​

​ឧបាសិកា​បាន​ខិតខំ​ព្យាយាម​អាន​ព្រះ​ត្រៃបិដក លុះត្រាតែ​ចប់​ព្រះ​ត្រៃបិដក​ដែលមាន​ចំនួន ១១០ ក្បាល​ជា​ស្ថាពរ​ដូច​សេចក្តីប្រាថ្នា នៅ​ថ្ងៃពេញបូណ៌មី ខែ​ចេ​ត្ត ឆ្នាំមមែ សប្តស័ក ព​. ស​. ២៥៥៨ ទន្ទឹមនឹង​ពេលដែល​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ឧបាសិកា​ថា ជីវិត​របស់​ឧបាសិកា នៅសល់តែ​ត្រឹម ៦ ខែ​ទៀត​ប៉ុណ្ណោះ គឺ​ឧបាសិកា​បាន​ខិតខំ​ប្រើ​ពេលវេលា​ប្រមាណ ២ ឆ្នាំ ដើម្បី​អាន​ឲ្យ​ចប់​ព្រះ​ត្រៃបិដក​ជា​គម្ពីរ​ដើម​របស់​ព្រះពុទ្ធសាសនា ដែល​កត់ត្រា​ចារ​ចងទុក​នូវ​ធម៌អាថ៌​វិន័យ​ច្បាប់​ព្រះពុទ្ធសាសនា​ទាំងស្រុង​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​នេះឯង ។ នៅ​ពេលឮ​លោកគ្រូ​ពេទ្យ​ប្រាប់ថា​នៅ ៦ ខែ​ទៀត​ស្លាប់ ផ្ទុយ​ពី​ការតក់ស្លុត​ភ័យខ្លាច​នឹង​សេចក្តីស្លាប់ ឧបាសិកា​បែរជា​ត្រេកអរ​លាន់មាត់​ឡើង​កណ្តាល​សំឡេង​ទ្រហោយំ​ទាំង​តក់ស្លុត​របស់​ស្វាមី និង​កូនចៅ​ញាតិមិត្ត​នៅ​ជុំវិញ​ដោយ​ប្រាប់​ទៅ​កូន​នៅក្បែរនោះ​ថា “​ឱ ! បើ​ម៉ែរ​ស់បាន ៦ ខែ​ទៀត ជាការ​ល្អ​ណាស់ ម៉ែ​នឹង​បាន​អាន​ព្រះ​ត្រៃបិដក​ដែល​នៅសល់ ១០ ក្បាល​ទៀត​នោះ ឲ្យ​ដល់​ចប់​ចុង​ចប់​ដើម​ហើយ ។ ឧបាសិកា​បានបញ្ជាក់​ប្រាប់ថា ឧបាសិកា​រស់នៅ​ដោយ​ធម៌​មិន​ខ្វល់​ពី​ជីវិត​នៅសល់​បាន​ប៉ុន្មាន​នោះទេ​, ជាការ​សំខាន់​គឺ​ឧបាសិកា​បាន​បំពេញ​បំណង​របស់ខ្លួន​រួចហើយ​, បាន​ប្រើប្រាស់​ជីវិត​ដ៏​ត្រឹមត្រូវ​តាម​គន្លង​ធម៌​ដោយ​គ្មាន​ការសោកស្តាយ​ទៀតឡើយ ព្រោះ​បាន​អាន​ព្រះ​ត្រៃបិដក​ចប់សព្វគ្រប់ ធ្វើ​ឲ្យ​មានការ​យល់ដឹង​ត្រឹមត្រូវ​ត្រង់​តាម​ពុទ្ធ​សាសន៍ រឹតតែ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា ដែល​ទុកជា​ថ្នាំ​សម្រាប់​ព្យាបាល​ចិត្ត​ឧបាសិកា​កុំ​ឲ្យ​តក់ស្លុត​ភិតភ័យ​នឹង​សេចក្តីស្លាប់ ដែល​ឧបាសិកា​កំពុង​ប្រឈម​, អ្វីដែល​គួរ​ឲ្យ​អស្ចារ្យ​ក្នុង​ចិត្ត គឺ​កាលពី​ថ្ងៃទី ២០ ឧសភា ព​.​ស​. ២៥៥៩ គ​.​ស​. ២០១៥ ដែល​ឧបាសិកា​បានផ្តល់​បទ​សម្ភាស​មួយ ដល់​ទូរទស្សន៍​ព្រៃនគរ និយាយ​អំពី​ការអាន​ព្រះ​ត្រៃបិដក​របស់​ឧបាសិកា ក្នុង​កិច្ចសម្ភាសន៍​នោះ ភិក្ខុ​នាថ​សី​លោ ត្រឹង ថាច់ យុង បាន​សួរ​ឧបាសិកា​ថា តើ​ពេលវេលា​រស់នៅ​របស់​ឧបាសិកា​នៅសល់​ពេល​បាន​ប៉ុន្មាន​ទៀត ? ឧបាសិកា​ឆ្លើយ​ទាំង​ញញឹម​ថា​នៅសល់ ១ ខែ​ទៀត ។ ភាពក្លាហាន​ហ៊ាន​ប្រឈមមុខ​នឹង​សេចក្តីស្លាប់​ដោយ​មិន​ញាប់​ញ័រ​របស់​ឧបាសិកា​បញ្ជាក់​ឲ្យ​ឃើញថា​ការសិក្សា ការអាន ការយល់ដឹង ការប្រតិបត្តិ​ពុទ្ធសាសនា​របស់​ឧបាសិកា ពិត​ជាមាន​ប្រសិទ្ធភាព​ផ្តល់​ក្តី​សុខ​ឲ្យ​ឧបាសិកា​ប្រាកដ​មែន​, ព្រះធម៌​ពិតជា​អាចធ្វើ​ឲ្យ​អ្នកប្រតិបត្តិ​ក្លាហាន អាច​ហ៊ាន សមាទាន​កាន់​យក​ប្រទីប គឺ​ព្រះធម៌​បំភ្លឺ​ផ្លូវ​នៃ​ជីវិត​ឲ្យ​មើលឃើញ​សេចក្តី​ពិត មិន​ភ័យភិត មិន​ញាប់​ញ័រ មិន​គេចវេះ​ពី​សេចក្តី​ពិត​នៃ​ជីវិត​ដូចដែល​ជីវិត​នៃ​អ្នក​មិនមាន​ការប្រតិបត្តិ​ព្រះធម៌ គឺ​ឧបាសិកា​អាច​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​ជាមួយ​ជីវិត​ដ៏​ខ្លី​តាម​ពាក្យ​ដែល​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​, អាច​រក្សា​ចិត្ត​ឲ្យ​សុខ​ក្នុង​ជីវិត​ដែល​កំពុងមាន​ជំងឺ​ដែលមាន​អាការ​ប្រែប្រួល ឈឺចាប់ ស្ទើរ​រាល់ពេល​, នេះហើយ​ជាត​ម្លៃ​នៃ​បញ្ញា និង​ជាត​ម្លៃ​នៃ​ការរក្សា​គ្រប់គ្រង​ចិត្ត​តាម​គន្លង​ធម៌ សូម្បីតែ​រូប​កាយ​ឈឺ ក៏​គេ​អាច​រក្សា​ចិត្ត​ឲ្យ​ជា ការពារ​ចិត្ត​កុំ​ឲ្យ​ឈឺ គ្រប់គ្រង​ចិត្ត​កុំ​ឲ្យ​ញាប់​ញ័រ​នឹង​លោកធម៌ គឺជា​ខ្លឹមសារ​នៃ​ជីវិត​ដែល​រកបាន​ដោយ​កម្រ​, ការរក្សា​អភិបាល​ចិត្ត​ឲ្យ​ជានា​ក្នុង​រូប​កាយ​ឈឺ ជាការ​រក្សា​អភិបាល​បាន​ដោយ​កម្រ​ក្រៃលែង ។ ម្ល៉ោះហើយ​បានជា​ព្រះពុទ្ធសាសនា​ឲ្យ​តម្លៃ​លើ​ការរក្សា​ចិត្ត ការគ្រប់គ្រង​ចិត្ត ការអប់រំ​ចិត្ត ការ​ទូន្មាន​ចិត្ត ការជម្រះ​ចិត្ត ជា​ការងារ​ចាំបាច់​បំផុត ហើយ​ជា​មេ​ឬ​ជា​ទ្វារ​ប្រយោជន៍​ធំ​បំផុត​របស់​ជីវិត និង​លោក​ទាំងមូល ព្រោះ​ចិត្ត​គឺជា​មេដឹកនាំ​ជីវិត និង​ជា​មេដឹកនាំ​លោក​ទាំងមូល​, ជីវិត និង ពិភពលោក​នេះ​បាន​សុខ ឬ​ទុក្ខ​មកពី​ចិត្ត​ទាំងអស់ ពោលគឺ​យុគសម័យ​ណា​ចិត្តល្អ ចិត្ត​ស​សប្បុរស ចិត្តធម៌ ចិត្តជា ចិត្តបុណ្យ ចិត្ត​ចេះដឹង​មាន​វិជ្ជា ចិត្ត​ភ្លឺស្វាង​ដឹកនាំ​លោក លោក​នេះ​ក៏​រមែង​បាន​សេចក្តីសុខសាន្ត សន្តិសុខ សន្តិភាព វឌ្ឍនភាព សេរីភាព រុងរឿង​សម្បូណ៌​សប្បាយ តែបើ​យុគ​កាលណា​ចិត្តអាក្រក់ ចិត្ត​អសប្បុរស ចិត្ត​អធម្ម​ឥត​ធម៌ ចិត្ត​ព្យាបាទ ចិត្ត​ហិង្សា ចិត្ត​ឈឺ​ជោគជាំ​ដោយ​កិលេស ចិត្ត​បាប ចិត្ត​អវិជ្ជា ចិត្តខ្មៅ​ងងឹត​ដឹកនាំ​លោក ពិភពលោក​នេះ​ក៏​រមែង​ទទួលរង​នូវ​ទុក្ខទោស​ទ័​ណ្ឌ វិនាស​អន្តរាយ​ស្លាយ​សូន្យ​បង់​ចាក​សេចក្តីសុខសាន្ត មានតែ​អសន្តិសុខ និង​អណ្តាត​ភ្លើងសង្គ្រាម​នឹង​ឆេះឆាប ព្រម​គ្នា​នោះ​ហាយនភាព អយុត្តិធម៌ ទុរ្ភិក្ស​អត់ឃ្លាន​នឹង​កើតឡើង​មិន​លែង ។ ពាក្យ​ថា “​លោក​” សំដៅយក​អត្តភាព​គឺ​ជីវិត​នៃ​បុគ្គល​ម្នាក់ ៗ​, ក្រុមគ្រួសារ​នីមួយ ៗ សហគមន៍​នីមួយ ៗ ប្រទេស​នីមួយ ៗ និង​ពិភពលោក​ទាំងមូល លោក​ទាំងនេះ​សុទ្ធតែ​ត្រូវចិត្ត​ដឹកនាំ ដោយហេតុនេះ​បានជា​ព្រះពុទ្ធ ទ្រង់​លើកកម្ពស់​ការអប់រំ​ទូន្មាន​ចិត្ត ការបង្រៀន​ចិត្ត​ឲ្យ​ចេះដឹង ការដឹកនាំ​ចិត្ត​ឲ្យ​ភ្លឺស្វាង មិន​បណ្តោយ​ទុក​ឲ្យ​ចិត្ត​ដឹកនាំ​ខ្លួន​តាម​ទំនើង ឬថា​ត្រូវ​ដឹកនាំ​ចិត្ត​ឲ្យ​បាន​បទ​ជាមុនសិន មុននឹង​ឲ្យ​ចិត្ត​ដឹកនាំ​ខ្លួន ឬ​មុននឹង​ធ្វើជា​មេដឹកនាំ ទោះបី​ដឹកនាំ​ខ្លួនឯង ដឹកនាំ​គ្រួសារ ដឹកនាំ​សហគមន៍ ដឹកនាំ​ប្រទេស ដឹកនាំ​ពិភពលោក ក៏​សុទ្ធតែ​ត្រូវ​ដឹកនាំ​ចិត្ត​ជាមុន​ទាំងអស់ ដើម្បី​បង្ការ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ដឹក​នាំទៅរក​ផ្លូវខុស ផ្លូវ​ទុក្ខទោស​វិនាស សម​នឹង​ព្រះពុទ្ធ​តម្រាស់​ថា​៖

“​សុ​ទុ​ទ្ទ​សំ សុ​និ​បុ​ណំ យ​ត្ថ កាម​និ​បា​តិ​នំ ចិ​ត្តំ រ​ក្ខេ​ថ មេធាវី ចិ​ត្តំ គុ​ត្តំ សុ​ខាវ​ហំ​” ។​ “​អ្នកមាន​ប្រាជ្ញា គួរ​រក្សា​ចិត្ត​ដែល​ឃើញ​ដោយ​កម្រ​ក្រៃពេក ដែល​ល្អិត​ពេក​ណាស់ មាន​ប្រក្រតី​ធ្លាក់ចុះ​ទៅតាម​សេចក្តីប្រាថ្នា ក្នុង​អារម្មណ៍​ណាមួយ (​ព្រោះថា​) ចិត្ត​ដែល​គេ​រក្សា​ហើយ រមែង​នាំមក​នូវ​សេចក្តីសុខ ” ។​

​ពុទ្ធ​ជន​ទាំងឡាយ​គួរ​ខំ​នាំគ្នា​បង្អោន​ចិត្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា ហើយ​នាំយក​ពុទ្ធសាសនា​ចូលមក​ទុក​ក្នុង​ខ្លួន កុំ​ទុក​ឲ្យ​ពុទ្ធ​នៅ​តែលតោល​តែ​ក្នុង​ទូ ក្នុង​វត្ត និង​នៅតែ​ក្នុង​ក្រដាស​អត្តសញ្ញាណប័ណ្ណ ។ មួយទៀត​កុំ​គប្បី​ទុក​ពុទ្ធសាសនា​ឲ្យ​នៅតែ​ក្នុង​ចុង​អណ្តាត ត្រូវ​ទុក​ពុទ្ធសាសនា​ក្នុង​ក្រអៅបេះដូង ក្នុង​ការធ្វើ ការនិយាយ ការគិត​ជា​វិជ្ជមាន ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បានសម្រេច​ជា​ហិតានុហិតប្រយោជន៍ ជំហាន​ដំបូង យើង​តោង​មានការ​សិក្សា ការអាន ការស្រាវជ្រាវ ការ​ស្តាប់ ការ​ត្រិះរិះ​ពិចារណា ការរៀន​ព្រះ​ត្រៃបិដក អដ្ឋកថា និង​ស្នាដៃ​ថ្វីគំនិត​របស់​អ្នកប្រាជ្ញ​ពុទ្ធសាសនា ហើយ​ប្រឹងប្រែង​ប្រតិបត្តិ​ដោយ​ប្រិតប្រៀន​កុំ​ប្រិនប្រុន​ស៊ុនការ​នាំ​ឲ្យ​ខកខាន​ខូចខាត​ប្រយោជន៍ ដែល​ខ្លួន​ត្រូវបាន​ពី​ពុទ្ធសាសនា​ដ៏​វិសេស​លើសលន់​ពន់ពេក​ត្រចះត្រចង់​នេះ ។​

ភោ​សាធ​វោ ហៃ​សាធុ​សប្បុរស​ទាំងឡាយ​ជាទី​រាប់អាន គួរតែ​រំឭក​ផងដែរ​ថា ឧបាសិកា លឹម ង៉ែត ចាប់ផ្តើម​មាន​ជំងឺ នៅ​ឆ្នាំ ២០១៤ ក្រោយពី​រយៈពេល​បាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ដោយ​វិជ្ជាពេទ្យ​ដ៏​ជំនាញ​របស់លោក​គ្រូពេទ្យ​ទាំងឡាយ ជំងឺ​របស់​ឧបាសិកា​គ្រាន់តែ​បាន​ធូរស្រាល​តាម​ពេលវេលា​ខ្លះ ៗ តែ​មិនបាន​ជាសះស្បើយ​ជា​ស្ថាពរ​ឡើយ ។ នៅ​ដើមឆ្នាំ ២០១៦ នេះ​អាការរោគ​របស់​ឧបាសិកា​ក៏មាន​ភាពប្រែប្រួល​ចុះខ្សោយ​ជា​លំដាប់​បន្តិច​ម្តង ៗ ជាហេតុ​ធ្វើ​ឲ្យ​ស្វាមី កូនចៅ ញាតិមិត្ត និង​ព្រះសង្ឃ​វត្ត​ខេមររ​ង្សី មានការ​ទុក្ខ​ព្រួយបារម្ភ មានការ​អាណិតអាសូរ​ឧបាសិកា​ជា​ពន់ពេក តែ​មិនដឹង​ជា​ជួយ​សម្រាល ជួយ​ចែករំលែក ជួយ​រែកពុន​ឧបាសិកា​យ៉ាងដូចម្តេច​បាន ក្រៅពី​ការ​ទេសនា ការ​ឲ្យ​សីល ការសូត្រ​ធម៌ ការលើកទឹកចិត្ត ការសួរសុខទុក្ខ ការផ្គត់ផ្គង់​ទំនុកបម្រុង​ថែរក្សា​ដោយ​យកចិត្តទុកដាក់ ក៏​ជួយ​អ្វី​មិនកើត ។ ម្ល៉ោះហើយ​ស្វាមី​ព្រមទាំង​កូនចៅ​ញាតិមិត្ត​ក៏​មូលមតិ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចម្រើន​ជន្មាយុ និង បុណ្យ​បច្ច័យ ៤ ជូន​ឧបាសិកា នៅ​វត្ត​ខេមររ​ង្សី ក្រុង​សាន់​ហូ​ស្សេ នា​ថ្ងៃ ទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្នុង​គោលបំណង​ជូន​បុណ្យ​ដល់​ឧបាសិកា ទុកជា​គ្រឿង​ឧបត្ថម្ភ​គាំទ្រ​អាយុជីវិត និង​ជា​បុណ្យ​ឆ្លង​អាយុសង្ខារ​បង្ការ​ទុក​ឲ្យ​ហើយ​មុននឹង​លាចាក​លោក​នេះ​ទៅកាន់​លោក​ខាងមុខ មិនតែប៉ុណ្ណោះ ក្នុងពេលដែល​ឧបាសិកា លែង​ធ្វើដំណើរ​មក​វត្ត​សមាទានសីល ធ្វើ​វេន​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ឆាន់​ជា​ប្រក្រតី​ដូច​កាលពី​ពេលមុន​បាន ព្រះសង្ឃ​វត្ត​ខេមររ​ង្សី ដែលមាន​អាត្មា ភិក្ខុ ស៊ើ​ង យ៉ឹ​ង​រតនា ជា​ព្រះចៅអធិការ​វត្ត បាន​នាំ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទៅសួរសុខទុក្ខ ហើយក៏​ដើម្បី​បានជា​ស្រែបុណ្យ​ឲ្យ​ឧបាសិកា សមាទានសីល ស្តាប់​ព្រះធម៌ តាម​សេចក្តីប្រាថ្នា ។ លុះ​មកដល់​រសៀល​ថ្ងៃ​ចន្ទ ២ រោច ខែបុស្ស ឆ្នាំ មមែ​សប្តស័ក ព​.​ស​. ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ២៥ កម្ភៈ គ​.​ស​. ២០១៦ ជំងឺ​របស់​ឧបាសិកា​ក៏​ចាប់​រើ​ឡើង ធ​ញ​វើ​ឲ្យ​កម្លាំង​ថមថយ​ជា​លំដាប់ ។ លុះ​មកដល់​ថ្ងៃ​សុក្រ ៦ រោច ខែបុស្ស ឆ្នាំមមែ សប្តស័ក ព​.​ស​. ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ២៩ មករា គ​.​ស​. ២០១៦ ឧបាសិកា​លឹម ង៉ែត ក៏​ទទួលអនិច្ចកម្ម​នៅវេលា ៣ និង ២០ នាទី​ទៀបភ្លឺ ។ ឧបាសិកា​លឹម ង៉ែត​ជា​ស្ត្រី​ខ្មែរ​មួយរូប​ដែល​ប្រកបដោយ​រូបសម្បត្តិ​សម​សោភា ឫកពា​ចរិយា​សុភាព​សុភុំ​រម​ទ​ម្យ​សមរម្យ​គួរ​ឲ្យ​គោរព​រាប់អាន​នៃ​អ្នកផង​ទាំងឡាយ គឺជា​មនុស្ស​ល្អ​មួយរូប​ដែល​សង្គម​ទទួលស្គាល់ ព្រោះ​ឧបាសិកា​បានរស់នៅ​ដោយ​សុចរិតធម៌​ផង បាន​ជួយសង្គ្រោះ​អ្នកក្រក្សត់​នៅ​មាតុភូមិ​កម្ពុជា​ជាទីគោរព​ស្រឡាញ់​របស់​ឧបាសិកា​ផង ជាពិសេស​នៅពេល​ធ្វើបុណ្យ​ចម្រើន​ជន្មាយុ​របស់​ឧបាសិកា​កាលពីពេល​កន្លង​ហើយ​ថ្មី ៗ នេះ​ ។

​ឧបាសិកា​បាន​បរិច្ចាគ​ប្រាក់​ផ្ញើ​ទៅ​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ចូលរួមចំណែក​ជួយសង្គ្រោះ​កុមារ​ខ្មែរ​ជាដើម​ផង ។ មិនតែប៉ុណ្ណោះ​ឧបាសិកា​ពុទ្ធបរិស័ទ​អ្នក​ឧបត្ថម្ភ​វត្ត​ខេមររ​ង្សី​យ៉ាង​ជិតដិត​ស្និទ្ធស្នាល​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត​សទ្ធា ទោះបី​ឋិត​ក្នុងកា​លះ​ទេ​សះណា ឧបាសិកា​ក៏​នៅតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ព្រះសង្ឃ និង​គណៈកម្មការ ព្រមទាំង​ពុទ្ធបរិស័ទ​ជើងវត្ត​ខេមររ​ង្សី មិនដែល​លែងដៃ​លះបង់​ចោល​គ្នា​ម្តងណា​ឡើយ ។ ម្ល៉ោះហើយ​នៅពេល​ឧបាសិកា​ឈឺ​ធ្ងន់ ទាំង​ព្រះសង្ឃ ទាំង​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ទាំងអស់ តែងតែ​ទៅសួរសុខទុក្ខ ហើយ​ទាំង​បាន​នៅ​សិង និង​សម្រាន្ត​កំដរ​ឧបាសិកា​រហូតដល់​ដង្ហើម​ចុងក្រោយ​មិន​លះបង់​ចោល​ឧបាសិកា​នៅតែ​ជាមួយ​ក្រុមគ្រួសារ​ឡើយ ។​

រៀបរាប់​មកដល់​នេះ ធ្វើ​ឲ្យ​អាត្មា នឹកឃើញ​ដល់​ឧបាសិកា​ខ្លាំងណាស់ អាត្មា​សូម​រំឭក​អំពី​ជីវិតចុងក្រោយ​របស់​ឧបាសិកា ដែលមាន​ចិត្ត​តាំង​មាំ​នៅក្នុង​ព្រះសង្ឃ សូម្បីតែ​នៅពេលដែល​កម្លាំងកាយរ​បស់​ឧបាសិការ​ខ្សោះ​អស់​ស្ទើរ​លើកដៃ​លែងរួច ក៏​ឧបាសិកា​នៅតែ​ខំ​លើកដៃ​ថ្វាយបង្គំ​ព្រះសង្ឃ នៅពេល​ព្រះសង្ឃ​សំដែងធម៌ សូត្រធម៌ និង​សួរសុខទុក្ខ ។​

​ពេល​ភ្ញាក់​ដឹងខ្លួន​ម្តង ៗ ឧបាសិកា​តែង​សួរ​កូន​នៅក្បែរ​ថា កូន​ម៉ែ តើ​ព្រះសង្ឃ​និមន្ត​ទៅ​វត្ត​អស់ហើយ​ឬ ?, កូន ៗ ជម្រាប​គាត់​ថា ម៉ែ ! ព្រះសង្ឃ​គង់នៅ​ទីនេះ​ទេ​, ឮថា​ព្រះសង្ឃ​គង់នៅ ឧបាសិកា​ក៏​ញញឹម​សួរ​កូន​ថា កូន​ម៉ែ ថ្ងៃនេះ​បាន​អ្វី​ប្រគេន​ព្រះសង្ឃ​ឆាន់ ? បើ​នៅពេល​រសៀល​វិញ ឧបាសិកា​សួរ​កូន ឬ​អ្នក​នៅក្បែរ​ថា​មាន​ប្រគេន​ភេសជ្ជៈ​ព្រះសង្ឃ​ឆាន់​ឬ​នៅ ? គឺ​ចិត្ត​របស់​ឧបាសិកា​ប្រកបដោយ​សតិ​ក្នុង​សង្ឃានុស្សតិ​ជានិច្ច រហូត​ដល់ពេល​ឧបាសិកា​សម្រាន្ត​លង់លក់​លែង​ភ្ញាក់​ដរាប​ដល់​ផុតដង្ហើម​ដូច​ចង្កៀង​អស់​ប្រេង​រលត់​តាម​កម្សោយ​អណ្តាត​បន្តិច​ម្តង ៗ ដោយ​សម្រួល​យ៉ាង​ស្ងប់ស្ងាត់ ។ ចំណុច​មួយទៀត​ដែល​គួរ​ឲ្យ​ចងចាំ​មិន​ភ្លេច ហើយ​នាំ​ឲ្យ​យើង​គេ​មានការ​នឹក​ស្រណោះ មិន​អស់​អាល័យ​ដល់​ឧបាសិកា​កាន់តែខ្លាំង នោះ​គឺ​នៅពេល​គាត់​សួររក​ព្រះសង្ឃ គឺថា​ឲ្យ​តែ​ភ្ញាក់​ពេលណា​សួររក​ពេលនោះ អាត្មាភាព (​ភិក្ខុ ស៊ើ​ង យ៉ឹ​ង​រតនា​) និង​លោក​អង្គ​ដទៃ តែងតែ​នៅ​គង់​កំដរ​ក្បែរ​ឧបាសិកា ផ្លាស់​វេន​គ្នា​មិនសូវ​ឃ្លាតឆ្ងាយ ដើម្បី​ឲ្យ​ឧបាសិកា​បានឃើញ​ថា​ព្រះសង្ឃ​នៅទីនេះ នៅក្បែរ​ឧបាសិកា​នេះ នៅ​ជាមួយ​ឧបាសិកា​ជានិច្ច​មិន​ទៅណា​ចោល​ឧបាសិកា​ទេ ហើយ​មាន​ព្រះពុទ្ធដីកា​រំឭកស្មារតី លួងលោម​ចិត្ត ផ្តល់​កម្លាំងចិត្ត​ដល់​ឧបាសិកា ។ ពេល​សម្លឹង​ឃើញ​ព្រះសង្ឃ ឧបាសិកា​ធ្វើ​ទឹកមុខ​ញញឹម​ព្រើម ៗ ដូចជា​ចង់​ប្រាប់ថា ខ្ញុំព្រះករុណា យល់​ព្រះធម៌​ថា​សង្ខារ​មិន​ទៀង សូម​ព្រះទ័យ​ព្រះតេជព្រះគុណ កុំ​កង្វល់​ឡើយ ។ នៅពេល​ពេល​ព្រះសង្ឃ​ពន្យល់​ធម៌ សូត្រធម៌ ដល់​ឧបាសិកា ទោះ​អស់កម្លាំង​ល្វើយ​យ៉ាងណា​ឧបាសិកា​នៅតែ​ខំ​លើកដៃ​សំពះ​ទាំង​ភ្នែក​ធ្មេច​បើក​មិន​រួច ឈឺ​ប៉ុណ្ណឹង​ហើយ​ឧបាសិកា​នៅតែមាន​ចិត្ត​ព្រួយ​ខ្លាច​ព្រះសង្ឃ ដែល​នៅ​កំដរ​ជីវិតចុងក្រោយ​របស់គាត់​ហត់នឿយ ងងុយ​សិង ខ្លាច​មាន​អាពាធ ខ្លាច​ឆាន់​ចុក​មិន​គ្រប់គ្រាន់ ។ ឧបាសិកា​តែងតែ​តឿន​ព្រះសង្ឃ​ថា​ព្រះតេជព្រះគុណ ! សូម​ព្រះតេជព្រះគុណ និមន្ត​សិង​សម្រាក​លើ​គ្រែ​ក្បែរ​នោះ​ចុះ កុំ​គង់​យូរពេក នាំ​ឲ្យ​ចុក​ចង្កេះ ខ្ញុំព្រះករុណា​មិន​អី​ទេ សូម​ព្រះតេជព្រះគុណ​ថែ​សុខភាព ជាដើម រៀប​រាប់មិនអស់​ទេ​, នេះហើយ​អ្វី ៗ ដែលជា​ការជាក់ស្តែង ដែល​អាត្មា​បានឃើញ បានឮ បានដឹង​ជាក់ស្តែង ហើយ​មានចិត្ត​កោតសរសើរ​ចំពោះ​ស្មារតី​របស់​ឧបាសិកា​ដែល​បាន​អប់រំ​ចិត្ត​ហើយដោយ​ល្អ​ក្នុង​សាសនា​នេះ នេះហើយ​ជា​ខ្លឹមសារ ជា​សេចក្តីសុខ​នៃ​ជីវិត​មនុស្ស​យើង​រាល់​រូប​ហើយ​ជា​ទ្រព្យសម្បត្តិ​ដ៏​ពិសិដ្ឋ ដែល​ជីវិតចុងក្រោយ​របស់​យើង​រាល់​រូប​អាច​វេច​ស្ពាយ​តាម​ប្រាណ​ទៅកាន់​បរលោក​បាន ។​

​នៅ​ទីបំផុត​នៃ​ជីវប្រវត្តិ​សង្ខេប​របស់​ឧបាសិកា លឹម ង៉ែត​, អាត្មា​សូម​អធ្យាស្រ័យ​អភ័យទោស​រាល់​ការខ្វះខាត​ចំពោះ​ស្វាមី និង​ក្រុមគ្រួសារ​ញាតិមិត្ត របស់​ឧបាសិកា លឹម ង៉ែត ព្រោះ​រឿងរ៉ាវ​នៃ​ជីវិត​មនុស្ស​ម្នាក់ ៗ មាន​ច្រើនណាស់ យើង​មិនអាច​រៀបរាប់​ពិស្តារ​ឲ្យ​ចប់សព្វគ្រប់​ក្នុងពេល​ខ្លី​បានទេ ។ មុននឹង​បញ្ចប់​អាត្មាភាព សូម​ជូន​បុណ្យ​កុសល​ទាំងអស់​ដែល​យើងទាំងអស់គ្នា​បានរួម​គ្នា​ធ្វើ​ក្នុងថ្ងៃនេះ​ជូន​ចំពោះ​ឧបាសិកា លឹម ង៉ែត សូម​ឲ្យ​បុណ្យ​នេះ​បានជា​បច្ច័យ​នៃ​បដិសន្ធិ​របស់​ឧបាសិកា​ក្នុង​សុគតិភព​កុំបី​ខាន ៕​

ប្រវត្តិសរសេរដោយ

ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

អតីតសាស្ត្រាចារ្យ វិទ្យាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រៃកឫស្សី ដែនដីកម្ពុជាក្រោម

………….

អត្ថបទទាក់ទង៖

ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក

Comments are closed.