នយោបាយ “ការទូត” ជាផ្លូវដំណើរឆ្ពោះទៅរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងសម្រាប់ខ្មែរក្រោម
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានទៅថ្លែងអំពីគោលជំហររបស់ខ្លួន ប្រាប់ដល់ពលរដ្ឋអាមេរិកកាំងកំណើត ខ្មែរនៅទីក្រុង Modesto នៃរដ្ឋកាលីហ្វញ៉ា នៅក្នុងពិធីរៃប្រាក់មួយដែលបានរៀបចំដោយសាខាសហព័ន្ធខ្មែរកម្ពុជា ក្រោម និងសាខាគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង Modesto ។ ពិធីរៃប្រាក់នេះ ធ្វើឡើងនៅថ្ងៃអាទិត្យទី ៧ ខែកញ្ញា នៅវត្តខ្មែរ Modesto ដើម្បីរកប្រាក់ជូនដល់ជនរងគ្រោះដីធ្លីនៅវត្តសាមគ្គីរង្សី និងឧបត្ថម្ភដល់សហព័ន្ធខ្មែរ កម្ពុជាក្រោម ។

លោក ប្រាក់ សេរីវុឌ្ឍន៍ និង លោក ចៅ សេរី អនុប្រធានទី ១ និង ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានគណៈ កម្មការរៀបចំកម្មវិធីអញ្ជើញឲ្យចូលថ្លែងអំពីគោលជំហររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងធ្វើការតស៊ូដោយ សន្តិវិធីនៅលើឆាកអន្តរជាតិដើម្បីស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងជូនពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ក្រោម ។ ក្រៅពីនេះ ក៏មានការចូលរួមពីប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងសាខាគណបក្សសង្គ្រោះជាតិ ជាច្រើនរូប ដែលមកពីទីក្រុងផ្សេងៗនៃរដ្ឋកាលីហ្វញ៉ា ផងដែរ ។
លោក ប្រាក់ សេរីវុឌ្ឍ បានថ្លែងទៅកាន់អ្នកចូលរួមដោយមានដាក់បញ្ចាំងរូបភាពអមជាមួយផងនេះ បានបញ្ជាក់ អំពីគោលជំហររបស់សហព័ន្ធខ្មែរកម្ពុជាក្រោមថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូដោយសន្តិវិធី និង អហិង្សាដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយឯងជូនពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុក ដោយថ្នាក់ដឹកនាំសហ ព័ន្ធខ្មែរកម្ពុជាក្រោមម្នាក់ៗធ្វើការស្ម័គ្រចិត្ត មិនបានគិតពីបុណ្យសក្ដិ៍ និងតំណែងអ្វីនៅក្នុងរដ្ឋាភិបាលណាមួយ ជាពិសេស នៅក្នុងរដ្ឋាភិបាលប្រទេសកម្ពុជាឡើយ ។ ក្នុងចំណុចនេះ លោកបានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជា ក្រោម បានបង្កើតទៅជាទង់ជាតិកម្ពុជាក្រោម ដាច់ដោយឡែករបស់ខ្លួនមួយដើម្បីធ្វើការតស៊ូដើម្បីស្វែងរក “សិទ្ធិ សម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ដោយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រឿងនយោបាយស្រុកខ្មែរឡើយ ។

លោក ប្រាក់ សេរីវុឌ្ឍ បន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លឹងថ្លែងយ៉ាង ល្អិតល្អន់នូវចំណុចវិជ្ជមាននិងអវិជ្ជមាន រួចហើយ ទើបបានដាក់ចេញនូវគោលការណ៍ដើម្បីធ្វើការតស៊ូ ។ លោកថា យុទ្ធសាស្ត្រធំៗចំនួន ៣ ដែលសហ ព័ន្ធខ្មែរកម្ពុជាក្រោមបានលើកយកមកវិភាគនោះមាន ទីមួយ យោធា ទីពីរ សេដ្ឋកិច្ច និងទីបី ការទូត ។ យុទ្ធ សាស្ត្រទីមួយ ជាសកម្មភាពខុសច្បាប់អន្តរជាតិ និងទីពីរពលរដ្ឋខ្មែរក្រោមមិន មែនជាអ្នកមានសេដ្ឋកិច្ចធំដុំទេ ដូច្នេះ យុទ្ធសាស្ត្រទាំងពីរនេះមិនត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមយកមកអនុវត្តទេ ។ ចំណែក យុទ្ធសាស្ត្រទីបី គឺ ការទូត សហព័ន្ធខ្មែរកម្ពុជាក្រោមមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលទៅជួបក្រសួងការបរទេសរបស់ប្រទេសមហា អំណាចផ្សេងៗ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិជនមនុស្ស និង សិទ្ធិជនជាតិដើម និង អង្គការប្រជាជាតិគ្មានតំណាង (UNPO) ជាដើម ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិមនុស្សនៅ កម្ពុជាក្រោម ឲ្យគេដាក់ សម្ពាធទៅរដ្ឋាភិបាលវៀតណាមឲ្យមានការគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក ។
លោក ប្រាក់ សេរីវុឌ្ឍ បានមានប្រសាសន៍ថា៖
“មានតែនយោបាយការទូតទេ ។ នយោបាយការទូតហ្នឹង យើងមានជោគជ័យ ដោយសារយើងធ្វើសព្វថ្ងៃ ។ សេដ្ឋកិច្ចយើងគ្មានអ៊ីស៊ីទេ ចាញយួនហើយ ។ នយោបាយ យើងធ្វើនៅក្រៅប្រទេស មានសញ្ជាតិបារាំង សញ្ជាតិអាមេរិកកាំង សញ្ជាតិកាណាដា ទៅតវ៉ាគ្រប់កន្លែងទាំងអស់ ដោយសារយើងលើកទង់ជាតិខ្មែរក្រោមហ្នឹង មិនលើកទង់ជាតិខ្មែរ ហើយក៏មិនលើកទង់ជាតិយួនទៀត ។ យើងពឹងពាក់សហរដ្ឋអាមេរិក ពឹងពាក់អង្គការសហប្រជាជាតិ យើងពឹងសភាអឺរ៉ុប យើងពឹងអង្គការ UNPO ដែលជាអង្គការតំណាងជនជាតិដើម និងអង្គការផ្សេងៗទៀតនៅអឺរ៉ុប ដូចជាគណបក្ស Transnation Radical Party ” ។
ក្នុងពិធីរៃប្រាក់នេះ ក្រុមអ្នកចូលរួមក៏បានសម្ដែងមតិជុំវិញស្ថានការណ៍នយោបាយថ្មីនៅប្រទេសកម្ពុជា ផងដែរ ៕
Comments are closed.