ដំណឹងស្តីពីខ្មែរក្រោម នៅជុំវិញពិភពលោក ប្រារព្ចខួបលើកទី ៧៤ នៃ ទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ ធ្នូ»

0 101

ដោយ ស៊ឺន ចែងចើន និង ថាច់ ប្រីជា គឿន

នៅប្រទេសកម្ពុជា អង្គការ សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលជាខួបលើកទី ៧៤ ឆ្នាំ ។ តាមគម្រោងកម្មវិធីនេះ រៀបចំឡើងនៅខេត្តសៀមរាប ដោយមានអ្នកចូលរួមជាង ៧០ នាក់ ។ ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដែលនឹងរៀបចំឡើង នៅព្រឹកថ្ងៃសៅរ៍ទី ១០ ខែធ្នូ ចុងសប្តាហ៍នេះ មានអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រួមសហការជាមួយអង្គការដៃគូរមួយចំនួនទៀត និងពលរដ្ឋខ្មែរក្រោម ដែលរងផលប៉ះពាល់ផ្សេងៗ ជាពិសេសបញ្ហាប្រឈម នឹងការបដិសេធធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងខេត្តនានា នៃ ប្រទេសកម្ពុជា ។ នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នោះដែរ ក៏នឹងមានបង្កើតសារតស៊ូមតិជាមួយ នឹងពាក្យស្លោកសរសេរលើស្លាកបដាផង ។ សារទាំងនោះ មានជាអាទិ៍ សិទ្ធិខ្មែរក្រោម គឺសិទ្ធិមនុស្ស, សូមផ្តល់ឲ្យយើងខ្ញុំជាប្រជាពលរដ្ឋស្របច្បាប់នៅកម្ពុជា, សំនៀងរបស់ខ្មែរក្រោម គឺជាសំនៀងជនជាតិដើមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម, យើងខ្ញុំត្រូវការសិទ្ធិលំនៅឋាន និងដីធ្លី, យើងខ្ញុំត្រូវការសេវាកម្មសុខភាព និងសង្គមកិច្ចដោយស្មើភាពគ្នា, សូមផ្តល់សំបុត្រកំណើតដល់កូនចៅយើងខ្ញុំគ្រប់ៗ រូប ដើម្បីបានទទួលសេវាកម្មអប់រំ, យើងខ្ញុំទាំងអស់គ្នាជាជនជាតិដើម នៅកម្ពុជាក្រោម, យើងខ្ញុំទាំងអស់គ្នាមានសិទ្ធិចូលរួមបោះឆ្នោតនៅកម្ពុជា, យើងខ្ញុំត្រូវការសិទ្ធិរស់រានមានជីវិតតាមរយៈការងារ និងមុខរបរ, សូមផ្តល់អត្តសញ្ញាណប័ណ្ណឲ្យយើងខ្ញុំបានគ្រប់ៗ គ្នា ។ល។

និមិត្តសញ្ញា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​១​០​ ​ធ្នូ​ (​១​០​ ​ធ្នូ​ ​១​៩​៤​៨​ – ​១​០​ ​ធ្នូ​ ​២​០​២​២​) ។ រចនាដោយៈ ថាច់ ប្រីជា គឿន
និមិត្តសញ្ញា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​១​០​ ​ធ្នូ​ (​១​០​ ​ធ្នូ​ ​១​៩​៤​៨​ – ​១​០​ ​ធ្នូ​ ​២​០​២​២​) ។ រចនាដោយៈ ថាច់ ប្រីជា គឿន

ចំណែកនៅឯប្រទេសអូស្ត្រាលីវិញ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវិចតូរីយ៉ា នឹងប្រារព្ធពិធីអបអរសារទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃអាទិត្យ ទី ១១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ។ ពិធីនេះនឹងរៀបចំចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៥ រសៀល ។ គណៈកម្មការនាយក និងថ្នាក់ដឹកនាំប្រចាំតំបន់ និងសាខា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអូស្ត្រាលី និងអ្នកចូលរួម នឹងធ្វើសេចក្ដីថ្លែងការណ៍នានាទាក់ទងនឹងព្រឹត្តិការណ៍សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ និងស្ថានភាពសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវរបបអាណានិគមយួនរំលោភបំពាន សព្វថ្ងៃ ។ ពិធីនេះ ក៏នឹងមានព្រះវត្តមាន ព្រះតេជព្រះគុណ សាន សុជា ជាព្រះធម្មកឋិកខ្មែរដ៏ល្បី និមន្តចូលរួមថ្លែងជាធម្មកថា ផ្ដល់ជាឱវាទដល់អ្នកចូលរួមបានស្ដាប់ជាធម្មទាន ផងដែរ ។

ងាកទៅសហរដ្ឋអាមេរិកឯណោះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California ក៏នឹងប្រារព្ធពិធីអបអរសារទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃសៅរ៍ ទី ១០ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ។ ពិធីនេះ នឹងរៀបចំនៅវត្តខេមររង្សី ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ រសៀល ។ លោក ប្រាក់ សេរីវុឌ្ឃ ជាប្រធាន និង លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមនៅក្នុងពិធីនេះ ដើម្បីធ្វើសេចក្ដីរាយការណ៍ស្ដីពីសកម្មភាពថ្មីៗ នៅលើឆាកអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ចំណែក បណ្ឌិត Joshua Cooper ជាឧត្ដមទីប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងថ្លែងអំពីប្រវត្តិ នៃ ការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្ស មាត្រានានា និងសារៈសំខាន់ នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សសម្រាប់មនុស្សជាតិ និងខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ក្រៅពីនេះ ថ្នាក់ដឹកនាំ នៃ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose និងអ្នកចូលរួម នឹងធ្វើសេចក្ដីថ្លែងការណ៍នានាទាក់ទងនឹងព្រឹត្តិការណ៍ សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ។ ក្រៅពីនេះ សាខានានា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភព លោក ក៏នឹងប្រារព្ធពិធីនេះ ផងដែរ ។

Leave A Reply

Your email address will not be published.