អង្គការ​សិទ្ធិមនុស្ស​ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោម ​​​អំពាវនាវ​​​ដល់​សាធារណជន​ឱ្យ​​ជួយ​​ជន​ភៀស​ខ្លួន​​ខ្មែរ​ក្រោម

0 664

ដោយ​ យន់ សាមៀន | RFA

ជនភៀសខ្លួន​ជនជាតិ​ខ្មែរក្រោម​ជាង​ ២០០ រយ​នាក់​ បន្តជាប់​ផុង​នៅ​ប្រទេស​ថៃ​ ដើម្បី​សុំ​សិទ្ធិជ្រកកោន​នៅ​ប្រទេស​ទីបី​មិនទាន់​បានសម្រេច​ ។ ជនភៀសខ្លួន​មួយចំនួន​អះអាង​ថា​ ពួកគេ​ភៀសខ្លួន​មក​សុំ​សិទ្ធិជ្រកកោន​នៅ​ថៃ​ ដោយសារតែ​ពួកគេ​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ទាំង​សិទ្ធិ​ ដីធ្លី​ ការ​បញ្ចេញមតិ​ ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ និងសាសនា​ជាដើម​ ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង​ថា​ ការ​រង់ចាំ​ការ​ផ្តល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ទីបី​របស់​ខ្មែរក្រោម​ បណ្តាល​ឲ្យ​ពួកគេ​រង​កា​រកេងប្រវ័ញ្ច និង​ការ​រំ​លាភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ។ ​

ជនភៀសខ្លួន​ខ្មែរ​ក្រោម​ ប្រមូល​ផ្តុំគ្នា​នៅ​ប្រទេស​ថៃ​ ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ ។ ​ រូប​ភាព​ពីពលរដ្ឋ
ជនភៀសខ្លួន​ខ្មែរ​ក្រោម​ ប្រមូល​ផ្តុំគ្នា​នៅ​ប្រទេស​ថៃ​ ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ ។ ​
រូប​ភាព​ពីពលរដ្ឋ

វាសនា​ ជនភៀសខ្លួន​ខ្មែរក្រោម​ អ្នកនាង​ ជី​ ឃុល​ គឺ​មិន​ខុសពី​ជនភៀសខ្លួន​ខ្មែរក្រោម​ដទៃទៀត​ទេ​ ដែល​កំពុង​រស់នៅ​ និង​ប្រកប​របប​ទទួលទាន​ដោយ​ខុស​ច្បាប់​​នៅ​ប្រទេស​ថៃ​ ទោះបី​អ្នកខ្លះ​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ក៏ដោយ​ ។ អ្នកនាង​ ជី​ ឃុល​ ជា​ធ្លាប់​យុវនារី​ខ្មែរក្រោម​ម្នាក់​ ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ នឹង​អាជ្ញាធរ​​វៀតណាម​ ដើម្បី​អាច​សំដែង​មតិ​តាម​បណ្តាញ​សង្គម​ (Facebook​) ប៉ុន្តែ​ដោយសារតែ​ក្តី​ក្លាហាន​នេះ​ហើយ​ បណ្តាល​ឲ្យ​អ្នកនាង​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​តាម​យាយី​ធ្វើទុក្ខ​បុក​ម្នេញ​ រហូតដល់​អ្នកនាង​ភៀសខ្លួន​មក​រស់នៅ​ប្រទេស​ថៃ​ កាលពី​ឆ្នាំ ​២០១៦៖ «ខ្ញុំ​បង្ហោះ​ (រូបភាព​) តាម​​ទំព័រ​​​ហ្វេ​សប៊ុ​ក បាន​​ប្រហែល​ជា​​មួយ​​អាទិត្យ​ មាន​ពួក​ម៉ាក់​នៅ​កម្ពុជាក្រោម​ គាត់​ទូរស័ព្ទ​មក​ប្រាប់​។ គេ​ថា​​ប្រសិន​បើ​​ទៅ​​ហើយ​ ទៅ​​តែ​ម្តង​​ទៅ​​កុំ​មក​​ស្រុក​​​​វិញ​ ព្រោះ​ថា​ បើ​​មក​ស្រុក​​វិញ​នឹង​​មាន​រឿង​។ គេ​កត់​ចូល​បញ្ជីខ្មៅ​ គេ​ថា​ខ្ញុំ​ជា​យុវជន​ក្បត់ជាតិ​»។

​អ្នកនាង​ ជី​ ឃុល​ បន្ត​ថា​ អ្នកនាង​​មានការ​ឈឺចាប់​ណាស់​ ដែល​ត្រូវ​បែកបាក់​បងប្អូន​ និង​​ឪពុក​​ម្តាយ​​មក​​រស់​នៅ​​តែ​ម្នាក់​ឯង​​នៅ​​ប្រទេស​ថៃ​ ហើយ​ថែមទាំង​ព្រួយ​បារម្ភ​ពី​ការ​ចាប់ខ្លួន​ដោយសារតែ​ អ្នកនាង​លួច​ធ្វើការងារ​ដោយ​ខុសច្បាប់​ដើម្បី​ចិញ្ជឹម​ជីវិត៖ «រាល់​ថ្ងៃ​​ខ្ញុំ​​ធ្វើ​ការងារ​​ខុស​ច្បាប់​ ។ ខុសច្បាប់​ដោយសារតែ​មិត្ត​ គឺ​ជា​ជនជាតិ​ថៃ​ គាត់​អាណិត​ខ្ញុំ​ គាត់​ណែនាំ​ខ្ញុំ​ជាមួយ​ថៅកែ​ ឲ្យ​ថៅកែ​គាត់​ទទួល​ខ្ញុំ​ធ្វើការងារ​» ។

បច្ចុប្បន្ន​ ពលរដ្ឋខ្មែរក្រោម​ ប្រមាណ​ជាង​ ២០០ នាក់​ កំពុង​ស្នាក់នៅ​ប្រទេស​ថៃ​ បាន​ជាប់ផុង​ក្នុង​នីតិវិធី​សុំ​សិទ្ធិជ្រកកោន​នៅ​ប្រទេស​ទីបី​ ដោយ​អ្នកខ្លះ​បាន​ជាប់​នៅ​ប្រទេស​ថៃ​ជាង​ ១០ ឆ្នាំ​ហើយ ​។ ខ្មែរក្រោម​ទាំងនោះ​អះអាង​ថា​ មូលហេតុ​ដែល​ពួកគេ​ចង់ទៅ​រស់នៅ​ប្រទេស​ទីបី​ ដោយសារតែ​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​សិទ្ធិមនុស្ស​ សា​សា​នា​ វប្បធម៌​ និង​អក្សរ​សាស្រ្ត​ នៅ​ប្រទេស​ វៀតណាម​ ។

ព្រះតេជព្រះគុណ សឺង​ យ៉ឹ​ងរ​តនា​ មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមរ​រង្សី​ នៅ​ទី​ក្រុង​សាន់​ហូស្សេ​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ (California​) ដែល​ព្រះអង្គ​ក៏បាន​ចាកចេញ​ពី​ស្រុកកំណើត​ ដើម្បី​សេរីភាព​ផ្នែក​សាសនា​ដែរ​នោះ​ មាន​ថេរ​ដីកា​ថា​ ការ​​ធ្វើ​ទុក្ខ​​បុក​ម្នេញ​​របស់​​អាជ្ញាធរ​​វៀតណាម​​នេះ​​ហើយ​ បណ្តាល​ឲ្យ​​ខ្មែរ​ក្រោម​​មិន​​អាច​បន្ត​រស់នៅ​លើទឹក​ដី​កំណើត​ខ្លួនឯង​បាន​ទើប​សម្រេច​​មក​​សុំ​​សិទ្ធិ​ជ្រក​កោន​​នៅ​​ថៃ​៖ «យើង​​នៅ​ក្នុង​​ស្រុក​​នៅ​ពេល​​ដែល​​ព្រះសង្ឃ​ និង​​ពលរដ្ឋ​ហ៊ាន​តវ៉ា​ ហ៊ាន​និយាយ​ស្តី​ ហ៊ាន​ទាំង​បញ្ចេញមតិ​រឿង​សិទ្ធិមនុស្ស​ ប្រពៃណី​ ឬក៏​ដីធ្លី​ហ្នឹង​ គឺ​​អាជ្ញាធរ​​យួន​​គេ​​តែងតែ​​រក​រឿង​ គាប​សង្កត់​ ឬ​រក​រឿង​​គ្រប់​មធ្យោបាយ​ ធ្វើឲ្យ​បង​ប្អូន​និង​ព្រ​សង្ឃ​នៅ​អត់​បាន ​។ ពួកវា​​ចេះ​​ឃ្លាំមើល​ ចេះ​តែ​​រំខាន​»។

របាយការណ៍​សិទ្ធិមនុស្ស​ក្រសួង​ការបរទេស​អាមេរិក​ផ្សាយ​កាលពី​ថ្ងៃទី ១៣​ មីនា​​រក​​ឃើញ​ថា​ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម​នៅតែ​បន្ត​កើតមានឡើង​។ របាយការណ៍​​​បន្ត​ថា​ ការរំលោភ​សិទ្ធិមនុស្ស​ទាំងនោះ​ រួមមាន​ ការ​ឃុំឃាំង​ទាំង​ខុស​ច្បាប់​ និង​​​សម្លាប់​​ដោយ​​អនាធិបតេយ្យ​ ការ​ធ្វើទារុណកម្ម​ ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​អ្នកសារព័ត៌មាន​ សកម្មជន​​សិទ្ធិ​មនុស្ស​ និង​​​សកម្មជន​​តាម​​បណ្ដាញ​​សង្គម​ និង​​​អ៊ី​នធឹណិ​ត​​ជា​ដើម​។

ព្រះអង្គ​​មាន​ថេរ​ដីកា​ថា​ ខ្មែរក្រោម​ចង់​រស់នៅ​កម្ពុជា​ដែរ​ តែ​ដោយសារតែ​សុវត្ថិភាព​ខ្លាច​​អាជ្ញាធរ​​​វៀតណាម​​​តាម​​​មក​​​ចាប់​​​ដល់​កម្ពុជា ​​ទើប​​រត់​​បន្ត​ម​ក​នៅ​​ថៃ​ ។ ព្រះអង្គ​បន្ត​ថា​ កន្លងមក​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​​ធ្លាប់​​បាន​​ជួយ​​ជ្រោម​ជ្រែង​ ជន​ភៀស​ខ្លួន​ តាម​​រយៈ​​​សម្រួល​​​​តាម​​ផ្លូវ​​​ច្បាប់​ និង​​ថវិកា​​ជូន​​ដល់​​ខ្មែរ​​កម្ពុជា​ក្រោម​​ផង​​ដែរ​ ។ ព្រះអង្គ​ទទូច​ឲ្យ​ពលរដ្ឋ​ទូទៅ​បន្ត​ជួយ​​ខ្មែរក្រោម​ជា​បន្ត​ទៅ​ទៀត​៖ «នៅ​ស្រុកខ្មែរ​ រដ្ឋាភិបាល​​យួន​​ឡើង​ចាប់​​ពេល​ណា​​ក៏​បាន​ ។ ដូច​​ករណី​​ព្រះអង្គ​ ទឹម​ សា​ខន​ ហ្នឹង​ លោ​ក​​មាន​ស្រុក​​​កំណើត​​​​នៅ​​​មាត់​ជ្រូក ​ប៉ុន្តែ​លោក​​មក​បួស​រៀន​នៅ​​តាកែវ​ តែ​​ទី​បំផុត​​អាជ្ញាធរ​​​វៀតណាម​​​ចាប់​​ផ្សឹក ​ហើយ​​​បញ្ជូន​​​ទៅ​​​វៀតណាម»​ ។

ពាក់ព័ន្ធ​ទៅ​ នឹង​ការ​ធ្វើទុក្ខ​ខ្មែរក្រោម​ នៅ​វៀតណាម​ និង​កម្ពុជា​នេះ​ មន្រ្តី​នាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ អះអាង​​ថា​ ករណី​រំលោភសិទ្ធិ​មនុស្ស​លើ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម​ រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អន្តា​រគមន៍​នោះ​ទេ ​។ លោក​ ផៃ​ ស៊ី​ផាន​ ថា​ ជា​​​ផ្លូវ​ការ​ ខ្មែរ​ក្រោម​​​ឋិត​​​ក្នុង​​​អធិបតេយ្យ​​​​របស់​​​វៀតណាម ​។ លោក​បន្ថែម​​ទៀត​​ថា​ ខ្មែរក្រោម​ គ្រាន់​តែ​​ជា​​ពូជពង្ស​​របស់​​ខ្មែរ​​ពី​ដើម​ដូច​គ្នា​តែ​ប៉ុណ្ណោះ​ ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ Human​ Rights​ Watch​ លោក​ ហ្វីល​ រ៉ូបឺ​តសុន​ (Phil​ Robertson) សង្កេតឃើញ​ថា​ ពលរដ្ឋខ្មែរ​ក្រោម​ និង​​ជន​ភៀស​ខ្លួន​​ខ្មែរក្រោម​ មិនសូវ​ទទួល​បាន​បាន​ចាប់អារម្មណ៍​នោះ​ទេ ​។ លោក​ថា​ មាន​ប្រទេស​តែមួយ​ចំនួន​តូច​តែប៉ុណ្ណោះ​ បាន​ពិចារណា​ផ្តល់​សិទ្ធិ​ជ្រក​កោន​​ដល់​​ពួក​គេ​ ដែល​ជាហេតុ​បណ្តាល​ឲ្យ​​ពួកគេ​ជួបប្រទះ​បញ្ហា​មិនចេះចប់មិនចេះហើយ​ ហើយក៏​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពីសំណាក់​មន្រ្តី​ពុករលួយ​ខ្លះ​ និង​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពីសំណាក់​ថៅកែ​ថៃ​ ទទួល​បាន​ប្រាក់ខែ​តិច​ ជាង​ប្រាក់ខែ​គោល ​។ លោក​ស្នើ​​ឲ្យ​អាជ្ញាធរ​ថៃ​ផ្តល់​ការ​ការពារ​ ដល់​​ជន​ភៀស​ខ្លួន​​ខ្មែរ​ក្រោម​​នៅ​​ថៃ​​ទាំង​នោះ​ ជាជាង​ចាត់ទុក​ពួកគេ​​ជា​ពលករ​​ឥត​​ស្រប​ច្បាប់​ ដែល​ងាយ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ និង​ឃុំខ្លួន​នៅពេល​ណា​មួយ​​នោះ​ ។ លោក​បន្ថែម​ទៀត​ថា​ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស​ខ្លួន​ UNHCR​ បាន​ខំ​​ប្រឹងប្រែង​​​ជួយ​​​ជន​ភៀស​ខ្លួន​​ខ្មែរ​ក្រោម​​ដែរ​ ប៉ុន្តែ​អាជ្ញាធរ​ថៃ​ បាន​បង្ក​ការ​លំបាក​ដល់​​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស​ខ្លួន​​ដែរ​ ។

ដោយសារតែ​​ការ​ធ្វើទុក្ខ​បុកម្នេញ​នេះ​ហើយ ​ទើប​បណ្តាល​ឲ្យ​ខ្មែរក្រោម​​ដែល​​កំពុង​​រស់​នៅ​​ឯ​បរទេស​ បាន​​ផ្តួចផ្តើម​​គំនិត​​​គ្នា​​ធ្វើ​​​យុទ្ធនាការ​​​ទាមទារ​​​ឲ្យ​​​ខ្មែរ​​ក្រោម​​រស់នៅ​​ស្រុក​កំណើត ​អាច​ទទួល​បាន​សិទ្ធិ​សម្រេចវាសនា​បាន​ដោយខ្លួនឯង ​។ ខ្មែរ​កម្ពុជា​ក្រោម​​នៅ​លើ​ពិភពលោក​ បាន​ប្រារព្ធ​ខួប​ ៧០ ឆ្នាំ​ នៃ​ការបាត់បង់​នៃ​ទឹកដី​ខ្មែរក្រោម​កាលពីដើម​ខែមិថុនា​កន្លងទៅ ​។ អាណានិគម​បារាំង​ បាន​កាត់ទឹក​ដីខ្មែរ​កម្ពុជាក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុសច្បាប់​ កាលពី​ថ្ងៃទី ៤​ ខែមិថុនា​ ឆ្នាំ ១៩៤៩​ ៕

Leave A Reply

Your email address will not be published.