សមាជិក ៣ រូប ដើរចេញពី គ.ជ.ប ក្រោយបក្សប្រឆាំងត្រូវរំលាយ
នៅទីបំផុតទៅ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចំនួន ៣ រូប ដែលជាបេក្ខភាពស្នើដោយអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសដើរចេញពីស្ថាប័នជាតិមួយនេះ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំជាងត្រូវបានរំលាយ ។ ប៉ុន្តែសមាជិក គ.ជ.ប ម្នាក់ទៀត ជាកូតាគណបក្សសង្រ្គោះជាតិដែរនោះ នៅតែរក្សាជំហរបន្តការងារក្នុង គ.ជ.ប ដដែល ។

សមាជិកគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ចំនួន ៣ រូប ដែលបានប្រកាសដើរចេញពី គ.ជ.ប នោះមាន លោក គួយ ប៊ុនរឿន ជាអនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិក ។ អ្នកទាំង ៣ សុទ្ធសឹងជា កូតាមកពីគណបក្សសង្រ្គោះជាតិ ។
ក្នុងលិខិតដែលផ្តិតស្នាមមេដៃ ដាក់ជូនប្រធានរដ្ឋសភា លោក ហេង សំរិន ដែលទើបធ្លាក់ដល់ដៃអ្នកកាសែតនៅល្ងាចថ្ងៃ ២០ វិច្ឆិកានេះ សមាជិក គ.ជ.ប ទាំង ៣ រូបនោះ បានគូសបញ្ជាក់ថា មូលហេតុដែលពួកគេមិនអាចបន្តការងារបោះឆ្នោតបានតទៅទៀត ដោយសារតែមានការបែងចែកអាសនៈគណបក្សសង្រ្គោះជាតិទៅឲ្យគណបក្សដទៃទៀតដែលពលរដ្ឋមិនគាំទ្រ ។ ក្នុងលិខិតដដែលបានចាត់ទុកទង្វើនេះថា បានជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតឆ្នាំ ២០១៨ ដែលមិនបានធានាឲ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
បើតាមសមាជិក គ.ជ.ប ទាំង ៣ រូបនេះ ក្នុងនាមជាអាជ្ញាកណ្តាល ពួកគេមិនអាចនៅបន្តការងារក្នុងស្ថាប័នរៀបចំការបោះឆ្នោតតទៅទៀតទេដោយថាវាក្បត់ នឹងឧត្តមគតិរបស់ពួកគេ និងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលនាំឲ្យជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជប មិនអាចទាក់ទងបានភ្លាមៗ ទេ ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហាក់ដូចជាភ្ញាក់ផ្អើលដែរនៅពេល ឮថាសមាជិក គ.ជ.ប ទាំង ៣ រូបលាលែងពីតំណែងព្រមៗ គ្នានេះ តែថាជាសិទ្ធិរបស់ពួកគេ ។ ទោះជាយ៉ាងណាអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងថា តាមច្បាប់ គឺអាចជ្រើសរើសអ្នកជំនួសករណីអវត្តមានសមាជិកណាម្នាក់ ។
សូមបញ្ជាក់ថា សមាជិក គ.ជ.ប មកពីកូតាអតីតគណបក្សសង្រ្គោះជាតិ មាន ៤ រូប គឺមានលោក គួយ ប៊ុនរឿន ជាអនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន លោកស្រី តែ ម៉ានីរ៉ុង និងលោក ហ៊ីង ធីឬទ្ធិ ជាសមាជិក ។ ប៉ុន្តែ លោក ហ៊ីង ធីឬទ្ធិ បានបញ្ជាក់កាលពីម្សិលមិញថា “ខ្ញុំនៅរក្សាជំហរបន្តការងារក្នុង គ.ជ.ប តទៅទៀត ដើម្បីការពារផលប្រយោជន៍របស់គណបក្សនយោបាយទាំងអស់ ដែលចូលរួមការបោះឆ្នោត រហូតដល់ចប់អាណត្តិ” ។
គួររំលឹកដែរថា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សរុបមានចំនួន៩រូប ដោយ៤រូបមកពីគណបក្សប្រជាជនកម្ពុជា ៤រូបមកពីគណបក្សសង្រ្គោះជាតិ និង១រូបគឺលោកបណ្ឌិត ហង្ស ពុទ្ធា តំណាងមកពីសង្គមស៊ីវិល។
ការបង្កើត គ.ជ.ប ថ្មីនេះ គឺជាការព្រមព្រៀងគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ក្រោយពីគណបក្សសង្រ្គោះជាតិបានធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ ដោយចោទថា គ.ជ.ប មិនឯករាជ្យ ។
គ.ជ.ប ថ្មីនេះ ត្រូវបានជួយជ្រោមជ្រែងផ្នែកបច្ចេកទេស ដោយប្រទេសជប៉ុន សហភាពអ៊ឺរ៉ុប ចិន និងសហរដ្ឋអាមេរិក ។ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រកាសផ្តាច់ជំនួយមក គ.ជ.ប ដោយសារតែមានការរំលាយគណបក្សប្រឆាំង ។ តែជាមួយគ្នានោះ ប្រទេសរុស្ស៊ី បានចេញមុខជួយឧបត្ថម្ភដល់ គ.ជ.ប របស់កម្ពុជាជំនួសវិញ ៕ RFI