សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ចូលរួមការបោះឆ្នោត
ដោយ យន់ សាមៀន | RFA Khmer
សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជា ចូលរួមការបោះឆ្នោតឃុំសង្កាត់ ដើម្បីជ្រើសរើសតំណាងគណបក្សនយោបាយណា ដែលគិតគូរពីផលប្រយោជន៍របស់ពួកគេ ។

ស្របពេលដែលការបោះឆ្នោតឃុំសង្កាត់នឹងធ្វើឡើង នៅខែមិថុនាខាងមុខនេះ សមាគមខ្មែរកម្ពុជាក្រោម នៅក្នុង និងក្រៅប្រទេស ជំរុញឲ្យពលរដ្ឋខ្មែរក្រោម ប្រមាណ ១ លាននាក់ ដែលកំពុងរស់នៅកម្ពុជា ឲ្យចូលរួមដំណើរការបោះឆ្នោត ។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១២ ខែមីនាថា ខ្មែរក្រោមអាចជ្រើសរើសតំណាងរបស់ពួកគេ តាមរយៈការបោះឆ្នោត ដើម្បីជួយដោះស្រាយបញ្ហាពួកគេ ដែលកំពុងជួបប្រទះ៖ «វាជាសិទ្ធិសេរីភាពរបស់ពួកគាត់ ក្នុងការជ្រើសរើស ពិចារណាទៅលើតំណាងរបស់ពួកគាត់ ពិសេសបក្សណា ដែលគាត់យល់ថា បំរើពលរដ្ឋនិងជួយដោះស្រាយបញ្ហាប្រឈមរបស់គាត់» ។
លោក សឺន ជុំជួន បន្តទៀតថា បច្ចុប្បន្នខ្មែរក្រោមប្រមាណពី ២០ និង ៣០ ភាគរយ ក្នុងចំណោម ១ លាននាក់ គ្មានឯកសារ ដើម្បីអាចចុះឈ្មោះបោះឆ្នោត ដោយសារតែអាជ្ញាធរមូលដ្ឋាន បានបង្កការលំបាកមិនផ្តល់អត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងទៀត ។ លោក សឺន ជុំជួន ថា ខ្មែរក្រោមត្រូវធ្វើការតស៊ូមតិ ដើម្បីអាចទទួលបានឯកសារផ្សេងៗ ដើម្បីអាចចូលរួមការបោះឆ្នោតបាន ។ បច្ចុប្បន្ន ខ្មែរក្រោមប្រមាណ ១ លាននាក់កំពុងរស់នៅកម្ពុជា ។ ពួកគេបានចាកចេញពីស្រុកកំណើត ដោយសារតែ ការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម និងបញ្ហាសេដ្ឋកិច្ច ។ ខ្មែរក្រោមប្រមាណ ៧ លាននាក់ កំពុងរស់នៅលើទឹកដីកំណើតសព្វថ្ងៃ ។ ពលរដ្ឋខ្មែរក្រោម ដែលមករស់នៅកម្ពុជា មិនត្រូវបានអាជ្ញាធរមូលដ្ឋាន ទទួលស្គាល់ជាខ្មែរ និងផ្តល់សញ្ជាតិខ្មែរឲ្យនោះទេ ដែលបញ្ហានេះ បណ្តាលឲ្យពួកគេបាត់បង់ផលប្រយោជន៍ផ្សេងៗ និងជួបបញ្ហាសេដ្ឋកិច្ច អប់រំ សុខាភិបាល និងរងការរើសអើងជាដើម ។ កន្លងមកមន្រ្តីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថា ខ្មែរក្រោម ត្រូវបំពេញលក្ខខណ្ឌ័តាមច្បាប់អន្តោរប្រវេសន៍ ដើម្បីទទួលបានសិទ្ធិរស់នៅកម្ពុជា នៅពេលដែលពួកគេមកពីកម្ពុជាក្រោមមករស់នៅកម្ពុជា ។
ពាក់ព័ន្ធការបោះឆ្នោតនៅពេលខាងមុខនេះ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១២ មីនាថា សហព័ន្ធខ្មែរកម្ពុជាក្រោម មិនជ្រៀតជ្រែកចូលកិច្ចការងារនយោបាយរបស់កម្ពុជានោះទេ ប៉ុន្តែ ព្រះអង្គស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានជួយសម្រួលដល់ពលរដ្ឋខ្មែរក្រោម ដើម្បីអាចឲ្យពួកគេចូលរួមការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ខាងមុខ៖ «ពលរដ្ឋខ្មែរដែលកំពុងរស់នៅកម្ពុជា បោះឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់របស់ខ្លួន ដើម្បីបានមេឃុំ ឬចៅសង្កាត់ល្អក្នុងជួយសម្រួលក្នុងលិខិតស្នាមផ្សេងៗ ។ ជាពិសេសយើងមានសិទ្ធិ ដើម្បីជ្រើសរើសមេដឹកនាំល្អ គិតពីផលប្រយោជន៍ជាតិ មិនរណបបរទេស» ។
ស្រដៀងគ្នានេះដែរ នាយកសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក៏ជំរុញឲ្យខ្មែរក្រោម ចូលរួមដំណើរការបោះឆ្នោត ហើយជ្រើសរើសគណបក្សណា ដែលបំរើផលប្រយោជន៍ខ្មែរទូទៅ៖ «ខ្មែរក្រោម ដែលរស់នៅកម្ពុជាភាគច្រើន ជាអ្នកគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់យួន ដូច្នោះយើងត្រូវតែជួយការពារដល់ពួកគាត់ឲ្យពួកគាត់អាចចូលរួមគណបក្សណាមួយ ដែលជួយការពារប្រយោជន៍របស់ពួកគាត់» ។
ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តឡើង នៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចុះឈ្មោះបេក្ខជនគណបក្សនយោបាយ ជាង ៨ ម៉ឺននាក់ ក្នុងចំណោម ១៧ គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតឃុំសង្កាត់ ។ គណបក្ស ដែលមានបេក្ខជនចុះឈ្មោះច្រើនជាងគេ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊ុនស៊ិនប៉ិច ។ បេក្ខជន ជាង ៨ ម៉ឺននាក់នោះ នឹងប្រកួតយកតំណែងក្រុមប្រឹក្សាចំនួន មួយម៉ឺន មួយពាន់ ៦ រយ ២២ (១១.៦២២) អាសនៈ សម្រាប់ ១ ពាន់ ៦ រយ ហាសិបពីរ (១.៦៥២) ឃុំ សង្កាត់ ៕