ព្រះមហាក្សត្រខ្មែរមិនបានកាត់ដីកម្ពុជាសូម្បីមួយចំអាមឲ្យវៀតណាម
ក្នុងឱកាសពលរដ្ឋខ្មែរទូទាំងប្រទេស កាន់ទុក្ខចំពោះ ព្រះសព ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ទិវង្គត និងប្រារព្ធរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី ០៤ ខែកុម្ភៈ នេះ សារព័ត៌មាន ព្រៃនគរ សូមរំឭកឡើងវិញនូវរាជសកម្មភាព និងព្រះរាជបន្ទូលខ្លះរបស់ទ្រង់ដែលជាប់ទាក់ទិននឹងពលរដ្ឋខ្មែរក្រោម និងដែនដីកម្ពុជាក្រោម មកចុះផ្សាយដើម្បីពលរដ្ឋខ្មែរបានជ្រាប ហើយដើម្បីកត់ត្រានូវចំណែកមួយនៃប្រវត្តិសាស្ត្រខ្មែរផងដែរ ។
ការយាងទៅសម្ពោធអាគារ ពុទ្ធសាសនបណ្ឌិត្យរងនៅកម្ពុជាក្រោម៖
ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ បានយាងចុះទៅ ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ដើម្បីសម្ពោធ អាគារពុទ្ធសាសនបណ្ឌិត្យរង ឬ អាគារក្រុមសមាគមសិក្សាវិទ្យាល័យខេមរជាតិនៅដែនកូសាំងស៊ីន នាឆ្នាំ ១៩៤២ និងបានឧបត្ថម្ភទឹកប្រាក់សម្រាប់កសាងអាអាគារនេះ ផងដែរ ។

អាគារ ក្រុមសមាគមសិក្សាវិទ្យា ល័យខេមរជាតិ នៅដែនកូសាំងស៊ីន (L’association pour l’amélioration morale, intellectuelle et physique des cambodgiens de Cochin chine ) ឬ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរង នៅខេត្តឃ្លាំង បានកសាងនៅឆ្នាំ ១៩៣៨ និងសម្ពោធឲ្យប្រើប្រាសជាផ្លូវការនៅឆ្នាំ ១៩៤២ ។ បច្ចុប្បន្ន អាគារនេះបានក្លាយទៅជាសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង ដែលមានទីតាំងឋិតនៅខាងត្បូង វត្តឃ្លាំង ទីរួមខេត្តឃ្លាំង ។
ក្រោយពីបារាំងបានប្រគល់កម្ពុជា ក្រោមទៅជារដ្ឋាចំណុះវៀតណាម នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះមក ទំនាក់ទំនងរវាងខ្មែរក្រោម និងព្រះរាជា ណាចក្រកម្ពុជា ត្រូវបានយួនកាត់ផ្តាច់ បន្តិចម្តង ៗ ។ កត្តានេះ ហើយបាន ធ្វើឲ្យវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យរងបលែងដំណើរការ ។ ក្រោយមកត្រូវបាន មេដឹកនាំខ្មែរក្រោមក្នុងកងជួរ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនសំណូមពរឲ្យដាក់អាគារនេះ ធ្វើជាសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំងវិញ ដើម្បីរក្សាទុកនូវកេរ ដំណែលដូនតាខ្មែរក្រោម គ្រប់ជំនាន់ មានដូចជា សាស្ត្រាស្លឹករឹត, សម្លៀកបំពាក់ខ្មែរពីបុរាណ, ផ្ទះខ្មែរសម័យបុរាណ, វត្តអារាម និងវង់ភ្លេងខ្មែរ ជាដើម ។
បានចូលទស្សនា សារមន្ទីរនេះ យើងនឹងបានជ្រាបនិងបាន យល់ពីជីវ ភាព របៀបរបបនៃការរស់នៅរបស់ជនជាតិដើមខ្មែរក្រោមនៅខេត្តឃ្លាំង ។

មិនបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមសូម្បីមួយចំអាម៖
យោងតាមព្រះរាជសារមួយច្បាប់ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៣ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ បានជូនចំពោះ លោក ថាច់ សេដ្ឋា សមាជិកព្រឹទ្ធសភានៃប្រទេសកម្ពុជា ថា ព្រះអង្គមិនដែលបានប្រគល់ទឹកដី នៃមាតុកភូមិកម្ពុជា សម្បីតែមួយចំអាម ជូនទៅវៀតណាម ឡើយ ។
រាជសារនេះ មានសេចក្ដីដើមថា៖ “ ជូន ឯកឧត្ដម ថាច់ សេដ្ឋាសមាជិកព្រឹទ្ធសភា ឯកឧត្ដមជាទីស្រឡាញ់ និងជាទីរាប់អានដ៏ជ្រាលជ្រៅ ខ្ញុំបានទទួលរួចមកហើយ នូវលិខិតរបស់ឯកឧត្ដមចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០០៣ ព្រមទាំងឯកសារមួយចំនួន ។
ខ្ញុំសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងសូមជម្រាបជាឪឡារិកថា មហាក្សត្រនៃរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ និង នរោត្ដម សីហនុ មិនដែលបានប្រគល់ទឹកដីមាតុភូមិកម្ពុជា សូម្បីតែមួយចំអាម ជូនទៅ វៀតណាម ឬ ថៃ ឬ ឡាវ នោះទេ ។ នៅក្នុងសម័យណាក៏ដោយ ប្រទេសវៀតណាម ប្រ ទេសថៃ ប្រទេសឡាវមិនដែលមានគុណអ្វី មកលើរាជាណាចក្រកម្ពុជា ហើយមហាក្សត្រខ្មែរ និង នរោត្ដម សីហនុ មិនដែលក្បត់ជាតិ ប្រជារាស្ត្រ មាតុភូមិកម្ពុជា ម្ដងណាឡើយ ។
សូមឯកឧត្ដមទទួល នូវសេចក្ដីរាប់អាន និងស្រឡាញ់ដ៏ជ្រាលជ្រៅអំពីខ្ញុំ ។”
ការផ្ដល់សញ្ជាតិខ្មែរដល់ពលរដ្ឋខ្មែរក្រោម៖
យោងតាមព្រះរាជសារមួយច្បាប់ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ បានប្រកាសជាសាធារណៈថា ពលរដ្ឋខ្មែរក្រោមដែលកើតនៅកម្ពុជាក្រោម ឬ ពលរដ្ឋខ្មែរដែលកើតនៅក្នុងប្រទេសវៀតណាមមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ប្រសិនបើពួកគេចង់មករស់នៅលើទឹកដីនៃប្រទេសកម្ពុជា ។
Men’s Grooming Salon With The Quality Services In Dubai
ជម្រុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ពិនិត្យលើករណីព្រះតេជព្រះគុណ ទឹម សាខន ៖
យោងតាមព្រះរាជសារមួយច្បាប់ចុះថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០០៧ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ ជូនចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីពិនិត្យឡើងវិញនូវសំណើ របស់ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ជុំវិញករណីរដ្ឋាភិបាលខ្មែរចាប់ព្រះតេជព្រះគុណ ទឹម សាខន ផ្សឹក ហើយបញ្ជូនទៅដាក់គុកយួននៅកម្ពុជាក្រោម ។
សេចក្ដីដើមក្នុងរាជសារនេះ មានខ្លឹមសារថា៖ “ ជូន សម្ដេច ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចជាទីរាប់អានដ៏ខ្ពងខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
ខ្ញុំបានទទួលលិខិតចុះថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០០៧ របស់ ឯកឧត្ដម ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោម ។
ខ្ញុំសូមផ្ញើលិខិតខាងលើ ជូនសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះមេត្តាពីនិត្យចំពោះសំណើ ដែលឯកឧត្តមបានលើក ឡើង” ។
ក្រោយពីបានទទួលរាជសារនេះពី ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ ភ្លាម លោក ហ៊ុន សែន បានទូលថ្វាយលិខិតមួយច្បាប់ចុះថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ ២០០៧ តបចំពោះអតីតព្រះមហាក្សត្រ ដោយធ្វើសេចក្ដីរាយការណ៍ពិស្ដារជុំវិញការចាប់ផ្សឹកព្រះតេជព្រះគុណ ទឹម សាខន និងបានបញ្ជាក់ថា ព្រះតេជព្រះគុណ ទឹម សាខន កំពុងត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលវៀតណាម ។
លោក ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារលិខិតថា “ តាមព័ត៌មានអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា លោក ទឹម សាខន កំពុងត្រូវបានឃុំខ្លូនដោយអាជ្ញាធរ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយមូលហេតុពិតប្រាកដនៃការឃុំខ្លួននេះ យើងពុំដឹងច្បាស់ លាស់ទេ ។”
លិខិតរបស់ លោក ហ៊ុន សែន បានបន្តទៀតថា “ ព្រះចៅអធិការវត្តបោក្ខណារាម ព្រះនាម ទឹម សាខន សញ្ជាតិខ្មែរកម្ពុជាក្រោម ស្រុកកំណើត ភូមិខ្លាគ្រហឹម ឃុំ បាជុក ស្រុកស្វាយទង ខេត្តអាងយ៉ាង [ខេត្តមាត់ជ្រូក] នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គង់នៅវត្តបោក្ខណារាម (ភ្នំដិនខាង ជើង ) ស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ បានយកវត្តអារាមធ្វើជាទីចែកចាយ ព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលក្នុងមួយ ក្បាលៗមានចំនួនពី ១៤ ទៅ ២០ ទំព័រ មានខ្លឹមសារឃោសនាញុះញង់ក្នុងគោលបំណងបង្កជម្លោះ រវាងកម្ពុជា – វៀត ណាម….”។
ទោះបី មានរាជអន្តរាគមន៍ ពីអតីត ព្រះមហាក្សត្រខ្មែរយ៉ាងណាក៏ដោយអាជ្ញាធរវៀតណាមនៅតែឃុំឃាំង ព្រះតេជព្រះគុណ ទឹម សាខន ដដែល រហូតដល់គ្រប់កំណត់ នៃការប្រកាសសាលក្រម របស់តុលាការប្រជាជនវៀតណាម ទើបបានដោះលែង ។
ក្រុមអង្គការសិទ្ធិមនុស្ស អន្តរជាតិបានផ្ដោលទោស រដ្ឋាភិបាលវៀតណាម និងកម្ពុជាថា រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរក្រោម ។ រីឯសង្គមស៊ីវិលនៅស្រុកខ្មែរ និងពលរដ្ឋខ្មែរនៅក្នុងលោក មើលឃើញថា ករណីរដ្ឋាភិបាលខ្មែរចាប់ព្រះតេជព្រះគុណ ទឹម សាខន ផ្សឹកបញ្ជូនទៅដាក់គុកនៅវៀតណាមនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា វៀតណាមនៅតែបន្តជ្រៀតជ្រែកផ្ទៃក្នុង កិច្ចការនយោបាយរបស់កម្ពុជា និងកម្ពុជាឋិតនៅក្រោមឥទ្ធិពលនយោបាយ វៀតណាម ៕