ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាភាគច្រើនចូលចិត្តបង្កើតមុខរបរខ្លួនឯង ជាងធ្វើការឲ្យគេ
ដោយ គឹម សាវតា
បើទោះជា នៅកម្ពុក្រោម ត្រូវអាជ្ញាធរវៀតណាម គាបសង្កត់ ហើយពេលមកដល់កម្ពុជា មានពេលខ្លះ អាជ្ញាធរខ្មែរចោទថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ក្តី ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម ដែលមករស់នៅកម្ពុជា នៅតែព្យាយាមប្រកបរបរដោយសុច្ចរិត ដើម្បីចិញ្ចឹមជីវិត ជាពិសេសពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ភាគច្រើនចូលចិត្តបង្កើតមុខរបរខ្លួនឯង ជាងធ្វើការឲ្យគេ ដោយអះអាងថា ហាក់មានសេរីភាព និងមានអ្នកខ្លះអះអាងថាអាចរកចំណូលបានច្រើនជាងធ្វើការឲ្យគេ ។

ពលរដ្ឋខ្មែរក្រោម មួយរូបឈ្មោះ ហេង ស៊ីថា មកពីស្រុកបាយឆៅ ខេត្តឃ្លាំង បានប្រាប់ សំឡេងកម្ពុជាក្រោម ថា អ្នកស្រីជាអ្នកប្រកបរបរលក់បបរគ្រឿង និងគុយទាវតាមរទេះរុញ នៅម្តុំវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនេះ ជាច្រើនឆ្នាំមកហើយ ។ អ្នកស្រីបន្តថា មូលហេតុដែលអ្នកស្រីជ្រើសរើសរបរនេះ ដើម្បីចិញ្ចឹមជីវិត ព្រោះថា ជាការងារមួយ ដែលអ្នកស្រីអាចមានឯករាជ្យភាព ពោលគឺចង់ចេញលក់ថ្ងៃណា ពេលណាក៏បាន ។ នៅពេលដែលចោទសួរថា តើចង់ឲ្យដូររបរនេះ ទៅធ្វើការឲ្យគេយកប្រាក់ខែវិញទេ អ្នកស្រីបានឆ្លើយយ៉ាងរហ័សថា មិនធ្វើនោះឡើយ ។
អ្នកស្រី ហេង ស៊ីថា «អត់ធ្វើទេ ព្រោះខ្ញុំធ្លាប់ធ្វើឆ្អែតហើយ ធ្លាប់ធ្វើការរោងចក្រ រោងអី ដល់ពេលឈប់ធ្វើការរោងចក្រទៅ យើងធ្វើការរោងចក្រហូបវាអត់គ្រប់គ្រាន់កូន វាត្រូវចំណាយលុយទឹក លុយជួលផ្ទះគេ កូនរៀនផង អត់គ្រាន់ហើយជំពាក់គេរហូត ដល់ហើយអ៊ីសម្រេចចិត្តឈប់ធ្វើការ ហើយមកចាប់របរនេះ រហូតអញ្ចឹងទៅ ដើម្បីបានហូបប្រចាំថ្ងៃអញ្ចឹងទៅ» ។
បុរសវ័យជាង ៥០ ឆ្នាំមួយរូបទៀត ដែលមកពីខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ឈ្មោះ យឿង ហៀង ក៏បានឲ្យដឹងដែរថា គាត់សម្រេចចិត្តប្រកបរបរលក់មីឆា ចាប់តាំងពីលោកបានមកដល់ទឹកដីកម្ពុជា ។ លោកបន្តថា មូលហេតុដែលលោកសម្រេចិត្តលក់មីឆា ដោយមិនធ្វើការឲ្យគេ ព្រោះថា សុខភាពលោកមិនល្អ ហើយពេលណាដែលលោកមិនស្រួលក្នុងខ្លួន និងមិនចង់ទៅលក់ ក៏មិនចាំបាច់ទៅសុំច្បាប់ពីអ្នកណា ដើម្បីបានឈប់សម្រាក បើទោះជាបានប្រាក់ចំណេញតិចក្តី ប៉ុន្តែ លោកអាចមានលទ្ធភាពចិញ្ចឹមគ្រួសារបាន ។
លោក យឿង ហៀង «យើងលក់មីឆាហ្នឹង យើងធ្វើការឲ្យគេអត់រួចអញ្ចឹង យើងឈឺអីចឹង យើងចង់ឈប់អីចឹង វាស្រួលឈប់ដែរ យើងចង់ឈប់ពេលណាយើងឈប់ទៅណា៎ ដល់ពេលយើងធ្វើការឲ្យគេវាពិបាកដែរ ដល់យើងលក់អញ្ចឹងទៅ យើងចង់ឈប់ពេលណាក៏បាន អត់មានពីណាគេថា ស្តីឲ្យយើងអញ្ជឹងទៅណាស់» ។
អ្នកស្រី ស៊ិន យៀង មកពីខេត្តឃ្លាំង សព្វថ្ងៃរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ អ្នកស្រីក៏បានឲ្យដឹងដែរថា អ្នកស្រីមិនចេះធ្វើការកឲ្យគេនោះទេ ព្រោះថា ពេលត្រូវការឈប់សម្រាកពេលមានរវល់ម្ដង ពិបាកសុំច្បាប់ ឯប្រាក់ចំណូលវិញ ក៏មិនបានច្រើនជាងការប្រកបមុខរបរដោយខ្លួនឯងប៉ុន្មានដែរ ។ អ្នកស្រីបន្តថា នៅក្នុងសហគមន៍របស់អ្នកស្រីរស់នៅ មានពលរដ្ឋខ្មែរក្រោម ជាច្រើនរស់នៅ ប៉ុន្តែមិនសូវមាននោះទេ អ្នកដែលទៅធ្វើការឲ្យគេ ពោលគឺមានភាគច្រើនបង្កើតមុខរបរខ្លួនឯង ។
អ្នកស្រី ស៊ិន យៀង «មកពីក្រោម (កម្ពុជាក្រោម) ទូទៅមក ១ រយនាក់អស់ចង់ ៩០ នាក់ហើយ ដែលចង់បង្កើតមុខរបរអញ្ចឺង» ។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ដែលបានចុះធ្វើការជិតស្និទ្ធជាមួយពលរដ្ឋខ្មែរក្រោម ជាច្រើនឆ្នាំមកហើយនោះ ឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ក៏ដូចគ្នាដែរ គឺភាគច្រើនបង្កើតមុខរបរដោយខ្លួនឯង ពោលគឺមិនសូវជាទៅធ្វើការឲ្យគេ ដើម្បីយកប្រាក់ខែនោះទេ ។ លោកបន្តថា បើទោះជាមកនៅរស់នៅកម្ពុជាហើយក្តី ក៏ពលរដ្ឋខ្មែរក្រោមភាគច្រើនព្យាយាមបង្កើតមុខរបរដោយខ្លួនឯងបន្ត ដើម្បីចិញ្ចឹមជីវិត ។
លោក សឺន ជុំជួន «យើងមិនសូវចូលចិត្តជាអ្នក ដែលយកគំនិតខ្លួនឯងហ្នឹងទៅបម្រើទស្សនៈវិស័យទៅឲ្យក្រុមហ៊ុន រោងចក្រ ឬក៏អ្នកវិនិយោគដទៃនោះទេ ។ នេះជាចរិកធម្មជាតិដែលខ្មែរយើង នៅកម្ពុជាក្រោមទម្លាប់ធ្វើ ។ នេះជាការសង្កេតរបស់ខ្ញុំ ដែលខ្ញុំធ្វើការសង្កេតនៅកម្ពុជាក្រោម ហើយដែលយើងដឹងបែបនេះ» ។
បើទោះបីជាមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយបង្ហាញថា រហូតមកដល់ពេលនេះ មានពលរដ្ឋខ្មែរក្រោម ប៉ុន្មាននាក់ ដែលមករស់នៅលើទឹកដីកម្ពុជាក្តី ប៉ុន្តែ បើតាមលោក សឺន ជុំជួន ពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា ប្រមាណ ៩០ ភាគរយ គឺបង្កើតមុខរបរខ្លួនឯង ៕