សមាគម​ខ្មែរក្រោម រកឃើញ​ប៉ូលិសអន្តោប្រវេសន៍ ចាប់​ច្រឡំ​ខ្មែរក្រោម ថា​ជា​វៀតណាម​

0 1,032

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន រកឃើញថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​វៀតណាម និង​ឡាវ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់បាន​ជាង​២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២​ខែ (​ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨) មកនេះ មាន​ជនជាតិ​ខ្មែរក្រោម​ដែរ ប៉ុន្តែ លោក​មិនទាន់​អាច​កំណត់​តួលេខ​ជាក់លាក់ ថា មាន​ខ្មែរក្រោម​ប៉ុន្មាន​នោះទេ​។​

ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ក្នុងពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ កាលពីថ្ងៃទី ៦ មីនា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ក្នុងពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ កាលពីថ្ងៃទី ៦ មីនា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

​លោក សឺ​ន ជុំ​ជួន បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក គាំទ្រ ចំពោះ​ការចាប់​ជនអន្តោប្រវេសន៍​ខុសច្បាប់ បញ្ជូនទៅ​ស្រុកកំណើត​វិញ ប៉ុន្តែ​លោក​គិតថា អាចមាន​ការភ័ន្តច្រឡំ​មកលើ​ខ្មែរក្រោម ដោយសារ​ប៉ូលិសអន្តោប្រវេសន៍​បាន​ដកហូត​ឯកសារ​ស្របច្បាប់ មាន​ទាំង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រកំណើត នៅ​កម្ពុជា ថែមទាំង​បាន​បង្ខំ​ឱ្យ​ខ្មែរក្រោម​ចុះបញ្ជី​ជា​ជនអន្តោប្រវេសន៍​ទៀតផង​។ លោក សឺ​ន ជុំ​ជួន សម្ដែង​ការសោកស្ដាយ ចំពោះ​ការអនុវត្ត​របស់​សម​ត្ថ​កិច្ច​ទៅលើ​ជនជាតិ​ខ្មែរក្រោម ដែលជា​ជាតិ​សាសន៍​ដូចគ្នា​នឹង​ជនជាតិខ្មែរ​ដែរ​។​

​លោក សឺ​ន ជុំ​ជួន ស្នើ​ឲ្យ​សមត្ថកិច្ច​សិក្សា​ឲ្យ​បាន​ច្បាស់ អំពី​ជនជាតិ​វៀតណាម និង​ខ្មែរក្រោម ព្រោះ​ពលរដ្ឋ​ខ្មែរក្រោម ត្រូវមាន​សិទ្ធិ​រស់នៅ​កម្ពុជា ដូច​ជនជាតិខ្មែរ ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​កណ្ដាល​ដែរ​។ លោក​សង្ឃឹមថា សមត្ថកិច្ច នឹង​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់ ដើម្បី​ប្រគល់​ឯកសារ​ស្របច្បាប់​ឲ្យ​ជនជាតិ​ខ្មែរក្រោម​វិញ​៖ «​ខ្ញុំ​ធ្វើការ​ជាមួយ​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង ខ្ញុំ​សូម​ផ្ដាំ​ទៅដល់​អាជ្ញាធរ ឬក៏​សមត្ថកិច្ច ដែល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់ ហើយ​គួរ​បែងចែក​ឲ្យ​បាន​ច្បាស់ ថា​តើន​រណា​ជា​ខ្មែរ នរណា​ជា​វៀតណាម គួរ​ស្គាល់​អត្តសញ្ញាណ​ឲ្យ​ច្បាស់​មិនមែន​ប្រព្រឹត្តិ (​ចាប់ដក​ឯកសារ​) ទៅ ហើយ​មាន​ប៉ះ​មកលើ​សាច់ឈាម​ខ្លួនឯង​ហ្នឹង វា​ជា​កំហុស​មួយ​ធ្ងន់​ណាស់ ដែល​យើង​ក្នុងនាម​ជា​ខ្មែរ ដែល​យើង​មិនបាន​ស្គាល់​ជាតិ​សាសន៍​ខ្លួនឯង ឈាមជ័រ​ខ្លួនឯង​»​។​

​កាលពី​ថ្ងៃទី​២៣ មករា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា រយៈពេល​២​ខែ ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ប៉ូលិសអន្តោប្រវេសន៍​បាន​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​ពី​ជនបរទេស បាន​ចំនួន​ជាង ២​ម៉ឺន (២១.១៦៧) នាក់ ពី​ជនជាតិ​វៀតណាម និង​ឡាវ​។​

​អគ្គនាយកដ្ឋាន​នេះ មិនបាន​បញ្ជាក់ថា ឯកសារ​មិន​ប្រក្រតី​នេះ ដកហូត​បាន​ពី​ជនជាតិ​វៀតណាម​មាន​ចំនួន​ប៉ុន្មាន និង​ឡាវ​ប៉ុន្មាន​នោះទេ ប៉ុន្តែ បាន​បញ្ជាក់ថា ការចុះ​ដកហូត​បាន​ជាង ៩​ពាន់ (៩ ៩៣៤) ឯកសារ ក្នុងនោះ​មាន​សៀវភៅ​ស្នាក់នៅ ជាង ៤​ពាន់​ក្បាល (៤,២១៩)​ក្បាល សៀវភៅ​គ្រួសារ ៨៧៣​ក្បាល សំបុត្រកំណើត​ខ្មែរ ជាង ២​ពាន់ (២,៧៣៧)​ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍​ចំនួន ១៥២​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជាង ១​ពាន់ (១,៨៤៨)​ប័ណ្ណ និង​លិខិតឆ្លងដែន​ខ្មែរ​ចំនួន ១០៥​ក្បាល​។​

​ទោះជា​យ៉ាងណា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹងថា ជនបរទេស ដែល​ប៉ូលិស​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​រួចហើយ អាច​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ឬ​អាចដាក់​ពាក្យស្នើសុំ​ជា​ជនបរទេស​អន្តោប្រវេសន៍ ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​សម្រេច​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា​។ ប៉ុន្តែ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនបាន​បញ្ជាក់ថា ប៉ូលិស​បាន​ចាប់បញ្ជូន​ជនជាតិ​ឡាវ និង​វៀតណាម ទាំង​ជាង ២​ម៉ឺន​នាក់ ចេញពី​កម្ពុជា​នៅឡើយ​ទេ​។​

​សមាជិក​គណៈមេធាវី និង​ជា​សាស្ត្រាចារ្យ​ច្បាប់ លោក មេធាវី ចាន់ ហឿន ពន្យល់ថា តាមច្បាប់ ខ្មែរក្រោម​មាន​សិទ្ធិ​ពេញលេញ ដូច​ជនជាតិខ្មែរ ដែល​កើត និង​រស់​នៅលើ​ទឹកដី​កម្ពុជា​ដែរ គឺ​ពួកគាត់​មាន​សញ្ជាត​ខ្មែរ ដោយសារ​គាត់​មាន​ឈាម​ជា​ជនជាតិខ្មែរ ដូច្នេះ​បើទោះជា​កើត​នៅ​ប្រទេស​ណា ក៏​គាត់​អាចមាន​សិទ្ធិ​រស់នៅ ដូច​ជនជាតិខ្មែរ​ដែល​កើត​នៅ​កម្ពុជា​ដែរ​៖ «​ខ្មែរ​កម្ពុជា​ក្រោម គាត់​មាន​សញ្ជាត​ខ្មែរ អ៊ីចឹង​បើសិនជា​គាត់​មាន​សញ្ជាត​ខ្មែរ មានន័យថា គាត់​មាន​សិទ្ធិ​ក្នុងការ​រស់រាន ក្នុងការ​ដើរហើរ​។ ប្រសិនបើ​គាត់​មាន​លំនៅឋាន​នៅ​កម្ពុជា​ក្រោម​ក៏បាន ហើយ​អ្នកខ្លះ គាត់​អាចមាន​លំនៅឋាន​នៅ​កម្ពុជា​យើង​ក៏បាន​ដែរ ព្រោះ​គាត់​ទទួលបាន​សញ្ជាត​ពី​កំណើត​។ អាហ្នឹង​គេ​ហៅ​សញ្ជាត​ពី​កំណើត តាមរយៈ​ឈាម​របស់គាត់​។ ឈាមជ័រ​គាត់​ជា​ខ្មែរ អ៊ីចឹង​ទោះបី​គាត់​កើត​នៅ​កន្លែង​ណាក៏ដោយ ក៏​គាត់​ខ្មែរ​ដែរ អ៊ីចឹង​កាលណា​គាត់​ខ្មែរ មានន័យថា គាត់​អាចមាន​សិទ្ធិ​ដើរហើរ​នៅក្នុង​ប្រទេស​នៅទីណា​ក៏បាន​ដែរ​។ មិន​បញ្ហា​ទេ​ណា គាត់​មាន​សិទ្ធិ ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​»​។​

​អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់ថា បើ​មាន​ករណី​សមត្ថកិច្ច​ច្រឡំ​ពិតមែន ស្នើ​ឲ្យ​ប្រគល់​ឯកសារ​ទាំងអស់​ឲ្យ​ខ្មែរក្រោម​វិញ និង​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ជ្រោមជ្រែង​ខ្មែរក្រោម​ផង​៖ «​យើង​ដឹង​ហើយ​ថា ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​ស្គាល់ ជា​ខ្មែរ​ពេញទី ពេញសិទ្ធិ​ស្របតាម​លក្ខណៈ​ច្បាប់ ដែល​កាលពី​ព្រះ​បរមកោដ្ឋ លោក​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ឆ្នាំ​១៩៩២​។ កាលដែល​អនុវត្ត​នេះ យើង​ឃើញ​ហើយ​ថា តាំងពីដើម​មក​ខ្មែរ​កម្ពុជា​ក្រោម មានការ​រងគ្រោះ​»​។​

​សមាគម​ខ្មែរក្រោម នឹងសិក្សា​ករណីនេះ​ឱ្យបាន​ច្បាស់ និង​ទាមទារ​ឲ្យ​ប៉ូលិសអន្តោប្រវេសន៍ អនុវត្ត និង​ប្រព្រឹត្ត​ឱ្យបាន​ត្រឹមត្រូវ ដោយ​ស្មើភាព​គ្នា ស្គាល់​ឱ្យបាន​ច្បាស់​អំពី​ខ្មែរក្រោម និង​វៀតណាម បើ​មិន​ដូច្នោះ​ទេ សមាគម​ខ្មែរក្រោម​នៅតែ​ទាមទារ តវ៉ា​ឲ្យ​ខ្មែរក្រោម​ទទួលបាន​សិទ្ធិ​ដូច​ជនជាតិខ្មែរ​នៅ​កម្ពុជា​ដែរ​៕ RFA

Leave A Reply

Your email address will not be published.