សមត្ថកិច្ច និងអនុគណខណ្ឌឫស្សីកែវ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យវត្តទួលសង្កែ
ដោយ ស៊ឺន ចែងចើន| VOKK
គណៈកម្មការរដ្ឋបាលនៃសាលាខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ បានចុះមកធ្វើរដ្ឋបាលត្រួតពិនិត្យវត្តទួលសុវណ្ណារាម ហៅ (វត្តទួលសង្កែ) ដែលដឹកនាំព្រះតេជព្រះគុណ ខឹម សម្បត្តិ អនុគណស្តីទី ខណ្ឌឬស្សីកែវ ។
ជាការកត់សំគាល់ នៅក្នុងការចុះធ្វើរដ្ឋបាលនេះ គឺមានការដាក់ពង្រាយកងកម្លាំងប៉េអឹម ប៉ូលិស និងក្រុមសន្តិសុខខណ្ឌ នៅជុំវិញវត្តទួលសង្កែ ។

ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលកំពុងគង់ និងស្នាក់នៅវត្តទួលសង្កែ ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានមានថេរដីកាប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានបញ្ជាឲ្យលោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះធ្វើរដ្ឋបាលពិនិត្យ និងផ្ទៀងផ្ទាត់ស្ថិតិរបស់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សិស្ស-និស្សិត និងក្មេងវត្ត ដែលគង់ និងស្នាក់នៅក្នុងវត្តទួលសង្កែ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមលិខិតលេខ ២២/១៧ ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ របស់ព្រះអនុគណខណ្ឌឫស្សីកែវ ។
ចំណែកសមាសភាពចូលរួមប្រតិបត្តិការត្រួតពិនិត្យនេះ រួមមាន៖
១. លោក សន សោភ័ណ្ឌ នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ ។
២. លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌឫស្សីកែវ ។
៣. លោក ចាន់ ពៅ អធិការ / អធិការរងនគរបាលខណ្ឌឫស្សីកែវ ។
៤. លោក ចាន់ ជឿន មេបញ្ជាការ / មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ។
៥. លោក អ៊ុំ សំបូរ ប្រធានការិយាល័យធម្មការ និង សាសនាខណ្ឌឫស្សីកែវ ។
៦. លោក ហ៊ន់ ថាប៉ូច ប្រធានសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ។
៧. លោក សយ កុសល ចៅសង្កាត់រងទី២ ទួលសង្កែទី ១ ។
៨. លោក ផន ដាវី ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ។
៩. ព្រះតេជព្រះគុណ ខឹម សម្បត្តិ អនុគណស្តីទីខណ្ឌឬស្សីកែវ និងរួមទាំងមេបញ្ជាការ/មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ជាច្រើននាក់ផង ។
ព្រះសង្ឃខ្មែរក្រោមដដែល បានឲ្យដឹងបន្តថា ការចុះមកធ្វើរដ្ឋបាលត្រួតពិនិត្យវត្តទួលសុវណ្ណារាម ហៅ (វត្តទួលសង្កែ) លើកនេះ គឺមានភាពខុសប្រក្រតី ជាងលើកមុនៗ ដោយក្នុងការចុះពិនិត្យលើកនេះ មានការចូលឆែកឆេរ នៅតាមកុដិ និងក្នុងបន្ទប់នីមួយមួយៗ ព្រមទាំងពិនិត្យមើលឆាយា និងសង្ឃដីកាព្រះសង្ឃមួយអង្គៗ ផង ។

បន្ទាប់ពីការត្រួតពិនិត្យរួច អាជ្ញាធរខណ្ឌឫស្សីកែវ បានរកឃើញថា ព្រះសង្ឃខ្មែរក្រោម ចំនួន ៩ គ្មានលិខិតស្នាមច្បាស់លាស់ ហើយគណៈកម្មការពិនិត្យ សម្រេចបណ្តេញព្រះសង្ឃខ្មែរក្រោម ទាំង ៩ អង្គនោះ ចេញពីវត្ត ដោយដាក់ឱសានវាទរយៈពេល ៣ ថ្ងៃ ។
គិតមកដល់ថ្ងៃទី ១០ ខែកក្កដា នេះ ព្រះសង្ឃខ្មែរក្រោម ទាំង ៩ អង្គនោះ នៅមិនទាន់ចាកចេញពីវត្តនៅឡើយទេ ។ ចំណែកអាជ្ញាធរវិញ នៅមិនទាន់ឃើញមានចំណាត់ការផ្លូវច្បាប់ណាមួយនៅឡើយទេ ទាក់ទិន នឹងការដាក់ឱសានវាទរបស់ខ្លួននេះ ។
សូមបញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោម ទាំង ៩ អង្គនោះ គឺមាន ៣ ព្រះអង្គ មិនទាន់មានឆាយា ឬសង្ឃដីកានៅឡើយទេ។ ដោយឡែកព្រះសង្ឃខ្មែរក្រោម ៦ អង្គផ្សេងទៀត មានឆាយា និងសង្ឃដីកាត្រឹមត្រូវ ។ ប៉ុន្តែ គណៈកម្មការត្រួតពិនិត្យ សម្រេចមិនឲ្យគង់ចាំព្រះវស្សា នៅក្នុងវត្តទួលសង្កែឡើយ ។ ដោយលើកហេតុផលថា ព្រះសង្ឃខ្មែរក្រោម ទាំង ៩ អង្គនោះ បាននិមន្តមកសុំគង់ និងស្នាក់នៅក្រោយអតីតព្រះចៅអធិការ ព្រះតេជព្រះគុណ ហ៊ុល សុវណ្ណ បានទទួលអនិច្ចធម្ម ។
អាជ្ញាធរ ក៏បានបញ្ជាក់ដែរថា ព្រះចៅអធិការស្តីទី ព្រះតេជព្រះគុណ គឹម វ៉ើង ដែលមានដើមកំណើតខ្មែរក្រោមផងនោះ ព្រះអង្គ នឹងគ្មានសិទ្ធិទទួលព្រះសង្ឃថ្មី ឲ្យមកគង់ និងស្នាក់នៅក្នុងវត្តបានឡើយ ដោយអាជ្ញាធរលើកឡើងថា ព្រះតេជព្រះគុណ គឹម វ៉ើង នៅមិនទាន់មានការតែងតាំងជាផ្លូវការណាមួយទេ ។
ជាមួយគ្នាដែរនោះ អាជ្ញាធរក៏បានចោទប្រកាន់ ព្រះតេជព្រះគុណ គឹម វ៉ើង ថា មិនសមធ្វើជាព្រះចៅអធិការឡើយ ក៏ព្រោះតែធ្វើឲ្យព្រះសង្ឃក្នុងវត្ត បែកបាក់សាមគ្គីគ្នា ។ ក្រៅពីនេះ អាជ្ញាធរក៏បានចោទព្រះអង្គថា បានយកទង់ ៣ ពណ៌ ខៀវ លឿង ក្រហម (ទង់ជាតិខ្មែរកម្ពុជាក្រោម) អមជាមួយ នឹងការសរសេរបាវចនា នៅលើជញ្ជាំងថា «ជាតិ សាសនា មាតុភូមិ» ដែលមានលក្ខណៈខុសពីបាវចនារបស់ប្រទេសកម្ពុជា ។ ប្រការនេះ អាជ្ញាធរយល់ថា បើមិនដោះស្រាយបន្ទាន់នោះទេ តទៅមុខវត្តទួលសង្កែអាចដូចទៅ នឹងវត្តសាមគ្គីរង្សី ដែលជាវត្តខ្មែរកម្ពុជាក្រោម នៅកណ្តាលក្រុងភ្នំពេញ ។
គួររំឭកដែរថា អភិបាលរាជធានីភ្នំពេញថ្មី គឺលោក ឃួង ស្រេង កាលពីថ្ងៃទី ២៨ មិថុនា ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក បានប្ដេជ្ញាថា នឹងកម្ចាត់ក្រុមអគតិ ។ ដោយលោកបានសង្កត់ធ្ងន់ថា នឹងចាត់វិធានការក្រុមដែលលោកចាត់ទុកថាអគតិ ចង់បង្កចលាចលដល់សង្គមជាតិ និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលឲ្យខ្ជាប់ខ្ជួន រួម នឹងការលុបបំបាត់ គ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជាដើម ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ ២០១៥ លោក ឃួង ស្រេង កាលជាអភិបាលរងរាជធានីភ្នំពេញ បានដឹកនាំសមាជិកប្រមាណ ១០០ នាក់ ចុះពិនិត្យផ្នែករដ្ឋបាលក្នុងវត្តសាមគ្គីរង្សី ដែលជាវត្តខ្មែរក្រោមតែមួយគត់ នៅក្នុងក្រុងភ្នំពេញ ក្រោយពីមានចោទប្រកាន់ថា វត្តនេះជាតំបន់អបគមន៍ ។ បន្ទាប់ពីការចុះត្រួតពិនិត្យលោក ឃួង ស្រេង បដិសេធថា វត្តសាមគ្គីរង្សីជាតំបន់អបគមន៍ និងគ្រាន់តែអះអាងថា វត្តនោះមិនទាន់មានភាពស្របច្បាប់ជាដើម ។ ទោះជាយ៉ាងណាក៏ដោយ លោក ឃួង ស្រេង ថ្លែងនៅពេលនោះថា បើសិនជាលោកផ្ទាល់វាយតម្លៃថា វត្តសាមគ្គីរង្សីនេះ ជាតំបន់អបគមន៍មែន លោក នឹងកម្ចាត់ភ្លាម ៕
Comments are closed.