នរោត្ដម សីហនុ អ្នកនយោបាយ និងក្សត្រដែលមានព្រះបរម្យងារច្រើនជាងគេក្នុងលោក
ដោយ ថាច់ ប្រីជា គឿន
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ប្រសូតនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព. ស.២៤៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង ០១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ ព្រះអង្គឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា លើកទី ១ ចាប់ពី ឆ្នាំ ១៩៤១ ដល់ ១៩៥៥ និង លើកទី ២ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ២០០៤ ។ ព្រះអង្គត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំដ៏មានប្រសិទ្ធិភាពនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ ១៩៥៣ ដល់ ១៩៧០ ។ ក្រោយពេលដាក់រាជ្យលើកទី ២ នៅឆ្នាំ ២០០៤ ព្រះអង្គត្រូវបានគេថ្វាយព្រះគោរម្យងារថា “ព្រះមហាវិរក្សត្រ” ។
ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ជាបុត្រារបស់ ព្រះបាទសម្ដេច ព្រះនរោត្ដម សុរាម្រិត និងសម្ដេច ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្ន សិរិវឌ្ឍនា ។ ព្រះអង្គមានឋានៈជាច្រើនចាប់ពីឆ្នាំ ១៩៤១ មក ដោយសៀវភៅកំណត់ត្រាឯតទគ្គកម្មពិភពលោក ( Guinness Book of World Records ) បានកត់ត្រាថា ព្រះអង្គជាអ្នកនយោបាយ និងជាក្សត្រដែលមានគោរមងាររដ្ឋច្រើនជាងគេបំផុតក្នុងលោកក្នុងចំណោមបណ្ដារាជវង្សទូទាំងពិភពលោក ។ គោរមងាររបស់ទ្រង់មានដូចជា មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (១៩៤១-១៩៥៥), ជានាយករដ្ឋមន្ត្រី (១៩៥៥- ១៩៦៦) , ជាប្រមុខរដ្ឋ និង ជារាជានុសិទ្ធ (១៩៦០-១៩៧០) , ជាប្រមុខរដ្ឋនិរទេស (១៩៧០), ជាប្រធានរដ្ឋក្នុងរដ្ឋាភិបាលខ្មែរក្រហម (១៩៧៥-១៩៧៦) , ជាប្រធានាធិបតីនិរទេស (១៩៨២-១៩៨៨) ,ជាប្រមុខរដ្ឋាភិបាលនិរទេស (១៩៨៩-១៩៩១) ,ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (១៩៩១) ,ជាប្រមុខរដ្ឋ (១៩៩១-១៩៩៣) និង ទ្រង់ឡើងគ្រងរាជជាព្រះមហាក្សត្រជាលើកទីពីរក្នុងឆ្នាំ ១៩៩៣ ។
ព្រះរាជជីវប្រវត្តិ
ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េ កាំង ប្រទេសចិន ) គឺជាព្រះមហាក្សត្រមួយអង្គ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ ១៩៤១ ដល់ ឆ្នាំ ១៩៥៥ ហើយទ្រង់បានឡើងគ្រងរាជ្យ សារជាថ្មីចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤ ។ ទ្រង់គឺជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ ១៩៧០ ។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ ២០០៤ រួចមករដ្ឋសភាជាតិ នៃកម្ពុជាបានព្រមព្រៀងថ្វាយជូននូវព្រះគោរមងារផ្លូវការ ជា «ព្រះករុណាព្រះសម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ» ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភយឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យ ។
ការសិក្សា
ចាប់ពីឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា François Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ ដែនដីកម្ពុជាក្រោម (វៀត ណាមខាងត្បូង) ។
នៅឆ្នាំ១៩៤៦ និង ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ Saumur) ប្រ ទេសបារាំង ។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ការគ្រងរាជ្យសម្បត្តិលើកទី ១
នៅខែមេសា ឆ្នាំ ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៤១ ។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យ ពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៥៥ ។
ការគ្រងរាជ្យសម្បត្តិលើកទី ២
ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី ២ នៅថ្ងៃទី ២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញ នៅថ្ងៃទី០៧ ខែ តុលា ឆ្នាំ ២០០៤ ។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។
ព្រះរាជបូជនីយកិច្ច
ក្នុងឆ្នាំ ១៩៤៧ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាត នូវខេត្តខ្មែរ ដែលក្នុងពេល មានចម្បាំងសកលលោកលើកទី ២ ថៃឡង់ដ៍ បានយកពីកម្ពុជាទៅ គឺ ខេត្តបាត់ដំបង សៀម រាប កំពង់ធំ ស្ទឹងត្រែង ។
ឆ្នាំ ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់ នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេ ខានៅឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤ ។ នៅឆ្នាំ ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រកម្ពុជា ។ សន្ធិសញ្ញាឆ្នាំ១៩៤៩ នេះ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ ១៨៦៣ និងឆ្នាំ១៨៨៤ ។
ពីឆ្នាំ ១៩៥២ ដល់ ១៩៥៣ ព្រះអង្គ បានយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារកេតនភណ្ឌឯករាជ្យ១០០ ភាគរយជូនជាតិមាតុភូមិ ។
នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដោយស្នាព្រះហត្ត ដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង ។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ – ព្រះបិតាឯករាជ្យជាតិ” ។
ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល ៣ ឆ្នាំ ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុង ខែកុម្ភៈ ១៩៥៣ ។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូន លោក វ៉ាំង សង់អូរីយ៉ូលប្រ ធានាធិបតីនៃសាធារណរដ្ឋបារាំង់ចំនួន ៣ លើក៖
លើកទី ១ ថ្ងៃទី ៥ ខែមីនា ១៩៥៣ ពីទីក្រុងណាពូល
លើកទី ២ ថ្ងៃទី ១៨ ខែមីនា ១៩៥៣ ពីទីក្រុងណាពូលដែរ
លើកទី ៣ ថ្ងៃទី ៣ ខែមេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ ។
ដោយរដ្ឋាភិបាលបារាំង ពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដានិងសហរដ្ឋអាមេរិកទៀត ។
នៅកាណាដា ក្នុងទីក្រុងម៉ុង រេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖
ទី ១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុំមុយនិស្ត
ទី ២ គឺបញ្ហាឯករាជ្យបរិបូរសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុំមុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លី ជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន ។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិ បូរសម្រាប់ប្រទេសជាតិ ។ ចំណែកពួកកុំមុយនីស គេមើលឃើញថាប្រ ទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ ។
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉ក ថែម ចុះផ្សាយក្នុងទំព័រទី ១ របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល ។ ខ្លឹមសារគឺ “… បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស” ។ ក្នុងករណីមានការគំរាមកំហែង ប្រជាពល រដ្ឋប្ដេជ្ញាថា “ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយ របស់ពួកគេនឹងមកដល់ …” ។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរនៃរាជាណាចក្រកម្ពុជា ។
រដ្ឋប្រហារ , និរទេស និង មាតុភូមិនិវត្តន៍
នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ព្រះអង្គត្រុវសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយ សាធារណរដ្ឋខ្មែរ ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក ។
ក្រោយពីត្រូវបាន លន់ នល់ ធ្វើរដ្ឋប្រហារ សម្ដេច នរោត្ដម សីហនុ បាននិរទេសព្រះកាយ ទៅទីក្រុងប៉េងកាំង ប្រទេសចិន ហើយបានបង្កើត រណសិរ្សជាតិកម្ពុជា (Front Uni National du Kampuchea – FUNK) និងបានគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរបបសាធារណរដ្ឋ របស់ លន់ នល់ ។ ក្រោយពី សម្ដេច នរោត្ដម សីហនុ បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះចលនា តស៊ូរបស់ខ្មែរក្រហម ដោយទ្រង់បានមកជួបពួកមេដឹកនាំខ្មែរក្រហមនៅជុំរុំតស៊ូមក កងទ័ពរបស់គេបានកើនឡើងពី ៦.០០០ នាក់ ដល់ ៥០.០០០ នាក់ ។ សមាជិកថ្មីនៃចលនាតស៊ូខ្មែរក្រហម ភាគច្រើនជាកសិករ និងមិនមែនអ្នកនយោបាយ ពួកគេចូលព្រៃតស៊ូមិនមែនដើម្បីគាំទ្រខ្មែរក្រហមទេ តែគាំទ្រចំពោះស្ដេចរបស់ខ្លួន ។
ក្នុងរបបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម សម្ដេច នរោត្ដម សីហនុ ភាគច្រើននិរទេសខ្លួន នៅប៉េកាំង ប្រ ទេសចិន និង កូរ៉េខាងជើង ហើយបានវិលត្រឡប់ កាន់ទីក្រុងព្យុងយ៉ាង (Pyongyang) កូរ៉េខាងជើង ម្ដងទៀតនៅឆ្នាំ ១៩៧៩ ពេលដែលទាហានវៀតណាមចូលកាន់កាប់ស្រុកខ្មែរ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ១៩៧៩ ។
ការជាប់បង្ខាំងនៅក្នុងរបបខ្មែរក្រហម និងតស៊ូបណ្ដេញយួនចេញពីស្រុកខ្មែរ
ពេលរបបសាធារណរដ្ឋខ្មែរ ត្រូវបានដូលរំលំ ដោយការដណ្ដើមយកពីខ្មែរក្រហមនាថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ សម្ដេច នរោត្ដម សីហនុ បានក្លាយជាប្រធានរដ្ឋ នៃរបបមួយនេះ ខណៈដែលអំណាចឋិតនៅលើ ប៉ុល ពត ។ នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៧៦ ប៉ុល ពត បានបង្ខំឲ្យ សម្ដេច នរោត្ដម សីហនុ ចេញពីតំណែងម្ដងទៀត និងឲ្យចូលនិវត្តនយោបាយ ។ ក្នុងសម័យកងទ័ពយួន ចួលត្រួតត្រាស្រុកខ្មែរ ព្រះអង្គបានយាងទៅអង្គការ សហប្រជាជាតិនៅទីក្រុង New York សហរដ្ឋអាមេរិក ដើម្បីថ្លែងការណ៍ប្រឆាំង នឹងការឈ្លានពានរបស់វៀតណាមមកលើប្រទេសកម្ពុជា ។ ក្រោយពីការថ្លែងការណ៍របស់ព្រះអង្គ ទ្រង់បានស្នាក់នៅក្នុងប្រទេសចិន និងកូរ៉េខាងជើង ។
ការឈ្លានពានរបស់កងទ័ពវៀតណាមចូលប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ ១៩៧៨ បានផ្ដួលរំលំរបបខ្មែរក្រហម ក្រៅពីសម្ដែងការស្វាគមន៍ចំពោះបរាជ័យ របស់របបខ្មែរក្រហម សម្ដេច នរោត្ដម សីហនុ នៅតែប្ដេជ្ញាប្រ ឆាំងចំពោះរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមដែលបានលើកបន្តុប ហេង សំរិន ជាប្រធាននៃរដ្ឋាភិបាលសាធារ ណរដ្ឋប្រជាមានិតកម្ពុជា ។ ខណៈដែល វៀតណាមកំពុងកាន់កាន់ស្រុកខ្មែរ និងរបបខ្មែរក្រហមដួលរលំ សម្ដេច នរោត្ដម សីហនុ បានបញ្ជុះបញ្ចូលឲ្យកៅអីតំណាងប្រទេសកម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ទុកនៅទំនេរ ហើយព្រះអង្គបានចូលរួមជាមួយចលនាតស៊ូខ្មែរនៅជាយដែនខ្មែរសៀមដើម្បី ប្រឆាំងការឈ្លានពានរបស់វៀត ណាមមកលើកម្ពុជា ។ នៅឆ្នាំ ១៩៨៩ កងទ័ពវៀតណាមបានដកថយចេញ ពីកម្ពុជា ហើយបានបន្សល់ទុកនូវរដ្ឋាភិបាលមួយដែលស្និទនឹងខ្លួន ក្រោមការដឹកនាំ របស់អតីតកម្មាភិបាលខ្មែរក្រ ហម ដែលបានភៀសខ្លួនទៅវៀតណាម មាន ហ៊ុន សែន , ហេង សំរិន និងប៉ែន សុវណ្ណ ជាដើម ។
ការសោយទិវង្គត
ព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះវរបិតាឯករាជជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំងប្រទេសចិន ដោយជរាពាធ ។ ព្រះសពរបស់ទ្រង់ ត្រូវបានដង្ហែរពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី និង លោក ហ៊ុន សែន នាយករដ្ឋ មន្ត្រីខ្មែរ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង ២:៣០ រសៀល ។
ការដង្ហែរព្រះបរមសពពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រ ប្រមាណជាង ១.០០០.០០០ (មួយលាន) ទៅជាង ១.២០០.០០០ (មួយលានពីរសែន) នាក់មកចាំដង្ហែ ដែលមានទាំងបព្វជិត និង គ្រហស្ថ ។ ព្រះបរមសពរបស់ទ្រង់បានតម្កល់ នៅព្រះបរមរាជវាំងរហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៣ ។
ពិធីថ្វាយព្រះភ្លើង
វេលាម៉ោង ០៧ និង ៥០ នាទីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៣ ក្បួនដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ចាប់ផ្ដើមដង្ហែចេញពីព្រះបរមរាជវាំងឆ្ពោះទៅប្រទក្សិណរមណីយដ្ឋានវត្តភ្នំ និងវិមានឯករាជ្យ ហើយយាងទៅកាន់ព្រះរាជបុស្បុក ដែលមានទីតាំងស្ថិតនៅបរិវេន ទីលានព្រះមេរុ មុខសារមន្ទីរជាតិ ជាប់របងខាងជើងព្រះបរមរាជវាំង ដោយមានការឈរអមសង ខាងផ្លូវ ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា សមាជិករដ្ឋសភា ព្រឹទ្ធសភា និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន នានា នៅមុខព្រះបរមរាជវាំង ។ ពិធីដង្ហែនេះ មានផែនសំខាន់ចំនួន ១១ គឺ ផែនមន្ត្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ កងនគរបាលជាតិ យុវជនកាយឫទ្ធិ ព្រះសង្ឃ ដូនជី អាចារ្យ ជនជាតិដើមភាគតិច ជនជាតិចាម្ប៍ និងក្រុមដង្ហែបែបជនជាតិ ហើយផែនទី ៩ ជាព្រះបរមមឈូស ព្រះបរមរតនកោដ្ឋ ។ គេតម្កល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ នៅព្រះរាជបុស្បុក ស្ថិតនៅបរិវេន ទីលានព្រះមេរុ ចាប់ពីថ្ងៃទី ០១ ដល់ ទី ០៤ ខែកុម្ភៈ ទើបថ្វាយព្រះភ្លើង ។
ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានមានប្រសាសន៍ឆ្លើយតបទៅកាសែត ឌឺ ខេមបូឌាដេលី ដែលបានចុះផ្សាយថា ការកសាងសំណង់ព្រះមេរុនេះ មានការចំណាយខ្ជះខ្ជាយទៅលើព្រះរាជសព របស់ព្រះបរមរតនកោដ្ឋ ហើយដែលការចំណាយនោះ មានរហូតដល់ប្រមាណ ៥ លានដុល្លារ សហរដ្ឋអាមេរិក ៕
———————————————————-
ឯកសារពិគ្រោះ www.wikipedia.org