អ្នក​សារព័ត៌មាន​កំពុង​រង​ការ​បំពាន​សិទ្ធិ​ពី​សមត្ថកិច្ច

0 339

ភ្នំពេញៈ មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​រង​នូវ​អំពើ​ហិង្សា​និង​បំពាន ការ​រំលោភ​សិទ្ធិ ពី​សំណាក់​សមត្ថកិច្ច​ដែល​បង្ក្រាប​បាតុកម្ម​រហូត​ដល់​ធ្វើ​ឲ្យ​ប៉ះពាល់​រាង ​កាយ​និង​បាត់បង់​សម្ភារ ក្នុង​ពេល​បំពេញ​ការងារ​ទៀត​ផង។

លោក តាំង ឈិនសុធី អ្នកថតរូបរបស់ស្ថាប័នសារព័ត៌មានអន្តរជាតិ ដែលត្រូវបានវាយនឹងដំបងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ កាលពីថ្ងៃចន្ទ ក្នុងទីក្រុងភ្នំពេញ។ រូបថត សហការី
លោក តាំង ឈិនសុធី អ្នកថតរូបរបស់ស្ថាប័នសារព័ត៌មានអន្តរជាតិ ដែលត្រូវបានវាយនឹងដំបងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ កាលពីថ្ងៃចន្ទ ក្នុងទីក្រុងភ្នំពេញ។ រូបថត សហការី

កាល​ពី​ថ្ងៃ ទី២៧ មករា ដែល​មាន​ការ​ធ្វើ​បាតុកម្ម​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង ព័ត៌មាន ដឹក​នាំ​ដោយ​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ដែល​សុំ​បង្កើត​ទូរទស្សន៍​ឯករាជ្យ លោក តាំង ជិនសុធី អ្នក​ថត​រូប​អាជីព​របស់​ទីភ្នាក់ងារ​សារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) បាន​រង​ការ​វាយ​នឹង​ដំបង​ពី​សំណាក់​សមត្ថកិច្ច​ស្លៀក​ឯកសណ្ឋាន។

លោក ជិន សុធី អាយុ ៤០ឆ្នាំ ដែល​បម្រើការ​ឲ្យ​សារព័ត៌មាន​ក្រៅ​ស្រុក​ជាង ១០ឆ្នាំ និយាយ​ថា លោក​មិន​នឹក​ស្មាន​សោះ​ថា សមត្ថកិច្ច​វាយ​លោក​នៅ​ពេល​លោក​ប្រាប់​ថា ជា​អ្នក​កាសែត។ លោក​ថា៖

«ខ្ញុំ​ស្រែក​ហៅ​មិត្តម្នាក់​ជា​ជនជាតិ ជប៉ុន កុំ​ឲ្យ​ទៅ​ជិត​កន្លែង​វ៉ៃ គ្នា​ពេក គេ​ក៏​មក​វាយ​ខ្ញុំ ហើយ​ខ្ញុំ​ស្រែក​ថា អ្នក​កាសែត​បរទេស​ទេ គេ​ក៏​វាយ ហើយ​ថា អ្នក​កាសែត​ក៏​វ៉ៃ​ដែរ។ នេះ​កុំ​តែ​បាន​មួក កុំ​អី​ខ្ញុំ…»។

លោក​ហួស​ចិត្ត​នឹង​សមត្ថកិច្ច​ដែល​នេះ​មិន​មែន​លើក ទី១ ក្នុង​ការ​បំពាន​លើ​សេរីភាព​សារព័ត៌មាន​ក្នុង​ពេល​ចុះ​ថត​យក​រូបភាព​ក្នុង​ បាតុកម្ម​ផ្សេងៗ ក្នុង ២ ខែ​ចុង​ក្រោយ​នេះ​ទេ។ លោក​បន្ត​ថា៖

«ការ​បង្រ្កាប​អ្នក​តវ៉ា​ជា​រឿង​របស់​អាជ្ញាធរ​និង​បាតុករ តែ​យើង​អ្នក​កាសែត គ្រាន់​តែ​ចង់​ផ្សាយ​ពី​រឿង​ហ្នឹង​ទេ ហើយ​មិន​មែន​ជា​បាតុករ​ដែរ។ សូម​អាជ្ញាធរ​យល់​ដឹង​ពី​សិទ្ធិ​សារព័ត៌មាន​ផង»។

ក្រៅ​ពី​រង​របួស​ក៏​មាន​ករណី​អ្នក​កាសែត​បាត់​សម្ភារ​ផ្ទាល់​ខ្លួន​ក្នុង ​ការ​បង្ក្រាប​បាតុកម្ម​ដែរ។ នៅ​ថ្ងៃ ទី៤ មករា ដែល​កង​សន្តិសុខ ខណ្ឌ ដូនពេញ និង​អាជ្ញាធរ​ចម្រុះ​ចុះ​បណ្តេញ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​លោក ស៊ឺន ចែងចើន អ្នក​កាសែត ព្រៃ​នគរ បាន​បាត់​ម៉ាស៊ីន​ថត​រូប ករណី​នេះ​លោក​បាន​ដាក់​ពាក្យ​ប្តឹង​សុំ​ម៉ាស៊ីន​ថត​វិញ តែ​មិន​បាន​នោះ​ទេ។ លោក ចែងចើន ថា៖

«សន្តិសុខ​ប្រើ​ដំបង​ឆក់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​របូត​កាមេរ៉ា​ពី​ដៃ រួច​គេ​ក៏​យក​បាត់​ទៅ។ ពេល​ប្តឹង​ខាង​ខណ្ឌ​ថា មិន​ដឹង​ថា ក្រុម​ណា​យក​ទេ។ អ្នក​យក​នោះ​ជា​ក្រុម​ពាក់​មួក​សុវត្ថិភាព ពាក់​ឯកសណ្ឋាន​ពណ៌​ខៀវ​ទឹក​ប៊ិក»។

នៅ​ក្នុង​ករណី​បំពាន​ជាច្រើន​ថ្មីៗ​នេះ ក្រុម​អ្នក​សារព័ត៌មាន​មើល​ឃើញ​ថា ក្រសួង ព័ត៌មាន​ហាក់​មិន​បាន​បញ្ចេញ​ប្រតិកម្ម​លើ​ការ​រំលោភ​សិទ្ធិ​សេរីភាព​អ្នក​ សារព័ត៌មាន​ទេ ខុស​ពី​ថ្ងៃ​ទី១០ ខែ ធ្នូ កន្លង​ទៅ​ដែល​អ្នក​ថត​រូប ទូរទស្សន៍​ជាតិ​កម្ពុជា សេង ចាន់ ត្រូវ​គេ​រារាំង​និង​បណ្តេញ​ចេញ​ពី​ការ​ថត​យក​រូបភាព​ប្រារព្ធ​ទិវា​សិទ្ធិ​ មនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​សង្គ្រោះ​ ជាតិ លោក​រដ្ឋ​មន្ត្រី​ក្រសួង ព័ត៌មាន ខៀវ កាញារីទ្ធ បាន​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ភ្លាមៗ​ថា នឹង​បញ្ឈប់​ការ​បញ្ជូន​អ្នក​ព័ត៌មាន​ទៅ​ថត​យក​ព័ត៌មាន ទាក់ទង​នឹង​គណបក្ស​ប្រឆាំង​នេះ ហើយ​កុំ​បន្ទោស​ថា ទ.ទ.ក លម្អៀង។

លោក​រដ្ឋ​មន្ត្រី ខៀវ កាញារីទ្ធ មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិលមិញ។

ក្រុម​ប្រឹក្សា​សារព័ត៌មាន​កម្ពុជា​ពី​ម្សិលមិញ​បាន​ចេញ​សេចក្តី ថ្លែងការណ៍​ថា ការ​ប៉ះទង្គិច​នៅ​មុខ​ក្រសួង ព័ត៌មាន ពី​ថ្ងៃ​ចន្ទ​ថា អ្នក​សារព័ត៌មាន​បី​រូប​រង​របួស។

ក្រុមប្រឹក្សា​បាន​ថ្កោល​ទោស​សមត្ថកិច្ច​និង​សុំ​ឲ្យ​ចៀសវាង​ការ​ប្រើ​ ហិង្សា​មក​លើ​អ្នក​សារព័ត៌មាន​ព្រោះ​ថា៖

«អ្នក​សារព័ត៌មាន​គ្រាន់​តែ​មាន​អាជីព​ពាំ​នាំ​ដំណឹង​ដែល​កើត​ឡើង ក្នុង​សង្គម​ទៅ​ជូន​ប្រជា​ពលរដ្ឋ​ដែល​ចង់​ដឹង​ចង់​ឮ​តែ​ប៉ុណ្ណោះ»។

ក្លិប​អ្នក​កាសែត​កម្ពុជា ដែល​ចេញ​សេចក្តី​ថ្លែង​ការណ៍​យ៉ាង​លឿន​ ក្នុង​ពេល​អ្នក​ថត​រូប​ទូរទស្សន៍​ជាតិ​ជួប​បញ្ហា​រំលោភ​សិទ្ធិ​អះអាង​ថា​ នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស ​ជាពិសេស​ការ​វាយ​លើ​អ្នក​សារព័ត៌មាន អាអេហ្វប៉េ។ លោក ឆាយ សុផល គណៈ​នាយក​ក្លិប​អ្នក​កាសែត​ថ្លែង​ថា៖

«ខ្ញុំ​រវល់ ទើប​មិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​តែ​យើង​កំពុង​តែ​សរសេរ ហើយ​អាច​ចេញ​ផ្សាយ​ល្ងាច​នេះ»។

លោក​ថា ក្នុង​នាម​អ្នក​សារព័ត៌មាន មាន​ពិសោធន៍​មួយ​រូប យល់​ថា អំពើ​បំពាន​សារព័ត៌មាន​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ​ជា

«ការ​មិន​អាច​ទទួល​យក​បាន​ដូច្នេះ ក្រសួង ការពារ​ជាតិ និង​ក្រសួង មហាផ្ទៃ ត្រូវ​បញ្ជា​ឲ្យ​កង​កម្លាំង​ខ្លួន​ចៀស​វាង​នូវ​ការ​ប្រើ​ហិង្សា​លើ​អ្នក​ កាសែត​ជា​បន្ត​ទៀត»។

ដោយ​ឡែក​សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ (IFJ) និង​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត (CAPJ) ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​សកម្មភាព​រំលោភ​លើ​សិទ្ធិ​អ្នក​សារព័ត៌មាន​ នៅ​កម្ពុជា ពី​សំណាក់​សមត្ថកិច្ច​រដ្ឋាភិបាល​នេះ​ដែរ កាល​ពី​ម្សិលមិញ។

សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ (IFJ) បាន​សរសេរ​ក្នុង​គេហទំព័រ​ខ្លួន​ថា៖

«(IFJ) សូម​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ប៉ូលិស​របស់​ប្រទេស កម្ពុជា គោរព​ដល់​សិទ្ធិ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពេល​ពួកគេ​ចុះ​យក​ព័ត៌មាន​ក្នុង​ វិជ្ជាជីវៈ»។

នៅ​ក្នុង​ប្រកាស​ព័ត៌មាន​របស់ CAPJ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​អ្នក​សារព័ត៌មាន អ្នក​ថត​រូប ដែល​កំពុង​បំពេញ​ការងារ ក្នុង​វិជ្ជាជីវៈ​ដោយ​ឯករាជ្យ​ផង​ដែរ​បន្ទាប់​ពី​បង្ហាញ​ពី​ការ​ព្រួយ​ បារម្ភ​ពី​ការ​ប្រើ​ហិង្សា​វាយដំ​និង ពី​ការ​បាត់បង់​សម្ភារ​ពេល​ចុះ​ប្រមូល​យក​ព័ត៌មាន​និង​ថត​រូប ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ ភ្នំពេញ កន្លង​មក។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែង​ថា ជា​ទូទៅ​សមត្ថកិច្ច​គ្រាន់​តែ​បំពេញ​តួនាទី​អនុវត្ត​នូវ​ច្បាប់ ហើយ​មិន​បាន​ដៅ​មុខ​សញ្ញា​ថា ត្រូវ​តែ​បំពាន​អ្នក​កាសែត​នេះ ឬ​អ្នក​នោះ​ឡើយ តែ​អ្វី​ដែល​កើត​ឡើង​ជារឿង​អចេតនា។

លោក​បន្ត​ថា មន្ត្រី​សមត្ថកិច្ច តែង​ទទួល​ការ​ណែនាំ​ពី​មេ​បញ្ជាការ​ឲ្យ​គោរព​ក្រម​សីលធម៌​ពេល​អនុវត្ត​ភារកិច្ច​ការងារ។

លោក​ថ្លែង​ថា៖

«សមត្ថកិច្ច​គ្មាន​ចេតនា ប៉ះពារ​ដល់​អ្នក​កាសែត​ទេ ព្រោះ​ពេល​នោះ​មិន​ដឹង​អ្នក​ណា​ជា​អ្នក​ណា​ឡើយ។ ព្រឹត្តការណ៍​ទាំង​នោះ នរណា​ក៏​ជា​អ្នក​កាសែត​ដែរ អ៊ីចឹង​សភាព​ការណ៍​នេះ យើង​មិន​អាច​ចៀស​រួច​រឿង​ប៉ះពារ​គ្នា​ទេ។ ពួក​គាត់ គ្មាន​ចេតនា​វាយ​អ្នក​កាសែត ដើម្បី​បិទ​បាំង​មិន​ឲ្យ​ថត​យក​សកម្មភាព​បាតុកម្ម​ឡើយ។ យើង​សោកស្តាយ​ចំពោះ​រឿង​អចេតនា​នេះ»។

លោក ឈុំ សុជាតិ នាយ​ខុទ្ទកាល័យ​រដ្ឋ​មន្ត្រី​ក្រសួង ព័ត៌មាន បាន​បដិសេធ​មិន​អធិប្បាយ​ពី​បញ្ហា​នេះ​ទេ ពីព្រោះ​លោក​គ្មាន​សិទ្ធិ​និយាយ​នឹង​អ្នក​កាសែត​ជួស​លោក​រដ្ឋ​មន្ត្រី​ឡើយ។ ប៉ុន្តែ​ថា លោក​ក៏​បាន​ឈរ​មើល​ឃើញ​គេ​វាយ​អ្នក​កាសែត​ក្នុង​ពេល​មាន​បាតុកម្ម​នៅ​មុខ​ ក្រសួង​ដែរ។ លោក បញ្ជាក់​ថា នៅ​ម៉ោង ៨ យប់ (ថ្ងៃ​ពុធ) លោក​រដ្ឋ​មន្ត្រី (ខៀវ កាញារីទ្ធ) នឹង​បកស្រាយ​ពី​ហេតុការណ៍​នៃ​បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ ហើយ​ថា ករណី​វ៉ៃ​អ្នក​កាសែត​ក៏​អាច​ត្រូវ​លោក​រដ្ឋ​មន្ត្រី​លើក​ឡើង​ផង​ដែរ៕ ដោយៈ ឆាយ ច័ន្ទនីដា – ភ្នំពេញប៉ុស្តិ៍

Leave A Reply

Your email address will not be published.