វត្តមជ្ឍិមារាម (កណ្តាល) ព. ស. ១៨៦១ គ. ស. ១៣១៧

233

ប្រវត្តិ វត្តមជ្ឍិមារាម (កណ្តាល)
ភូមិតាខៅ ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម
( ấp Trà Kháo, Xã Hòa ân, Huyện Cầu Kè, Trà Vinh)

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ម​ជ្ឍិ​មា​រាម (​កណ្តាល​) ជា​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​មួយ ឋិត​នៅក្នុង​ភូមិ​តា​ខៅ ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ ត្រពាំង ដែនដី​កម្ពុជា​ក្រោម បានកកើតឡើង​ក្នុង​ឆ្នាំ ១៨៦១ នៃ​ពុទ្ធសករាជ និង ១៣១៧ នៃ​គ្រិស្តសករាជ ។ បើ​គិត​ចាប់ តាំងពី​ឆ្នាំ​កកើត​រហូតមក​ទល់នឹង​ឆ្នាំ ២០១៧ នៃ​គ្រិស​ក​រាជ វត្ត​នេះ មាន​អាយុកាល ៧០០ ឆ្នាំ​គត់ ។​

ព្រះវិហារវត្តមជ្ឈិមារាម (កណ្ដាល) ។
ព្រះវិហារវត្តមជ្ឈិមារាម (កណ្ដាល) ។

ប្រវត្តិ៖

​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្តាល​) បានកកើតឡើង​នៅ​ឆ្នាំម្សាញ់ នព្វស័ក ព​. ស​. ១៨៦១ គ​. ស​. ១៣១៧ ម​. ស​. ១២៣៩ ច​. ស​. ៦៧៩ ដោយ​ឧបាសក​នាម យោគ និង ឧបាសិកា នាម ម៉ាញ់ នៅ​ភូមិ​កណ្តាល ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា​នៅក្នុង​ព្រះពុទ្ធ សាសនា​បាន​ប្រគេន​ដី​ចំនួន ១៧,៥ កុង ជា​មូលដ្ឋាន​ដើម្បី​កសាង​វត្ត​នេះ ។ ដោយហេតុ​ដីស្រែ​មាន​ជ្រុង​មិន​ស្មើ ការកសាង វត្ត​ក៏​មិនបាន​ស្មើ​ជ្រុង​ដែរ ។ ដូច្នេះ វត្ត​នេះ ដំបូង​ឡើយ ជា​ចតុកោណ​រាង​កាំជណ្តើរ លុះ​ចំណេរ​កាល​មក​ខាងក្រោយ​រវាង​ឆ្នាំ មមី ច​ត្វ​ស័ក ព​. ស​. ២៤៨៦ គ​. ស​.១៩៤២ លោក ថៃ ដៀង (Thay Den) ជនជាតិ​ចិន នៅ​ភូមិ​តា​ខៅ (Tra Khao) មាន​សទ្ធា​បាន​ប្រគេន​ដី​ចំនួន ៥,៥ កុង តាម​បណ្តោយ​វត្ត​ទិស​ខាងជើង​ឆៀង​ឦសាន ដើម្បី​ឲ្យ​ពេញ​ជ្រុង​តែ​នៅតែ​ខ្វះ ជ្រុង​អាគ្នេយ៍​ឆៀង​ត្បូង ដដែល​រហូតមកដល់ ឆ្នាំកុរ នព្វស័ក ព​. ស​. ២៤៩១ គ​. ស​.១៩៤៧ ទើប តា សៀ​ស យាយ សាង ជា​ជន​ជាតិចិន នៅ​ភូមិ​ត្រា​ខៅ ក៏មាន​សទ្ធា ប្រគេន​បន្ថែមចំនួន ៣ កុង បណ្តោយ​ទិស​ខាងត្បូង​និង​អ​គ្នេ​យ៍​ទៀត ទើប​វត្ត​នេះ បាន​ពេញ ជ្រុង​រហូតដល់​សព្វថ្ងៃ ។ ដូច្នេះ វត្ត​ម​ជ្ឍិ​មា​រាម បច្ចុប្បន្ននេះ មាន​ទំហំ​ផ្ទៃដី​ចំនួន ២៦ កុង (​គឺ ៤ ជ្រុង​ទ្រវែង​៖ បណ្តោយ ២៨ ២ ម៉ែត្រ​, ទទឹង ១៤១ ម៉ែត្រ​) ។​

ព្រះសង្ឃរាប់បាត្រ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១០ ។
ព្រះសង្ឃរាប់បាត្រ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១០ ។

ទីតាំងភូមិសាស្ត្រ និងឈ្មោះវត្ត៖

​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​) មាន​ព្រំដែន​ជាប់​នឹង​វត្ត​នានា​នៅ​ជុំវិញ ដូចតទៅ​នេះ​៖

១. ខាងកើត​ទល់នឹង​ភូមិ​ស្វាយជ្រំ​ត​ភ្ជាប់​នឹង​ភូមិ​ពោធិ៍ (​វត្ត​ពោធិ៍​ភិរម្យ​រង្សី​) ។​
២. ខាង​អាគ្នេយ៍​ត​ភ្ជាប់​នឹង​ភូមិគ​គ្រង ។​
៣. ខាងត្បូង​ត​ភ្ជាប់​នឹង​ភូមិ​អំពិល​លើ និង​វត្ត​សម្បួរ​រង្សី ។​
៤. ខាង​និរតី​ត​ភ្ជាប់​នឹង​ជើង​ក្រាំង ។​
៥. ខាងលិច​ត​ភ្ជាប់​នឹង​ភូមិ​កណ្តាល និង ចុង​ក្រមុំ​ទៀង ។​
៦. ខាង​ពាយ័ព្យ ជាប់​នឹង​វត្ត​បទុម​ក្រពុំ​រត្ន​កេសរ​បុប្ផា​ចម្ប៉ា​មាស (​សំ​ណឹ​ង​ធំ​) ។​
៧. ខាងជើង ភ្ជាប់​នឹង ភូមិ​តា​ណា​ល​, វត្ត​ចាស់​, ភូមិ​ឈើទាល ។​
៨. ខាង​ឦសាន ភ្ជាប់​នឹង វត្ត​ចាស់​, ភូមិ​ឈើទាល ។​

​ដោយមាន​ភូមិ និង​វត្ត​នានា​នៅ​ជុំវិញ​យ៉ាង​ហ្នឹងហើយ ទើប​លោក​បណ្ឌិត​ព្រឹទ្ធាចារ្យ​ប្រសិទ្ធិ​នាម​វត្ត​នេះ​ជា​ភាសាបាលី​ថា “​ម​ជ្ឈិ​មា​រាម​” ដែល​ប្រែជា​ភាសា​ខ្មែរ​ថា “​អារាម​កណ្ដាល ឬ វត្ត​កណ្ដាល​” ឲ្យ​ត្រូវ​ន័យ​នឹង​វត្ត​នេះ ដែល​ឋិត​នៅ​ចំ​កណ្ដាល​ភូមិ និង​វត្ត​នានា​ដែល​នៅ​ជុំវិញ ហើយ​ម្យ៉ាងទៀត ដោយសារ​វត្ត​នៅជាប់​នឹង​ក្បាល ភូមិ​កណ្តាល​ផង ទើប​អ្នកស្រុក​ហៅ​នាម​សាមញ្ញ ថា វត្ត​កណ្តាល ៗ តរៀង​រហូតមក សព្វថ្ងៃ ។​

ព្រះចៅអធិការ និងព្រះឧបជ្ឈាយ៍៖

ព្រះនាម​ព្រះចៅអធិការ​គ្រប់គ្រង​តាំងពី​កកើត​វត្ត​រហូតដល់ ព​. ស​. ២៤០៤ គ​. ស​. ១៨៦០ គេ​នៅ​មិនទាន់​បានដឹង​ច្បាស់​ថា មាន​ប៉ុន្មាន​អង្គ​នៅឡើយ តែបើ​គិត​ចាប់តាំងពី​ឆ្នាំ ព​. ស​. ២៤០៤ គ​. ស​. ១៨៦០ ដល់ ព​. ស​. ២៥៥៨ គ​.​ស​. ២០១៥ វត្ត​នេះ បាន​ឆ្លងកាត់​ការគ្រប់គ្រង​របស់​ព្រះចៅអធិការ និង​ព្រះ​ឧបជ្ឈាយ៍​ចំនួន ៩ ជំនាន់ ឬ ៩ អង្គ ។​

ព្រះចៅអធិការ និង ព្រះឧបជ្ឈាយ៍ទាំងនោះ រួមមាន៖

១- ព្រះចៅអធិការ និង ព្រះ​ឧប្បជ្ឈាយ៍​នាម តន់ គ្រប់គ្រង​តាំងពី ឆ្នាំវក ទោស័ក ព​. ស​. ២៤០៤ គ​. ស​. ១៨៦០ ដល់​ឆ្នាំរកា សប្តស័ក ព​. ស​. ២៤២៩ គ​. ស​. ១៨៨៥ គឺ​បាន​ចំនួន ២៥ ឆ្នាំ ព្រះអង្គ​បាន​អនិច្ចធម្ម​ទៅ ។ សូមជម្រាបថា ព្រះ​ឧបជ្ឈាយ៍​នៅ​មណ្ឌល​នេះ​តាំងពី​បូរាណ​រហូតមកដល់​ប​ច្ចុ​ប្បន្ន មានអំណាច​គ្រប់គ្រង​ព្រះសង្ឃ​ចំនួន ៧ វត្ត​គឺ វត្ត​ម​ជ្ឈិ​មា​រាម (​កណ្តាល​), វត្ត​ជ្រោយ​ប្រាសាទ (​ចុង​ខ្សាច់​), វត្ត​ពោធិ​ភិរម្យ​រង្សី (​ពោធិ៍​) , វត្ត​សម្បួរ​រង្សី (​សម្បួរ​), វត្ត​បទុម​ក្រពុំ​រ័ត្ន​កេសរ​បុ​បា្ផ ចម្ប៉ា​មាស (​សំ​ណឹ​ង​ធំ​) , វត្ត​សាលវ័ន (​តា​ឱក​), វត្ត​ពោធិ​មានជ័យ​សិរី​ឧ​ត្ត​ម (​ពោធិ៍ធំ​) ។​

ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ ញ៉ែម ។
ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ ញ៉ែម ។

២-​ព្រះចៅអធិការ​នាម តូច ពី​ឆ្នាំច អដ្ឋស័ក ព​. ស​. ២៤៣០ គ​. ស​. ១៨៨៦ ដល់​ឆ្នាំម្សាញ់ សប្តស័ក ព​. ស​. ២៤៤៩ គ​. ស​. ១៩០៥ បាន​ចំនួន ១៩ ឆ្នាំ ព្រះអង្គ​ក៏បាន​លាចាក​សិក្ខាបទ (​សឹក​) ក្នុង​ជន្មាយុ ៦០ ឆ្នាំ រួច​អនិច្ចកម្ម​ក្នុង​ជន្មាយុ ៨១ ឆ្នាំ នៅ​ភូមិ កណ្តាល ។ ព្រះ​តេជគុណ នាម តូច កើត​នៅក្នុង​ឆ្នាំម្សាញ់ សប្តស័ក ព​. ស​. ២៣៨៩ គ​. ស​. ១៨៤៥ និង​បាន​ស្លាប់​នៅ ក្នុង​ឆ្នាំខាល អដ្ឋស័ក ព​. ស​. ២៤៧០ គ​. ស​. ១៩២៦ ។​

៣- ព្រះចៅអធិការ​នាម យ៉ង់ គ្រប់គ្រង​ពី​ឆ្នាំមមី អដ្ឋស័ក ព​. ស​. ២៤៥០ គ​. ស​. ១៩០៦ ដល់​ឆ្នាំ​ម្ស៉ា​ញ់ នព្វស័ក ព​. ស​. ២៤៦១ គ​. ស​. ១៩១៧ បាន​ចំនួន ១១ ឆ្នាំ ។ លោក​លាចាក​សិក្ខាបទ ក្នុង​ព្រះ​ជន្មាយុ ៥១ ឆ្នាំ រួច​អនិច្ចកម្ម​ក្នុង​ជន្មាយុ ៦៥ ឆ្នាំ​នៅ​ភូមិ​កណ្តាល ។ ព្រះចៅអធិការ​នាម យ៉ង់ កើត​ឆ្នាំខាល អដ្ឋស័ក ព​. ស​. ២៤១០ គ​. ស​. ១៨៦៦ រួច​បាន​អនិច្ចកម្ម នៅ​ឆ្នាំមមែ ត្រី​ស័ក ព​. ស​. ២៤៧៥ គ​. ស​. ១៩៣១ ។​

ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ លិន ។
ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ លិន ។

៤-​ព្រះចៅអធិការ​នាម សុ​វ​ណ្ណេ​ត្ថេ​រ ថាច់ លិញ ពី​ឆ្នាំមមី សំ​រិ​ទ្ធិ​ស័ក ព​. ស​. ២៥៦៣ គ​. ស​. ១៩១៨ ដល់​ឆ្នាំជូត អដ្ឋស័ក ព​. ស​. ២៤៨០ គ​.​ស​. ១៩៣៦ បាន ១០ ឆ្នាំ រួច​បាន​អនិច្ចធម្ម​ទៅ​ទាំង​ជាស​ង្ឃ ។​

ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ ពេជ្រ ។
ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ ពេជ្រ ។

៥ – ព្រះ​ឧបជ្ឈាយ៍​ព្រះនាម សុវណ្ណ​ជោតិ ថាច់ ពេជ្រ ពី​ឆ្នាំឆ្លូវ នព្វស័ក ព​. ស​. ២៤៨១ គ​. ស​. ១៩៣៧ ដល់​ឆ្នាំមមី ឆស័ក ព​. ស​. ២៤៩៨ គ​. ស​. ១៩៥៤ បាន ១៧ ឆ្នាំ ។ ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ថាច់ ពេជ្រ ប្រសូត នៅក្នុង ព​. ស​. ២៤២៣ គ​. ស​. ១៨៧៩ និង​បាន​អនិច្ចធម្ម​ទៅ​នៅ ព​. ស​. ២៤៩៨ គ​. ស​. ១៩៥៤ ក្នុង​ជន្មាយុ ៧៥ វស្សា ។​

ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ តុន ។
ព្រះឆាយាលក្ខណ៍ ព្រះតេជគុណ ថាច់ តុន ។

៦-​ព្រះចៅអធិការ​និង​ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ថាច់ តុ​ន ពី​ឆ្នាំមមែ សប្តស័ក ព​. ស​. ២៤៩៩ គ​. ស​. ១៩៥៥ ដល់​ឆ្នាំថោះ សប្តស័ក ព​. ស​. ២៥១៩ គ​. ស​. ១៩៧៥ បាន​ចំនួន ២០ ឆ្នាំ លោក​អនិច្ចធម្ម​ក្នុង​ជន្មាយុ ៨០ វស្សា ។​

ព្រះឆាយាលក្ខណ៍ ព្រះចៅអធិការ ថាច់ ហឹម ។
ព្រះឆាយាលក្ខណ៍ ព្រះចៅអធិការ ថាច់ ហឹម ។

៧-​ព្រះចៅអធិការ​នាម ថាច់ ហឹម ពី​ឆ្នាំរោង អដ្ឋស័ក ព​. ស​. ១៥២០ គ​. ស​. ១៩៧៦ ដល់​ឆ្នាំមមី ត្រី​ស័ក ព​. ស​. ២៥៣៥ គ​. ស​. ១៩៩១ បាន ១៥ ឆ្នាំ លោក​អនិច្ចធម្ម​ក្នុង​ជន្មាយុ ៧៦ វស្សា ។​

៨ -​ព្រះចៅអធិការ វិនយ​ត្ថេ​រ ថាច់ តឺ រដ្ឋា ពី​ឆ្នាំវក ចត្វា​ស័ក ព​. ស​. ២៥៣៦ គ​. ស​. ១៩៩២ គ្រប់គ្រង​រហូតដល់ ឆ្នាំថោះ ត្រី​ស័ក ព​. ស​. ២៥៥៥ គ​. ស​. ២០១២ បាន ២០ ឆ្នាំ ក៏បាន​លាចាក​សិក្ខាបទ​ទៅ ។ ព្រះចៅអធិការ វិនយ​ត្ថេ​រ ថាច់ តឺ រដ្ឋា ជា​កូន​របស់ លោកតា ថាច់ សែ និង លោកយាយ ថាច់ ធី យឹម នៅ​ភូមិ​ឈើទាល់ ឬ ភូមិ​យង់​យៅ ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។​

៩- ព្រះចៅអធិការ សុវណ្ណ​ត្ថេ​រ ប៉ោ សា​រេ​ន ឬ​ឈ្មោះ​ជា​ផ្លូវការ ថាច់ ថាវ (Thach Thao) ចាប់ពី ឆ្នាំថោះ ត្រី​ស័ក ព​. ស​. ២៥៥៥ គ​. ស​. ២០១២ រហូតមកដល់​បច្ចុប្បន្ន​នេះ ។ ព្រះចៅអធិការ សុវណ្ណ​ត្ថេ​រ ប៉ោ សា​រេ​ន ជា​កូន​របស់ លោកតា ថាច់ ប៉ោ និង លោកយាយ ថាច់ ធី លក្ខណ៍ នៅ​ភូមិ​ឈើទាល់ ឬ ភូមិ​យង់​យៅ ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។​

​សព្វថ្ងៃ នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​វត្ត​ទាំងអស់​ចំនួន ១៤២ វត្ត ក្នុងនោះ​វត្ត​សម្បួរ​រង្សី (​សម្បួរ​) បានកកើតឡើង ក្នុង ព​. ស​. ៩១៧ គ​. ស​. ៣៧៣ បើ​គិត​មកទល់​ឆ្នាំ ២០១៥ នេះ វត្តមាន​អាយុកាល ១៦៤២ ឆ្នាំ​ហើយ ៕​

……………………………..

យោង និងកែសម្រួលចេញពីអត្ថបទ ប្រវត្តិ វត្តមជ្ឍិមារាម (កណ្តាល)

រូបថត ព្រះឆាយាលក្ខណ៍ ដោយ ថាច់ សុតឹម

……………………………..

ខាងក្រោមជារូបថតមួយចំនួន នៃវត្តមជ្ឈិមារាម (កណ្ដាល)

ព្រះតេជព្រះគុណ ថាច់ តឺរដ្ឋា និង ព្រះតេជព្រះគុណ ប៉ោ សារេន ថតរូបជាមួយនឹងព្រះសង្ឃក្នុងវត្តកាលពីឆ្នាំ ២០១០ ។
ព្រះតេជព្រះគុណ ថាច់ តឺរដ្ឋា និង ព្រះតេជព្រះគុណ ប៉ោ សារេន ថតរូបជាមួយនឹងព្រះសង្ឃក្នុងវត្តកាលពីឆ្នាំ ២០១០ ។
ពិធីបុណ្យបញ្ចុះបឋមសិលា និងសែនព្រែនក្រុងពាលី កាលពីថ្ងៃសុក្រ ៩ រោច ខែកត្តិក ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ៧ ខែឆ្នូ គ. ស. ២០១២ ដើម្បីកសាងសាលាធម្មសភាថ្មី ។
ពិធីបុណ្យបញ្ចុះបឋមសិលា និងសែនព្រែនក្រុងពាលី កាលពីថ្ងៃសុក្រ ៩ រោច ខែកត្តិក ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ៧ ខែឆ្នូ គ. ស. ២០១២ ដើម្បីកសាងសាលាធម្មសភាថ្មី ។

Comments are closed.