ក្រឡេកមើលកម្ពុជាក្រោមឆ្នាំ ២០១៤
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ តើមានព្រឹត្តិការណ៍អ្វីកើតឡើងខ្លះ សម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងនៅក្រៅប្រទេស ។ ខាងក្រោមនេះ ជាសេចក្ដីរាយការណ៍សង្ខេបស្ដីពី ព្រឹត្តិការណ៍ដែលបាន កើតឡើង ក្នុងរយៈពេល ១ ឆ្នាំ កន្លងទៅនេះ ។

ខែមករា
ព្រះសង្ឃខ្មែរក្រោមនៅកម្ពុជា ៥ អង្គ ត្រូវឃាត់ព្រះកាយ និងដោះលែងមកវិញ ក្នុងព្រឹត្តិការណ៍បង្ក្រាបលើកម្មករ នៅរោងចក្រចុងជីញ នាសង្កាត់ដំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នោះជាសង្ឃនៃវត្តសាមគ្គីរង្សី ដែលត្រូវបានកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង ៩១១ ចាប់ឃុំខ្លួននៅបន្ទាយ កាលពីថ្ងៃទី ២ ខែមករា ហើយត្រូវបានដោះលែងមកវិញនៅម៉ោងប្រមាណ ១២ អាធ្រាត្រចូលថ្ងៃទី ៣ បន្ទាប់ពីឃុំខ្លួនប្រមាណជាង ១០ ម៉ោងរួចមក ។
ការដោះលែងនោះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកជាច្រើនទៀត និងមានការតវ៉ាពី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ជាព្រះចៅអធិការវត្តសាមគ្គីរង្សី ។
ព្រះសង្ឃទាំង ៥ អង្គដែលត្រូវចាប់នោះ រួមមាន ភិក្ខុ មាស វិចិត្រ, ភិក្ខុ ថាច់ ហាសំអាង គ្រូសូត្រវត្តសាមគ្គីរង្សី និងជា លេខាសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម, ភិក្ខុ គង់ រតនៈសារ៉ាយ, ភិក្ខុ ឡាយ ឡាត អតីតចៅអធិការវត្តដូនទ្រូ នៅស្រុកជ្រោយញរ ខេត្តឃ្លាំង ដែលទើបតែភៀសខ្លួនទៅប្រទេសកម្ពុជា និង ភិក្ខុ គឹម ចាន់ ថន ។
ខែកុម្ភៈ
នៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ សៀវភៅសិក្សាមួយដែលមានចំណងជើងថា “វេយ្យាករណ៍ខ្មែរសង្គ្រោះ” ដែលបានរៀបរៀងដោយ លោក ថាច់ ឯក នៅភូមិសំណឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង និងបានបោះពុម្ពដោយ ភិក្ខុ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ ត្រូវបានរដ្ឋាភិបាលវៀតណាមរឹបយក ពេលដែលព្រះអង្គបានផ្ញើសៀវភៅនេះទៅចែកដល់សមណសិស្ស និងគ្រូបង្រៀននៅកម្ពុជាក្រោម ។
អាជ្ញាធរ វៀតណាមបានចោទម្ចាស់រៀបរៀងសៀវភៅនេះថា បានបោះពុម្ពសៀវភៅខុសច្បាប់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពីរដ្ឋាភិបាល តែម្ចាស់ទទួលខុសត្រូវក្នុងការបោះពុម្ពសៀវភៅបានលើកឡើងថា ទង្វើនេះមិនខុសច្បាប់អ្វីទេ តែរដ្ឋាភិបាលវៀតណាមវិញទេ ដែលបំពានលើសិទ្ធិរបស់ជនជាតិដើម ក្នុងការរក្សា និងផ្សព្វផ្សាយអក្សរសាស្ត្រខ្មែររបស់ព្រះអង្គ ។
ខែមេសា
នៅថ្ងៃទី ៣០ ខែមេសា គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ បានចេញរបាយ ការណ៍ប្រចាំ ឆ្នាំ ២០១៤ ស្ដីពីសេរីភាពសាសនាក្នុងពិភពលោក ក៏មានសេចក្ដីរាយការណ៍ស្ដីពីការរំលោភសិទ្ធិសាសនាលើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមពីរដ្ឋាភិបាលវៀតណាម ផងដែរ ។ គណៈកម្មការមួយនេះ ក៏បានស្នើឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ប្រទេសចំនួន ៨ ក្នុងនោះ មានវៀតណាម ផងដែរ ឲ្យចូលក្នុងបញ្ជីខ្មៅនៃ “ប្រទេសដែលមានក្ដីបារម្ភពិសេស” ហៅកាត់ជាភាសា អង់គ្លេស ថា PPC ឬ Countries of Particular Concern ខាងរំលោភសិទ្ធិសាសនាយ៉ាងធ្ងន់ ឡើងវិញ ។
នៅក្នុងរបាយការណ៍កម្រាស់ ២០៩ ទំព័រ ស្ដីពីការរំលោភសិទ្ធិសាសនានៅក្នុងពិភពលោក បានរាយការណ៍ស្ដីពីការរំលោភសិទ្ធិសាសនាលើពលរដ្ឋខ្មែរក្រោមពីរដ្ឋាភិបាលវៀតណាមថា៖ “អាជ្ញាធរវៀតណាមបានចូលអុកឡុកនៅក្នុងវត្តតាសេក និង វត្តព្រៃជាប់ ឋិតនៅក្នុងខេត្តឃ្លាំង ដោយការឃុំឃាំង និងចាប់ផ្សឹកនាំឲ្យពលរដ្ឋខ្មែរក្រោមទាំងនោះបានភៀសខ្លួនចេញ ទៅសុំសិទ្ធិជ្រកកោន នៅប្រទេសទី ៣ [គឺ ប្រទេសថៃ] ។ ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ លី ចិន្ដា ត្រូវបានចាប់ខ្លួន និងផ្សឹកចោទពីបទថា បានទងទងនឹងអង្គការខ្មែរក្រោមនៅក្រៅប្រទេស ។ ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ព្រះសង្ឃមួយចំនួនទៀត កំពុងតែរងចាំជំនុំជម្រះក្ដី ។ ចំណែកព្រះសង្ឃ លី ចិន្ដា កំពុងតែបាត់ព្រះកាយ ហើយអ្នកភូមិព្រៃជាប់អ្នកដែលតវ៉ាបិទផ្លូវប៉ូលិសត្រូវបានចាប់ខ្លួនប៉ុន្មានខែកន្លងមកនេះ” ។
ខែឧសភា
អង្គការសហប្រជាជាតិបានរៀបចំមហាសន្និបាតវិសាខបូជាអន្តរជាតិ លើកទី ១១ រយៈពេល ៤ ថ្ងៃ នៅប្រទេស វៀតណាម ខណៈដែលព្រះសង្ឃពីរអង្គ និងពុទ្ធបរិស័ទខ្មែរក្រោម ៦ រូបកំពុងតែ ជាប់ពន្ធនាគារ នៅខេត្តឃ្លាំង ។ មហាសន្និបាត វិសាខបូជានេះ ប្រារព្ធនៅក្នុងវត្តយួនមួយឈ្មោះបាយដិន ឋិតនៅក្នុងខេត្តនិញបិន ភាគខាងជើង នៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៧ ដល់ ទី ១១ ខែឧសភា ដែលមានមនុស្ស ចូលរួម ប្រមាណ ១០.០០០ នាក់ ក្នុងនោះ មានប្រតិភូប្រមាណ ១.៥០០ រូប តំណាងឲ្យស្ថាប័ន ព្រះពុទ្ធសាសនា នៅក្នុងប្រទេសចំនួន ៩៥ ចូលរួម ផងដែរ ។
មហាសន្និបាតនេះ មន្ត្រីតំណាងគណៈកម្មការសាសនាអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាន នៅក្រៅប្រទេស មិនត្រូវបានរដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យចូលរួមទេ ។ ចំណែក មន្ត្រីសង្ឃខ្មែរក្រោមនៅកម្ពុជា ក្រោម ដែលត្រូវបានរដ្ឋាភិបាលវៀតណាមអញ្ជើញទៅចូលរួមនោះ គ្មានឱកាសឡើងថ្លែងសារទៅកាន់ភ្ញៀវ អន្តរជាតិឡើយ ។
នៅថ្ងៃទី ២២ ខែឧសភា នាង អម វិជ្ជា តំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមបានឡើងថ្លែងនៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ។ សេចក្ដីថ្លែង ការណ៍របស់នាងស្ដីអំពីកិច្ចការអនាគត របស់វេទិកានេះ និងបានជម្រុញឲ្យប្រទេសវៀតណាមប្ដូរឥរិយាបទពីការប្រើភាសាក្នុងការហៅ “ជនជាតិភាគតិច” មកជា “ជនជាតិដើម” វិញ ។
ចាប់ពីឆ្នាំ ២០០៤ មក សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែងចូលថ្លែងការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សរបស់ខ្មែរក្រោម នៅក្នុងអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ ។
ខែមិថុនា
ពលរដ្ឋខ្មែរក្រោមនៅក្រុងភ្នំពេញ ប្រទេសកម្ពុជា បានប្រារព្ធខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ “កម្ពុជាក្រោម” ឲ្យឋិតនៅ ក្រោមរដ្ឋចំណុះវៀតណាម ។ ពិធីនេះធ្វើនៅវត្តសាមគ្គីរង្សី នាព្រឹកថ្ងៃទី ០៤ ខែមិថុនា ដោយមានព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមយ៉ាងច្រើនកុះករ ក្រោមព្រះរាជអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាង ព្រះមហាក្សត្រខ្មែរ និងមានការចូលរួមពី លោក សម រង្ស៊ី ប្រធាន និង លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ ផងដែរ ។ ក្រៅពីប្រទេសកម្ពុជា សហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសនានាក្នុងពិភពលោក ក៏បាន រៀបចំកម្មវិធីនេះ ផងដែរ ។
ក្រោយពីពលរដ្ឋប្រារព្ធខួប ៦៥ ឆ្នាំ នេះ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា បានថ្លែង នៅថ្ងៃទី ០៦ ខែមិថុនា ថា “ដែនដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីយូរយារណាស់មកហើយ” ដែលធ្វើឲ្យមាន ការខឹងសំបាពីពលរដ្ឋខ្មែរយ៉ាងខ្លាំង ហើយពួកគេបានក្រោកឡើងនៅទីក្រុងភ្នំពេញ ធ្វើបាតុកម្មមុខស្ថានទូតវៀត ណាម ដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាមរូបនេះសុំទោសពលរដ្ឋខ្មែរជាសាធារណៈ ។
អ្នកភូមិព្រៃជាប់ នៃខេត្តឃ្លាំង ៤ រូប ត្រូវបានអាជ្ញាធរវៀតណាមដោះលែងចេញពីពន្ធនាគារ នៅថ្ងៃទី ១៧ ខែមថុនា បន្ទាប់ពីពួកគេបានជាប់នៅក្នុងពន្ធនាគារ អស់រយៈពេលជាងមួយឆ្នាំតាមសាលក្រមដែលតុលាការបក្សកុម្មុយនិស្ត វៀតណាមបានប្រកាស កាលពីខែកញ្ញា ឆ្នាំ ២០១៣ ។
សូមបញ្ជាក់ថា នៅថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការសាលាដំបូងខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមឲ្យអ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹងករណី ភិក្ខុ លី ចិន្ដា នៃ វត្តព្រៃជាប់ឲ្យជាប់ពន្ធនាគារម្នាក់ៗពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្ម ទណ្ឌរបស់ប្រទេសវៀតណាម ។
អ្នកទាំង ៤ ដែលត្រូវបានដោះលែងនោះ រួមមាន ទី ១ អ្នកស្រី លី ធីយន់ ជាប់គុក ១ ឆ្នាំ, ទី ២ អ្នកស្រី ឡឹម ធីឡង ១ ឆ្នាំ, ទី ៣ លោក លី មិញហាយ ១១ ខែ, ទី ៤ លោក តាំង ផល្លា ១០ ខែ ។
ខែកក្កដា
នៅថ្ងៃទី ០៨ ខែកក្កដា ប្រជាពលរដ្ឋ និង ព្រះសង្ឃដែលដឹកនាំដោយសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ជាច្រើនរយ នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារ ឱ្យអ្នកនាំពាក្យស្ថានទូតនេះ ចេញមុខសុំទោសជាសាធារណៈចំពោះអ្វីដែលខ្លួនធ្លាប់បានអះអាងថា “ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ” មិនមែនបានមកពីការ កាត់ទឹកដី ដោយបារាំងនៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ នោះទេ ។ បាតុកម្មនេះ មានមនុស្សយ៉ាងតិចប្រមាណ ១០ នាក់ ត្រូវបានកម្លាំងសន្តិសុខ នៃប្រទេសកម្ពុជា វាយឱ្យរបួសស្រាលក្នុងខណៈពេលពួកបាតុករព្យាយាម បុករបាំងការពាររបស់ប៉ូលិស ឆ្ពោះទៅកាន់ស្ថានទូតវៀត ណាម ។
បន្ទាប់ពីបាតុកម្មនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយ បិន (Lê Hải Bình) បានថ្កោល ទោសសកម្មភាព បាតុកម្មនៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញថា បានធ្វើឡើងដោយ “ក្រុមជ្រុលនិយម មួយក្ដាប់តូច” និងថា វៀតណាមនឹងស្នើឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការទប់ស្កាត់ ។
ក្រោយពីការថ្លែងបែបនេះ របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមមក នៅថ្ងៃទី ១០ ខែកក្ដដា គ្រប់កាសែត រដ្ឋរបស់បក្សកម្មុយនិស្តវៀតណាមទូទាំងប្រទេសបានចុះផ្សាយ “រឿងបាតុកម្មនៅមុខ ស្ថានទូតវៀតណាមប្រចាំ ប្រទេសកម្ពុជា” ។ កាសែតទាំងនេះ បានស្រង់សម្ដីនៅក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដោយប្រើពាក្យថា “Khmer Kampuchea Krom” ដែលជាពាក្យមួយដ៏រសើប សម្រាប់រដ្ឋាភិបាលវៀតណាម ។
ទោះបីមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងថា បាតុកម្មនេះ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្ត ភាពរវាង កម្ពុជានិងវៀតណាមយ៉ាងណាក៏ដោយ ក៏មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថា ការធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមនាពេលកន្លងមក គឺមិនប៉ះពាល់ដល់ ទំនាក់ ទំនងរវាងប្រទេសកម្ពុជា និងវៀតណាមទេ ។
ខេត្តព្រះត្រពាំងមានវត្តថ្មីថែមមួយទៀត ឋិតនៅក្នុងភូមិអូរតាពៅ ឃុំកំពង់ទូក ស្រុកកំពង់ធំ ។ វត្តនេះ ឈ្មោះថា វត្តសុវណ្ណនទីសិរីឧត្ដម (អូរតាពៅ) ដែលទើបតែបានធ្វើបុណ្យបញ្ចុះខណ្ឌសីមា នៅថ្ងៃទី ៩ និងទី ១០ ខែកក្កដា ឆ្នាំ ២០១៤ ត្រូវនឹងថ្ងៃពុធ ១៣ កើត និងថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែអាសាឍ ឆ្នាំ មមី ឆស័ក ពុទ្ធសាសរាជ ២៥៥៨ ។
វត្តនេះ បានក្លាយជាវត្តផ្លូវការចាប់ពីថ្ងៃបុណ្យបញ្ចុះខណ្ឌសីមានេះតទៅ ក្រោយពីទីតាំងកសាងវត្ត ធ្លាប់ជាសាលាឆ ទាន ធ្វើបុណ្យសុន្ទរទានរបស់ពុទ្ធបរិស័ទខ្មែរក្រោមនៅក្នុងតំបន់មួយនេះអស់ជាច្រើនឆ្នាំកន្លងមក ។ វត្តសុវណ្ណ នទីសិរីឧត្ដម (អូរតាពៅ) ជាវត្តទី ១៤២ របស់ខេត្តព្រះត្រពាំង ដែលពីមុនមកខេត្តនេះមានតែ ១៤១ វត្តប៉ុណ្ណោះ ។
ខែសីហា
រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យសមាគមព្រះសង្ឃខ្មែរខេត្តព្រះត្រពាំង រឹបយកត្រាវត្តដែលមានឆ្លាក់អក្សរខ្មែរថា “កម្ពុជាក្រោម” ពី ព្រះតេជព្រះគុណ គឹម ហាន់ ព្រះចៅអធិការវត្តដីក្រហម ។ បញ្ហានេះ គណៈមន្ត្រីសង្ឃខេត្តបាន និមន្តព្រះតេជព្រះគុណ គឹម ហាន់ ទៅសាលាគណខេត្ត ដែលឋិតនៅក្នុង វត្តពោធិសាលរាជ (កំពង់) ដើម្បីបង្ខំឲ្យ ព្រះអង្គប្រគល់ត្រាវត្តទៅឲ្យអាជ្ញាធរវៀតណាម ។
ព្រះចៅអធិការវត្តដីក្រហមមិនបានប្រគល់ត្រានេះឲ្យទៅគណៈមន្ត្រីសង្ឃទេ ដោយព្រះអង្គបានធ្វើសេចក្ដីរាយ ការណ៍មួយជូនទៅអាជ្ញាធរវៀតណាមតាមរយៈមន្ត្រីសង្ឃថា ព្រះអង្គបានចោលត្រានេះទៅក្នុងទន្លេរួចហើយ ។
ការដែលអាជ្ញាធរវៀតណាមចង់រឹបយកត្រា ព្រោះនៅពេលថ្មីៗនេះ អាជ្ញាធរវៀតណាមបានដឹងថា វត្តដីក្រហមបាន រក្សាទុកនូវត្រារបស់វត្តមួយដែលបានឆ្លាក់អក្សរថា “កម្ពុជាក្រោម” ។ ត្រានេះ ជាកេរដំណែករបស់ ព្រះតេជព្រះគុណ មហា ត្រឹង យន់ ជាអតីតព្រះចៅអធិការទី ២៧ នៃវត្តដីក្រហម និងជាអតីតព្រះមេគណទី ១០ នៃខេត្តព្រះត្រពាំង ដែលទើបតែអនិច្ចធម្ម កាលពីឆ្នាំ ២០០៩ ។
លោក Heiner Bielefeldt អ្នករាយការណ៍ពិសេសរបស់ អ. ស. ប. ទទួលបន្ទុកផ្នែកសិទ្ធិសេរីភាពខាងជំនឿ សាសនាបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែកក្កដា ទៅ តាមការអញ្ជើញរបស់រដ្ឋាភិបាលវៀតណាម ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានធ្វើដំណើរចុះទៅដែនដីកម្ពុជា ក្រោមដើម្បីជួបព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមួយ ចំនួនដែលបានរងគ្រោះដោយការរំលោភ សិទ្ធិមនុស្សពីរដ្ឋា ភិបាលវៀតណាម ផងដែរ ។
ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែកក្កដា លោកបានធ្វើសេចក្តីសន្និដ្ឋានថា អាជ្ញា ធរវៀតណាមនៅតែបន្តរំលោភសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ។ លោកក៏បាន រិះគន់ផងដែរចំពោះ អាជ្ញាធរវៀតណាមដែលបានព្យាយាមរំខានដំណើរទស្សនកិច្ចរបស់លោក ។ លោកបានចេញរបាយការណ៍ ស្ដីពី បញ្ហារំលោភសិទ្ធិសាសនានៅវៀតណាមកម្រាស់ ១៣ ទំព័រ ដោយបាន បញ្ជាក់អំពីស្ថានភាពសិទ្ធិសេរីភាព សាសនានៅកម្ពុជាក្រោមថា ៖ “នៅក្នុងកិច្ចជួបសន្ទនាជាមួយនឹងតំណាងសមាគមពុទ្ធសាសនាឯករាជ្យ ខ្ញុំបាន ឮនូវពាក្យត្អូញត្អែរអំពីស្ថានភាព ការបង្ក្រាប នៅតែកើតមាន ដូចជា នគរបាលបានមកប្រមូលផ្ដុំ ចាប់ពលរដ្ឋឃុំ ឃាំងនៅក្នុងផ្ទះ ចាប់ដាក់គុក និង រឹបយករបស់ទ្រព្យ ជាដើម …។ ទង្វើដែលរដ្ឋាភិបាលវៀតណាម បដិសេធ ការប្រតិបត្តិសាសនារបស់ក្រុម ដែលរដ្ឋមិនបានទទួលស្គាល់ដែលខ្ញុំបានជួបសន្ទនាជាមួយ ជាសញ្ញាមួយបង្ហាញ ឲ្យឃើញកាន់តែច្បាស់ថា ក្រុមអ្នកកាន់ព្រះពុទ្ធសាសនាដែលមានជំហរ ឯករាជពីរដ្ឋាភិបាលមិនអាចអនុវត្តនូវ សេរីភាពក្នុងការប្រតិបត្តិ សាសនា បានទេ ។ ក្នុងនោះ ព្រះសង្ឃខ្មែរក្រោម ក៏ចង់បាននូវសិទ្ធិម្ចាស់ការមិនត្រឹមតែ ពីសមាគមព្រះពុទ្ធសាសនាវៀតណាមតែប៉ុណ្ណោះទេ ថែមទាំងចង់បានសិទ្ធិម្ចាស់ការនៅលើវិស័យផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងគ្នា នេះដែរ” ។
វៀតណាមតែងតាំងអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេសកម្ពុជា មានដើមកំណើតជាខ្មែរក្រោមដែលជាមន្ត្រីនៅក្នុងបក្សកុម្មុយ និស្តវៀតណាម ។ ពេលបានចូលកាន់មុខតំណែងភ្លាម លោក ថាច់ យឺ អគ្គរដ្ឋទូតថ្មី របស់ស្ថានទូតវៀតណាម ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានចូលថ្វាយសារដល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្ដេច នរោត្ដម សីហមុនី នៅថ្ងៃទី ២១ ខែសីហា ។ ការចូលកាន់មុខតំណែងរបស់ លោក ថាច់ យឺ ស្របពេលដែលស្ថានទូតវៀតណាម កំពុងតែប្រឈមនឹងបញ្ហាតានតឹង ដែលកើតឡើងអំពីការធ្វើបាតុកម្មរបស់ពលរដ្ឋប្រឆាំងនឹងសម្ដីអ្នកនាំពាក្យ ស្ថានទូតវៀតណាម លោក ត្រឹង វ៉ាំង ថុង ស្ដីពីប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ។
បើយោងតាមជីវប្រវត្តិសង្ខេបរបស់ លោក ថាច់ យឺ ដែលបានចុះផ្សាយនៅលើគេហទំព័ររដ្ឋសភាវៀតណាម បានបញ្ជាក់ថា លោក ថាច់ យឺ ជាពលរដ្ឋខ្មែរក្រោមម្នាក់ កើតនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩៥៧ នៅភូមិវាលលាក់ ស្រុកមាត់សាមុទ្រ ខេត្តព្រះត្រពាំង (Xã Ngũ Lạc, huyện Duyên Hải , Trà Vinh) ។
យោងតាមប្រភពដដែល បានបញ្ជាក់ថា លោក ថាច់ យឺ បានចូលជាសមាជិកបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៨៥ ហើយបើគិតមកទល់ពេលនេះមានរយៈពេល ២៩ ឆ្នាំ ហើយ ។
ខែតុលា
អាជ្ញាធរវៀតណាម នៅខេត្តក្រមួនស បានឃាត់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៣ រូប ខណៈដែលអ្នក ទាំងនេះ បានធ្វើដំណើរពីទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ទៅធ្វើបុណ្យកឋិនទាន នៅដែនដីកម្ពុជាក្រោម ។ ការ ឃាត់ខ្លួននេះ ធ្វើឡើងនៅច្រកព្រំដែន វៀតណាម-កម្ពុជា ពេលដែលអ្នកទាំងនេះបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ២៨ ខែតុលា បន្ទាប់ពីខកខានមិនបានធ្វើបុណ្យកឋិន ទានដូចបំណង នៅវត្តខ្វែងទទឹង ភូមិខ្វែងទទឹង (ấp Minh Hưng) ឃុំ ខ្វែងទទឹង (Xã Minh Hòa ) ស្រុក ឃ្លាំងមឿង ( Huyện Châu Thành) ខេត្ត ក្រមួនស (Tỉnh Kiên Giang) ។
ការឃាត់ខ្លួននៅច្រកព្រំដែន អាជ្ញាធរវៀតណាមបានគំរាមឲ្យអ្នកទាំង ១៣ រូបខាងលើចុះហត្ថលេខាលើលិខិត សន្យាមួយថា នឹងមិនចូលរួមសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយមន្ត្រីអាជ្ញាធរ វៀតណាម បានរឹប យកសម្ភារៈផ្ទាល់ខ្លួនពីអ្នកទាំងនេះ ដូចជា ទូរស័ព្ទដៃ និងកុំព្យូទ័រ ព្រមទាំងប្រាក់ជាច្រើន ។
មន្ត្រីសង្ឃខេត្តព្រះត្រពាំង បានប្រកាសហាមព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម បង្ហោះគោម នៅក្នុងពិធីបុណ្យអកអំបុក នៅដែនដីកម្ពុជាក្រោម តាមសេចក្ដីសម្រេចរបស់ នាយករដ្ឋមន្ត្រីវៀតណាម ។ ការហាមប្រាមនេះ ធ្វើឡើងដោយ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត បានចេញសេចក្ដីប្រកាសមួយ ចុះថ្ងៃសុក្រ ៨ កើត ខែកត្កិក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០១៤ ហាមប្រាមពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម នៅក្នុងខេត្តព្រះត្រពាំង ផលិត និងបង្ហោះគោមតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាម ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង បានចេញសេចក្ដីសម្រេចមួយចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ រហូតមកដល់សព្វថ្ងៃ បានហាមពលរដ្ឋវៀតណាម ទូទាំងប្រទេសបង្ហោះគោមគ្រប់រូបភាព តាមអ្វីមួយដែលលោកលើកឡើងថា ដើម្បីបង្ការគ្រោះអគ្គិភ័យ ។ ក្រោយ ពីសេច ក្ដីសម្រេចនេះចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម បានអះអាងថា រដ្ឋាភិបាលធ្វើនេះក្នុងគោល លុបបំបាត់ប្រពៃណីបង្ហោះគោមរបស់ពួកគេ ដែលធ្លាប់មានតាំងពីបុរាណកាលមក នៅដែនដីកម្ពុជាក្រោម ។
បង្ហោះគោមជាពិធីដ៏សំខាន់មួយ ដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងតែងបង្ហោះនៅតាមវត្តអារាម នានា នៅក្នុងពិធីបុណ្យអកអំបុករៀងរាល់ឆ្នាំ នារាត្រីថ្ងៃ ១៥ កើតខែកត្ដិក ។
ក្រោយពីរដ្ឋាភិបាលវៀតណាម បានចេញសេចក្ដីសម្រេចហាមបង្ហោះគោមនេះមក គេសង្កេតឃើញព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមនៅតាមវត្តអារាមមួយចំនួន មិនបានបង្ហោះគោមទៀតទេ ព្រោះខ្លាចត្រូវពិន័យ ដោយអាជ្ញាធរវៀត ណាម និងកន្លែងខ្លះទៀតនៅតែព្យាយាមបង្ហោះធម្មតាដោយគេយល់ឃើញថា នេះជា ប្រពៃណីរបស់ពួកគេដែល មានមកតាំងពីមុនសម័យដែលជនជាតិយួនមិនទាន់មានប្រទេសម្ល៉េះ ។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានក្រុមពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមណាមួយនៅកម្ពុជាក្រោម ដែលហ៊ានចេញមុខមកតវ៉ាចំពោះសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាមក្នុងការលុបបំបាត់ប្រ ពៃណីជាតិ ខ្មែររបស់ពួកគេនៅ ឡើយ ។
ខែវិច្ឆិកា
នៅថ្ងៃទី ២៨ ខែវិច្ឆិកា អាជ្ញាធរវៀតណាម បានវាយកម្ទេចខ្លោងទ្វារចូលទីរួមខេត្តព្រះត្រពាំង ដែលមានរចនាបទ្មខ្មែរ ។ ការវាយកម្ទេចនេះ អាជ្ញាធរវៀតណាមមិនបានប្រកាសព័ត៌មានបញ្ជាក់អំពីមូលហេតុណា មួយច្បាស់លាស់ឡើយ តែមានមតិពីកម្ពុជាក្រោម បានលើកឡើងថា ខ្លោងទ្វារនេះ មានសភាពទ្រុឌទ្រោម រថយន្តដឹកទំនិញឧស្សាហ៍បុកដំបូល ទើបអាជ្ញាធរសម្រេចចិត្តកម្ទេចចោល ហើយថា នឹងធ្វើឡើងវិញ នៅកន្លែងមួយផ្សេងទៀត ។
ក្រុមអ្នកប្រើបណ្ដាញសង្គម Facebook បាននាំគ្នាបង្ហោះរូបថតការកម្ទេចខ្លោងទ្វារនេះ ហើយរិះគន់រដ្ឋាភិបាលវៀតណាមថា បានរំលាយវប្បធម៌ និងលុបដានប្រវត្តិសាស្ត្រខ្មែរ នៅដែនដីកម្ពុជាក្រោម ។
សកម្មជនដីធ្លីខ្មែរក្រោម មកពីខេត្តមាត់ជ្រូក លោក ចៅ ហេន ត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR) ប្រចាំក្រុងបាងកក ប្រទេសថៃ បានផ្ដល់ឋានៈជាជនភៀសខ្លួន ហើយបានបញ្ជូនទៅ តាំងទីលំនៅ នៅប្រទេសទី ៣ នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋ North Carolina នៃសហរដ្ឋអាមេរិក ។
លោក ចៅ ហេន និងគ្រួសារបានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ ពីឧត្តមស្នងការអង្គការសហ ប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីឆ្នាំ ២០០៨ ប៉ុន្តែ ត្រូវបានអង្គការមួយនេះបដិសេធ ឋានៈជាជនភៀសខ្លួននយោបាយ ។ នៅក្នុងពីខែធ្នូ ឆ្នាំ ២០១០ លោកបានប្រថុយជីវិតត្រឡប់ទៅកាន់មាតុភូមិ នៅកម្ពុជាក្រោម វិញ បន្ទាប់ពីការអះអាងរបស់មន្ត្រី UNHCR ថា លោកនឹងមិនមានបញ្ហាប្រឈមនឹងសុវត្ថិភាព ផ្ទាល់ខ្លួនទេ ។
ដំណើរមាតុភូមិនិវត្តរបស់លោក ត្រូវបានអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ចាប់ដាក់ពន្ធនាគារនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងបានប្រកាសសាលក្រមដោយតុលាការប្រជាជនបក្សកុម្មុយនិស្តវៀតណាម នៃខេត្តមាត់ជ្រូក (An Giang ) កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រាទី ១៤៣ និង ២៤៥ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋ សង្គមនិយមវៀតណាម ។
ខែធ្នូ
ពលរដ្ឋខ្មែរក្រោម នៅចំណុះជើងវត្តឫស្សីម្គុម្ភ ស្រុកថ្កូវ ខេត្តព្រះត្រពាំង បានប្រទះឃើញ រូបចម្លាក់ព្រះវិស្ណុ ក្នុងសម័យអង្គរ នៅថ្ងៃទី ១៧ ខែធ្នូ ដែលបានកប់នៅក្រោមដីក្បែរគុម្ពឫស្សីមួយកន្លែង ។
អ្នកភូមិភ្ញាក់ផ្អើលបាននាំគ្នាមកមើល ហើយអុជធូបបូជាបន់ស្រន់ បន្ទាប់ពីពួកគេបានឃើញរូបចម្លាក់នេះ ។ ក្នុង ហេតុការណ៍នេះ គេសង្កេតឃើញ មាននគរបាលវៀតណាមជាច្រើនបានមកត្រួតពិនិត្យ ផងដែរ ។
មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីរដ្ឋ និងទីក្រុងនានានៅក្នុងទឹកដីសហរដ្ឋអាមេរិក និងប្រទេសនានាក្នុង ពិភពលោក បានមកជួបជុំគ្នានៅវត្តកម្ពុជាក្រោម នាទីក្រុង Long Beach រដ្ឋ California ដើម្បីចូលរួមក្នុង សន្និបាតប្រចាំឆ្នាំ ២០១៤ ។ សន្និបាតធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីបូកសរុបការងារឆ្នាំចាស់ និងចេញផែនការឆ្នាំថ្មី ។
ក្រោយពីកិច្ចប្រជុំ ចាប់ពីថ្ងៃទី ១២ ដល់ទី ១៤ ខែធ្នូ គណៈកម្មការសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដី សម្រេចរបស់សន្និបាតប្រចាំ ២០១៤ សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៥ ផ្ដោតលើផែនការធំៗចំនួន ៣ គឺ កិច្ចការអន្តរ ជាតិ , កិច្ចការនៅកម្ពុជាក្រោម និងកិច្ចការនៅកម្ពុជា និងតាមតំបន់ ៕
Hire the best Paper Writer Online for a better writing experience.
Comments are closed.