ភរិយា លោក ចៅ ហេន ទទួលអនិច្ចកម្ម​នៅ ប្រទេស​ថៃ​ក្នុង​អាយុ ៦០ ឆ្នាំ នៅ​ថៃ​

0 53

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អ្នកស្រី នាង ភឿន ត្រូវជា​ភរិយា​របស់ លោក ចៅ ហេន បានទទួល​អនិច្ចកម្ម​ក្នុង​អាយុ ៦០ ឆ្នាំ នៅវេលា​យប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ នេះ នៅក្នុង​មន្ទីរពេទ្យ​មួយ នាទី​ក្រុង​បាងកក នៃ​ប្រទេស​ថៃ ដោយសារ​រោគាពាធ ។​

ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៣៖ អ្នកស្រី នាង ភឿន (ឆ្វេង) និង លោក ចៅ ហេន ភៀសខ្លួនមកនៅប្រទេសលើកទី ២ ។ រូបថត៖ ថាច់ ប្រីជា គឿន
ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៣៖ អ្នកស្រី នាង ភឿន (ឆ្វេង) និង លោក ចៅ ហេន ភៀសខ្លួនមកនៅប្រទេសលើកទី ២ ។ រូបថត៖ ថាច់ ប្រីជា គឿន

​អ្នក​ស្រី នាង ភឿន និង លោក ចៅ ហេន ជា​គ្រួសារ​សកម្មជន​តវ៉ា​បញ្ហាដីធ្លី​ខ្មែរក្រោម នៅ ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ធ្វើទុក្ខបុកម្នេញ ហើយ​បាន​ភៀសខ្លួន ទៅ​ប្រទេស​ថៃ សុំ​សិទ្ធិ​ជ្រកកោន​នៅ​ការិយាល័យ​ឧត្ដម ស្នងការ អង្គការសហប្រជាជាតិ​ទទួល បន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ទីក្រុង​បាងកក កាលពី​ឆ្នាំ ២០០៨ ។​

​នៅ​ឆ្នាំ ២០១០ លោក ចៅ ហេន និង អ្នកស្រី នាង ភឿន បាន​ត្រឡប់​ទៅ​ស្រុកកំណើត នៅ ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក​វិញ ហើយ​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់ លោក ចៅ ហេន ដាក់គុក​ជាង ២ ឆ្នាំ បន្ទាប់ពី​គ្រួសារ​លោក​ត្រឡប់​ដល់ផ្ទះ​ភ្លាម ។​

​នៅ​ឆ្នាំ ២០១៣ អ្នកស្រី នាង ភឿន និង លោក ចៅ ហេន ដែល​ត្រូវជា​ស្វាមី បាន​ភៀសខ្លួន​ទៅ​ប្រ ទេស​ថៃ ជា​លើក​ទី ២ ក្រោយពី​អាជ្ញាធរ​វៀតណាម បាន​ដោះលែង លោក ចៅ ហេន ឲ្យ​ចេញពី​គុក​មកវិញ ។ នៅពេលដែល លោក ចៅ ហេន ជាប់ គុក អាជ្ញាធរ​វៀតណាម បាន ធ្វើ​ទារុណកម្ម​លើ​រាងកាយ​លោក​យ៉ាង​ព្រៃផ្សៃ ។​

ប្រភពព័ត៌មាន ពី លោក សឺ​ន ថា​យ ធន អ្នកយកព័ត៌មាន​ប្រចាំការ នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា ពិធី​បុណ្យសព របស់​អ្នកស្រី នាង ភឿន នឹង​រៀបចំ​នៅ ក្នុង​វត្ត​មួយ នាទី​ក្រុង​បាងកក ។​

​សូមបញ្ជាក់ថា អ្នកស្រី នាង ភឿន និង លោក ចៅ ហេន ត្រូវបាន​អង្គការ UNHCR ផ្ដល់​សិទ្ធិ ជា​ជនភៀសខ្លួន​ស្របច្បាប់ ហើយ​កំពុងតែ​រង់ចាំ​ពេល​កំណត់ ទៅ​តាំង​លំនៅៗ​ប្រទេស​ទី ៣ នាពេល​ឆាប់ៗ​ខាងមុខ នេះ ។​

​តាម​ប្រសាសន៍​របស់ លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ ជូន​លោកអ្នក ជា​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងឡាយណា ដែលមាន​សទ្ធា ចង់​ចូល​កុសល​ក្នុង​ពិធី​បុណ្យសព​របស់ អ្នកស្រី នាង ភឿន សូម​ទាក់ទង​ទៅ​លោក ចៅ សេរី ហិ​រ​ញ្ញិ​ក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ទូរស័ព្ទ (៣៦០) ៧៩១-៩៧៧១ ។​

 

Leave A Reply

Your email address will not be published.