​អ្នក​លី​ពូថៅ​ដើរចូល​វត្ត​

0 182

វិចារណកថា វិទ្យុ​សំឡេង​កម្ពុជា​ក្រោម | ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៣

​ក្នុង​បទ​អត្ថាធិប្បាយ​លើក​មុន ខ្ញុំ​បានលើកឡើង​អំពី អ្នក​លី​ពូថៅ​ដើរកាត់​ផ្សារ ព្រោះថា នេះ ជា​រឿង​ដ៏​ចំលែក​ពេក​ក្រៃ ។ ធម្មតា​កាលណា​អ្នកណាម្នាក់​លី​ពូថៅ គឺ​ប្រាកដជា​ដើរ​តម្រង់​ចូល​ព្រៃ រក កាប់​ប្ញ​ស្សី ឬ​កាប់​ឈើ  ឬ​តម្រង់​គល់​ឳ​ស​ដើម្បី​ពូ​ស​បំបែក​។  ហើយក៏​មិនដែល​ឃើញ​អ្នកណា​លី​ពូថៅ ដើរចូល​ផ្សារ​ទេ ព្រោះ​ទីផ្សារ​ជា​កន្លែង​មាន​មនុស្ស​ច្រើន​ដើរ​ប្រជ្រៀត​គ្នា​នោះ ផ្លែ​ពូថៅ​ប្រាកដជា​ធ្វើ ឲ្យ​មុត​គេ​មុត​ឯង​ពេញ​ទឹក​ពេញ​ដី​ជា​មិនខានឡើយ​។ ក្នុងករណី​ដែលមាន​ព្រឹ​ត្ត​ការណ៍​បែបនេះ មនុស្សម្នា​នឹង​សម្លឹង​ផ្តោតអារម្មណ៍ និង​ស្រែក​ឡូឡា​ចំពោះ​អ្នក​លី​ពូថៅ ដែល​អាច​ថា​ជា​មនុ​ស្សព្រៃ មិន​ស្គាល់​ច្បាប់ទម្លាប់​អ្វី​ឡើយ ។ យ៉ាងណាមិញ ចំពោះ​នយោបាយ​ដែល​រដ្ឋាភិបាល​យួន​សព្វថ្ងៃ ដែល​ធ្វើការ​គាបសង្កត់​បំបិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ម្ចាស់​ដើម​នៃ​ទឹកដី ដែល​ភាគច្រើន​ជា​អ្នក​ស្រែចំការ និង​ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​ដ៏​ទៀងត្រង់​ស្លូតបូត​នោះ វា​ជា​រឿង​មួយ​លេចធ្លោ​លើ​ផ្ទៃរាប​អន្តរជាតិ ដែល​ស្រែក​ថ្កោលទោស​យួន​យ៉ាង​ទ្រហឹងអឺងកង​។ ប៉ុន្តែ រដ្ឋាភិបាល​វៀតណាម​មិន​គ្រាន់តែ​ធ្វើ​មិនដឹងមិនឮ ចំពោះ​ច្បាប់​អន្តរជាតិ និង​ការផ្តល់​ជា​អនុសាសន៍ ជួយ​កែលំអ​ប្រទេសជាតិ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្គើន​ដល់​មតិ​ពិភពលោក ដោយ​ថ្មីៗ នេះ បាន​ចាប់​ព្រះតេជព្រះគុណ ថាច់ ធឿន និង​ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ​វត្ត​សេរី​តាសេក​ផ្សឹក​និង​ដាក់ពន្ធនាគារ និង​ចាប់​ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ វត្ត​ព្រៃ​ជាប់ ផ្សឹក និង​យកទៅ​ធ្វើ​ទារុណកម្ម​ទៀតផង ។ គឺ​ទង្វើ​ទាំងនេះហើយ ដែល​ចាត់ទុកថា​រដ្ឋាភិបាល​យួន​បាន លី​ពូថៅ ដើរកាត់​ផ្សារ​នោះ ។

ព្រះតេជព្រះគុណ លី ចិន្ដា ដែលត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងធ្វើទារុណកម្ម កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នៅវត្តព្រៃជាប់ ខេត្តឃ្លាំង ។
ព្រះតេជព្រះគុណ លី ចិន្ដា ដែលត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងធ្វើទារុណកម្ម កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នៅវត្តព្រៃជាប់ ខេត្តឃ្លាំង ។

​អ្នក​លី​ពូថៅ​ដើរចូល​វត្ត​

ក្រៅពី​ផ្សារ វត្ត​អារាម​ក៏​ពុំដែល​ឃើញ​នរណា​លី​ពូថៅ​ដើរចូល​ដែរ ។ បើ​ត្រូវ​ការយក​ពូថៅ​ទៅ ធ្វើការ​ក្នុង​វត្ត គឺ​គេ​កាន់​ផ្លែ​វា​របៀប​ថ្នម​ទម្លាក់​ចុះ ដោយ​មិន​បង្ហាញ​អាកា​រៈ គម្រាមកំហែង​ដល់ ព្រះសង្ឃ ឬ​ជនណាម្នាក់​ឡើយ​។​

​មកដល់​ពេលបច្ចុប្បន្ន​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​ស្រាប់តែ​ប្តូរ​ទិស​នយោបាយ​ថ្មី គឺ​មើលទៅ​មិន​ខុសពី​ការ លី​ពូថៅ​ដើរចូល​តាម​វត្ត​នោះទេ  ។​
​ក្រោយពី​ធ្វើការ​ចោទប្រកាន់​ព្រះសង្ឃ​ខ្មែរ ទាំង​ពានត្រោកពានត្រាំង ដើម្បី​ចាប់​ផ្សឹក ដាក់គុក ច្រវាក់ និង​ធ្វើ​ទារុណកម្ម ពួក​រដ្ឋអំណាច​ផ្តាច់ការ​បាន​ដើរ​ប្រមូល​ព្រះសង្ឃ​ប្រជុំ​ឃោសនា​តាម​វត្ត​ខ្មែរ នៅ​ទួ​ទាំង​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ ដែល​គេ​សរសេរ​តាម​គំនិត​របស់គេ ដើម្បី លប់លាង​ប្រវត្តិសាស្ត្រ​ពិត ដែល​ចែងថា​កម្ពុជា​ក្រោម ជា​អតីត​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ រឿង​ដែល​ចំលែក គឺ​អ្នកដឹកនាំ​យួន​សព្វថ្ងៃ ដែលជា​អ្នក​បន្តវេន​នយោបាយ​ទុច្ចរិត​ក្រឡិចក្រឡុច មិនគួរ​រាប់​ជា​មិត្ត​នេះ បាន​ប្រើ​ពាក្យឃោសនា​ពាំ​របៀប​ត្រណោត ម្តងថា​ទឹកដី​កម្ពុជា​ក្រោម​នោះ គឺ​យួន​ជា​អ្នក​រុករាន​កាប់ឆ្ការ​ដោយ​ខ្លួនឯង ព្រោះ​ជា​ដី​ទំនេរ​គ្មាន​មនុស្ស​នៅ ម្តងថា​ខ្លួន​បាន​ទឹកដី​នោះ ដោយសារ​បារាំង​កាត់​ឲ្យ ម្តងថា​មក​ដោយសារ​ស្តេច​ខ្មែរ ព្រះនាម​ជ័យជេដ្ឋា​ទី​២​រៀប​អភិសេក​ជាមួយ ក្ស​ត្រី ង្វៀង ង៉ុ​ក វ៉ាន (Nguyen Ngoc Van) ជា​បុត្រី​ស្តេច​យួន ។

ជាជាង​ពេលណា​ទាំងអស់ យើង​បានឃើញ​ច្បាស់ នូវ​ឥរិយាបថ​របស់​អ្នកដឹកនាំ​យួន​នាពេល នេះ គឺ​ភ័យខ្លាច​ចំពោះ​ការដែល​ខ្មែរក្រោម​ក្តី ខ្មែរ​នៅ​កម្ពុជា​ក្តី ដឹងថា ទឹកដី​ភាគខាងត្បូង​នៃ​ប្រទេស វៀតណាម គឺ​ដែនដី​សណ្ត​នៃ​ទន្លេមេគង្គ​ដែល​ខ្លួន​កំពុងតែ​គ្រប់គ្រង​នោះ ធ្លាប់​នៅក្នុង​បូរណភាព​ដែន ដី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។ រឿងនេះ​មិន​ខុសពី​ចោរ​ម្នាក់ ដែល​បាន​លួច​គោ​របស់គេ​យកទៅ​ចង បង្ខាំង​ទុក​មួយ​រយៈពេល​យូរ ស្រាប់តែ​ដឹកគោ​នោះមក​បង្ហាញ​ម្ចាស់​ដើម​គេ ហើយ​អាស់អាងថា គោ នេះ​ជា​របស់​អញ​ទេ ដូច្នោះ​ដែរ​។ រឿងនេះ​មិនជា​ប្លែក​ដែរ​ទេ ធម្មតា​អ្នក​ដែល​លួច​របស់គេ គឺ​តែង រសាប់រសល់​គ្មាន​សេចក្តីសុខ ព្រោះ​ទោះជា​កាល​លួច​នោះ​គ្មាន​អ្នកណា​ឃើញ ក៏​ដឹងខ្លួន​តែម្នាក់ឯង ថា​ខ្លួន​បាន​លួច​គេ​។ ហើយ​បើ​ជន​ទុច្ចរិត​នោះ​ត្រូវ​បកស្រាយ​ឆ្លើយ​អំពី​ប្រវត្តិ​ពិត​នៃ​សាច់រឿង គឺ​វា​តែង ភ្លេចមុខភ្លេចក្រោយ​ត្រឡប់ត្រលិន​អំពី​ទង្វើ​របស់​ខ្លួនឯង ម្តងថា​អ​ញ្ចេះ ម្តងថា​អ៊ីចុះ​…​។

ហើយ​អ្នក​ដែល​មិន​ងាយ​វង្វេង​ផ្តាស់ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ពុ​ជា​ក្រោម​ជា​ម្ចាស់​ដើម​នៃ​ទឹកដី​នោះ តែម្តង ដែលមាន​ប្រវត្តិសាស្ត្រ វប្បធម៌ អា​រិ​យ​ធម៌ ទំនៀមទម្លាប់​ប្រពៃណី​សាសនា បុរាណវត្ថុ រមណីយដ្ឋាន​បុរាណ​នានា វត្ត​អារាម​ដែលមាន​អាយុកាល​ជា​ពាន់​ឆ្នាំ​ជា​សក្ខីភាព​ស្រាប់​។ ហើយ​ក្រៅ ពី​ខ្មែរ ពិភពលោក​ទាំងមូល​ក៏មាន​ឯកសារ​ប្រវត្តិសាស្ត្រ​បង្អែក​នេះ​យ៉ាង​គ្រប់គ្រាន់​បរិបូណ៌​ផងដែរ​។​

ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ យើង​ជា​ខ្មែរក្រោម​សូម​ជំរាប​ទៅ​រដ្ឋាភិបាល​យួន​ឲ្យ​ភ្លឺភ្នែក​នៅ ពេលនេះ​ថា សូមកុំ​ភ័យ​ពេក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រដ្ឋាភិបាល​យួន​ដាក់​ងារ​ឲ្យ ថា​ជា​ពួក ក្រុម​ប្រតិកិរិយា​ស្អី​គេ​នោះ គ្មាន​ផែនការ​អ្វី​ក្រៅពី​សុំ​ឲ្យ​តែ​យួន​ព្រម​គោរព​តាម​មាត្រា​ទាំង​៤៦ ដែល មានចែង​ដោយ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម ចំពោះ​ខ្មែរ​នៅលើ​ទឹកដី​កម្ពុជា​ក្រោម ហើយ​ដែល​យួន​ខ្លួនឯងបាន​ចុះហត្ថលេខា​ទទួលស្គាល់​នោះ​ទៅ បាន​ហើយ ។

​រឿង​ផ្សេង​ពី​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​អ្នកសម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ៕

Leave A Reply

Your email address will not be published.