អ្នកបុរាណវិទ្យាលើកឡើងថា មិនត្រូវស្ដារ និងចាក់ច្រាំងថ្ម នៅស្រះគូ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អ្នកបុរាណវិទ្យាបានលើកឡើងថា រដ្ឋាភិបាលវៀតណាមមិនត្រូវចាក់ប៉េតុង ឬ ថ្មដើម្បីធ្វើជាច្រាំងនៅ ជុំវិញស្រះគូ ដែលជាស្រះបុរាណមួយរបស់ខ្មែរនៅក្នុងខេត្តព្រះត្រពាំងទេ និង មិនត្រូវស្ដារស្រះនេះ ឡើងវិញ ឡើយ ព្រោះវានឹងនាំឲ្យបាត់ទ្រង់ទ្រាយដើមនៃបុរាណដ្ឋាន ប្រសិនបើពលរដ្ឋខ្មែរក្រោម ចង់ស្នើដាក់ស្រះគូឲ្យចូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការ UNESCO ។

លោក លឹម ថេង ហាក់ ជាអ្នកបុរាណវិទ្យាខ្មែរក្រោមម្នាក់នៅប្រទេសកម្ពុជា និងសព្វថ្ងៃកំពុងតែធ្វើ ការនៅប្រទេសកូរ៉េ បានថ្លែងប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា រដ្ឋាភិបាលវៀតណាមមិនត្រូវធ្វើ ច្រាំងប៉េតុង ឬថ្មនៅជុំវិញស្រះគូទេ ។ លោកថា ការធ្វើបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់ទីតាំងបុរាណ និងថា ក្រោយពីការចាក់ប៉េតុង ឬ ថ្មនៅជុំវិញ ស្រះគូនឹងត្រូវក្លាយទៅជារបស់កែច្នៃ ឬជាស្រះ កាឡៃ លែងនៅជារបស់បុរាណទៀតហើយ ។
ករណីស្រះគូត្រូវគោកវិញ អ្នកបុរាណវិទ្យារូបនេះលើកឡើងថា មិនត្រូវស្ដារឡើងវិញឡើយ មុនពេល ដាក់សំណុំរឿងទៅអង្គការ UNESCO ធ្វើការសិក្សាដើម្បីទទួលស្គាល់ថាជាសម្បត្តិបេតិកភណ្ឌ របស់មនុស្សជាតិ ។ លោកលើកឡើងថា វត្ថុនីមួយៗដែលអង្គការ UNESCO ទទួលស្គាល់ថាជា សម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនោះ ត្រូវមានលក្ខណសម្បត្តិជាច្រើន ក្នុងនោះ ទីមួយត្រូវរក្សា នូវទ្រង់ទ្រាយដើម ទីពីរ មិនត្រូវកែច្ឆៃ ឬ ធ្វើឲ្យខូចនូវទ្រង់ទ្រាយដើម ព្រោះថា កាលណាខូចទ្រង់ ទ្រាយដើម វាលែងទៅជារបស់បុរាណទៀតហើយ ។
សូមអញ្ជើញស្ដាប់ការបកស្រាយរបស់ លោក លឹម ថេង ហាក់ ៖
សូមបញ្ជាក់ថា អង្គការសិក្សាវិទ្យាសាស្ត្រអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ហៅកាត់ជា ភាសាអង់គ្លេសថា UNESCO ជាទីភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានបង្កើត ឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ក្នុងគោលបំណងបង្រួបបង្រួមឲ្យមានសន្តិភាព ស្ថេរភាព ដោយលើកកម្ពស់ឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ ជាពិសេស ការគោរពជាសកល ដើម្បីឲ្យមានយុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្សសម្រាប់មនុស្សជាតិ ទូទាំងពិភពលោក ដោយមិនប្រកាន់ពូជសាសន៍ ភេទ ភាសា និង សាសនា ។ នេះបើយោងតាម អនុសញ្ញានៃការបង្កើតអង្គការ UNESCO ។
សព្វថ្ងៃ UNESCO មានប្រទេសចំនួន ១៩៥ ជាសមាជិក និង ប្រទេសចំនួន ៩ ជា អ្នកសង្កេត ការណ៍ ។ ទីស្នាក់ការកណ្ដាលរបស់ UNESCO នៅទីក្រុង Paris ប្រទេសបារាំង និងមានការិយា ល័យ វិទ្យាស្ថាន និងមជ្ឈមណ្ឌលប្រមាណជាង ៥០ នៅទូទាំងពិភពលោក ។ ការិយាល័យ នីមួយៗរបស់ UNESCO ធ្វើការជាមួយប្រទេសចំនួន ៣ ឬច្រើនជាងនេះ នៅតាមតំបន់នីមួយៗ ។
គម្រោងការដ៏ល្បីរបស់ UNESCO គឺការដាក់ចូលបញ្ជីនូវបេតិកភណ្ឌពិភពលោកដូចជា ជីវមណ្ឌល បម្រុង បេតិកភណ្ឌឯកសារពិភពលោក រមណីយដ្ឋានភូមិសាស្ត្រសកល និងបេតិកភណ្ឌអរូបី ជាដើម របស់មនុស្សជាតិ ។
សព្វថ្ងៃប្រទេសវៀតណាម វត្ថុ និងទីតាំងចំនួន ៨ ដែលអង្គការ UNESCO បានទទួលស្គាល់ថា បេតិកភណ្ឌពិភពលោក ក្នុងនោះ មានល្បែងទាញប្រាត់មួយដែរ ដែលពលរដ្ឋខ្មែរក្រោម តែងតែលេង ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ រដ្ឋាភិបាលវៀតណាមថា នោះជារបស់ជនជាតិយួនទៅវិញ ។
សូមបញ្ជាក់ដែរថា នៅពេលថ្មីៗនេះ មន្ទីរវប្បធម៌ខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលវៀតណាម បានលើក ឡើងថា ខ្លួនមានគម្រោងស្ដារស្រះគូ ឡើងវិញ ហើយនឹងធ្វើច្រាំងថ្មនៅជុំវិញស្រះ បន្ទាប់ពីស្រះ បុរាណរបស់ខ្មែរមួយនេះ ត្រូវរីងគោកនៅក្នុងខែមីនានេះ ។
កាលពីថ្ងៃទី ១៣ ខែមីនា ព្រះសង្ឃ និងក្រុមយុវជនខ្មែរក្រោមមួយក្រុមបានប្រមូលផ្ដុំគ្នានៅស្រះគូ និងបានដាក់ញត្តិមួយទៅមន្ទីរវប្បធម៌យួនខេត្តព្រះត្រពាំង សំណូមពរឲ្យរដ្ឋាភិបាលវៀតណាមស្ដារ ស្រះឡើងវិញ និងមិនឲ្យធ្វើច្រាំងថ្មជុំវិញស្រះ ។
សូមបញ្ជាក់ ស្រះគូ ឬ គូស្រះស្រី បានជីកដោយពលរដ្ឋខ្មែរក្រោមក្នុងសម័យចេនឡា ជា រមណី យដ្ឋានល្បី ឈ្មោះមួយស្ថិតនៅក្នុងភូមិតាគូ ឃុំសំរោង ស្រុក កំពង់ធំ ខេត្តព្រះត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដីកម្ពុជាក្រោម ។ សព្វថ្ងៃ ទីតាំងរបស់ស្រះគូ ត្រូវរដ្ឋា ភិបាលវៀតណាមប្ដូរអាសយដ្ឋានថ្មីទៅជា សង្កាត់ទី ៣ ខណ្ឌទី ៨ ទីក្រុង ព្រះត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះគូ នៅជាប់នឹងវត្តអង្គររាជបុរី (អង្គ) និងសារមន្ទីរខ្មែរ ខេត្ត ព្រះត្រពាំង ចម្ងាយពីមជ្ឈមណ្ឌលទីក្រុងព្រះត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយជាតិ លេខ ៥៣ ។ ស្រះគូ មានទំហំទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េត្រ ក្នុងបរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីស្រះប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅជុំវិញបរិវេណស្រះ មានដើម ឈើទាល និងគគីរដែលមានអាយុកាលរាប់រយឆ្នាំ ដោយមានឫសគងនៅលើដីកម្ពស់ជិត ២ ម៉េត្រ បង្កើត ទៅជាទេសភាពធម្មជាតិមួយយ៉ាងស្រស់ត្រកាល ។
ឆ្នាំ ១៩៩៦ បរិវេណវត្តអង្គ និងស្រះគូ ត្រូវបានក្រសួងវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀត ណាមទទួលស្គាល់ថាជា “កេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រថ្នាក់ជាតិ” របស់ប្រទេវៀតណាម ។ ស្រះគូ ជាទីកំសាន្ត និងកន្លែងសម្រាប់ចាត់តាំងបុណ្យជាតិ សំខាន់ៗរបស់ពលរដ្ឋ ខ្មែរក្រោមនៅខេត្តព្រះត្រពាំង ដូចជា ពិធីបុណ្យអកអំបុក និង ពិធីបុណ្យចូលឆ្នាំ ជាដើម ៕
Comments are closed.