ពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាក្រោម
ដោយ គឹម ស៊ីសំណា
នៅថ្ងៃ ១៥ រោច ជាថ្ងៃដាច់ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃច័ន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ប្រជាពុទ្ធបរិស័ទខ្មែរនៅកម្ពុជា ក្រោមកំពុងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងសែនដូន តាតាមទានវិន័យព្រះពុទ្ធសាសនានិងទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរ ។

ក្រោយពីពិធីដាក់បិណ្ឌចំនួន ១៤ ថ្ងៃកន្លងមក គឺចាប់តាំងពីបិណ្ឌទី១រហូតមកដល់បិណ្ឌទី ១៤ ហៅ ថាដាក់បិណ្ឌឬកាន់បិណ្ឌ ដោយពុទ្ធបរិស័ទចំណុះជើងវត្តនិមួយៗ បានចាត់ជាក្រុមវេnចំនួន១៤(មួយវេនមួយថ្ងៃ)រៀបចំបង្ហាន់បង្អែមចំអាប ជាដើមយកទៅវេរប្រគេនដល់ព្រះសង្ឃនៅនាវត្តអា រាមនីមួយៗ ក្នុងគោលបំណងឧទ្ទិសនូវឥដ្ឋមនុញ្ញ ផលជូនដល់បុព្វការីជន ។ ដល់ថ្ងៃ ១៤ រោច ពុទ្ធបរិ ស័ទតាមចំណុះជើងវត្តនីមួយៗបាននិមន្តព្រះសង្ឃទៅឆាន់នៅឯផ្ទះរៀងៗខ្លួន។ ដល់ថ្ងៃ ១៥ រោចប្រ ជាពុទ្ធបរិស័ទទាំងអស់បានមកជួបជុំគ្នា ដោយមាន ទេយ្យទានជាច្រើនវេរប្រគេនព្រះសង្ឃ ក្នុងគោលបំ ណងដូចបានពោលមកខាងលើហៅថា ភ្ជុំបិណ្ឌ ។ ចំណែកនៅឯខេត្តរោងដំរី បណ្ដាវត្តមួយចំនួនប្រជា ពុទ្ធបរិស័ទនៅទីនោះ មិនបានកាន់បិណ្ឌឲ្យគ្រប់ចំ នួនដូចនៅទីកន្លែងនានានោះទេ ព្រោះតែកត្តាសេដ្ឋ កិច្ចគ្រួសារ និង ការយល់ដឹងអំពីព្រះពុទ្ធសាសនា មួយថ្ងៃកាន់តែអន់ថយ។ ដូច្នេះជារៀងរាល់ឆ្នាំចាស់ព្រឹទ្ធាចារ្យមួយចំនួន បានត្រឹមតែដឹកនាំប្រមូលផ្ដុំគ្នា ជាក្រុមតូចៗ ហើយនិមន្តព្រះសង្ឃទៅទទួលភត្តនៅ ទីនោះតែម្ដង ។ ទើបតែឆ្នាំនេះ ប្រជាពុទ្ធបរិស័ទខ្មែរ ក្រោមទាំងនោះ ហាក់មានការភ្ញាក់រឭក បានខិតខំ រៀបចំពិធីដាក់បិណ្ឌ នៅតាមវត្តបានមួយសប្ដាហ៍ខាងក្រោយ។ ដោយឡែកនៅខេត្តមួយចំនួនទៀត ពិធីដាក់បិណ្ឌនេះ តាមបណ្ដាវត្តខ្លះប្រព្រឹត្តទៅបានត្រឹមតែ ៣-៥ ថ្ងៃប៉ុណ្ណោះ ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ គេឃើញក្រុម យុវជន យុវតី ខ្មែរក្រោមរួតរះម្នីម្នារជួយជាកម្លាំង ដល់ឪពុកម្ដាយ ជីដូនជីតា រៀបចំភោជនាហារ ខ្លះ យួរ ខ្លះរែក ខ្លះទូល ឆ្ពោះទៅវត្តតាំងពីព្រឹកព្រលឹម ថ្ងៃជិតរះ។ ក្នុងខណៈចាស់ៗកំពុងតែនមស្សការ និង ទទួលឧបោសថសីល ពួកយុវជន យុវតី ទាំងនោះ បានរៀបចំក្បួនដង្ហែបាយបិណ្ឌជាស្រេចរង់ចាំយាយ តាឧបោសថទទួលសីលរួច ក៏ចាប់ផ្ដើមដង្ហែបាយ បិណ្ឌប្រទក្សិណជុំវិញព្រះវិហារចំនួន ៣ ជុំ រួចក៏នាំ មកតម្កល់លើអាសនៈ ក្នុងរោងភត្តាគារវេរប្រគេនដល់ព្រះសង្ឃ។
ក៏ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ គេឃើញ មានចាត់តាំងល្បែង របាំ ក្រុមតូរ្យដន្ត្រីនិងចំរៀង សម្ដែងកម្សាន្ដ ដើម្បីអបអរសាទរ និង លើកស្ទួយ ទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជា អត្តសញ្ញាណជាតិខ្មែរក្រោមមួយនេះផងដែរ ។

បុណ្យភ្ជុំបិណ្ឌដែលយើងគេនាំគ្នាធ្វើរហូតមកដល់ថ្ងៃនេះ ព្រោះជំនឿថា កាលនោះ មានពួកញាតិ របស់ព្រះបាទពិម្ពិសារមួយក្រុម បានប្រគេនចង្ហាន់ សំណល់ដល់ព្រះសង្ឃ (ស៊ីបាយមុនលោក) ពេល ដែលស្លាប់ទៅក៏បានទៅកើតជាប្រេត សោយទុក្ខ វេទនាជាយូរអង្វែង។ លុះដល់ព្រះសម្ពុទ្ធព្រះនាមកកុសន្ធោត្រាស់ដឹងក្នុងលោកក៏នាំគ្នាទៅសួរថា៖ ចុះយើងខ្ញុំកាល ណាទើបបានអាហារបរិភោគ ? ព្រះអង្គក៏បញ្ជាឲ្យ ចាំសួរព្រះពុទ្ធជំនាន់ក្រោយ ព្រះពុទ្ធជំនាន់ក្រោយៗ ក៏ទ្រង់ត្រាស់បញ្ជាដូច្នេះតៗមក រហូតដល់ព្រះសម ណគោត្តមយើងនេះ ទើបព្រះអង្គទ្រង់ត្រាស់ថាចាំ មើលពេលណាដែលព្រះបាទពិម្ពិសារជាញាតិរបស់ អ្នកទាំងឡាយទ្រង់ឲ្យនូវទានដល់តថាគតៗ នឹង ញ៉ាំងអាហារឲ្យសម្រេចដល់អ្នកទាំងឡាយ ៗទាំង ឡាយនឹងបាននូវអាហារក្នុងពេលនោះ។ លុះព្រះបាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិនបានផ្សាយផលទៅឲ្យពួកញាតិ ក៏ស្រាប់ តែពួកប្រេតទាំងនោះយំស្រែកទ្រហឹងអឹងកង ក្នុង រាត្រីនោះ ។ ព្រះបាទពិម្ពិសារបានយាងទៅកាន់វត្តវេឡុវ័នហើយបានសួរព្រះសម្ពុទ្ធ ព្រះអង្គទ្រង់ត្រាស់ ថា ពួកប្រេតជាញាតិរបស់ព្រះអង្គនាំគ្នាយំស្រែករក អាហារពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគ ក្នុងសាសនាតថាគតនេះហើយប៉ុន្តែ ព្រះរាជាស្ដេច បានធ្វើបុណ្យទានហើយតែមិនបានផ្សាយទៅឲ្យពួកប្រេតនោះចេះតែយំស្រែកបែបនេះ។
ព្រះរាជាបានដឹងហេតុដូច្នេះហើយ ក៏បានធ្វើ ទានម្ដងទៀតថ្វាយដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គក៏ អនុមោទនាដោយ តិរោកុឌ្ឌសូត្រ ពួកប្រេតក៏បាន ទទួលផលក្នុងពេលនោះ ហើយក៏បានទៅកើតក្នុង ទិព្វវិមាន។
ការដឹងគុណចំពោះបុព្វការីជន ហើយដែល ចង់ឧទ្ទិសនូវឥដ្ឋមនុញ្ញផលដល់អ្នកទាំងនោះ ព្រះ សម្មាសម្ពុទ្ធទ្រង់ត្រាស់បង្គាប់ថា លុះតែឲ្យទានដល់ អ្នកមានសីល មានព្រះសង្ឃ ឬ គ្រហស្ថអ្នកដែល រក្សាឧបោសថសីល ឬនិច្ចសីលជាប់ជានិច្ចនោះសិន សឹមឧទ្ទិសផលទៅឲ្យទើបបានទៅដល់ពិតប្រាកដ។
ក្នុងកាលកន្លងទៅហើយ មានព្រាហ្មណ៍ ម្នាក់មានកូនប្រុសស្លាប់ ហើយយកទៅកប់ក្នុងព្រៃ ព្រាហ្មណ៍បានយកបាយទៅដាក់នៅលើផ្នូររួចហើយនិយាយថា “សូមឲ្យកូនបរិភោគអាហារនេះចុះ”។ តាមនិទានដំណាលថា កូនព្រាហ្មណ៍នោះស្លាប់ទៅ បានកើតជាទេវតានៅទីនោះ បានឃើញបិតាធ្វើ ដូច្នោះ ក៏សម្ដែងខ្លួនឲ្យឃើញដូចជារូបកូននោះ យក ស្មៅទៅឲ្យគោងាប់នៅជិតនោះស៊ី ។ ព្រាហ្មណ៍បាន ឃើញដូច្នោះក៏និយាយថា “នែកូន អ្នកឆ្កួតទេឬបាន ជាយកស្មៅឲ្យគោស្លាប់ស៊ី? ។ កូនឆ្លើយថា បណ្ដា យើងទាំងពីរនាក់នេះ តើអ្នកណាឆ្កួតជាងបើមួយ មនុស្សស្លាប់មួយគោងាប់? ។ ហើយកូនប្រាប់ថា បើបិតាចង់ឲ្យបុត្របានអាហារបរិភោគ សូមយក អាហារទៅឲ្យអ្នកមានសីលបរិភោគ ហើយឧទ្ទិស ផលឲ្យកូនទើបកូនបានទទួលទាននោះមែន ព្រា ហ្មណ៍ក៏ធ្វើតាម កូននោះក៏បានទទួលផលដូចសេច ក្ដីប្រាថ្នា ។
ចំពោះពិធីសែនដូនតាដែលនឹងត្រូវបានប្រារព្ធ ឡើងនៅថ្ងៃស្អែកនេះ តាមទំលាប់ជារៀងរាល់ឆ្នាំ នៅវេលាព្រឹកថ្ងៃ ០១កើតខែអស្សុជប្រជាពុទ្ធបរិស័ទ ខ្មែរនៅកម្ពុជាក្រោមបានធ្វើកូនទូកស្រទាប់ចេកដាក់ នំចំណី អុជទៀនធូបបណ្ដែតលើខ្នងទឹកទន្លេ ស្ទឹង ព្រែក ឬ អូរ បញ្ជូនដូនតាទៅស្រុកវិញ ។
ការបញ្ជូនផលទៅដូនតានោះ គឺពុទ្ធបរិស័ទ ខ្មែរក្រោមធ្វើឡើងក្រោយពីការប្រគេនចង្ហាន់ ឬទាន ដល់ព្រះសង្ឃនៅក្នុងគេហដ្ឋានរបស់ខ្លួន រៀងៗ ខ្លួន ឬការសែនព្រេនតាមបែបសាសនាព្រាហ្មណ៍ខ្លះ។
សូមបញ្ជាក់ថា ការឧទ្ទិសផលដល់ញាតិដែលបានស្លាប់ទៅហើយនោះ ដោយការបរិច្ចាគទានដូច្នេះ គឺជាការបំពេញកុសលមួយដ៏ប្រពៃសមដូចពុទ្ធភាសិតថា «បុគ្គលឲ្យនូវសេចក្តីសុខដល់អ្នកដទៃរមែងបានសេចក្តីសុខនោះមកខ្លួនវិញ»។ ម្យ៉ាងទៀត បុគ្គលគ្រប់រូបគប្បីធ្វើបុណ្យឲ្យទាន់ខែភ្លឺ ; គឺគប្បីធ្វើទាន និង ធ្វើការទំនុកបំរុងដល់ម្តាយឪពុករបស់ខ្លួនទាន់ពេលដែលគាត់នៅរស់ ទើបបាន ទទួលនូវកុលសខ្ពស់ ព្រោះថា ម្តាយឪពុកគឺជាព្រះដ៏មានគុណក្រៃលែងរបស់កុលបុត្រ-ធីតាគ្រប់រូប។
ទាក់ទិននឹងការធ្វើបុណ្យទាន់ខែភ្លឺនេះ នៅកម្ពុជាក្រោមយើងសង្កេតឃើញ ; ប្រជាពលរដ្ឋខ្មែរក្រោមបានយកទេយ្យទាន និង លុយកាក់មួយចំនួនទៅជូនដល់ចាស់ព្រឹទ្ធាចារ្យដែលជាសាច់ញាតិរបស់ខ្លួនជាពិសេសម្តាយឪពុក នារដូវកាន់បិណ្ឌជារៀង រាល់ឆ្នាំផងដែរ ៕