កំណត់ហេតុ អង្គសន្និបាតប្រចាំឆ្នាំ ២០១៧ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (ភាគ ២)
សហព័ន្ធខ្មែរកម្ពុជាក្រោម
កំណត់ហេតុសន្និបាតប្រចាំឆ្នាំ ២០១៧
ថ្ងៃទី ០៨-១០ ធ្នូ ឆ្នាំ ២០១៧
ទីក្រុង អូឡែនដូ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក
Orlando, Florida, U.S.A.
ថ្ងៃអាទិត្យ ទី ១០ ធ្នូ ព.ស. ២៥៦១ គ.ស. ២០១៧
ក. កម្មវិធី
ពេលព្រឹកព្រាង ទេសភាពធម្មជាតិស្រស់បំព្រង សំឡេងបក្សាបក្សីខ្ញៀវខ្ញារ វាតាផាយផាត់រំភើយល្ហើយ ៗ ត្រជាក់ដល់ឆ្អឹងខ្នង គណៈកម្មកានាយក និងព្រះសង្ឃ នូវសមាជិក សមាជិកាគ្រប់អង្គ-ប្រាណ បានយាត្រាមកជួបជុំគ្នា ត្រៀបត្រាក្នុងមហាសាលសន្និបាតប្រកបដោយទឹកមុខញញឹមប្រឹមប្រិយ ហាក់បីដូចជាសួគ៌សួននន្ទវ័នទេពប្រោះព្រំមន្តសិរីសួស្តីដល់ខ្មែរក្រោម គួរឲ្យរីករាយមនោរម្យ ។

នាគ្រាកាលនោះលោក ថាច់ វឿង និង អ្នកនាងថាច់ សុមាលីន ជាពិធីករនិងពិធីករិនី ចាប់ផ្តើមដោយការគោរពនិមន្តនិងអញ្ជើញអង្គសន្និបាតទាំងមូលក្រោកសណ្ឋិតឈរធ្វើកិច្ចគោរពទង់ជាតិ អមដោយបទភ្លេងជាតិយ៉ាងអន្លង់អន្លោចស្រងេះស្រងោចអាណោចអាណិតខ្លោចចិត្តចំពោះស្រុកកំណើតដែលខ្លួនត្រូវឃ្លាតឆ្ងាយទាំងអាល័យស្រណោះអាឡោះពន់លន់លើសប៉ាន់ប្រមាណ រហូតដល់មានអ្នកខ្លះអួលដើមក ឱនក្បាលគោរពទង់ជាតិ ជ្រប់មុខលួចសម្រក់ទឹកភ្នែកសង្វេគជាតិ សាសនា មាតុភូមិកម្ពុជាក្រោមដ៏រុងរឿងរបស់ខ្លួនត្រូវចោរយួនកុម្មុយនីស្តប្លន់ទាំងភ្នែកស្រស់ឥតចេះខ្មាសអៀនពិភពលោក ចំពោះទង្វើចោរកម្មដ៏ថោកទាបរបស់ខ្លួន មិនតែប៉ុណ្ណោះ យួននៅថែមទាំងបន្តរំលោភសិទ្ធិមនុស្ស ដោយកំពុងតែរំលោភប្រមាថគង្គាន បំពារ បំពាន បំបិទសិទ្ធិសេរីភាពជនរួមជាតិខ្មែរក្រោម ជាជនជាតិដើមម្ចាស់ទឹកដីកម្ពុជាក្រោមទាំងព្រះសង្ឃ ទាំងគ្រហស្ថបង្ខំឲ្យរស់នៅក្នុងក្នុងគំនាបដូចអំពៅនៅក្នុងយន្តឃ្នាប ពៀបពោរពេញដោយក្តីទុក្ខ ទោស ទណ្ឌ យ៉ាងដំណំគួរឲ្យឈឺចាប់ ។
លោកអធិបតី ថាច់ វៀន ប្រកាសបើកសន្និបាត ។
ខ. របៀបវារៈ
១.សិក្ខាសាលាស្តីពីសិទ្ធិជនជាតិដើម ។
២. សំណួរនិងចម្លើយ ។
៣. ពិភាក្សាពីយុទ្ធសាស្ត្រនិងផែនការឆ្នាំ ២០១៨ ។
៤. ផែនការហិរញ្ញវត្ថុឆ្នាំ ២០១៨ ។
៥. បើកវេទិការចំហ ។
៦. សេចក្ដីសម្រេចរបស់អង្គសន្និបាតប្រចាំឆ្នាំ ២០១៧ ។
៧. សុន្ទរកថារបស់ លោកអធិបតី ។
៨. ព្រះសង្ឃប្រសិទ្ធពរ ដោយស្វាយធ្យាយធម៌ជយន្តោ ជាកិច្ចបិទសន្និបាត ។
គ. កម្មវត្ថុ
១. សិក្ខាសាលាស្តីសិទ្ធិជនជាតិដើម
– បណ្ឌិត Joshua Cooper ជាឧត្តមទីប្រឹក្សា និងជានាយកវិទ្យាស្ថាន សិទ្ធិមនុស្ស រដ្ឋហាវ៉ាយ សហរដ្ឋអាមេរិក បន្តធ្វើសិក្ខាសាលា ស្តីពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង សម្រាប់ជនជាតិដើម នៅលើសន្និសីទអន្តរ ជាតិ ដែលវាគ្មិនទាំង ២ រូបគឺ៖
- លោក Marvin Kumetat ជាតំណាងអង្គការយូអិនភីអូ (UNPO) ។
- លោក Laura Harth ជាតំណាងគណបក្សចម្រុះជាតិសាសន៍ និង ចម្រុះគណបក្ស នៅក្នុងសភាអឺរ៉ុប ។
លោក ម៉ៅ មុនី ជាអនុប្រធាន បកប្រែជាសាភាខ្មែរ ។
២. នាទីសំណួរនិងចម្លើយ
ជុំវិញបញ្ហាប្រឈមមុខនឹងទុក្ខព្រួយរបស់ខ្មែរក្រោម បណ្តាលមកអំពីការរំលោភសិទ្ធិសេរីភាពរបស់ខ្មែរក្រោមជាជនជាតិដើម របស់រដ្ឋាភិបាលកុម្មុយនីស្តយួន និងយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយនូវវិបត្តិនេះ ។
៣. ពិភាក្សាយុទ្ធសាស្ត្រ និងផែនការឆ្នាំ ២០១៨ ដោយ៖
- លោក ម៉ៅ មុនី ជាអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
- លោក ប្រាក់ សេរីវុឌ្ឍ ជាអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
- លោក បណ្ឌិត ឆូហ្សួ ខូហ្វើ ជាឧត្តមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ។
- លោកត្រឹង ម៉ាន់រិន្ទ ជានាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម ។
៤. ផែនការហិរញ្ញវត្ថុ ឆ្នាំ ២០១៨ ដោយ៖
- លោក ត្រឹង យ៉ាប នាយករដ្ឋបាល ។
- លោក ចៅ សេរី អគ្គហេរិញ្ញិក ។
- លោក ថាច់ សាមន អគ្គហេរញ្ញិករង ។
៥. សោមនស្សកថា និងអភយកថា របស់លោក សឺន ច័ន្ទកុសល ជាប្រធានសមាគមខ្មែរក្រោម ក្រុងអូឡែនដូ រដ្ឋផ្លរីដា តំណាងក្រុមគណៈកម្មការរៀបចំសន្និបាតដំណាច់ ឆ្នាំ ២០១៧ ។
៦. បើកវេទិការចំហ៖
សំណួរនិងចម្លើយ ជុំវិញបញ្ហាជាតិ និង បញ្ហាស្វែងរកសិទ្ធិសម្រចវាសនាខ្លួនដោយខ្លួនឯង លើឆាកអន្តរជាតិដែលជាគោលជំហរម៉ឺងម៉ាត់ឥតងាករេរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
៧. សេចក្ដីសម្រេចរបស់អង្គសន្និបាតប្រចាំឆ្នាំ ២០១៧ (មាននៅក្នុងកំណត់ហេតុរបស់លោកអគ្គលេធិការ) ។
៨. សុន្ទរកថារបស់ លោកអធិបតី ថាច់ វៀន ទៅកាន់អង្គសន្និបាត មុននឹងបិទសន្និបាត ដោយពាក្យពីរោះស្និទ្ធស្នាលជាភាតរភាព និងសេចក្តីថ្លែងអំណរគុណចំពោះគណៈកម្មការសមាគមខ្មែរក្រោម ក្រុងអូឡែនដូ, គណៈកម្មការវត្តធម្មិការាមខ្មែរកម្ពុជាក្រោម ជាពិសេសគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងអូឡែនដូរដ្ឋផ្លរីដា ដែលបានទទួលរៀបចំទីសន្និបាតដំណាច់ឆ្នាំ ២០១៧ បានប្រព្រឹត្តទៅចំនួន ៣ ថ្ងៃប្រកបដោយភាពជោគជ័យយ៉ាងរលូនគួរជាទីគាប់ចិត្តពន់ពេក ព្រមទាំងអំណរគុណគណៈកម្មការនាយកគ្រប់ស្ថាប័ន គណៈកម្មការតំបន់ និងសាខាក្រុង-រដ្ឋ-ប្រទេសនានាទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមមុខងារតួនាទីរៀង ៗ ខ្លួន មិនតែប៉ុណ្ណោះសមជិក សមាជិកាទាំងអស់បានយកចិត្តទុកដាក់ធ្វើប័ណ្ណសមាជិក ដោយឥតធ្វេសប្រហែស ហើយលោកអធិបតីក៏បានរំឭកដល់សមាជិកសមាជិកាណាមិនទាន់បានធ្វើប័ណ្ណ សមាជិកសូមរួសរាន់ធ្វើឲ្យបានឆាប់រហ័ស ព្រោះប័ណ្ណសមាជិកនេះ មានសុពលភាពពេញលេញ ទៅបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងអាណត្តិកាលថ្មី ។
ជាចុងក្រោមលោកអធិបតីបានជូនប័ណ្ណសរសើរដល់ លោក សឺន ច័ន្ទកុសល ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងអូឡែនដូ រដ្ឋផ្លរីដា ជាកិត្តិយស ។
៨. ព្រះសង្ឃប្រសិទ្ធពរ ដោយស្វាយធ្យាយធម៌ជយន្តោ ជាកិច្ចបិទសន្និបាត ។
មុន នឹងលាគ្នាដោយក្តីអាល័យ អង្គសន្និបាតបានថតរូបជុំគ្នាទុកជាចំណងដៃអនុស្សាវរីយ៍ ប្រកបដោយភាពរីករាយ និងជានិមិត្តរូបនៃសាមគ្គីភាពដ៏រឹងមាំជានិច្ចនិរន្តរ៍តរៀងទៅ ។
សន្និបាតដំណាច់ឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រារព្ធឡើងចំនួន ៣ ថ្ងៃ គឺពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ ធ្នូ នៅវត្តធម្មិការាមខ្មែរកម្ពុជាក្រោម ក្រុងអូឡែនដូ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ចប់ដោយបរិបូណ៌នៅវេលាម៉ោង ៥:០០ រសៀល ។
អ្នកធ្វើកំណត់ហេតុសន្និបាត
ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម ។
រូបថតខ្លះៗ ពីសកម្មភាពក្នុងអង្គសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម
មើលរូបថតជាច្រើនទៀត ចុចត្រង់នេះ