សាលា​រាជ​ធានី​កោះ​ហៅ​មេបក្ស​ប្រឆាំង ​ប្រជុំ​រឿង​គ្រប់​គ្រង​បាតុកម្ម

0 62

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សាលារាជធានី​ភ្នំពេញ បាន​ផ្ញើរ​លិខិត​មួយ​ជូន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុ​ប្រធាន លោក កឹម សុខា ចូល​រួម​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​គ្រប់​គ្រង​បាតុកម្ម​នៅ​ទីលាន​ប្រជាធិប​តេយ្យ និង​ការ​ដង្ហែរ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី ​២១ ធ្នូ ​នេះ ។

ក្បួនបាតុកម្មតាមដងផ្លូវរបស់គណបក្សសង្គ្រោះជាតិ ។
ក្បួនបាតុកម្មតាមដងផ្លូវរបស់គណបក្សសង្គ្រោះជាតិ ។

លិខិត​ចុះ​ថ្ងៃ​ទី ២០ ធ្នូ​នេះ បាន​ឲ្យ​ដឹង​ថា ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ ការ​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់ សាធារណៈ​ស្រប​ទៅ​នឹង​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី សាលា​រាជ ធានី​ ភ្នំពេញ​យល់​ឃើញ​ថា ការ​រៀប​ចំ​សំដែង​មតិ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រយៈពេល ៥​ ថ្ងៃ​កន្លង​មក​នេះ នៅ​មាន​ប្រការ​មិន​ប្រក្រតី​ជា​ច្រើន​ដែល​ចាំ​បាច់​ត្រូវ​តែ​កែ​លម្អ​បន្ទាន់ ។

កិច្ច​ប្រជុំ​នេះ នឹង​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន អនាម័យ​នៅ​ទីលាន​ប្រជាធិប​តេយ្យ និង​សួន​ច្បារ​សាធារណៈ ការងារ​សន្តិ សុខ និង​សណ្តាប់​ធ្នាប់​ចរាចរ តាម​ដង​ផ្លូវ ការ​គ្រប់​គ្រង​កម្លាំង​អ្នក​ចូល​រួម​បាតុកម្ម និង​ការ​សំដែង​មតិ​និង​ប្រើ​ពាក្យ​សំដី​ប៉ះ​ពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ការ​ប្រមាថ​មួយ​ប្រាស​ចាក​ពី​ពំ្រដែន​នៃ​សិទ្ធិ​សំដែង​មតិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ។

នៅថ្ងៃទី ២១ ខែធ្នូ ជាថ្ងៃទី ៧ នៃការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដោយបាតុករគាំទ្រ គណបក្សនឹងដង្ហែ ក្បួន ដូច សព្វថ្ងៃដែរ ។ បាតុករបានចេញដើរក្បួនការតវ៉ាតាមដងផ្លូវនានា នៅរាជធានី ភ្នំពេញ ដើម្បីទាក់ទាញការ ចាប់ អារម្មណ៍ របស់ អ្នកធ្វើ ដំណើរ អ្នករស់នៅក្នុងក្រុងភ្នំពេញ ដើម្បីចូល រួមគាំទ្រចលនាមហាបាតុកម្ម ទាមទារឲ្យមាន ការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ខណៈគណបក្សប្រឆាំងនេះ មិនទទួលស្គាល់លទ្ធផល បោះឆោ្នតនៅថ្ងៃទី ២៨ ខែកក្កដា ដោយចោទថា មានការលួចបន្លំតួលេខ សន្លឹកឆ្នោតពីគណ បក្សកាន់អំណាច ។

សេចក្ដីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិដែលមាន ការបង្ហាញ ផែនទីជាមួយដែរនោះ បានឲ្យដឹងថា ផ្លូវដែលក្បួន បាតុករ ត្រូវធ្វើដំណើរ ចេញពីទីលានប្រជាធិបតេយ្យនៅម៉ោង ៣ រសៀល ថ្ងៃសៅរ៍ ទី ២១ ធ្នូនេះ គឺចាប់ ផ្តើមពីទីលាន ប្រជា ធិបតេយ្យ តាមផ្លូវ ១០៨ ដល់កែងមហាវិថីព្រះមុនីវង្ស បត់ឆ្វេង រហូតដល់កែង មហាវិថីមុន្នីរ៉េត (២១៧) បត់ស្តាំ រហូតដល់ស្តុបអាងទឹក បត់ឆ្វេង តាមមហាវិថីព្រះសីហនុ រហូតដល់ កែង ផ្លូវ១៧៣ (ក្រោយវត្តមហាមន្រ្តី) បត់ស្តាំ រហូតដល់ផ្លូវបំបែក បត់តាមផ្លូវ ១៩៣ (ខាងកើតផ្សារអូឡាំពិក) រហូតដល់កែងផ្លូវ ២៩៨ (ខាងត្បូងផ្សារអូឡាំពិក) បត់ស្តាំ រហូតដល់ កែងផ្លូវ ១៩៩ បត់ឆ្វេង រហូតដល់ កែង ផ្លូវម៉ៅសេទុង បត់ឆ្វេង រហូតដល់ស្តុបទួលទំពូង បត់ស្តាំ តាមផ្លូវ ១៦៣ (ផ្លូវមុខផ្សារទួល ទំពូង) រហូតដល់រង្វង់មូលផ្សារដើមថ្កូវ បត់ឆ្វេង តាមផ្លូវ ៤៨៨ រហូតដល់ផ្លូវ ១០៥ (ផ្លូវប្រឡាយ ទឹក ស្អុយ) បត់ឆ្វេង រហូតដល់ផ្លូវភ្លោះផ្សារអូរឬស្សី (២១៤)បត់ស្តាំ រហូតដល់កែង ផ្លូវព្រះ មុនីវង្ស បត់ឆ្វេង រហូតដល់ កែងផ្លូវ ក្រមួនស បត់ស្តាំ ដល់កែងផ្លូវ ៦១ បត់ឆ្វេងចូលទីលានប្រជាធិបតេយ្យ ៕

Leave A Reply

Your email address will not be published.