អ្នកស្រី មួរ សុខហួរ គាំទ្រម្រោងបាតុកម្ម របស់យុវជនខ្មែរនៅមុខស្ថានទូតវៀតណាម
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អ្នកស្រី មួរ សុខហួរ មន្ត្រីគណបក្សសង្គ្រោះជាតិបានសម្ដែងការគាំទ្រចំពោះគម្រោងការធ្វើបាតុកម្មរបស់ក្រុមយុវជន សិស្ស និស្សិតខ្មែរ នៅមុខស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ ដែលនឹងធ្វើនៅថ្ងៃទី ០៨ ខែកក្កដា ខាងមុខ នេះ ។ សេចក្ដីគាំទ្រនេះ ធ្វើឡើងតាមរយៈបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន របស់អ្នកស្រី នៅថ្ងៃទី ៣ ខែកក្កដា កន្លងទៅនេះ ។

អ្នកស្រី មួរ សុខហួរ បានបញ្ជាក់ថា ក្នុងនាមរូបគាត់ជាជនជាតិខ្មែរម្នាក់ គាត់សូម “ គាំទ្រនូវការទាមទារឲ្យវៀត ណាមសុំ ទោស រឿងការបាត់បង់ដីកម្ពុជាក្រោម” ដែលធ្វើឡើងដោយក្រុមយុវជន និងនិស្សិតខ្មែរនៅមុខស្ថានទូត វៀតណាម ។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ប្រកាសថា នឹងប្រមូលផ្តុំយុវជន សិស្សនិស្សិត និង ប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតនេះ ទទួល ស្គាល់ប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ខណៈដែលសមាគមខ្មែរក្រោមចំនួន ១២ នៅកម្ពុជា បានព្រមាន ជាច្រើនលើកថា ខ្លួននឹងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមទាក់ទងនឹងរឿងនេះដែរ តែ មិនទាន់ឃើញ មានអង្គការ ណាមួយចេញ មុខធ្វើនៅឡើយ ។ គម្រោងធ្វើបាតុកម្មនេះ បន្ទាប់ពីមន្ត្រីស្ថានទូតវៀត ណាមប្រចាំកម្ពុជាបាន ថ្លែងថា ដែនដីកម្ពុជាក្រោមជាទឹកដីរបស់ប្រទេសវៀតណាមជាយូរយារណាស់មកហើយ ។
គម្រោងការប្រមូលផ្តុំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមនេះ នឹងធ្វើនៅថ្ងៃអង្គារ ទី ៨ ខែកក្កដា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដើម្បីសម្ដែងមតិទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាឲ្យទទួលស្គាល់រឿងរ៉ាវពិត នៃប្រវត្តិសាស្ត្របាត់បង់ទឹកដីកម្ពុជាក្រោម ។ នេះបើយោងតាមសេចក្ដីអំពាវនាវមួយរបស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចុះថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៤ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ ពីរថ្ងៃបន្ទាប់ពលរដ្ឋខ្មែរក្រោមនៅទីក្រុងភ្នំពេញ បានប្រារព្ធខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ឲ្យវៀតណាមនោះ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យស្ថានទូតវៀត ណាមប្រចាំកម្ពុជា បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា៖
“បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមទេ តែកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់ មកហើយ ព័ត៌មានបាត់បង់ទឹកដី គ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភស្តុតាងទេ” ។
ក្រោយមក មន្ត្រីវៀតណាមរូបនេះដដែលបានថ្លែងបន្តទៀតថា៖
“ទឹកដីវៀតណាមភាគខាងត្បូង ដែលជាតំបន់មានបងប្អូនខ្មែររស់នៅ គឺ មុនពេលដែលបារាំងចូលមកជាទឹកដី របស់វៀតណាមទៅហើយ ។ ដូច្នេះ តំបន់ទឹកដីណាមបូវៀតណាមខាងត្បូង គឺជារបស់វៀតណាម តាំងពី យូរណាស់មកហើយ” ។
ដើម្បីប្រតិកម្មនឹងសម្ដីមន្ត្រីស្ថានទូតវៀតណាមនេះ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ តំណាងអង្គការក្រៅរដ្ឋា ភិបាលខ្មែរ ក្រោម មួយដែលមានឈ្មោះថា “លេខាធិការដ្ឋាន អង្គការ-សមាគមខ្មែរកម្ពុជាក្រោម” បានចេញលិខិតមួយច្បាប់ទទួចឲ្យ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជាសុំទោសពលរដ្ឋខ្មែរជាសាធារណៈ និងបានព្រមានថា បើពុំដូច្នោះទេ ពួកគេនឹងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ។ ប៉ុន្តែក្រោយមក សមាគមខ្មែរក្រោម បានលុបចោលនូវ គម្រោង បាតុកម្មដូចគ្នានេះចោល កាលពី ខែមិថុនា កន្លងទៅនេះ ដោយអះអាងថា សាលារាជធានីភ្នំពេញ និងក្រសួង មហាផ្ទៃមិនអនុញ្ញាត ។
គិតមកដល់ឆ្នាំ ២០១៤ នេះ គឺមានរយៈពេល ៦៥ ឆ្នាំហើយ ដែលប្រជាពលរដ្ឋខ្មែរក្រោមបានរស់នៅក្រោមអាណានិគម របស់ រដ្ឋាភិបាលវៀតណាម ក្រោយពីបារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យក្លាយទៅជារដ្ឋចំណុះវៀតណាម នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ៕
Comments are closed.