សារប្រគេន និង ជូនពរឆ្នាំថ្មី របស់នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។
បងប្អូនជនរួមជាតិទាំងអស់ ជាទីនឹករឭក និងស្រឡាញ់រាប់អាន ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ គ. ស. ២០២០ តាងនាមឱ្យនាយកដ្ឋានព័ត៌មាន នៃសហពន្ធខ្មែរកម្ពុជាក្រោម និង ខ្ញុំព្រះករុណា អាត្មា ភាពផ្ទាល់ សូមប្រគេន និងជូនពរជ័យ សិរីមង្គល បវរមហាប្រសើរ ចូរកើតមានដល់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ នៅក្នុងស្រុក និងក្រៅប្រទេស ជាពិសេសសហការី វិទ្យុសំឡេងកម្ពុជាក្រោម និង ទូរទស្សន៍ ព្រៃនគរ ព្រមទាំងប្រិយមិត្ត អ្នកគាំទ្រការផ្សាយរបស់ នាយដ្ឋានព័ត៌មានយើងខ្ញុំទាំងអស់ សូមប្រកបតែសេចក្តីសុខ និងវឌ្ឍនភាព ជានិច្ចនិរន្តរ៍ ។

នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាមជ្ឈមណ្ឌលព័ត៌មានរបស់ខ្មែរ ក្រោមតែមួយគត់ ដែលបានផលិត និង ផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ ស្ដីពីកម្ពុជាក្រោម ទាក់ទងនឹងអាជ្ញាធរយួនរំលោភសិទ្ធិលើជនជាតិដើមខ្មែរក្រោម និង សកម្មភាពរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែលកំពុងធ្វើចលនាតស៊ូដោយអហិង្សា លើឆាកអន្តរជាតិ ដើម្បីទាមទារ សិទ្ធិសេរីភាព និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគមរដ្ឋាភិបាលកុម្មុយ និស្តវៀតណាមសព្វថ្ងៃ ។
នាយដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផលិតព័ត៌មានជារៀងរាល់ថ្ងៃ ដើម្បី ផ្សព្វផ្សាយនូវដំណឹងថ្មីៗ តាមប្រពន្ធផ្សព្វផ្សាយ វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK), អរុណសួស្តីកម្ពុជាក្រោម, គេហទំព័រ, ព្រឹត្តប័ត្រកម្ពុជាក្រោម, ទូរទស្សន៍ ព្រៃនគរ, Youtube និង Facebook ជាដើម….. ។
នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រៅពីបានផលិតព័ត៌មាន ក៏បានចង ក្រង និង បោះពុម្ពសៀវភៅប្រវត្តិវត្ត នៅកម្ពុជាក្រោម, ផលិតចំរៀងខ្មែរក្រោម និងផ្សព្វផ្សាយ ព័ត៌មានទាន់ហេតុការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស, ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត និងវប្បធម៌ ប្រពៃ ណី ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម ដែលរដ្ឋាភិបាលយួនមានមហិច្ឆិតាបំបាត់ពូជសាសន៍ខ្មែរ ក្រោម ។
ក្នុងនាមនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ខ្ញុំព្រះករុណា អាត្មាភាព ផ្ទាល់ សូមថ្លែងអំណរព្រះគុណ និង អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសហការី វិទ្យុសំឡេងកម្ពុជាក្រោម និង ទូរទស្សន៍ ព្រៃនគរ ដែលស្ម័គ្រចិត្ត កំពុងតែបំពេញបេកកម្មយ៉ាងមមា ញឹក ក្នុងការយកព័ត៌មាន និងផលិតព័ត៌មាន ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ទោះបីពេលខ្លះ ប្រឈមនឹងគ្រោះថ្នាក់ និងជួបឧបសគ្គ ឬ ត្រូវបានអាជ្ញាធរយួនគំរាមគំហែងនោះក៏ដោយ ក៏ សហការីយើង នៅតែព្យាយាម និងក្លាហាន ផលិតនូវព័ត៌មានបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ។
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ប្រិយមិត្តទាំងអស់ជាទីមេត្រី
នៅកម្ពុជាក្រោម ប្រជាពលរដ្ឋខ្មែរក្រោម រាប់លាននាក់ដែលជាជនជាតិដើម ដែលកំពុង រស់នៅក្រោមនឹមអាណានិគមយួនសព្វថ្ងៃ គ្មានសិទ្ធិបង្កើតសារព័ត៌មានសេរី, កាសែត, ទស្សនាវដ្តី, វិទ្យុ និង ទូរទស្សន៍ ដែលជាព័ត៌មានឯករាជ្យ សម្រាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ក្រោមបានឡើយ គឺមានតែទស្សនវដ្តី វិទ្យុ កាសែត និង សារព័ត៌មាន បំរើបក្សរដ្ឋរបស់គេតែ ប៉ុណ្ណោះ ។
ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ សូមទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី តាមបី បាច់ថែក្សា សហការី របស់នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រិយមិត្តទាំង អស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងឆ្នាំថ្មី នាំមកនូវសិរីសួស្តី សុភមង្គលក្នុងជីវិត នៃ សង្គមគ្រួសារ, សមាគម, អង្គការ, វត្តអារាម និង គ្រប់និន្នាការនយោបាយ គ្រប់ពេលវេលា ។
ជាពិសេសក្នុងឧកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ គ. ស. ២០២០ នេះ ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន និងជូនពរនូវសព្វសាធុកាពរ សិរីមង្គល វិបុលសុខ និងសុភ មង្គលគ្រប់ប្រការ ចូលកើតមានដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិនៅជុំវិញពិភពលោក ប្រកបតែសេចក្តីសុខ និង សេចក្តីចំរើនគ្រប់ប្រ ការ ព្រមទាំងពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី យាងចុះមកថែរក្សា ការពារ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ នៅក្នុងស្រុក និងក្រៅប្រទេស ជួបតែសុខមាលភាពល្អ កម្លាំងមាំមួន និង បញ្ជៀសឱ្យផុតពី មេរោគឆ្លងដ៏កាចសាហាវ Corona ឬ Covid-19 នេះ គ្រប់ៗព្រះអង្គ និង រូប ។
ឆ្នាំថ្មីនេះ បងប្អូនជនរួមជាតិ ជួបជុំគ្នានៅផ្ទះ ដើម្បីការពារ ឬ បង្ការ នូវមេរោគ Corona ឬ Covid-19 គ្រប់ៗគ្នា (Stay Home, Save lives) ។
សួស្តី ឆ្នាំថ្មី ឆ្នាំជូត ទោស័ក
សហរដ្ឋអាមេរិក, ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០
ពីខ្ញុំព្រះករុណា អាត្មាភាព
ភិក្ខុ សឺង យ៉ឹង រតនា
ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម