អង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចេញសេចក្ដីថ្លែងការណ៍ព្រមគ្នា ស្តីពីការចាប់ខ្លួនសកម្មជនខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម
ដោយ គឹម សាវតា
មួយថ្ងៃបន្ទាប់ពីអាជ្ញាធរវៀតណាមឃាត់ខ្លួន និងឡោមព័ទ្ធផ្ទះពលរដ្ឋខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមៗ គ្នា ដោយតម្រូវឱ្យអាជ្ញាធរវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមជាបន្ទាន់ ដោយពួកគេចាត់ទុកថា ទង្វើរបស់អាជ្ញាធរវៀតណាម គឺបំពានគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម របស់អង្គការសហប្រជាជាតិ។

អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ៣១ កក្កដា បានចុះចាប់ខ្លួន និងកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ ៩ រូបក្នុងពេលតែមួយ ។ យុវជនដែលត្រូវចាប់ខ្លួននោះ រួមមាន លោក ថាច់ កឿង លោក តោ ហ្វាងចឿង នៅខេត្តព្រះត្រពាំង លោក យ័ញ ម៉ិញក្វាង លោក យ័ញ សេត និងលោក តាំង ទ្វី ហៅ ឫទ្ធី នៅខេត្តឃ្លាំង ។ ចំណែកអ្នក ដែលរងការកោះហៅទៅសួរចម្លើយ មានជាអាទិ៍ លោក គៀង យ័ញនី នៅខេត្តព្រះត្រពាំង លោក ថាច់ មឿន នៅខេត្តឃ្លាំង ខណៈអាជ្ញាធរក្នងខេត្តនេះដដែល កំពុងតាមដានឃ្លាំមើលសកម្មភាពរបស់ លោក ឡឹម វង្ស និង លោកស្រី ឌិន ធីហ្វិន នៅខេត្តឃ្លាំង ។
ក្រោយពីចាប់ខ្លួន អាជ្ញាធរវៀតណាម បានសម្រេចបញ្ជូនសំណុំរឿងពួកគេទៅតុលាការដោយចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ ក្រោយសាកសួររួច សមត្ថកិច្ចវៀតណាម ក៏បញ្ជូនសកម្មជនខ្មែរក្រោមទាំងនោះ ទៅតុលាការ នៅព្រឹកថ្ងៃដដែល ។
ក្នុងសេចក្តីថ្លែងការរបស់លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលចេញផ្សាយនៅថ្ងៃទី០១ ខែសីហា បានលើកឡើងថា ទង្វើរបស់អាជ្ញាធរវៀតណាមឃាត់ខ្លួន និង គម្រាមកំហែងនេះ គឺបានរំលោភសិទ្ធិមនុស្សខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ និងបំពានលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ។ សេចក្តីថ្លែងការណ៍បន្តថា មាត្រា ៣៣១ នៃ ក្រមព្រហ្មទណ្ឌវៀតណាម ដែលអាជ្ញាធរវៀតណាមយកជាមូលដ្ឋានសម្រាប់ចោទប្រកាន់ពលរដ្ឋខ្មែរក្រោមទាំងនោះ គឺមានខ្លឹមសាររំលោភសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ក៏ដូចជាសិទ្ធិជនជាតិដើមផងដែរ ព្រោះខ្លឹមសារនៃមាត្រាច្បាប់មួយនេះ គឺចង្អៀតចង្អល់ បំបិទសិទ្ធិសេរីភាព អធម្មនុញ្ញភាព និងផ្ទុយពីគោលការសិទ្ធិមនុស្សអន្តរជាតិ ដែលជនជាតិដើមជាម្ចាស់ស្រុកមិនអាចទទួលយកបានឡើយ។
ដោយឡែក សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឯណោះវិញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយចាត់ទុកថា ការឃាត់ខ្លួន និង គម្រាមកំហែងនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
ទាំងសហព័ន្ធខ្មែរកម្ពុជាក្រោម និងលេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម សុទ្ធតែជំរុញឱ្យអាជ្ញាធរវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ដោយគ្មានលក្ខខណ្ឌ ហើយពិនិត្យឡើងវិញ និងកែតម្រូវច្បាប់ផ្ទៃក្នុងរបស់ខ្លួនឱ្យស្របទៅតាមធម្មនុញ្ញអន្តរជាតិ ដើម្បីធានាការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ឱ្យបានពេញលេញ ។ ក្រៅពីនេះ ស្ថាប័នការពារសិទ្ធិមនុស្សរបស់ខ្មែរក្រោម ក៏អំពាវនាវឱ្យបណ្ដាស្ថានទូតនានា អង្គការ សមាគម ដែលមាននៅក្នុងប្រទេសវៀតណាម ចូលរួមឃ្លាំមើលព្រឹត្តិការណ៍នេះ ដើម្បីផ្ដល់យុត្តិធម៌ និងការពារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក ។
លោក គៀង យ័ញនី ដែលត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួននាំទៅសួរចម្លើយមួយរូប បានប្រាប់សារព័ត៌មាន សារព័ត៌មានព្រៃនគរ ថា លោកបានចូលរួមកិច្ចការសង្គមកម្ពុជាក្រោម ដូចជាដង្ហែររូបសំណាកលោកឧកញ៉ា សឺន គុយ និងការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ និងសកម្មភាពផ្សព្វផ្សាយពីសិទ្ធិដល់ពលរដ្ឋខ្មែរក្រោមផង។ លោកបន្តថា នៅពេលដែលឃើញលោកចូលរួមកិច្ចការសង្គមកម្ពុជាក្រោមជាបន្តបន្ទាប់យ៉ាងដូច្នេះ អាជ្ញាធរវៀតណាមបានប្រាប់ម្ចាស់ទីតាំងដែលលោកប្រកបការងារបើករថយន្តឱ្យបញ្ឈប់រូបលោកពីការងារ។ លោកបន្ថែមថា នៅថ្ងៃដែលអាជ្ញាធរបានចាប់ខ្លួនសកម្មជនខ្មែរក្រោមទាំងនោះ លោកបានយកទូរស័ព្ទថត និងទាក់ទងនៅខ្មែរក្រោមដទៃទៀតឱ្យបានដឹង ហើយអាជ្ញាធរវៀតណាម ក៏បានយកទូរស័ព្ទនោះបោកចោលព្រមទាំងដាក់ខ្នោះដៃលោករួចបញ្ជូនទៅកាន់សាលាឃុំ ដោយបានសួរនាំអស់ជាច្រើនម៉ោង និងបង្ខំឲ្យលោកសារភាពទទួលកំហុស ទាំងដែលោកមិនបានប្រពឹត្ត ដូចការចោទប្រកាន់នោះ ។ លោក គៀង យ័ញនី ត្រូវ អាជ្ញាធរវៀតណាម អនុញ្ញាតឱ្យលោកត្រឡប់មកផ្ទះវិញ ក្រោយមិនទួលបាននូវអ្វី ដែលពួកគេចង់បាន ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រ ចាំតំបន់ព្រះរាជាណាចក្រកម្ពុជា លោកតាំង សារៈ ចាត់ទុកព្រឹត្តិការណ៍ចាប់ពលរដ្ឋខ្មែរក្រោម ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ដូចទៅនឹងពាក្យចាស់លោកថា កង្កែបប្រឹងបង្រាស់ចេញពីការលេបរបស់ពស់ ឯពស់ប្រឹងលេបកង្កែបដូចគ្នា ។ ក្នុងន័យនេះ លោកតាំង សារៈបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមប្រឹងបំបាត់ខ្មែរ ក្រោម ដែលក្រោកឡើងតស៊ូទាមទារអ្វីដែលខ្លួនចង់បាន ដូចជា «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ទោះជាមានការគាបសង្កត់យ៉ាងណាក្តី។ លោកបន្ថែមថា វៀតណាមព្យាយាមគាបសង្កត់មកលើខ្មែរក្រោមជាច្រើនជំនាន់ និងគ្រប់និន្នាការ ប៉ុន្តែ ហាក់មិនបានផលគាប់ប្រសើរឡើយ ព្រោះខ្មែរក្រោមតែងតែក្រោកតស៊ូ នៅពេលដែលមានការគាបសង្កត់ ។ លោកថាវៀតណាម អាចទទួលបានលទ្ធផលភ្លាម នៅពេលព្យាយាមធ្វើទុក្ខម្នេញមកលើពលរដ្ឋខ្មែរក្រោម ប៉ុន្តែ នឹងមិនមានលទ្ធផលល្អសម្រាប់វៀតណាមទេ នៅពេលអនាគត ៕