សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត អន​ធើ​រី​យូ (Ontario) បើក​កិច្ចប្រជុំ​ជ្រើសរើស​ថ្នាក់ដឹកនាំ​

0 542

ដោយ ស៊ឺន ចែងចើន l VOKK

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត អន​ធើ​រី​យូ (Ontario) ប្រទេស​កាណាដា នៅ​ថ្ងៃទី ២៣ ធ្នូ ម្សិលមិញ​នេះ បាន​បើក​កិច្ចប្រជុំ​មួយ នៅ​គេហដ្ឋាន​អ្នកស្រី កែវ កញ្ញា ដើម្បី​ជ្រើសរើស​គណ​:​កម្ម​ការ និង​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី បន្ទាប់ពី​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​ក​ម្ព​ជា​ក្រោម តែងតាំង លោក ត្រឹង ស៊ី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត​អនធា​រី​យោ នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង Orlando រដ្ឋ Florida កាលពី​ថ្ងៃទី ៨ ដល់ ១០ ខែធ្នូ​កន្លងទៅនេះ ។​

ថ្នាក់ដឹកនាំនៃសាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត អន​ធើ​រី​យូ (Ontario) ប្រទេសកាណាដា
ថ្នាក់ដឹកនាំនៃសាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត អន​ធើ​រី​យូ (Ontario) ប្រទេសកាណាដា

​នៅក្នុង​កិច្ចប្រជុំ​នោះ មានការ​និមន្ត និង​អញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត​អន​ធើ​រី​យូ ប្រមាណ ២០ អង្គ និង​រូប ។ ដោយ​ក្នុងនោះ ក៏មាន​វត្តមាន​និមន្ត​ចូលរួម​ពី​សំណាក់ ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ប្រធាន​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​លោក តោ គិ​ម​ថុង ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​ជា​កិត្តិយស​ផងដែរ ។​

​អង្គប្រជុំ​បានសម្រេច​ប​ង្កើ​ត​គណៈកម្មការ​ថ្មី និង​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​មួយចំនួន​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ខែត្រ​អន​ធើ​រី​យូ ដោយ​អង្គ​ប្រជុំបាន​ឯកភាព​ជ្រើសរើស​លោក ត្រឹង ស៊ី ជា​ប្រធាន លោក ត្រាំ ប៊ូ​វ​ចូ​វ ជា​អនុប្រធាន លោក ថាច់ ដែក ជាទី​ប្រឹក្សា ។ ក្រៅពីនេះ អង្គប្រជុំ ក៏បាន​ជ្រើសរើស​ស្ត្រី ចំនួន ២ រូប​ផងដែរ ដោយ​អ្នកស្រី ថាច់ សុជាតា ជា​លេខាធិការ និង​ហេ​រញ្ញឹក និង​អ្នកស្រី កែវ កញ្ញា ជា​ប្រធាន​ស្ត្រី ។​

​កិច្ចប្រជុំ ដែល​បាន​ដំណើរការ​ចាប់ផ្តើម​ពី​ម៉ោង ៣ រសៀល រហូតដល់​ម៉ោង ៦ ល្ងាច ក៏បាន​ពិភាក្សាគ្នា ដោយ​ដាក់ចេញ​នូវ​ផែនការ​ជាច្រើន សម្រាប់​ឆ្នាំ ២០១៨ ។ ទន្ទឹម នឹង​នេះ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​នោះ ក៏បាន​ចែកជូន​នូវ​ទម្រង់​លិខិត​សុំចូល​សមាជិក​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដល់​សមាជិក ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ដើម្បី​បំពេញបែបបទ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផង ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ជាតិ​កម្ពុជា​ក្រោម ដែល​បាន​បង្កើតឡើង ដោយ​ខ្មែរក្រោម​អ្នកស្នេហាជាតិ នៅ​ជុំវិញ​ពិភពលោក ធ្វើ​ចលនា​តស៊ូ​ដោយ​អហិង្សា​លើ​ឆាក អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ពី​របប​គ្រប់គ្រង​អាណានិគម យួន នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ៕​

Leave A Reply

Your email address will not be published.