អាជ្ញាធរវៀតណាមដោះលែងគ្រួសារចាងហ្វាង កាសែត ព្រៃនគរ មកកម្ពុជា
ចាងហ្វាងបោះពុម្ពផ្សាយកាសែតជាភាសាខ្មែរឈ្មោះ “ព្រៃនគរ” លោក លី ឈួន និងក្រុមគ្រួសារ ត្រូវបានអាជ្ញាធរវៀតណាម ដោះលែងវិញហើយ នៅថ្ងៃទី ១៤ ខែមេសា បន្ទាប់ពីចាប់ឃុំខ្លួន និងឆែកឆេរអស់រយៈពេល ៤៨ ម៉ោង កាលពីថ្ងៃសុក្រ ទី ១២ មេសា ឆ្នាំ ២០១៣ ។
លោក លី ឈួន ឲ្យដឹងថា ការឃុំខ្លួននោះ វៀតណាមបានដាក់ការសង្ស័យថា លោកមានបំណងប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ក្រោយមកទៀត បានប្ដូរបទចោទទៅជាករណីឆ្លងដែនខុសច្បាប់វិញម្តង ។
អ្នកគ្រប់គ្រងការផ្សាយកាសែតព្រៃនគរ និងក្រុមគ្រួសារ ដែលជាខ្មែរកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាម ពិន័យប្រាក់ ៣០ លានដុង ដែលអាចស្មើនឹង ១.៥០០ ដុល្លារ ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។ អាជ្ញាធរវៀតណាម ចោទគ្រួសារអ្នកកាសែតនេះថា ឆ្លងដែនចូលទៅវៀតណាម ដោយខុសច្បាប់ ។

លោក លី ឈូន ចាងហ្វាងកាសែត ព្រៃនគរ និងគ្រួសារ ត្រូវអាជ្ញាធរវៀតណាមឃុំឃាំង ៤៨ ម៉ោង ខណៈដែលលោក និងក្រុមគ្រួសារធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
ចាងហ្វាង កាសែត ព្រៃនគរ លោក លី ឈួន នៅថ្ងៃទី ១៤ មេសា មានប្រសាសន៍ថា អាជ្ញាធរវៀតណាម ចាប់ឃុំខ្លួនលោក និងប្រពន្ធកូនកាលពីថ្ងៃទី ១២ ខែមេសា ដើម្បីសួរចម្លើយ និងឆែកឆេរតាំង ពីក្បាលដល់ចុងជើង ហើយបង្ខំឲ្យគាត់បើកអ៊ីមែល ឲ្យឆែក ទៀត ។ លោកបន្តថា គ្រួសារលោកគ្រាន់តែចង់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិក្នុង ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិប៉ុណ្ណោះ តែអាជ្ញាធរវៀតណាមបែរចោទ ថា ក្រុមគ្រួសាររបស់លោកមានបំណងប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ទៅវិញ ។ លោកបញ្ជាក់ថា បន្ទាប់ពីឆែកឆេររកភស្តុតាងល្មើសច្បាប់ ពីបទបង្កអសន្តិសុខជាតិវៀតណាម មិនបាន ពួកគេក៏ចោទថា រូបគាត់នាំប្រពន្ធ កូន ឆ្លងចូលវៀតណាម ដោយខុសច្បាប់វិញម្តង ។
ទោះយ៉ាងណាក្តី នាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានហៅការចាប់ខ្លួនទារប្រាក់នេះថា អាចជាអំពើពុករលួយ នៅវៀតណាម និងជាការបំបិទសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម ។
លោកបន្តថា ពលរដ្ឋវៀតណាម ជាច្រើនធ្វើអន្តោប្រវេសន៍ខុសច្បាប់មកនៅស្រុកខ្មែរ ហើយអាជ្ញាធរខ្មែរមិនដែលរឹតបន្តឹងទេ ប៉ុន្តែវៀតណាមវិញ បែរជាមិនអត់ឱនជនជាតិ ខ្មែរក្រោម ឡើយ ។ លោកបញ្ជាក់ថា វៀតណាម តែងធ្វើទុក្ខខ្មែរក្រោម ដូចជា ចាប់ដាក់គុក បណ្ដេញចេញពីលំនៅឋាន រឹបអូសដីធ្លី និងរារាំងមិនឲ្យទៅស្រុកកំណើតវិញជាដើម៖ «យើងឃើញថា នៅកម្ពុជា យើងវៀតណាម ចូលមកដោយសេរីតែម្តង សម្រាប់យើងវិញជាម្ចាស់ទឹកម្ចាស់ដីទៅវៀតណាម ក៏ត្រូវបានពិន័យទៅវិញ ជាការរំលោភផ្លូវច្បាប់មួយដែរ»។
ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន និងក្រុមគ្រួសារ ត្រូវបានវៀតណាម ចាប់ខ្លួន កាលពីថ្ងៃទី ១២ ខែ មេសា ក្នុងពេលដែលលោក និងក្រុមគ្រួសារធ្វើដំណើរទៅលេងស្រុក ក្នុងទឹកដីកម្ពុជាក្រោម ។
កាលពីខែមីនា កន្លងទៅ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ ក៏ត្រូវបានមន្ត្រីនគរបាលវៀតណាម រារាំងមិនឲ្យចូលទឹកដីខ្មែរកម្ពុជាក្រោមដែរ ។
ស្ថិតិរបស់សង្គមស៊ីវិល រកឃើញថា ពលរដ្ឋវៀតណាម កំពុងរស់នៅលើទឹកដីកម្ពុជា ជាច្រើនម៉ឺននាក់ ។ ពល រដ្ឋវៀតណាម រស់នៅទឹកដីខ្មែរស្ទើរទូទាំងប្រទេស គ្រប់ខេត្តក្រុង ហើយទីដែលវៀតណាម រស់នៅច្រើនជាងគេ មានភ្នំពេញ កំពង់ឆ្នាំង សៀមរាប កំពង់ចាម ក្រចេះ និងក្នុងតំបន់បឹងទន្លេសាប ប៉ុន្តែមន្ត្រីរដ្ឋាភិបាល មិនដែលចុះពិនិត្យឡើយថា ជនជាតិវៀតណាម ទាំងអស់នៅខុសច្បាប់ ឬ ស្របច្បាប់នោះទេ ៕