សមាគមសង្ឃនៅខេត្តព្រះត្រពាំង ប្រកាសថា ខេត្តព្រះត្រពាំង មានព្រះសង្ឃ ជាង ៣.៦០០ អង្គ
ដោយ សារព័ត៌មាន ព្រៃនគរ
(ព្រះត្រពាំង) នារសៀលថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៣ នៅសាលប្រជុំនៃការិយាល័យគណៈកម្មាធិការបក្ស ខេត្តត្រាវិញ ឬ ខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ ដែលជាសមាគមសង្ឃខ្មែរក្រោម ឋិតនៅក្រោមសមាគមពុទ្ធសាសនាវៀតណាម (Giao Hoi Phat Giao Vietnam) បានបើកមហាសន្និបាតតំណាង លើកទី ៦ អាណត្តិកាល ២០១៣-២០១៨ ។ ក្នុងមហាសន្និបាតនេះ មានការចូលរួមពីមន្ត្រីបក្សកុម្មុយនិស្តយួនជាច្រើនរូប ព្រមទាំងមន្ទីរ ស្ថាប័នខេត្ត និងតំណាងរដ្ឋាភិបាលវៀតណាម ប្រមាណ ជិត ៥០ រូប បានចូលរួម ផងដែរ ។ នៅព្រឹកថ្ងៃនោះដែរ តំណាងចូលរួមមហាសន្និបាតទាំងអស់បាន ទៅធ្វើពិធីគោរព វិញញ្ញាណក្ខន្ធ លោក ហូ ជី មិញ មេបក្សកុម្មុយនិស្តយួន នៅឃុំឡុងឌឹក និងអុជធូបរំឭកវិញ្ញាណក្ខ័ន្ធ លោកតា សឺង ថុង អតីតមន្ត្រីបក្សកុម្មុយនិស្តយួនដែលមានកំណើតជាខ្មែរក្រោម នៅចេតីយ៍របស់គាត់ ក្នុងបរិវេណសារៈមន្ទីរវប្បធម៌ខ្មែរខេត្តព្រះត្រពាំង នា សង្កាត់លេខ ៨ ទីរួមខេត្តព្រះត្រពាំង ។
យោងតាមកម្មវត្ថុនៃមហាសន្និបាតនេះ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត ចាត់តាំងមហាសន្និបាតលើកទី ៦ ដើម្បីពិនិត្យសាឡើងវិញចំពោះផ្នែកដែលធ្វើបាននិងផ្នែកដែលធ្វើមិនទាន់បានក្នុងអាណត្តិកាលទី ៥, ដាក់ចេញនូវគោលដៅសម្រាប់អាណត្តិកាលទី ៦ ។ ទន្ទឹមនោះ កែប្រែ បំពេញនូវមាត្រាច្បាប់របស់សមាគម និងបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិការអាណត្តិកាលថ្មី ដើម្បីឆ្លើយតបតាមតម្រូវការ ភារកិច្ចក្នុងដំណាក់កាលថ្មី ។
យោងតាមស្ថិតិដែលរាយការណ៍ដោយសមាគមសង្ឃមួយនេះ មកដល់ដើមឆ្នាំ ២០១៣ ខេត្តព្រះត្រពាំង មានព្រះសង្ឃប្រមាណជាង ៣.៦០០ អង្គ ក្នុងនោះ មាន ព្រះតេជព្រះគុណ ចំនួន ៣៤ អង្គ ព្រះឧបជ្ឈាយ៍ចំនួន ៤៧ អង្គ ព្រះចៅអធិការចំនួន ២៤៦ អង្គ ភិក្ខុចំនួន ១.៦០២ អង្គ សាមណេរចំនួន ១.៦៨៧ អង្គ ។

កាលពីខែឧសភា កន្លងទៅនេះ សមគមសង្ឃខេត្តឃ្លាំង ក្រោមការដឹកនាំរបស់ ព្រះតេជព្រះគុណ យឿង ញើង ព្រះចៅអធិការវត្តព្រែកអណ្ដើក បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៣ ដើម្បីចាប់ផ្សឹក ព្រះសង្ឃ ៣ អង្គ គឺ ព្រះតេជព្រគុណ លី ចិន្ដា វត្តព្រៃជាប់ , ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះចៅអធិការ និងគ្រូសូត្រវត្តសិរីតាសេក ពីបទចោទប្រកាន់ថា ព្រះសង្ឃ ទាំង ៣ អង្គនេះ បានទូរស័ព្ទឆ្លើយឆ្លងជាមួយព័ត៌មាននៅក្រៅប្រទេស ក្នុងនោះមានសំឡេងកម្ពុជាក្រោម និងវិទ្យុអាស៊ីសេរីជាដើម ហើយផ្ញើអត្ថបទ និងរូបថត តាមអ្វីមួយដែលរដ្ឋាភិបាលវៀតណាមហៅថា ដើម្បី លាបព័ណ៌បង្ខូចកេរ្តិ៍ឈ្មោះបក្សកុម្មុយនិស្តវៀតណាម ។

មុនពេលត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់គុក ព្រះតេជព្រះគុណ ថាច់ ធឿន បានមាន ថេរដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ទង្វើរបស់មន្ត្រីសង្ឃខេត្តឃ្លាំង ដែលបានចេញវិធានការណ៍ ចំពោះព្រះអង្គ គឺជាការបំពាននឹងព្រះវិន័យ ធ្វើទៅតាមការបញ្ជារបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ព្រោះព្រះអង្គមិនមានទោសកំហុសអ្វីឡើយ ៕