សន្និសីទ​សារព័ត៌​ស្ដីពី​ការចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សឹក នៅ​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៥

43

​យោងតាម​សេចក្ដីជូនដំណឹង​មួយ​របស់ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មិនបាន​ចុះ​កាលបរិច្ឆេទ និង​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម Facebook នៅពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៥ ចាប់ពី​វេលា​ម៉ោង ៨ ព្រឹក នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​កម្ពុជា​ក្រោម នៅ​ទីក្រុង​ភ្នំពេញ ស្ដីពី​ការចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សឹក​នាពេល​កន្លងទៅនេះ ។​

ព្រះសង្ឃខ្មែរក្រោមដែលអាជ្ញាធររបស់គណបក្សប្រជាជនកម្ពុជា ចាប់ផ្សឹកកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ នៅវត្តអង្គតាមិញ ។ RFA/Yeang Socheametta
ព្រះសង្ឃខ្មែរក្រោមដែលអាជ្ញាធររបស់គណបក្សប្រជាជនកម្ពុជា ចាប់ផ្សឹកកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ នៅវត្តអង្គតាមិញ ។ RFA/Yeang Socheametta

​យោងតាម​លិខិត​នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សូម អញ្ជើញ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ ឲ្យ​ចូលរួម​ឃ្លាំមើល និង​យក​ព័ត៌មាន​តាម​ការគួរ ។

លិខិត​ដដែល​បាន​បញ្ជាក់ថា “​ការចូលរួម​របស់​ស្ថា​ប័ណ្ណ​អង្គការ​សង្គម​ស៊ីវិល​និង​អ្នកសារព័ត៌មាន​គឺជា​ការចូលរួម​រក​យុត្តិធម៌​ជូន​ព្រះសង្ឃ​រងគ្រោះ​ដែល​ត្រូវបាន​តុលាការ​ពុករលួយ និង​អាជ្ញាធរ​គ្មាន​គុណធម៌​ចាប់​ផ្សឹក​” ។​

​សូមបញ្ជាក់ថា សង្ឃ​ខ្មែរក្រោម​ពីរ​អង្គ គឺ ភិក្ខុ ដាវ ទេព និង ភិក្ខុ ជា វ​ណ្ឌា ស្នាក់នៅ​វត្ត​អង្គ​តា​មិញ ទីក្រុង​ភ្នំពេញ ទើបតែ​ត្រូវ​អាជ្ញាធរ​របស់ លោក ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ចាប់​ផ្សឹក​កាលពី​ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅ​ថ្មីៗ​នេះ ។ ការចាប់ខ្លួន​ព្រះសង្ឃ ២ អង្គ​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​អះអាងថា ពួកគេ​បាន​រកឃើញ​សម្ភារៈ​ជា​វត្ថុតាង​មួយចំនួន​នៅក្នុង​កុដិ​របស់​ព្រះអង្គ មានដូចជា អាវុធ និង​គ្រឿងញៀន ជាដើម ។ តែ​មតិ​ប្រជាជន​លើកឡើងថា អាជ្ញាធរ​ខ្មែរ​បាន​យក របស់​ទាំងនេះ​មក​ដាក់​បង្កើត​ភស្តុតាង ដើម្បី​ចាប់​ព្រះសង្ឃ ព្រោះ​ព្រះសង្ឃ​ទាំងនេះ​ធ្លាប់​បានចេញ បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម​នៅ​ទីក្រុង​ភ្នំពេញ នាពេល​កន្លងមក ។​

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅកាន់ លោក សឺ​ន ជុំ​ជួន នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ តាមរយៈ​ទូរស័ព្ទ​លេខ​៖ 011724583 ។ ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី ភិក្ខុ ថាច់ ហា សំអាង តាមរយៈ​ទូរស័ព្ទ​លេខ 0976447475​

 

Comments are closed.