ព្រះសង្ឃអំពាវនាវឲ្យជួយការពារដើមឈើទាល ឧកញ៉ា សឺង គុយ
ដោយ ថាច់ ប្រីជា គឿន | VOKK
ព្រះសង្ឃ នៅកម្ពុជាក្រោម មួយអង្គ បានចេញក្ដីអំពាវនាវតាមរយៈ Facebook ដល់ពលរដ្ឋខ្មែរ ក្រោម គ្រប់រូបជួយនាំគ្នាការពារដើមឈើទាលបញ្ច្រាស់ចុង ឬ ដើមឈើទាល ឧកញ៉ា សឺង គុយ ខណៈដែលនៅពេលថ្មីៗនេះ គេសង្កេតឃើញ ជនជាតិយួនបានខ្ទមជាតង់កៅស៊ូ នៅក្បែរដើមឈើ ទាលនេះ ។
ព្រះសង្ឃអង្គនេះ បានអំពាវសូមឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម គ្រប់រូបជួយការពារដើមឈើទាល នេះ តាមរយៈ នាំគ្នាមកប្រមូលផ្ដុំគ្នានៅក្បែរដើមឈើទាល និង ធ្វើញត្តិស្នើទៅរដ្ឋាភិបាលយួនឲ្យ ជួយរុះរើខ្ទមអាណាធិបតេយ្យ នោះចេញ ជាបន្ទាន់ ។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ក្រុមអ្នកប្រើបណ្ដាញសង្គម Facebook បាននាំគ្នាផ្សព្វផ្សាយ និងចែករំលែកនូវរូបថតខ្ទមជាតង់កៅស៊ូរបស់ជនជាតិយួន ដែលបានមកសង់ និងស្នាក់នៅជាប់នឹង ដើមឈើទាលបញ្ច្រាស់ចុង ដែល ឧកញ៉ា សឺង គុយ បានដាំនៅក្បែរវត្តខឿន នាទីរួមខេត្តព្រះ ត្រពាំង អមជាមួយនឹងពាក្យថ្កោលទោសថា ជាចេតនារបស់អាជ្ញាធរយួនក្នុងការលុបបំបាត់ នូវភស្តុ តាង ប្រវត្តិសាស្ត្រកម្ពុជាក្រោម និង ក្នុងគោលបំណងបន្តុះបង្អាប់ដល់ព្រលឹងវីរបុរសខ្មែរក្រោម ។
សូមបញ្ជាក់ថា ដើមឈើទាលបញ្ច្រាស់ចុង ឬ ដើមឈើទាល ចៅហ្វាយ គុយ ឋិតនៅជាប់ដងផ្លូវ មហា សឺង ថុង សង្កាត់ ទី ៧ ទីរួមខេត្តព្រះត្រពាំង ក្បែរវត្តខឿន ជាដើមឈើដែលមានចំណាស់មួយ ត្រូវបានអ្នកស្រុកដំណាលថា ឧកញ៉ា សឺង គុយ ជាអតីតចៅហ្វាយស្រុកព្រះត្រពាំង ជាអ្នកដាំបញ្ច្រាស់ចុង នៅឆ្នាំ ១៨៤១ ដើម្បីផ្សងចំពោះវាសនាជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោមថា “ប្រសិន បើមែកឈើទាល នេះរស់វាសនាខ្មែរនៅកម្ពុជាក្រោមនឹងរស់ តែបើមែកឈើទាលនេះងាប់ វាសនាខ្មែរនឹងលែងមានវត្តមាន នៅលើទឹកដីកម្ពុជាក្រោម តទៅទៀតហើយ” ។