ដំណឹង​ខួប​ ៧០​ ឆ្នាំ​ នៃ​ទិវា​ ៤ មិថុនា​ ប្រារព្ធ​ដោយ​ពលរដ្ឋខ្មែរ​-ខ្មែរក្រោម​ នៅ​ទូទាំង​ពិភពលោក​

0 286

ដោយ ស៊ឺន ចែងចើន

នៅ​ថ្ងៃ​ ៤ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ជុំវិញ​ពិភពលោក​ នឹង​ប្រារព្ធ​ខួប​ ៧០​ ឆ្នាំ​ ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ ឲ្យ​ទៅ​វៀតណាម​ធ្វើអាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម​ ។

រូបសញ្ញា​ បង្ហាញ​ពីអ​ត្ថ​ន័យ​ រំឭក​ដល់​ខួប​ ៧០​ ឆ្នាំ​ ដែល​អាណានិគម​និយម​បារាំង​ បាន​ផ្ទេរ​ដែនដី​កម្ពុជាក្រោម​ អោយ​យួន​បន្ត​ ធ្វើអាណានិគម​លើ​ខ្មែរក្រោម​ នៅ​ថ្ងៃ​ ៤ ខែ​ មិថុនា​ ឆ្នាំ​ ១៩៤៩​ ។ រចនា​ដោយៈ​ ព្រះតេជព្រះគុណ​ ថាច់​ ប្រីជា​ គឿន​
រូបសញ្ញា​ បង្ហាញ​ពីអ​ត្ថ​ន័យ​ រំឭក​ដល់​ខួប​ ៧០​ ឆ្នាំ​ ដែល​អាណានិគម​និយម​បារាំង​ បាន​ផ្ទេរ​ដែនដី​កម្ពុជាក្រោម​ អោយ​យួន​បន្ត​ ធ្វើអាណានិគម​លើ​ខ្មែរក្រោម​ នៅ​ថ្ងៃ​ ៤ ខែ​ មិថុនា​ ឆ្នាំ​ ១៩៤៩​ ។ រចនា​ដោយៈ​ ព្រះតេជព្រះគុណ​ ថាច់​ ប្រីជា​ គឿន​

ខាងក្រោម​នេះ​ ជា​ដំណឹង​នៃ​ពិធីបុណ្យ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ ដែល​ នឹង​ប្រារព្ធ​ដោយ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ពលរដ្ឋខ្មែរ​ នៅ​ជុំវិញ​ពិភពលោក​ ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ទទួល​បាន​ នៅ​ថ្ងៃទី​ ៣១​ ខែឧសភា​ នេះ​ ។

នៅ​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​ អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ នឹង​ប្រា​រព្វ​ខួប​ ៧០​ ឆ្នាំ​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ ដែល​បារាំង​ បាន​ផ្ទេរ​ដែនដី​កម្ពុជាក្រោម​ ឬកូស័ងស៊ីន​ ឲ្យ​ធ្វើជា​រដ្ឋ​ចំណុះ​វៀតណាម​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។ ពិធី​នេះ​ នឹង​ធ្វើឡើង​ នៅ​ថ្ងៃទី​ ៤ មិថុនា​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ ស្ថិតនៅ​ភូមិ​គោ​កឃ្លា​ង សង្កាត់​គោ​កឃ្លា​ង ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ។

នៅ​ប្រទេស​ថៃ​ ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ ដែល​កំពុង​ជ្រកកោន​នៅ​ប្រទេស​នេះ​ នឹង​ប្រា​ព្វ​ពិធី​ខួប​ ៧0​ ឆ្នាំ​ នេះ​ នៅ​ថ្ងៃទី​ ៤ មិថុនា​ នៅ​ទីស្នាក់ការ​របស់​ខ្លួន​ ស្ថិតនៅ​ផ្សារ​ស៊ី​មុម​មឿង​ ស្រុក​ឡាំ​លូក​កា​ ខេ​ត្ត​ប៉ា​ថុម​ថា​នី​ នៃ​ទីក្រុង​បាងកក​ ។ ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លោក​ ឡឹម​ សំណាង​ អនុប្រធាន​គណៈកម្មការ​បុណ្យ​ ទូរស័ព្ទ​លេខ​ (៦៦​) ៦២០​ ៧២៩​ ៥១៦​ អ្នកស្រី​ ហង្ស​ ធីតា​ លេខាធិការ​គណៈកម្មការ​បុណ្យ​ ទូរស័ព្ទ​លេខ​ (៦៦​) ៦២៨​ ៣៦៧​ ០០២​ ។

នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ប្រា​រព្វ​ នៅ​ថ្ងៃអាទិត្យ​ ទី​ ២ ខែមិថុនា​ ។ ពិធី​នេះ​ រៀបចំ​ដោយ​សម​គម​ខ្មែរ​ក្វាង​ជូ​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​មាន​តំណាង​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​ប្រទេស​កម្ពុជា​ ចូលរួម​ផង​ដែរ​ ។ ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ ០១០៥៩០​ ១៥៩៧៥​ ។

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​ញូ​វសៅ​វ៉េ​ល នៃ​ប្រទេស​អូស្រ្តាលី​ នឹង​ប្រា​រព្វ​ នៅ​ថ្ងៃអាទិត្យ​ ទី​ ២ ខែមិថុនា​ នៅ​វត្ត​រតនារាម​ ។ ទី​កន្លែង​ប្រា​រព្វ​ វត្ត​រតនារាម​ 114​ Broomfield​ St​, Cabramatta​ NSW​ 2166​ ។ ព័ត៌មាន​បន្ថែម​ សូម​លោកអ្នក​ទាក់ទង​ ​; ព្រះតេជព្រះគុណ​ ពរ​ សាវឿ​ន តាមរយៈ​ទូរស័ព្ទ​លេខ​ 0449893889​ ។

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ នៃ​ប្រទេស​អូស្រ្តាលី​ នឹង​ប្រា​រព្វ​ នៅ​ថ្ងៃអាទិត្យ​ ទី​ ២ ខែមិថុនា​ នៅ​វត្ត​រតនារាម​ ។ កម្មវិធី​នេះ​ ធ្វើ​នៅ​វត្ត​ធម្មា​រាម​ អាស័យ​ដ្ឋាន​ 53​-57​ Balmoral​ Ave​ Springvale​ Vic​ 3171​ ។ ព័ត៌មាន​បន្ថែម​ សូម​លោកអ្នក​ទាក់ទង​ ​; លោក​ យ៉ា​ញ់​ បូ​ណាត​ តាមរយៈ​ទូរស័ព្ទ​លេខ​ 0423033374​ ។

នៅ​សហរដ្ឋអាមេរិក​ ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ទី​ក្រុង​ស៊ើរិស​ នឹង​ប្រារព្ធ​ទិវា​ ៤ មិថុនា​ នេះ​ នៅក្នុង​វត្ត​អង្គរបុរី​ ឋិតនៅ​ក្នុង​ទីក្រុង​ ស៊ើរិស​ (Ceres​) រដ្ឋ​ California​ សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​ ៩ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ។ ព័ត៌មាន​បន្ថែម​ សូម​លោកអ្នក​ទាក់ទង​ អ្នកស្រី​ សុភី​ ចៅ​ ដែល​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យ​ តាមរយៈ​ទូរស័ព្ទ​លេខ​ (209​) 568​-8478​ ។

ចំណែក​ នៅ​អ៊ឺ​រ៉ុប​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​ប្រា​រព្វ​ពិធី​នេះ​រួមគ្នា​ នៅក្នុង​អគារ​នៃ​វិមាន​សន្តិភាព​ (Peace​ Palace​) នាទី​ក្រុង​ឡា​អេ​ ប្រទេស​ហូ​ឡង់​ នៅ​ថ្ងៃទី​ ១ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ។ ក្រៅពី​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​សហការ​ជាមួយ​អង្គការ​ចំនួន​ពីរ​ទៀត​ គឺ​អង្គការ​ប្រជាជាតិ​ និង​ប្រជាជន​គ្មាន​តំណាង​ (UNPO​) និង​វិទ្យាស្ថាន​ហា​វ៉ៃ​ ដើម្បី​សិទ្ធិមនុស្ស​ នឹង​ធ្វើសន្និសីទ​អន្តរជាតិ​ នៅក្នុង​អគារ​ដដែល​នេះ​ ក្រោម​ប្រធានបទ​ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ ដោយខ្លួនឯង​របស់​ខ្មែរក្រោម​” ។ សន្និសីទ​នេះ​ នឹង​មាន​អ្នកមុខអ្នកការ​សាធារណ​: សាស្ត្រា​ចារ្យ​ បណ្ឌិតសភា​ និង​ សកម្មជន​ អន្តរជាតិ​ មក​ធ្វើជា​វាគ្មិន​ ដើម្បី​ធ្វើ​កិច្ចពិភាក្សា​អំពី​លំនាំ​ច្បាប់​ ដែល​ខ្មែរក្រោម​អាច​ធ្វើការ​តស៊ូ​មតិ​ចំពោះ​សិទ្ធិ​របស់​ខ្លួន​ ក្នុង​ការ​ទទួល​បាន​នូវ​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ ដោយខ្លួនឯង​ ហើយដែល​សហគមន៍​អន្តរជាតិ​អាច​ នឹង​គាំទ្រ​កាន់តែ​ខ្លាំង​ ចំពោះ​សិទ្ធិ​នេះ​ ។

គួរ​ជម្រាប​ជូន​ថា​ រៀងរាល់​ឆ្នាំ​ ឲ្យតែ​ដល់​ថ្ងៃទី​ ៤ ខែមិថុនា​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ពលរដ្ឋខ្មែរ​ក្រោម​ ទូទាំង​ពិភពលោក​ ដូចជា​ ប្រទេស​កម្ពុជា​ ​; ថៃ​ ​; សហរដ្ឋអាមេរិក​ ​; កាណាដា​ អូ​ស្តា​លី​ New​ Zealand​ និង​ប្រទេស​មួយចំនួន​នៅ​អឺរុប​ ដូចជា​ បារាំង​ ស្វិ​ស អ៊ីតាលី​ ហូ​ឡង់​ ជាដើម​ តែងតែ​ប្រារព្ធ​ទិវា​ ៤ មិថុនា​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ ជា​អតីត​ទឹកដី​មួយភាគធំ​របស់​ប្រទេស​កម្ពុជា​ ឲ្យ​ទៅ​យួន​បន្ត​ធ្វើអាណានិគម​លើ​ខ្មែរក្រោម​ ។

កាលពី​ ថ្ងៃទី​ ០៤​ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ប្រធានាធិបតី​បារាំង​ឈ្មោះ​ វ៉ែន​សង់​ អូរិ​យោល​ (Vincent​ Auriol​) បាន​ប្រកាស​ច្បាប់​ លេខ​ ៤៩​-៧៣៣​ ក្នុង​ការ​ប្រគល់​ដែនដី​កូស័ងស៊ីន​ ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​ វៀតណាម​ដែល​ពលរដ្ឋខ្មែរ​ចាត់ទុកថា​ ជា​សន្ធិសញ្ញា​ខុសច្បាប់​ ។

ដែនដី​កូស័ងស៊ីន​ ឬកម្ពុជាក្រោម​ មាន​ទំហំ​ ៦៧.៧០០​ គីឡូម៉ែត្រ​ក្រឡា​ នៅ​តំបន់​ដីស​ណ្ត​ទន្លេមេគង្គ​ ឬ ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ សព្វថ្ងៃ​ ។ ក្រោយពី​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ មក​ ពលរដ្ឋខ្មែរ​ក្រោម​វាល់​លាន​នាក់​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជាក្រោម​ បាន​បន្ត​រស់នៅ​ក្រោម​នឹម​អាណា​ និគម​យួន​រហូតមកដល់​ សព្វថ្ងៃ​ ។

បច្ចុប្បន្ន​ ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ មិន​មាន​សិទ្ធិ​ប្រារព្ធ​ខួប​ ទិវា​ ៤ មិថុនា​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ខ្លួន​ ដែល​អាណានិគម​និយម​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ និង​វាសនា​របស់​ខ្លួន​ ផ្ទេរ​ឲ្យ​ទៅ​នៅ​ក្រោម​នឹម​អាណានិគម​ថ្មី​របស់​យួន​នោះ​ឡើយ​ ។ ទិវា​នេះ​ ប្រារព្ធ​បានតែ​ពលរដ្ឋខ្មែរ​ក្រោម​នៅ​ក្រៅ​ ប្រទេស​តែ​ប៉​ណ្ណោះ​ ៕

Leave A Reply

Your email address will not be published.