ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក
វត្តខេមររង្សី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥
ដោយ ភិក្ខុ ត្រឹង ថាច់ យុង (នាថសីលោ)
ឧបាសិកា លីម ង៉ែត កើតនៅ ឆ្នាំ ១៩៥០ នៅភូមិព្រះនេត្តព្រះ ស្រុកព្រះនេត្តព្រះ ខេត្តបាត់ដំបង បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា, ស្វាមី ឧបាសក យ៉ាំ សម កើតឆ្នាំ ១៩៥០ មានកូនទាំងអស់ ៤ នាក់ ប្រុស ៣ ស្រី ១ គឺ ៖
- កូនទី ១ ឧបាសិកា យ៉ាំ លីដីយ៉ា
- កូនទី ២ ឧបាសក យ៉ាំ ជិកាយ
- កូនទី ៣ ឧបាសក យ៉ាំ ជីកែវ
- កូនទី ៤ ឧបាសក យ៉ាំ ជីវ៉ាន់ ។

ក្រុមគ្រួសារឧបាសិកាបានភៀសខ្លួនមកជំរំខាវអីដាង ប្រទេសថៃ នៅឆ្នាំ ១៩៨០ ហើយបានមករស់នៅអាមេរិក នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៨៤ នៅរដ្ឋ Oregon ក្រោយមកផ្លាស់ទៅនៅទីក្រុងម៉ូដេស្ទោ (Modesto) រដ្ឋ កាលីហ្វ័រញ៉ា (California), បន្ទាប់មកទៀតនៅឆ្នាំ ១៩៩៣ ផ្លាស់មករស់នៅក្រុងសាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក រហូតមកទល់នឹងបច្ចុប្បន្ននេះ ។
ឧបាសិកា លីម ង៉ែត ជាស្ត្រីខ្មែរអាមេរិកាំងមួយរូបក្នុងចំណោមប្រជាពលរដ្ឋខ្មែរអាមេ រិកាំងរាប់ម៉ឺននាក់ទៀត ដែលកាន់ខ្ជាប់វប្បធម៌ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ។ មិនត្រឹមតែឧបាសិកាផ្ទាល់ខ្លួនម្នាក់ឯងជាអ្នកកាន់ពុទ្ធសាសនា រក្សាធម៌ក្នុងការរស់នៅតែឯងនោះទេ គឺទាំងស្វាមី ទាំងកូនប្រុសស្រីរបស់ឧបាសិកាសុទ្ធតែជាពុទ្ធសាសនិកជនខ្មែរ ហើយប្រកបជីវិតរស់នៅប្រកបដោយធម៌ ដោយដំបូន្មាន ។

លើសជាងនេះទៅទៀតឧបាសិកាបានចាប់ផ្តើមអានព្រះត្រៃបិដក ដើម្បីឲ្យចេះដឹងពុទ្ធសាសនានៅចុងឆ្នាំ ២០១២ ទាំងដែលខ្លួនកំពុងមានជំងឺប្រចាំខ្លួន ។ ឧបាសិកាបានខិតខំព្យាយាមអានព្រះត្រៃបិដក លុះត្រាតែចប់ព្រះត្រៃបិដកដែលមានចំនួន ១១០ ក្បាលជាស្ថាពរដូចសេចក្តីប្រាថ្នា នៅថ្ងៃពេញបូណ៌មី ខែចេត្ត ឆ្នាំមមែ សប្តស័ក ព. ស. ២៥៥៨ ទន្ទឹមនឹងពេលដែលលោកគ្រូពេទ្យបានប្រាប់ឧបាសិកាថា ជីវិតរបស់ឧបាសិកា នៅសល់តែត្រឹម ៦ ខែទៀតប៉ុណ្ណោះ គឺឧបាសិកាបានខិតខំប្រើពេលប្រពេលប្រមាណ ២ ឆ្នាំ ដើម្បីអានឲ្យចប់ព្រះត្រៃបិដកជាគម្ពីរដើមរបស់ព្រះពុទ្ធសាសនា ដែលកត់ត្រាចារចងទុកនូវធម៌អាថ៌វិន័យច្បាប់ព្រះពុទ្ធសាសនាទាំងស្រុងនៅក្នុងគម្ពីរព្រះត្រៃបិដកនេះឯង ។ នៅពេលឮលោកគ្រូពេទ្យប្រាប់ថានៅ ៦ ខែទៀតស្លាប់ ផ្ទុយពីការតក់ស្លុតភ័យខ្លាចនឹងសេចក្តីស្លាប់ ឧបាសិកាបែរជាត្រេកអរលាន់មាត់ឡើងកណ្តាលសំឡេងទ្រហោយំទាំងតក់ស្លុតរបស់ស្វាមី និងកូនចៅញាតិមិត្តនៅជុំវិញ ” ប្រាប់ទៅកូននៅក្បែរនោះថា “ឱ ! បើរស់បាន ៦ ខែទៀត ជាការល្អណាស់ ម៉ែនឹងបានអានព្រះត្រៃបិដកដែលនៅសល់ ១០ ក្បាលទៀតនោះ ដល់ចប់ហើយ ។ ឧបាសិកាបានបញ្ជាក់ប្រាប់ថា ឧបាសិការស់នៅដោយធម៌មិនខ្វល់ពីជីវិតនៅសល់បានប៉ុន្មាននោះទេ សំខាន់គឺឧបាសិកាបានបំពេញបំណងខ្លួនរួចហើយ, បានប្រើប្រាស់ជីវិតដ៏ត្រឹមត្រូវតាមគន្លងធម៌ដោយគ្មានការសោកស្តាយទៀតឡើយ ព្រោះបានអានព្រះត្រៃបិដកចប់សព្វគ្រប់ ធ្វើឲ្យមានការយល់ដឹងត្រឹមត្រូវត្រង់តាមពុទ្ធសាសន៍ រឹតតែជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ដែលទុកជាថ្នាំសម្រាប់ព្យាបាលចិត្តឧបាសិកាកុំឲ្យតក់ស្លុតភិតភ័យនឹងសេចក្តីស្លាប់ ដែលឧបាសិកាកំពុងប្រឈម, អ្វីដែលគួរឲ្យអស្ចារ្យក្នុងចិត្ត គឺពេលសួរថាពេលវេលារស់នៅរបស់ឧបាសិកានៅសល់បានប៉ុន្មានទៀត ? ឧបាសិកាឆ្លើយទាំងញញឹមថានៅសល់ ១ ខែទៀត ។ សេចក្តីក្លាហាន ប្រឈមមុខនឹងសេចក្តីស្លាប់របស់ឧបាសិកាបញ្ជាក់ឲ្យឃើញថាការសិក្សា ការអាន ការយល់ដឹង ការប្រតិបត្តិពុទ្ធសាសនារបស់ឧបាសិកាពិតជាមានប្រសិទ្ធភាពផ្តល់ក្តីសុខឲ្យឧបាសិកាប្រាកដមែន , ព្រះធម៌ពិតជាអាចធ្វើឲ្យអ្នកប្រតិបត្តិអាចហ៊ាន ក្លាហាន សមាទាន កាន់យកប្រទីបគឺព្រះធម៌បំភ្លឺផ្លូវនៃជីវិតឲ្យមើលឃើញសេចក្តីពិត មិនភ័យភិត មិនគេចវេះពីសេចក្តីពិតនៃជីវិតដូចដែលជីវិតមិនមានព្រះធម៌ គឺឧបាសិកាអាចរស់នៅប្រកបដោយសេចក្តីសុខជាមួយជីវិតដ៏ខ្លីតាមន័យដែលលោកគ្រូពេទ្យអាមេរិកាំងបានប្រាប់, អាចរក្សាចិត្តឲ្យសុខក្នុងជីវិតដែលកំពុងមានជំងឺដែលមានអាការប្រែប្រួល ឈឺចាប់, នេះហើយជាតម្លៃនៃបញ្ញា និងជាតម្លៃនៃការរក្សាគ្រប់គ្រងចិត្តតាមគន្លងធម៌ សូម្បីតែរូបកាយឈឺ ក៏គេអាចរក្សាចិត្តឲ្យជា ការពារចិត្តកុំឲ្យឈឺ គ្រប់គ្រងចិត្តកុំឲ្យញាប់ញ័រនឹងលោកធម៌ គឺជាខ្លឹមសារនៃជីវិតដែលរកបានដោយកម្រ, ការរក្សាអភិបាលចិត្តឲ្យជានាក្នុងរូបកាយឈឺ ជាការរក្សាអភិបាលបានដោយកម្រ ។ ម្ល៉ោះហើយបានជាព្រះពុទ្ធសាសនាឲ្យតម្លៃលើការរក្សាចិត្ត ការគ្រប់គ្រងចិត្ត ការអប់រំចិត្ត ការទូន្មានចិត្ត ការជម្រះចិត្ត ជាការងារចាំបាច់បំផុត ព្រោះចិត្តគឺជាមេដឹកនាំលោកនេះ លោកនេះបានសុខ ឬទុក្ខមកពីចិត្តទាំងអស់; យុគសម័យណាចិត្តល្អ ចិត្តធម៌ ចិត្តជា ចិត្តបុណ្យ ចិត្តចេះដឹងមានវិជ្ជា ចិត្តភ្លឺស្វាងដឹកនាំលោក លោកនេះក៏រមែងបានសេចក្តីសុខសាន្ត សន្តិសុខ សន្តិភាព វឌ្ឍនភាព សេរីភាព រុងរឿងសម្បូណ៌សប្បាយ តែយុគកាលណាចិត្តអាក្រក់ ចិត្តអធម្មថោកទាប ចិត្តឈឺជោគជាំដោយកិលេស ចិត្តបាប ចិត្តល្ងង់អវិជ្ជា ចិត្តខ្មៅងងឹត ដឹកនាំលោក លោកនេះរមែងទទួលនូវទុក្ខទោសទ័ណ្ឌ វិនាសអន្តរាយស្លាយសូន្យបង់ គ្មានទេសេចក្តីសុខសាន្ត មានតែអសន្តិសុខ ភ្លើងសង្គ្រាម ហាយនភាព អយុត្តិធម៌ ទុរ្ភិក្សអត់ឃ្លាន ។ ពាក្យថា “លោក” សំដៅយកអត្តភាពគឺជិវិតនៃបុគ្គលម្នាក់ ៗ, ក្រុមគ្រួសារនីមួយ ៗ សហគមន៍នីមួយ ៗ ប្រទេសនីមួយ ៗ និងពិភពលោកទាំងមូល លោកទាំងនេះសុទ្ធតែត្រូវចិត្តដឹកនាំ ដោយហេតុនេះបានជាព្រះពុទ្ធ ទ្រង់លើកកម្ពស់ការអប់រំទូន្មានចិត្ត ការបង្រៀនចិត្តឲ្យចេះដឹង ការដឹកនាំចិត្តឲ្យភ្លឺស្វាង មិនបណ្តោយទុកឲ្យចិត្តដឹកនាំខ្លួនតាមទំនើង ឬថាត្រូវដឹកនាំចិត្តឲ្យបានបទជាមុនសិន មុននឹងឲ្យចិត្តដឹកនាំខ្លួន ឬមុននឹងធ្វើជាមេដឹកនាំ ទោះបីដឹកនាំខ្លួនឯង ដឹកនាំគ្រួសារ ដឹកនាំសហគមន៍ ដឹកនាំប្រទេស ដឹកនាំពិភពលោក ក៏សុទ្ធតែត្រូវដឹកនាំចិត្តជាមុនទាំងអស់ ដើម្បីបង្ការប្រុងប្រយ័ត្នកុំឲ្យដឹកនាំទៅរកផ្លូវខុស ផ្លូវទុក្ខទោសវិនាស សមនឹងព្រះពុទ្ធតម្រាស់ថា៖
“សុទុទ្ទសំ សុនិបុណំ យត្ថ កាមនិបាតិនំ ចិត្តំ រក្ខេថ មេធាវី ចិត្តំ គុត្តំ សុខាវហំ” ។
“អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាហើយ រមែងនាំមកនូវសេចក្តីសុខ ” ។
ពុទ្ធជនទាំងឡាយគួរខំនាំគ្នាបង្អោនចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា នាំពុទ្ធសាសនាចូលមកទុកក្នុងខ្លួន កុំទុកឲ្យពុទ្ធនៅតែលតោលតែក្នុងទូ ក្នុងវត្ត និងនៅតែក្នុងក្រដាសអត្តសញ្ញាណប័ណ្ណ ។ មួយទៀតកុំគប្បីទុកពុទ្ធសាសនាឲ្យនៅតែក្នុងចុងអណ្តាត ត្រូវទុកពុទ្ធសាសនាក្នុងក្រអៅបេះដូង ក្នុងការធ្វើ ការនិយាយ ការគិតជាវិជ្ជមាន ។ ដើម្បីធ្វើកិច្ចការនេះឲ្យបានសម្រេចជាហិតានុហិតប្រយោជន៍ ជំហានដំបូងតោងមានការសិក្សា ការអាន ការស្រាវជ្រាវ ការស្តាប់ ការត្រិះរិះពិចារណា ការរៀនព្រះត្រៃបិដក អដ្ឋកថា និងស្នាដៃថ្វីគំនិតរបស់អ្នកប្រាជ្ញពុទ្ធសាសនា ហើយប្រឹងប្រែងប្រតិបត្តិដោយប្រិតប្រៀនកុំប្រិនប្រុនស៊ុនការនាំឲ្យខកខានខូចខាតប្រយោជន៍ដែលខ្លួនត្រូវបានពីពុទ្ធសាសនាដ៏វិសេសលើសលន់ពន់ពេកត្រចះត្រចង់នេះ ៕
Now you can create an app using app builder.
…………………………………
ភិក្ខុ ត្រឹង ថាច់ យុង (នាថសីលោ)
អតីតសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នាខេត្តព្រែកឫស្សី
សរសរមកកាន់ ភិក្ខុ ត្រឹង ថាច់ យុង តាមរយៈអ៊ីមែល៖ tranthachdung9@gmail.com
Comments are closed.