លោក ហ៊ុន សែន បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ​ស្របពេល​ពលរដ្ឋ​ខ្មែរ​បាតុកម្ម​ឲ្យ​ចេញពី​តំណែង​

0 201

(​សុខ ខេមរា l VOA —  វ៉ាស៊ីនតោន​) មន្ត្រី​គណបក្សជំទាស់​បាន​រិះគន់​មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​ថា បញ្ហា ជាប់គាំង​នយោបាយ​ក្នុងប្រទេស​ជា​រឿង​បន្ទាន់  ដែល​គួរ​ដោះស្រាយ​ឲ្យ​បាន តែ​មិនមែន​ទស្សន កិច្ច​ក្នុង​ប្រ ទេស​វៀតណាម ឬ ការចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​នោះទេ ។​

លោក ហុន សែន (ឆ្វេង) ឱបលោក ង្វៀង តឹង យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព  ព្រះបាទ នរោត្ដម សីហនុ នៅទីក្រុង ភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ ២០១៣ ។ រូបថត AFP
លោក ហុន សែន (ឆ្វេង) ឱបលោក ង្វៀង តឹង យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម
នៅក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទ នរោត្ដម សីហនុ នៅទីក្រុង
ភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ ២០១៣ ។ រូបថត AFP

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស បានដាក់​គម្រោង​ការបំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ចំនួន​បី​ថ្ងៃ​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី ២៦ ធ្នូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ ។ តែ​គណបក្សជំទាស់​វិញ​បាន​ថ្លែងថា បញ្ហា​បន្ទាន់​សម្រាប់​ ប្រទេសជាតិ​ពេលនេះ​គឺ​ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ ​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ងើបឡើង​តវ៉ា​ប្រឆាំង នឹង​លទ្ធផល​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​មានការ​ជាប់គាំង​នយោបាយ​ក្នុងប្រទេស ហើយ​ភាពស្របច្បាប់​របស់​សភា និង​រដ្ឋាភិបាល​ថ្មី​មិនត្រូវ​បានទទួល​ស្គាល់​ដ៏​ទូលំទូលាយ តែ​កិច្ចសហប្រតិបត្តិការ​ក្នុង​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម ឬ ក៏​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា​មិនមែនជា​រឿង​អាទិភាព​ទេ ។​

​ថ្លែងប្រាប់​វី​អូ​អេ​សំឡេង​សហរដ្ឋអាមេរិក​ជា​ខេមរភាសា ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​៖

«​រឿង​កិច្ចសហប្រតិបត្តិការ​ចេះ​តែ​ធ្វើ​ហើយ ធ្វើ​តាំងតែ​ពី​យូរយារ​ណាស់​មកហើយ ។ តែ​អ្វីដែល​យើង​ចាំបាច់​ត្រូវធ្វើ​នៅពេលនេះ​គឺ​បញ្ហា​ជាប់គាំង​នយោបាយ ។ បើសិនជា​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ​ទេ វា​នឹង​ឈានទៅរក វិបត្តិ​សង្គម ។ ហើយ​បើកាលណា​ឈានទៅរក​វិបត្តិ​សង្គម​ហើយ​នោះ​គឺ​ធ្វើ​ឲ្យ ប្រទេសជាតិ​យើង​នឹង​ធ្លាក់​ទៅក្នុង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​មិនអាច​ដោះស្រាយបាន​»​។​

​លោក​បានស្នើ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ឡើង     វិញ ។ លោក​ថ្លែងថា អ្វីដែល​គណបក្សជំទាស់​ទាមទារ​ចុងក្រោយ ​ក្នុង​បាតុកម្ម​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​កន្លង​មកពី​ក្រុម​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលុប​ នោះ គឺថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​សើរើ ស៊ើបអង្កេត​ការលួចបន្លំ​សន្លឹកឆ្នោត​ទេ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវធ្វើ​ការបោះឆ្នោត​ឡើងវិញ​ជាមួយនឹង​ការរៀបចំ គ​.​ជ​.​ប​. ឯករាជ្យ​មួយ ។ លោក​យឹម សុវណ្ណ​បាន​អះអាងថា ការធ្វើ​យ៉ាង​ដូច្នេះ​ជា​វិធី​សមរម្យ​បំផុត​ដែល​បញ្ចប់​បញ្ហា​បាតុកម្ម និង​បញ្ហា​ក្នុងសង្គម ។​

«​ហើយ​ឥឡូវនេះ ឆ្លៀត​ពេលដែល​ស្ថានការណ៍​កំពុងតែ​ពុះកញ្ជ្រោល ហើយ​ជា ពិសេស បាតុករ​កំពុងតែ​ងើបឡើង​កាន់តែ​ច្រើនឡើងៗ ដើ​ម្បើ​ទាមទារ​ឲ្យ​មានការ បោះឆ្នោត​ឡើងវិញ​នោះ គឺ​ក្រោយពី​ឃើញថា មាន​ចរន្ត​បាតុករ​ដ៏​ខ្លាំងក្លា​បែបនេះ ស្រាប់តែ​លេចឮ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម ។ រឿងនេះ​យើង​មិន​ចោទប្រកាន់​យ៉ាងម៉េច​ទេ តែ​ហាក់បីដូចជា​ដើរ​ស្រប​ពេក​ទៅនឹង​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​វិ​វត្ត​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​មួយរូប និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ គណៈរដ្ឋមន្ត្រី បាន​អះអាងថា ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ទស្សនកិច្ច​ដើម្បី​ព​ង្រឹ​ក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ជាធម្មតា​រវាង​ប្រទេសជិតខាង​គឺជា​ប្រក្រតីភាព​របស់​រដ្ឋាភិបាល ។​

«​អាស្រ័យ​ហេតុដូច្នេះ ការងារ​ដែល​កំពុងតែ​មាន​ចម្រូងចម្រាស​នៅក្នុង​ប្រទេស កម្ពុជា​គឺជា​ការងារ​ផ្ទៃក្នុង​សុទ្ធសាធ ហើយ​មិនអាច​ប៉ះពាល់ ឬ ក៏​មិនមាន​ឥទ្ធិពល ប៉ះពាល់​ដល់​ការងារ​ទំនាក់ទំនង​ការបរទេស​នោះទេ ។ តាម​ទម្លាប់​គឺ​រាជរដ្ឋាភិបាល​ធ្វើ​អ្វី​តាមច្បាប់​តម្រូវ​អ្វី​ដែលជា​គោលនយោបាយ​តាមច្បាប់​រដ្ឋធម្មនុញ្ញ​»​។​

​បើសិនណា​ជាមាន​ការចរចា​ណាមួយ មានការ​ចុះហត្ថលេខា​ណាមួយ ដែល​វា​ប៉ះពាល់​ដល់​បន្ទុក​ប្រជា ជាតិ សភា​ជា​អ្នក​ឆ្លើយតប​ក្នុង​ការផ្តល់​សច្ចាប័ន​ក្នុង ការអនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន​» ។​

​លោក ផៃ ស៊ី​ផាន បាន​បន្ថែមទៀត​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម​ថា​៖

«​បច្ចុប្បន្ននេះ ប្រទេស​ជុំវិញ​ស្ថិតក្នុង​កម្រិត​ប្រទេស​ភាពជា​ដៃគូ​ក្នុង​ការពង្រឹង សន្តិសុខ​ជាតិ​រវាង​គ្នា​និង​គ្នា ហើយនឹង​ការពង្រឹង​វឌ្ឍនភាព​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម ។ ដូច្នេះ​គ្មាន​ប្រទេស​ណាមួយ​ដែលមាន​ទិសដៅ ឬ​យើង​ចាត់ទុកថា ជាស​ត្រូវ​ជាមួយ​យើង ឬ​ជាការ​រំខាន​ដល់​សន្តិសុខ​ជាតិ​របស់​យើង​»​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃ​ច័ន្ទ បានបញ្ជាក់​ឲ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ពិភាក្សា​បញ្ហា​ទ្វេភាគី ជាមួយ​សម​ភាគី​របស់​លោក​គឺ​លោក ង្វៀន តឹង យ៉ុង​នៃ​ប្រទេស​វៀតណាម​និង​ចុះហត្ថលេខា​ជាមួយគ្នា​លើ​កិច្ចព្រមព្រៀង​ជាច្រើន រួមទាំង​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ សន្ធិសញ្ញា​ស្តីពី​បត្យាប័ន និង​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន បញ្ហា​អប់រំ ព័ត៌មាន និង​ប៉ូលិស​ជាដើម ។ លោក​ហ៊ុន សែន​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​កំ​ម្មុយ​និ​ស្ត​វៀតណាម​ជាច្រើន​ទៀត ។​

​ទោះជា​យ៉ាងណាក៏ដោយ លោក ភី​ធ័​រ តាន់ កែវ (Peter Tan Keo) អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​រដ្ឋ​ម៉ាស្សា ឈូ​សេត​ស៍ ស​.​រ​.​អា​.​បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​ពេលនេះ​ព្យាយាម​បំពេញ​មុខងារ​តាម​ធម្មតា ទោះបីជា​គណបក្សជំទាស់​ធ្វើពហិការ​ដោយ​ធ្វើ​ឲ្យ​មាន​ប្រផ្នូល​មិនល្អ​សម្រាប់​ទំនុក​ចិត្តជា​សាធារណៈ និង ពាណិជ្ជ កម្ម​ក្តី ។​

«​យើង​មិនអាច​រំពឹងថា រដ្ឋាភិបាល​បិទទ្វារ​ទាំងស្រុង​នោះទេ ព្រោះថា នោះ​ជា​រឿង​ដ៏​អាក្រក់​សម្រាប់​ប្រទេស​។ តែ​ជាមួយគ្នានេះដែរ មេដឹកនាំ​មកពី​គណបក្ស​ទាំងពីរ​ត្រូវតែ​ស្វែងរក​លក្ខខណ្ឌ​ចរចា​ដ៏​សមរម្យ​នានា​ដើម្បី​ដោះស្រាយ​ ការជាប់គាំង​នយោបាយ​នេះ​»​។​

​លោក​ទទួលស្គាល់ថា នឹងមាន​ការវិភាគ​ខុសគ្នា​ច្រើនឡើង​ចំពោះ​ទស្សនកិច្ច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងប្រទេស​វៀតណាម ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ឆ្នាំ​នោះ ៕

Leave A Reply

Your email address will not be published.